31 C
Phnom Penh

អាជ្ញាធរ​បង្ក្រាប​គ្រឿងញៀន​បាន​ប្រមាណ ៦០០​តោន​ក្នុង​រយៈពេល ៤​ឆ្នាំ និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ជាង ៧​ម៉ឺន​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បង្ហាញ​ថា គិត​ចាប់តាំងពី​ឆ្នាំ​២០២០ រហូត​ដល់​ចុង​ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ អាជ្ញាធរ​បាន​បង្ក្រាប​គ្រឿងញៀន និង​សារធាតុ​ផ្សំ​ជិត ១​ពាន់​តោន (៦០០​តោន) ដែល​ក្នុង​នោះ​មាន​ជន​សង្ស័យ​ជាង ៧​ម៉ឺន​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ចំណោម​ករណី​ដែល​សមត្ថកិច្ច​បាន​បង្ក្រាប​ជាង ៣​ម៉ឺន​ករណី។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ត្រួតពិនិត្យ​សារធាតុ​ញៀន និង​សារធាតុ​គីមី​ផ្សំ កាលពី​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ថា កត្តា​ជម្លោះ​ប្រដាប់​អាវុធ​ដែល​កំពុង​កើត​មាន​ឡើង​យ៉ាង​ក្តៅ​គគុក​ជាច្រើន​កន្លែង​ទាំង​នៅ​លើ​ពិភពលោក និង​ក្នុង​តំបន់ បាន​ធ្វើ​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ឆ្លៀត​ឱកាស​បង្កើន​សកម្មភាព​ផលិត និង​ដាំដុះ​ទាំង​គ្រឿងញៀន​សំយោគ និង​រុក្ខជាតិ​ញៀន​កាន់តែ​ច្រើន​ឡើងៗ​បច្ចុប្បន្ន​នេះ។

ប្រភព​ដដែល​លើកឡើង​ថា សព្វថ្ងៃ​នេះ ប្រទេស​កម្ពុជា​នៅតែ​បន្ត​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដោយ​ឥទ្ធិពល​គ្រឿងញៀន ដោយ​ការ​ធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងកាត់​ប្រទេស​កម្ពុជា​តាម​ផ្លូវ​គោក តាម​បញ្ញើ​ប្រៃសណីយ៍ និង​តាម​ផ្លូវ​អាកាស ជាដើម ក្នុង​នោះ​ក៏​មាន​ការ​ដឹកជញ្ជូន និង​ជួញដូរ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​ប្រទេស​កម្ពុជា-ឡាវ និង​ការ​រក្សាទុក​គ្រឿងញៀន​ដែល​ត្រូវ​បាន​រក​ឃើញ​រាប់​រយ​គីឡូក្រាម​នៅ​តាម​ទីតាំង​ភូមិសាស្ត្រ​រាជធានី ខេត្ត នៅ​តាម​ព្រំដែន និង​ខេត្ត​ជាប់​ដែនសមុទ្រ ដើម្បី​នាំចេញ​ទៅ​ក្រៅ​ប្រទេស​តាម​ច្រក​ផ្លូវគោក និង​តាម​ផ្លូវ​សមុទ្រ។

រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ស្ដីពី​ការ​បង្ក្រាប​គ្រឿងញៀន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្នុង​ឆ្នាំ​២០២០ សមត្ថកិច្ច​ប្រទេស​កម្ពុជា​បាន​បង្ក្រាប​ករណី​គ្រឿងញៀន​បាន​ជាង ១​ម៉ឺន​ករណី ដែល​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ជាង ២​ម៉ឺន​នាក់ និង​ចាប់​យក​សារធាតុ​ញៀន​ទម្ងន់​ជិត ៤​ពាន់​គីឡូក្រាម និង​សារធាតុ​គីមី​ផ្សំ​ទម្ងន់​ជាង ៤​តោន។

ចំណែក​ឯ​នៅ​ឆ្នាំ​២០២១ ភ្នាក់ងារ​មាន​សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​ដដែល​នេះ​បាន​ជាង ៦​ពាន់​ករណី និង​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ជាង ១​ម៉ឺន​នាក់ ព្រមទាំង​ចាប់​យក​សារធាតុ​ញៀន​ជិត ៥​តោន និង​សារធាតុ​គីមី​ផ្សំ​ទម្ងន់​ជិត ៨៥​តោន​ថែម​ទៀត។

ដោយឡែក​នៅ​ឆ្នាំ​២០២២ សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​បាន​ជាង ៦​ពាន់​ករណី និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ជិត ២​ម៉ឺន​នាក់ ថែមទាំង​ចាប់​យក​សារធាតុ​ញៀន​ជិត ១៥​តោន និង​សារធាតុ​គីមី​ផ្សំ​ទម្ងន់​ជាង ៥​តោន​ផង​ដែរ ខណៈ​ឆ្នាំ​២០២៣ សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​ដដែល​នេះ​បាន​ជាង ៨​ពាន់​ករណី និង​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ជាង ២​ម៉ឺន​នាក់ និង​ចាប់​យក​សារធាតុ​ញៀន​ទម្ងន់​ជិត ៣​តោន រួម​ទាំង​សារធាតុ​គីមី​ផ្សំ​ជិត ២​តោន​ថែម​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា អះអាង​ថា ក្នុង​រយៈពេល​ចុងក្រោយ​កន្លង​មក​នេះ ប្រទេស​កម្ពុជា​កំពុង​ត្រូវ​ប្រើប្រាស់​ជា​កន្លែង​ផលិត​គ្រឿងញៀន​យក​ទៅ​ប្រទេស​ក្រៅ​ផង ជា​កន្លែង​ធ្វើ​ចរាចរណ៍​សម្រាប់​ឆ្លងកាត់​ទៅ​ប្រទេស​ទី​៣ ផង​ដែរ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ក្រុម​ឧក្រិដ្ឋជន​បាន​នាំគ្នា​មក​ផលិត​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែម្តង ហើយ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​បាន​ដើរ​មុន​វិធានការ​រដ្ឋាភិបាល​មួយ​ជំហាន​រហូត ខណៈ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ពី​អាជ្ញាធរ គឺ​នៅ​មាន​កម្រិត​នៅឡើយ។

ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ទី​ជនបទ​ក្នុង​បណ្តា​ខេត្ត​មួយ​ចំនួន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៨ កុម្ភៈ នេះ​ថា ការ​ចែកចាយ​គ្រឿងញៀន​នៅ​តាម​ភូមិ-ឃុំ​របស់​ពួកគេ មិន​មែន​អាជ្ញាធរ​មូលដ្ឋាន​មិន​ដឹង​ទេ ប៉ុន្តែ​មន្ត្រី​នគរបាល​ខ្លះ​ទុក​ឱ្យ​អ្នក​លក់​គ្រឿងញៀន​ទាំងនោះ​បន្ត​ចែកចាយ​ប៉ុណ្ណោះ ព្រោះ​មន្ត្រី​នគរបាល​ទាំងនោះ​ក៏​បាន​លុយកាក់​ពី​អ្នកលក់​គ្រឿងញៀន​ទាំងនោះ​ដែរ។

ប្រភព​ប្រជាពលរដ្ឋ​ទាំងនោះ​បញ្ជាក់​ថា មាន​ក្មេងប្រុស​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​មួយ​បាន​ប្រើប្រាស់​គ្រឿងញៀន​ធ្ងន់ធ្ងរ ចំណែកឯ​ឪពុកម្ដាយ​ក្មេង​នោះ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​ដូចម្តេច​អាច​បន្សាប​គ្រឿងញៀន​នេះ​បាន​ទេ ចុងក្រោយ ពួកគេ​ក៏​ទៅ​ប្រាប់​ប៉ូលិស​ស្រុក​ឱ្យ​ទៅ​ចាប់​កូន​របស់​គាត់​យក​ទៅ​មណ្ឌល​កែប្រែ ប៉ុន្តែ​អាជ្ញាធរ​ទាំងនោះ​មិន​ធ្វើ​តាម​សំណូមពរ​របស់​ពួកគាត់​ឡើយ។

ប្រជាពលរដ្ឋ​ដដែល​នេះ​បញ្ជាក់​ថា នៅ​ទីបំផុត ឪពុកម្ដាយ​ក្មេងប្រុស​នោះ​បាន​សូក​លុយ​ទៅ​ឱ្យ​ប៉ូលិស​ទាំងនោះ​ជាង ១​លាន​រៀល ទើប​ពួកគេ​ទៅ​យក​កូនប្រុស​របស់​គាត់​ទៅ​បន្សាប​គ្រឿងញៀន​នៅ​មណ្ឌល​កែប្រែ ប៉ុន្តែ​ពេល​ទៅ​ដល់​មណ្ឌល​កែប្រែ មន្ត្រី​នគរបាល​ខ្លះ​បាន​ប្រាប់​ឪពុកម្ដាយ​ក្មេងប្រុស​ដែល​ញៀន​គ្រឿងញៀន​នោះ​ថា ពួកគេ​មិន​ទាន់​បាន​លុយ​ទេ ដូច្នេះ​សូម​ឱ្យ​ឪពុកម្ដាយ​ក្មេងប្រុស​នោះ​ឱ្យ​លុយ​មក​ពួកគេ​ថែម​ទៀត។

ប្រភព​ខាងលើ​គូស​បញ្ជាក់​ថា ដោយសារតែ​ខ្លាច​មន្ត្រី​ប៉ូលិស​ទាំងនោះ​ធ្វើបាប​កូនប្រុស​របស់​គាត់​នៅ​ក្នុង​មណ្ឌល​កែប្រែ ឪពុកម្ដាយ​ក្មេងប្រុស​នោះ​ក៏​សូក​លុយ​ឱ្យ​មន្ត្រី​មាន​សមត្ថកិច្ច​ទាំងនោះ​បន្ថែម​ទៀត​តែម្តង​ទៅ។

តាមរយៈ​ករណី​នេះ​វា​បង្ហាញ​ឱ្យ​ឃើញ​ថា អ្នក​បើក​ដៃ​ឱ្យ​ថ្នាំញៀន​ធ្វើ​ចរាចរណ៍​ចូល​ក្នុង​មូលដ្ឋាន​ក៏​ជា​អាជ្ញាធរ​មូលដ្ឋាន ហើយ​អ្នក​ដែល​ចាប់​អ្នក​ញៀន​ថ្នាំ​ទៅ​បន្សាប​គ្រឿងញៀន​ក៏​ជា​អាជ្ញាធរ​មូលដ្ឋាន ដូច្នេះ​ពួកគេ​បាន​លុយ​ទាំង​ពេល​ជន​ទុច្ចរិត​ចែកចាយ​គ្រឿងញៀន បាន​លុយ​ទាំង​ពេល​ដែល​អ្នក​ញៀន​គ្រឿងញៀន​ទាំងនោះ​ត្រូវ​ការ​យក​ទៅ​បន្សាប​នៅ​មណ្ឌល​កែប្រែ។

កាលពី​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ណែនាំ​អង្គភាព​ដែល​ចំណុះ​ឱ្យ​ក្រសួង​មហាផ្ទៃ រឹត​បន្តឹង​ចំពោះ​បញ្ហា​គ្រឿងញៀន​លើ​មន្ត្រី​របស់​ខ្លួន​គ្រប់​អង្គភាព​ថា ចំពោះ​អ្នក​ដែល​មាន​មុខនាទី​ភារកិច្ច​ជា​កងកម្លាំង​ប្រដាប់​អាវុធ បើសិនជា​មាន​ការ​ស្រាវជ្រាវ​ឃើញ​ថា​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន មិន​គួរ​រក្សាទុក​នៅ​ជា​កងកម្លាំង​ដើម្បី​បំពេញ​តួនាទី​ភារកិច្ច​ទៀត​ទេ។

វិធានការ​ក្រសួង​មហាផ្ទៃ​នៅ​ពេលនេះ ត្រូវ​គេ​មើល​ឃើញ​កំពុង​អនុវត្ត​តែ​ទៅ​លើ​មន្ត្រី​កងកម្លាំង​នៅ​ផ្នែក​ខាងលើ​ខ្លះ​តែប៉ុណ្ណោះ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​នៅ​មូលដ្ឋាន​នៅតែ​បន្ត​ចែកចាយ​គ្រឿងញៀន​តាម​បណ្ដាញ​របស់​ពួកគេ​ដដែល ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ងាប់​ស្តូក​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស