ក្រុមអ្នកតស៊ូមតិថាបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលប្តឹងមន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មិនបានបញ្ជាក់ពីទ្រព្យសម្បត្តិរបស់គណបក្សដែលរងការខូចខាត ឬការខាតបង់កេរ្តិ៍ឈ្មោះដែលជាភស្តុតាងយកជាមូលដ្ឋាន ឱ្យសមនឹងគណបក្សនេះប្តឹងទាមទារសំណងជំងឺចិត្តរហូតដល់កន្លះលានដុល្លារសហរដ្ឋអាមេរិកនោះទេ។
ក្រុមអ្នកតស៊ូមតិចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ក្នុងសំណុំរឿងប្តឹងផ្តល់ទារសំណងជំងឺចិត្តរហូតដល់កន្លះលានដុល្លារនេះ តាមពិត គណបក្សប្រជាជនកម្ពុជាត្រូវដាក់ភស្តុតាងពីការខូចខាតជាក់ស្ដែង និងជំងឺចិត្តដែលខូចខាតជាក់ស្ដែងពីអំពើល្មើសចូលក្នុងសំណុំរឿង ប៉ុន្តែតាមការពិនិត្យមើលក្នុងពាក្យបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា មិនឃើញសរសេរបញ្ជាក់ពីទ្រព្យសម្បត្តិ ឬការខូចខាតកិត្តិយសណាជាក់លាក់ទេ។ ជាងនេះទៀត ក៏មិនបានបង្ហាញពីភស្តុតាងដែលរងការខូចខាតដែលកើតពីការផ្សាយនៃសារព័ត៌មាន The Cambodia Daily ដែរ។
ប្រភពដដែលលើកជាសំណួរថា ចាប់ថ្ងៃទី២ ដែលសារព័ត៌មាន The Cambodia Daily ចុះផ្សាយរហូតដល់ថ្ងៃទី៥ ដែលបក្សកាន់អំណាចប្តឹងទៅតុលាការដែលមានរយៈពេល ៤ថ្ងៃនេះ តើគណបក្សប្រជាជនកម្ពុជាបានរងនូវការខូចខាតអ្វីខ្លះហើយ បានជាប្តឹងទារសំណងជំងឺចិត្តរហូតដល់ ២ពាន់លានរៀលបែបនេះ ហើយនេះក៏ជាសំណួរដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាឆ្លើយ និងសម្រាប់តុលាការកម្ពុជាគិត មុននឹងបន្តនីតិវិធីលើសំណុំរឿងនេះទៅមុខបន្តទៀតដែរ។
ក្រុមអ្នកតស៊ូមតិកម្ពុជាលើកឡើងថា ផ្អែកតាមច្បាប់នៃប្រទេសកម្ពុជា មុននឹងប្តឹងលោក ស៊ឹង សែនករុណា គណបក្សប្រជាជនកម្ពុជា ត្រូវសរសេរលិខិតទៅសារព័ត៌មាន The Cambodia Daily ជាមុនសិន ដើម្បីទាមទារឱ្យមានការកែតម្រូវខ្លឹមសារអត្ថបទក្នុងរយៈពេល ៧ថ្ងៃ ប៉ុន្តែក្នុងករណីសារព័ត៌មាន The Cambodia Daily មិនព្រមកែតម្រូវ នោះគណបក្សប្រជាជនកម្ពុជាមានសិទ្ធិប្ដឹងទៅតុលាការអនុវត្តច្បាប់ស្ដីពីរបបសារព័ត៌មាន មិនមែនប្តឹងលោក ស៊ឹង សែនករុណា ទាំងកម្រោលបែបនេះទេ។
ប្រភពដដែលរៀបរាប់ថា បើពិនិត្យលើសាច់រឿងនេះ គណបក្សប្រជាជនកម្ពុជាគ្មានមូលហេតុ និងភស្តុតាងណាមួយសម្រាប់ប្តឹងលោក ស៊ឹង សែនករុណា ឡើយ ព្រោះថាក្នុងដំណើររឿងនេះ គឺសារព័ត៌មាន The Cambodia Daily បានចុះផ្សាយអត្ថបទកាលពីថ្ងៃទី២ កុម្ភៈ ហើយប្រតិកម្មរបស់លោក ហ៊ុន សែន ធ្វើឡើងនៅថ្ងៃទី៤ កុម្ភៈ ខណៈបណ្តឹងពីមេធាវីបក្សកាន់អំណាច គឺធ្វើឡើងនៅថ្ងៃទី៥ កុម្ភៈ ប៉ុន្តែនៅថ្ងៃទី៧ ខែកុម្ភៈ សារព័ត៌មាន The Cambodia Daily ក៏ប្រកាសលុបពាក្យពេចន៍ដែលគណបក្សប្រជាជនកម្ពុជាចោទប្តឹងនោះដែរ។ ដូច្នេះករណីនេះ មិនគួរដល់ថ្នាក់បក្សកាន់អំណាចប្តឹងមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ឡើយ។
ក្រុមតស៊ូមតិកម្ពុជាខាងលើបញ្ជាក់ថា ការប្តឹងផ្តល់នេះ គ្រាន់តែជាល្បិចគំរាមកំហែង បំភិតបំភ័យប្រជាពលរដ្ឋ ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាបន្តគ្រប់គ្រងអំណាចតទៅទៀតប៉ុណ្ណោះ ហើយយុទ្ធសាស្ត្រនៃការប្ដឹងទាមទារសំណងជំងឺចិត្តជាទឹកប្រាក់ច្រើនៗ និងការរឹបអូសយកទ្រព្យសម្បត្តិបែបនេះ ជាយុទ្ធសាស្ត្រក្នុងការបង្ក្រាបសំឡេងប្រឆាំងនឹងការដឹកនាំមិនត្រឹមត្រូវរបស់បក្សកាន់អំណាចប៉ុណ្ណោះ។
ប្រភពដដែលគូសបញ្ជាក់ថា យុទ្ធសាស្ត្រនេះក៏បានចាប់ផ្តើមអនុវត្តចាប់តាំងពីសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា មកដែរ ក្នុងនោះ សំណុំរឿងអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ក៏ត្រូវធ្វើឡើងក្នុងយុទ្ធសាស្ត្រនេះថែមទៀត។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជាបានដាក់ពាក្យប្តឹងលោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទាមទារឱ្យសងជំងឺចិត្ត ២ពាន់លានរៀល (២ ០០០ ០០០ ០០០រៀល) ក្រោមហេតុផលថា លោក ស៊ឹង សែនករុណា បានបញ្ចេញមតិជុំវិញការប្តឹងផ្តល់រវាងគណបក្សប្រជាជនកម្ពុជា និងអនុប្រធានបក្សភ្លើងទៀន គឺលោក សុន ឆ័យ ដែលចុះផ្សាយដោយសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី២ ខែកុម្ភៈ កន្លងទៅនោះ បានធ្វើឱ្យខូចកិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា ប៉ុន្តែគណបក្សនេះមិនបានបញ្ជាក់ថា បានខូចខាតអ្វីខ្លះ ឬបែបណានោះទេ។
យ៉ាងណាក៏ដោយ ដើម្បីបញ្ចប់ការប្តឹងផ្តល់នេះ នៅថ្ងៃទី៧ ខែកុម្ភៈ សារព័ត៌មាន The Cambodia Daily បានប្រកាសលុបខ្លឹមសារខ្លះក្នុងអត្ថបទដែលបានចុះផ្សាយពីសម្ដីរបស់លោក ស៊ឹង សែនករុណា នោះ ប៉ុន្តែគណបក្សប្រជាជនកម្ពុជានៅតែបន្តប្តឹងផ្តល់លោក ស៊ឹង សែនករុណា ដដែល ខណៈលោក ហ៊ុន សែន មិនដែលបានស្នើឱ្យសារព័ត៌មាន The Cambodia Daily កែសម្រួលខ្លឹមសារអត្ថបទដែលបានចុះផ្សាយនោះម្តងណាឡើយ។
មាត្រា១០ នៃច្បាប់ស្ដីពីរបបសារព័ត៌មានរបស់កម្ពុជា ចែងថា មនុស្សគ្រប់រូបមានសិទ្ធិទាមទារឱ្យមានការកែតម្រូវ និងការឆ្លើយតបពីអ្នកផ្សាយព័ត៌មាន នៅពេលដែលពួកគេយល់ថា សេចក្ដីថ្លែងការណ៍ណាមួយមិនត្រឹមត្រូវ ហើយអ្នកផ្សាយព័ត៌មានត្រូវឆ្លើយតបក្នុងសេចក្ដីថ្លែងការណ៍ណាមួយមិនត្រឹមត្រូវ។ អ្នកផ្សាយព័ត៌មាន ត្រូវឆ្លើយតបក្នុងរយៈពេល ៧ថ្ងៃ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣ លោក ហ៊ុន សែន បានបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដោយលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មាន VOD ផងដែរ ប៉ុន្តែនៅដើមឆ្នាំ២០២៤ នេះ លោក ហ៊ុន សែន បានបង្វែរយុទ្ធសាស្ត្រនេះទៅលើក្រុមអង្គការសង្គមស៊ីវិលម្តង ដូចជាករណីលោក ស៊ឹង សែនករុណា នៅពេលនេះ ជាដើម។
គួររំឭកបន្តិចថា តើប្រវត្តិសាស្ត្រប្រាប់អំពីអ្នកដឹកនាំផ្ដាច់ការដូចម្តេចខ្លះ។ គេថាអ្នកដឹកនាំផ្ដាច់ការផ្ដាច់មុខ តែងតែចម្លង ឬធ្វើត្រាប់តាមអ្នកដឹកនាំផ្ដាច់ការផ្ដាច់មុខដូចគ្នា ទោះជានៅទីណា ជាជាតិសាសន៍ណាក៏ដោយ។ ក្នុងសង្គ្រាមលោកលើកទី២ មេដឹកនាំ ហ្វាសស៊ីស (Fascism) Benito Mussolini នៅប្រទេសអ៊ីតាលី និយាយវែកញែកប្រាប់អ្នកស្តាប់ថា៖ ដើម្បីប្រមូលផ្តុំអំណាច វាជាការឈ្លាសវៃដែលគេធ្វើអ៊ីចឹង តាមរបៀបអ្នកដែលបោច (ឬដក) រោមស្លាបមាន់ម្តងមួយៗ ឲ្យមាន់ស្រែកឮសំឡេងខុសៗគ្នា ហើយពីដើមដល់ចប់ គេធ្វើមិនឲ្យមាន់ឈឺស្រែកឮឡើយ។ គេនិយាយម្យ៉ាងទៀតថា៖ ដើម្បីប្រមូលផ្ដុំអំណាច គេត្រូវអនុវត្តដូចគេដករោមស្លាបមាន់ម្តងមួយៗ រហូតអស់ស្លាប ដោយគ្មាននរណាចាប់អារម្មណ៍ឡើយ។
លោក ស៊ឹង សែនករុណា ជាសកម្មជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះហ៊ាននិយាយជាច្រើនទៀតដែលនឹងរងនូវផលវិបាកដូចគ្នាម្តងមួយៗក្នុងរបបផ្ដាច់ការ៕
© 2024, . All rights reserved.