លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

នយោបាយ

លោក កឹម សុខា ប្រធាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​សុំ​ព្យាបាល​ជំងឺ តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប

By ឌឹ ខេមបូឌា ដេលី

February 14, 2024

អតីត​នាយក​ខុទ្ទកាល័យ​មេដឹកនាំ​បក្ស​ប្រឆាំង លើកឡើង​ថា តំណាង​អយ្យការ​អម​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជុំវិញ​បញ្ហា​សុខភាព​លោក កឹម សុខា បន្ទាប់ពី​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ស្នើសុំ​រក​ការ​ព្យាបាល​ជំងឺ ដោយ​គ្មាន​ការ​ឆ្លើយតប​ពី​តំណាង​អយ្យការ​អម​សាលា​ឧទ្ធរណ៍។

អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៣ កុម្ភៈ នេះ​ថា លោក កឹម សុខា នៅ​ពេលនេះ​កំពុង​ត្រូវការ​ការ​ព្យាបាល​ខាង​វេជ្ជសាស្ត្រ​ជាបន្ទាន់ ជុំវិញ​ជំងឺ​ផ្លូវកាយ​របស់​លោក ព្រោះ​ថា​ចាប់តាំងពី​លោក កឹម សុខា ស្នើសុំ​ស្វែងរក​ការ​ព្យាបាល​តាំងពី​ថ្ងៃទី​៨ កុម្ភៈ រហូត​ដល់​ពេលនេះ ក្រុមប្រឹក្សា​ជំនុំជម្រះ​មិន​បាន​ឆ្លើយតប​នឹង​សំណើ​របស់​លោក​នៅឡើយ​ទេ។

លោក មុត ចន្ថា លើកឡើង​ថា ការ​ទទួល​បាន​នូវ​ការ​ព្យាបាល​ខាង​វេជ្ជសាស្ត្រ គឺជា​សិទ្ធិ​រស់រាន​មាន​ជីវិត​ដ៏​សំខាន់​បំផុត​សម្រាប់​មនុស្ស​គ្រប់​រូប ដូច្នេះ​លោក កឹម សុខា ក៏​ត្រូវតែ​មាន​សិទ្ធិ​ទទួល​បាន​នូវ​ការ​ត្រួតពិនិត្យ​សុខភាព​តាម​វេជ្ជសាស្ត្រ​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ និង​សិទ្ធិ​ទទួល​បាន​នូវ​ការ​ព្យាបាល​ត្រឹមត្រូវ ទាន់​ពេល និង​ប្រសិទ្ធភាព​ដែរ ទោះបីជា​លោក​ត្រូវ​រង​នូវ​ការ​ផ្ដន្ទាទោស​ដាក់​គុក​ក្នុង​ផ្ទះ​មិន​ឱ្យ​ជួប​អ្នក​ផ្សេង​ក្រៅពី​សាច់ញាតិ​ក៏ដោយ ព្រោះ​ថា​បញ្ហា​សុខភាព​របស់​គាត់​នៅ​ពេលនេះ ត្រូវការ​ការ​យកចិត្ត​ទុកដាក់​ជាបន្ទាន់​ដោយ​គ្មាន​ការ​ពន្យារ​ពេល និង​មិន​ត្រូវ​បង្អង់​រង់ចាំ​អូស​បន្លាយ​ពេល​ទៀត​ឡើយ។

កាលពី​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ​បាន​បើក​សវនាការ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើក​ទី​២ ក្នុង​នោះ លោក កឹម សុខា ក៏​បាន​លើកឡើង​អំពី​បញ្ហា​សុខភាព​របស់​លោក​ដែល​ត្រូវ​ការ​ទទួល​ការ​ត្រួតពិនិត្យ​សុខភាព និង​ព្យាបាល​ជាបន្ទាន់​ផង​ដែរ ប៉ុន្តែ​រហូត​ដល់​ពេលនេះ លោក កឹម សុខា មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​ពី​តំណាង​អយ្យការ​ទាំងនោះ​ឡើយ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ កុម្ភៈ នេះ​ថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ទទួល​បាន​នូវ​សិទ្ធិ​រស់រាន​មាន​ជីវិត ទោះ​ពួកគេ​មាន​តួនាទី​ជា​អ្វី ឬ​ត្រូវ​ជាប់​ពិរុទ្ធ​ដោយ​បទល្មើស​អ្វី​ក៏ដោយ ព្រោះ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប គឺ​សុទ្ធតែ​ត្រូវ​រស់​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែ​មួយ​ដូច​គ្នា ដូច្នេះ​តុលាការ​ត្រូវ​ពិនិត្យ​ការ​អនុវត្ត​ច្បាប់ និង​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​នូវ​ការ​ធ្លាក់​ចុះ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា ព្រោះ​តែ​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន។

លោក សេក សុជាតិ លើកឡើង​ថា តុលាការ​ត្រូវ​ជៀសវាង​ឱ្យ​បាន​ដាច់ខាត​ចំពោះ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​អនុវត្ត​ច្បាប់​ត្រង់​ចំណុច​ណា​មួយ​ដែល​នាំ​ទៅ​ដល់​ការ​រើសអើង​លើ​បុគ្គល​ណា​ម្នាក់ ព្រោះ​ការ​ធ្វើ​ដូច្នេះ គ្មាន​ផល​ចំណេញ​អ្វី​សម្រាប់​ប្រទេស​កម្ពុជា​ទេ គឺ​មាន​តែ​បំផ្លាញ​ប្រទេស​ជាតិ និង​ប្រព័ន្ធ​យុត្តិធម៌​សង្គម​ទៅវិញ​ប៉ុណ្ណោះ ចំណែក​ឯ​អ្នក​ដែល​រងគ្រោះ​ធំ​ជាងគេ​ពី​ការ​អនុវត្ត​ច្បាប់​បែប​នេះ គឺ​គណបក្ស​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​យ៉ាង​ពិតប្រាកដ។

មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ បាន​ចែង​យ៉ាង​ច្បាស់​ពី​សិទ្ធិ​រស់រាន​មាន​ជីវិត មាន​សេរីភាព និង​មាន​សន្តិសុខ​ផ្ទាល់ខ្លួន ចំណែក​មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ក៏​បាន​ចែង​ដែរ​ថា សេចក្តី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា សេចក្តី​ស្នើ​ទាំងឡាយ​ពី​ប្រជាពលរដ្ឋ​មិន​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា យក​ទៅ​ដោះស្រាយ​ឡើយ គឺ​មាន​តែ​ធ្វើបាប​ប្រជាពលរដ្ឋ​ទៅវិញ។

កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ កន្លង​ទៅ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ចំនួន ២៧​ឆ្នាំ ដោយ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ និង​ដកហូត​សិទ្ធិ​ពលរដ្ឋ ព្រមទាំង​សិទ្ធិ​នយោបាយ​ទាំងអស់ បន្ទាប់ពី​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ តាម​មាត្រា​៤៣៩ និង​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ដោយ​ផ្អែក​លើ​ប្រសាសន៍​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន។

ក្រោយ​សាលក្រម​នេះ នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៣ លោក កឹម សុខា ក៏​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​សាលា​ឧទ្ធរណ៍​ជំទាស់​ទៅ​នឹង​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ខណៈ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ពាក្យបណ្ដឹង​ជំទាស់​របស់​លោក កឹម សុខា ឡើង​ទៅ​សាលា​ឧទ្ធរណ៍​ភ្លាមៗ ក្រោយ​ពិនិត្យ​លើ​ពាក្យបណ្ដឹង​នេះ​រួចរាល់។

បន្ទាប់ពី​លោក កឹម សុខា ត្រូវ​បាន​កាត់ទោស​ដាក់​គុក​ក្នុង​ផ្ទះ ២៧​ឆ្នាំ ដោយ​មិន​អនុញ្ញាត​ឱ្យ​ជួប​អ្នក​ដទៃ​ក្រៅពី​សាច់ញាតិ លោក កឹម សុខា មិន​អាច​ជួប​មន្ត្រី​ស្ថានទូត​ពី​បណ្តា​ប្រទេស​លោក​សេរី សមាជិក​បក្ស​ប្រឆាំង មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​ជាន់ខ្ពស់​ពី​បណ្តា​ប្រទេស​នានា​បាន​ទៀត​ឡើយ ខណៈ​ជំងឺ​របស់​លោក​ដែល​ត្រូវការ​ការ​ព្យាបាល ក៏​ត្រូវ​រង់ចាំ​ការ​អនុញ្ញាត​ពី​តុលាការ​ថែម​ទៀត។

ក្រោយពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បញ្ជា​ឱ្យ​តុលាការ​យក​ផ្ទះ​លោក កឹម សុខា ធ្វើ​ជា​មន្ទីរ​ឃុំឃាំង សមត្ថកិច្ច​ទាំង​ស្លៀក​ឯកសណ្ឋាន ទាំង​ក្នុង​សម្លៀកបំពាក់​ស៊ីវិល បាន​យាមកាម​ប្រចាំការ​នៅ​បរិវេណ​ផ្ទះ​របស់​លោក កឹម សុខា ២៤​ម៉ោង​រៀងរាល់​ថ្ងៃ សូម្បីតែ​មេធាវី​ដែល​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា ក៏​ត្រូវ​បាន​ហាមប្រាម​មិន​ឱ្យ​ចូល​ទៅ​ជួប​គាត់​ដែរ បើ​ពួកគេ​មិន​មាន​លិខិត​អនុញ្ញាត​ពី​តុលាការ​ទេ​នោះ៕