30 C
Phnom Penh

លោក ពូទីន ថា​រុស្ស៊ី​គ្មាន​ប្រយោជន៍​អ្វី​វាយប្រហារ​លើ​ប្រទេស​ប៉ូឡូញ ឬ​លីទុយអានី ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និយាយ​ថា រុស្ស៊ី​នឹង​ប្រយុទ្ធ​ដើម្បី​ប្រយោជន៍​របស់​ខ្លួន ប៉ុន្តែ​មិន​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ពង្រីក​សង្គ្រាម​អ៊ុយក្រែន ចូល​ទៅ​ក្នុង​ប្រទេស​ដទៃ​ដូចជា​ប៉ូឡូញ និង​ឡេតូនី នោះ​ទេ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​សុក្រ ទី​៩ ខែ​កុម្ភៈ។

លោក ពូទីន ធ្វើការ​កត់សម្គាល់​បែប​នេះ​ក្នុង​បទសម្ភាសន៍​មួយ​មាន​រយៈពេល​ជាង ២​ម៉ោង​ជាមួយ​អ្នក​កាសែត​អាមេរិកាំង លោក Tucker Carlson អតីត​អ្នក​ផ្សាយ​បណ្ដាញ​ព័ត៌មាន Fox News ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​កុម្ភៈ។

នេះ​ជា​លើក​ទី​មួយ​ដែល​បុរស​ខ្លាំង​ផុត​លេខ​នៅ​ក្រុង​មូស្គូ ផ្ដល់​កិច្ច​សម្ភាសន៍​ជាមួយ​អ្នកកាសែត​អាមេរិក ចាប់តាំងពី​មុន​សង្គ្រាម​នៅ​អ៊ុយក្រែន ផ្ទុះឡើង​ជិត ២​ឆ្នាំ​មក​នេះ។

នៅ​ពេល​ត្រូវ​បាន​សាកសួរ​ថា តើ​លោក​គិត​ថា​លោក​អាច​នឹង​បញ្ជូន​កងទ័ព​រុស្ស៊ី ទៅ​កាន់​ប្រទេស​ជា​សមាជិក NATO ដូចជា​ប៉ូឡូញ ដែរ​ឬ​ទេ? លោក ពូទីន បាន​ឆ្លើយ​ថា រឿង​បែប​នេះ​អាច​អាច​នឹង​កើតឡើង ទាល់តែ​ប៉ូឡូញ វាយប្រហារ​លើ​រុស្ស៊ី មុន។

អ្នកកាសែត​សួរ​ទៀត​ថា តើ​នេះ​មកពី​ហេតុ​អ្វី? មេដឹកនាំ​រុស្ស៊ី រូប​នេះ​ឆ្លើយ​ថា ដោយសារតែ​ក្រុង​មូស្គូ មិន​មាន​ចំណាប់អារម្មណ៍​ចំពោះ​ប៉ូឡូញ ឡេតូនី ឬ​ក៏​ប្រទេស​ណា​ផ្សេង​ទៀត​ឡើយ។

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាន​ប្រាប់​អ្នកកាសែត​អាមេរិក​ថា លោក​ខាងលិច​គួរតែ​យល់​ថា​វា​មិន​អាច​ទៅ​រួច​ឡើយ ដើម្បី​បំបាក់​រុស្ស៊ី ឱ្យ​ចាញ់​ក្នុង​សង្គ្រាម​អ៊ុយក្រែន។

លោក ពូទីន បាន​ថ្លែង​ថា លោក​ខាងលិច​ភ្ញាក់​ដឹងខ្លួន​ថា​រុស្ស៊ី​នឹង​មិន​អាច​ចាញ់ ទោះបីជា​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប រួម​ទាំង NATO ជួយ​អ៊ុយក្រែន ក៏ដោយ។

តែ​ព្រម​ពេល​ជាមួយ​គ្នា​នេះ ប្រធានាធិបតី​រុស្ស៊ី រូប​នេះ ក៏​បាន​លើកឡើង​ដែរ​ថា កិច្ចព្រមព្រៀង​មួយ​អាច​នឹង​ត្រូវ​សម្រេច​បាន​ពាក់ព័ន្ធ​នឹង​អ្នកកាសែត​អាមេរិក លោក Evan Gershkovich ដែល​កំពុង​ជាប់​ឃុំ​នៅ​រុស្ស៊ី។

លោក ពូទីន ក៏​បាន​ផ្ញើ​សារ​ប្រាប់​ទៅ​សមាជិក​សភា​អាមេរិក​ថា ក្រុង​វ៉ាស៊ីនតោន ត្រូវតែ​បញ្ឈប់​ការ​ផ្ដល់​អាវុធ បើ​ចង់​ឱ្យ​សង្គ្រាម​នៅ​អ៊ុយក្រែន បញ្ចប់។

តែ​បើ​តាម​វិមាន​ក្រឹមឡាំង លោក ពូទីន បាន​យល់ព្រម​ផ្ដល់​បទសម្ភាសន៍​ជាមួយ​អ្នកកាសែត Carlson ពីព្រោះ​ថា​អតីត​អ្នកកាសែត​មកពី​ទូរទស្សន៍ Fox News រូប​នេះ​មិន​ផ្សាយ​ព័ត៌មាន​លម្អៀង​តែ​ម្ខាង​ពី​សង្គ្រាម​អ៊ុយក្រែន។

ហេតុ​អ្វី​បាន​ជា​លោក ពូទីន ថ្លែង​ថា​រុស្ស៊ី​គ្មាន​ប្រយោជន៍​អ្វី​វាយប្រហារ​លើ​ប៉ូឡូញ ឬ​ឡេតូនី ទេ?

មាន​កត្តា​យ៉ាងតិច​ពីរ​ដែល​លោក ពូទីន ប្រកាន់​ជំហរ​មិន​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​សមាជិក​ណាតូ៖

  1. លោក ពូទីន ដឹង​ខ្លួន​ពិត​ជា​មិន​មាន​ន័យ​អ្វី​ទេ បើ​លើក​ទ័ព​វាយ​ចូល​ប្រទេស​សមាជិក​ណាតូ ព្រោះ​ណាតូ នឹង​មិន​ឱ្យ​សមាជិក​របស់​ខ្លួន​ជួប​ផលវិបាក​ដូច​នឹង​អ៊ុយក្រែន ដែល​ពុំ​មែន​ជា​សមាជិក​ណាតូ។ លោក ពូទីន ដឹង​ច្បាស់​ណាស់​ថា ណាតូ​នឹង​អន្តរាគមន៍​ជួយ​ប្រទេស​ប៉ូឡូញ ឬ​ប្រទេស​ណា​ដែល​ជា​សមាជិក​ណាតូ។
  2. លោក ពូទីន ដឹង​ច្បាស់​ណាស់​ថា វា​ពុំ​មែន​ជា​សង្គ្រាម​រុស្ស៊ី និង​ប្រទេស​ប៉ូឡូញ ឬ​ឡេតូនី នោះ​ទេ គឺជា​សង្គ្រាម​រុស្ស៊ី-ណាតូ ហើយ​ចង់​មិន​ចង់ សង្គ្រាម​ប្រទេស​មួយ​ជាមួយ​នឹង ៣១​ប្រទេស ព្រោះ​ណាតូ​មាន​សមាជិក ៣១​ប្រទេស។ តែ​អ្វី​ដែល​លោក ពូទីន ពោល​ពាក្យ​ថា គ្មាន​ចេតនា​វាយ​ចូល​ប្រទេស​ប៉ូឡូញ ឬ​ឡេតូនី ព្រោះ​លោក​ដឹង​ច្បាស់​ថា រុស្ស៊ី​មិន​អាច​ធ្វើ​សង្គ្រាម​ឈ្នះ​ណាតូ​ឡើយ។

ក្រុម​សម្ព័ន្ធមិត្ត​នៃ​អង្គការ​ណាតូ ៣១​ប្រទេស​នោះ មាន​ប្រទេស​ខ្លាំងៗ​ដែល​មាន​កម្លាំង​ទ័ព និង​សព្វាវុធ​ទំនើបៗ ដូចជា​សហរដ្ឋ​អាមេរិក អង់គ្លេស អាល្លឺម៉ង់ បារាំង កាណាដា អ៊ីតាលី ហុឡង់ដ៍ ដាណឺម៉ាក ប៉ូឡូញ រ៉ូម៉ានី ប៊ុលហ្គារី អេស្ប៉ាញ ហ្វាំងឡង់ ណ័រវេស បែលហ្សិក ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស