28.4 C
Phnom Penh

នាយករដ្ឋមន្ត្រី​ថ្មី​ត​ត្រកូល​ស្នើ​ឲ្យ​ស្ថាប័ន​រដ្ឋ​នានា​ខ្នះខ្នែង​ជួយ​ក្រសួង​អធិការកិច្ច​អនុវត្ត​អភិក្រម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើ​ឲ្យ​ក្រសួង អង្គភាព និង​ស្ថាប័ន​នានា ជាពិសេស​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ចូលរួម​សហការ​ជាមួយ​ក្រសួង​អធិការកិច្ច ដើម្បី​កែលំអ​ការងារ​ជួយ​ដល់​អភិក្រម​រដ្ឋាភិបាល ឬ​ការ​រឹត​បន្តឹង​ឡើងៗ មុន​នឹង​ឈាន​ដល់​ការ​សម្រេច​វះកាត់ ឬ​ដក​មន្ត្រី​ចេញពី​មុខតំណែង និង​មុខនាទី។ លោក​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០២៤ នា​ថ្ងៃទី​១៣ កុម្ភៈ។

ប្រភព​ដដែល​បាន​លើកឡើង​ថា លោក​ស្នើ​ឱ្យ​ស្ថាប័ន​ទាំងនោះ​កុំ​គិត​បែប​អវិជ្ជមាន​ថា ក្រសួង​អធិការកិច្ច ជា​អង្គភាព​ចាប់​កំហុស​លើ​ការងារ​របស់​ខ្លួន ព្រោះ​ក្រសួង​អធិការកិច្ច ជា​សេនាធិការ និង​ជា​ភ្នែក​ចម្រុះ​របស់​រដ្ឋាភិបាល​ជួយ​ដល់​អភិក្រម​៤ មុន​ឈាន​ដល់​វះកាត់។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់​ថា អភិក្រម​យើង​ទាំង​៥ គឺ​ឆ្លុះ​កញ្ចក់ ងូត​ទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់។ ការ​តាមដាន ត្រួតពិនិត្យ គឺជា​ការ​ធានា​នូវ​ប្រសិទ្ធភាព​ការងារ ព្រោះ​ការ​អនុវត្ត​តាម​ផែនការ​នានា​មិន​ងាយ​នឹង​ត្រូវ​តាម​ផែនការ​ទាំងស្រុង​នោះ​ទេ ដូច្នេះ​ទាមទារ​ឱ្យ​មាន​ការ​ត្រួតពិនិត្យ​តាមដាន​ជា​ប្រចាំ​តាមរយៈ​អធិការកិច្ច សវនកម្ម ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​អនុវត្ត​ត្រឹមត្រូវ​ឡើងវិញ។

យោង​តាម​ព្រះរាជក្រម នា​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២៣ មាន​ខ្លឹមសារ​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ស្ដីពី​ការ​បង្កើត​ក្រសួង​អធិការកិច្ច ដែល​រដ្ឋសភា​បាន​អនុម័ត​នៅ​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៣ នា​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៧ ដែល​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​លើ​ទម្រង់ និង​គតិយុត្តិ​នេះ​ទាំងស្រុង​នា​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២៣ ក្នុង​សម័យ​ប្រជុំ​វិសាមញ្ញ​នីតិកាល​ទី​៤។

ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២៣ គណៈរដ្ឋមន្ត្រី​សម្រេច​កែសម្រួល​ឈ្មោះ «ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច» ដែល​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៩ មក​នោះ មក​ជា «ក្រសួង​អធិការកិច្ច» វិញ ដើម្បី​ឆ្លើយតប​នឹង​កម្មវិធី​នយោបាយ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ និង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​យល់​ឃើញ​ថា វិធានការ​បណ្ដេញ និង​ដក​តំណែង​មន្ត្រី​នៃ​លោក ហ៊ុន ម៉ាណែត ដើម្បី​អនុវត្ត​អភិក្រម​ទី​៥ គឺ​ការ​វះកាត់ ឬ​ដក​តំណែង​មន្ត្រី បាន​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​នាំ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន។

ប្រភព​ដដែល​ថា កំណែ​ទម្រង់​មន្ត្រី​រាជការ នឹង​មិន​មាន​ប្រសិទ្ធភាព​ខ្ពស់​នោះ​ទេ ប្រសិនបើ​រដ្ឋាភិបាល​បោស​សម្អាត​អំពើពុករលួយ​ពី​ក្រោម​ទៅ​លើ ហើយ​ដកហូត​តំណែង​ចំពោះ​តែ​មន្ត្រី​តូចតាច​មួយ​ចំនួន​ដែល​គ្មាន​ខ្នង​បង្អែក ខណៈ​មន្ត្រី​មាន​អំណាច​ដែល​ជាប់​សង្ស័យ​រឿង​អំពើពុករលួយ និង​រំលោភ​អំណាច​នោះ នៅតែ​គ្មាន​នរណា​ហ៊ាន​ស៊ើបអង្កេត​លើ​ពួកគេ​ដដែល។

គួរ​បញ្ជាក់​ថា ជាទូទៅ​ក្នុង​សង្គម​មនុស្ស បុគ្គល​ម្នាក់ៗ​រមែង​តែ​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​ចាស់ ហើយ​ការ​ធ្វើ​កំណែ​ទម្រង់​ណា​មួយ​រមែង​តែ​ជួបប្រទះ​នឹង​ការ​ជំទាស់​រារាំង។ គោលនយោបាយ​កែទម្រង់​រដ្ឋបាល​តាមរយៈ​អភិក្រម ឬ​ការ​បុករុក លុកលុយ រឹត​បន្តឹង​ការងារ​លើ​អ្នក​បម្រើ​ការងារ​ជំនាន់​មុន អាច​នឹង​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ត​ទប់​ត្រឡប់​វិញ​ដោយ​វិធី​ណា​មួយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស