38 C
Phnom Penh

អង្គការ​សង្គម​ស៊ីវិល ៥៥​ស្ថាប័ន​ស្នើសុំ​ឱ្យ​បក្ស​ប្រជាជន​កម្ពុជា​ឈប់​ប្តឹង​លោក ស៊ឹង សែនករុណា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល រួម​មាន​សមាគម សហជីព និង​សហគមន៍​មូលដ្ឋាន​ចំនួន ៥៥​ស្ថាប័ន ដែល​នៅតែ​បន្ត​ឈរ​ជាមួយ​លោក ស៊ឹង សែនករុណា និង​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​ធ្វើ​ការងារ​ដោយ​អហិង្សា​ក្នុង​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ស្នើ​ឱ្យ​ភាគី​ដើមបណ្ដឹង​ដក​ពាក្យ​បណ្តឹង​ពី​លោក ស៊ឹង សែនករុណា បុគ្គលិក​ជាន់ខ្ពស់​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​សង្ឃឹម​ថា​តុលាការ​នឹង​ពិនិត្យ​ពិចារណា​មិន​ធ្វើការ​ចោទប្រកាន់​លើ​សំណុំរឿង​នេះ​ត​ទៅ​ទៀត។

យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​សមាគម សហជីព និង​សហគមន៍​មូលដ្ឋាន​ចំនួន ៥៥ ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ នៅ​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឱ្យ​ដឹង​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​មាន​ការ​សោកស្តាយ​ជា​ខ្លាំង​ចំពោះ​ការ​ដាក់​ពាក្យបណ្ដឹង​ទៅ​លើ​លោក ស៊ឹង សែនករុណា បុគ្គលិក​ជាន់ខ្ពស់​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (អាដហុក) ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​បទ​អត្ថាធិប្បាយ​របស់​លោក​នៅ​ក្នុង​អត្ថបទ​សារព័ត៌មាន​មួយ។

ប្រភព​ដដែល​អះអាង​ថា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​លោក ស៊ឹង សែនករុណា ហ៊ាន​និយាយ​ជា​សាធារណៈ​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស ការ​បាត់បង់​ធនធាន​ធម្មជាតិ ខ្ទេចខ្ទាំ​ព្រៃឈើ បរិស្ថាន និង​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម។

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​លើកឡើង​ថា ពួកគេ​ទាំងអស់​គ្នា​សូម​ធ្វើ​សំណូមពរ​ឱ្យ​ភាគី​ដើមបណ្ដឹង សូម​ដក​ពាក្យបណ្ដឹង និង​សូម​អំពាវនាវ​ដល់​អាជ្ញាធរ សូម​មេត្តា​បញ្ឈប់​នូវ​គ្រប់​ទម្រង់​នៃ​ការ​រំលោភ​បំពាន​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​សង្គម។ ពួកគេ​សង្ឃឹម​ថា តុលាការ​នឹង​ពិនិត្យ​ពិចារណា​មិន​ធ្វើការ​ចោទប្រកាន់​លើ​លោក ស៊ឹង សែនករុណា ឡើយ។ ពួកគេ​ទាំងអស់​គ្នា​ក៏​នៅ​តែ​បន្ត​ឈរ​ជាមួយ​លោក ស៊ឹង សែនករុណា និង​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​ធ្វើ​ការងារ​ដោយ​អហិង្សា​ក្នុង​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស។

ប្រភព​ដដែល​អះអាង​ថា កាលពី​ថ្ងៃទី​៤ ខែ​កុម្ភៈ អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​បក្ស​ប្រជាជន​កម្ពុជា បាន​ស្នើ​ឱ្យ​មេធាវី​គណបក្ស​សិក្សា​ពី​ផ្លូវច្បាប់​ដើម្បី​ប្តឹង​លោក ស៊ឹង សែនករុណា។ នៅ​ថ្ងៃ​បន្ទាប់ តាមរយៈ​មេធាវី​គណបក្ស​លោក ហ៊ុន សែន បាន​ដាក់​ពាក្យបណ្ដឹង​ក្នុង​នាម​បក្ស​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ស្នើសុំ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​លោក ស៊ឹង សែនករុណា តាម​ច្បាប់​ជា​ធរមាន។ នៅ​ក្នុង​ពាក្យបណ្ដឹង​ក៏​បាន​ប្តឹង​ទាមទារ​សំណង​ជំងឺចិត្ត​ចំនួន ២​ពាន់​លាន​រៀល (ប្រមាណ​ជា ៥​សែន​ដុល្លារ) ដោយ​អះអាង​ថា ការ​និយាយ​របស់​លោក​ក្នុង​សារព័ត៌មាន ធ្វើ​ឱ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា។

សេចក្តី​ថ្លែងការណ៍​នោះ​អះអាង​ថា ការ​ដាក់​គំនាប​តាមរយៈ​ផ្លូវ​តុលាការ​នេះ គឺជា​ការ​ដាក់​គំនាប​មួយ​ចុងក្រោយ​តាមរយៈ​បណ្តឹង​ទៅ​តុលាការ​ជាច្រើន​ផ្សេង​ទៀត​ទៅ​លើ​សកម្មជន​ខាង​សិទ្ធិមនុស្ស សកម្មជន​សហជីព សកម្មជន​បរិស្ថាន និង​សកម្មជន​ជាច្រើន​នាក់​កាលពី​ពេល​កន្លង​ទៅ។ ការ​ដាក់​គំនាប​នេះ មាន​គោលបំណង​រារាំង​ការ​ចូលរួម​របស់​សាធារណជន និង​បំបិទ​សំឡេង​រិះគន់។ យ៉ាងតិច​ណាស់​ក៏​មាន​អ្នកទោស​មនសិការ​ចំនួន ៣៧​នាក់​ជា​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​សហជីព សកម្មជន​ដីធ្លី សកម្មជន​និង​ពលរដ្ឋ​ផ្សេង​ទៀត​កំពុង​ជាប់​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។

នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ សារព័ត៌មាន The Cambodia Daily តាមរយៈ​ការ​ស្នើសុំ​ពី​ប្រភព បាន​ប្រកាស​លុប​ខ្លឹមសារ​ខ្លះ​ក្នុង​អត្ថបទ​ដែល​បាន​ចុះផ្សាយ​អំពី​សម្ដី​របស់​លោក ស៊ឹង សែនករុណា ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​បន្ត​ប្តឹងផ្តល់​លោក ស៊ឹង សែនករុណា ដដែល ខណៈ​លោក ហ៊ុន សែន មិន​ដែល​បាន​ស្នើ​ឱ្យ​សារព័ត៌មាន The Cambodia Daily កែសម្រួល​ខ្លឹមសារ​អត្ថបទ​ដែល​បាន​ចុះផ្សាយ​នោះ​ម្តង​ណា​ឡើយ។

ក្រុម​អ្នក​តស៊ូ​មតិ​បាន​អះអាង​កាលពី​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ថា ក្នុង​សំណុំរឿង​ប្តឹងផ្តល់​ទារ​សំណង​ជំងឺចិត្ត​រហូត​ដល់​កន្លះ​លាន​ដុល្លារ​នេះ តាម​ពិត គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ដាក់​ភស្តុតាង​ពី​ការ​ខូចខាត​ជាក់ស្ដែង និង​ជំងឺចិត្ត​ដែល​ខូចខាត​ជាក់ស្ដែង​ពី​អំពើ​ល្មើស​ចូល​ក្នុង​សំណុំរឿង ប៉ុន្តែ​តាម​ការ​ពិនិត្យ​មើល​ក្នុង​ពាក្យបណ្ដឹង​ពី​គណបក្ស​ប្រជាជន​កម្ពុជា មិន​ឃើញ​មាន​សរសេរ​បញ្ជាក់​ពី​ទ្រព្យសម្បត្តិ ឬ​ការ​ខូចខាត​កិត្តិយស​ណា​មួយ​ជាក់លាក់​ទេ។ ក្រៅ​ពី​នេះ​ទៀត ក៏​មិន​បាន​បង្ហាញ​ភស្តុតាង​រង​ការ​ខូចខាត​ដែល​កើត​ចេញពី​ផ្សាយ​ក្នុង​សារព័ត៌មាន The Cambodia Daily ដែរ។

ក្រុម​តស៊ូ​មតិ​កម្ពុជា​លើកឡើង​ថា ផ្អែក​តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា មុន​នឹង​ប្តឹង​លោក ស៊ឹង សែនករុណា គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​សរសេរ​លិខិត​ទៅ​សារព័ត៌មាន The Cambodia Daily ជា​មុន​សិន ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​កែតម្រូវ​ខ្លឹមសារ​អត្ថបទ​ក្នុង​រយៈពេល ៧​ថ្ងៃ ប៉ុន្តែ​ក្នុង​ករណី​សារព័ត៌មាន The Cambodia Daily មិន​ព្រម​កែតម្រូវ នោះ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​អនុវត្ត​តាម​ច្បាប់​ស្តីអំពី​របប​សារព័ត៌មាន មិនមែន​ប្តឹង​លោក ស៊ឹង សែនករុណា ទាំង​ទទឹង​ទិស​បែប​នេះ​ទេ។

ប្រភព​ដដែល​បាន​លើកឡើង​ថា ការ​ប្តឹងផ្តល់​នេះ​គ្រាន់តែ​ជា​ល្បិច​គំរាមកំហែង បំភិតបំភ័យ​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​គ្រប់គ្រង​អំណាច​ត​ទៅ​ទៀត​ប៉ុណ្ណោះ។ យុទ្ធសាស្ត្រ​នៃ​ការ​ប្ដឹង​ទាមទារ​សំណង​ជំងឺចិត្ត​ជា​ទឹកប្រាក់​ដ៏​ច្រើន និង​ការ​រឹបអូស​យក​ទ្រព្យសម្បត្តិ​បែប​នេះ គ្មាន​អ្វី​ក្រៅ​តែ​ពី​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​បង្ក្រាប​សំឡេង​ប្រឆាំង​នឹង​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​ពី​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស