លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ

គ្រឿងញៀន

លោក ស សុខា ប្រកាស​មិន​បន្ធូរ​ដៃ​លើ​មន្ត្រី​ក្រោម​ឱវាទ​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ឡើយ

By ឌឹ ខេមបូឌា ដេលី

February 16, 2024

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ព្រមាន​អនុវត្ត​វិធានការ​ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​លើ​មន្ត្រី​កងកម្លាំង​នៃ​ក្រសួង​មហាផ្ទៃ ទាំង​មន្ត្រី​នគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ​មិន​ដក​ដៃ និង​មិន​រើស​មុខ​ឡើយ ដើម្បី​ធានា​ភាព​ជា​គំរូ​នៃ​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា លើកឡើង​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​នគរបាល​នៅ​សាលា​នគរបាល​ជាតិ​ភូមិភាគ​១ ខេត្ត​ស្ទឹងត្រែង កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ថា យុទ្ធនាការ​បោស​សម្អាត​មន្ត្រី​កងកម្លាំង​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ រយៈពេល ៥​ខែ​ចុងក្រោយ​នេះ បាន​រក​ឃើញ​មន្ត្រី​ប្រព្រឹត្ត​បទល្មើស​ដែល​ពាក់ព័ន្ធ​ដោយ​ការ​ប្រើប្រាស់ រក្សាទុក និង​ចែកចាយ​គ្រឿងញៀន​ជា​បន្តបន្ទាប់ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ ឬ​បន្ថយ​ស័ក្ដិ​រហូត​ឈាន​ដល់​ដកហូត​មុខនាទី​ចេញពី​ក្របខ័ណ្ឌ​ថែម​ទៀត។

លោក ស សុខា អះអាង​ថា ខ្លួន​លោក​ផ្ទាល់ និង​អគ្គស្នងការ​នគរបាល​ជាតិ រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​បោស​សម្អាត​ក្នុង​យុទ្ធនាការ​នេះ ក៏​មិន​ចង់​បណ្តេញ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ទាំងអស់​នោះ​ដែរ ប៉ុន្តែ​ដោយសារតែ​ពួកគេ​គឺជា​សាច់​ស្អុយ​ដែល​ត្រូវតែ​កាត់ចោល​ដោយ​ខាន​មិន​បាន ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ គឺជា​ការ​សម្អាត​ផ្ទះ​ខ្លួនឯង​មុន​នឹង​រៀបចំ​ផែនការ​អភិវឌ្ឍន៍​ជាតិ​បន្ត​ទៀត ដើម្បី​ឈាន​ទៅ​ដល់​អភិវឌ្ឍ​ធនធាន​មនុស្ស​សម្រាប់​សង្គម​ជាតិ​ទាំងមូល។

ឧបនាយករដ្ឋមន្ត្រី​បក្ស​កាន់​អំណាច លោក ស សុខា បញ្ជាក់​ថា ក្នុង​នាម​ជា​មន្ត្រី​កងកម្លាំង​នគរបាល​ជាតិ ត្រូវ​មាន​ស្មារតី​ម៉ឺងម៉ាត់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដោយ​ផ្ដើម​ចេញពី​ខ្លួនឯង​ជា​មុន ព្រោះ​ថា​ប្រសិនបើ​កងកម្លាំង​ណា​ម្នាក់​ផុង​ខ្លួន​ក្នុង​ការ​ប្រើប្រាស់ ឬ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន រួម​ទាំង​បទល្មើស​ផ្សេងៗ​ក្នុង​សង្គម​នោះ ពួកគេ​នឹង​មិន​អាច​ធ្វើ​ជា​កងកម្លាំង​គំរូ​នៃ​ការ​អនុវត្ត​ច្បាប់​បាន​ទេ ហើយ​ក្រសួង​មហាផ្ទៃ ក៏​នឹង​ត្រូវ​បណ្ដេញ​ពួកគេ​ចេញពី​ក្របខ័ណ្ឌ​ដោយ​គ្មាន​ការ​លើកលែង​ដែរ។

គ្រឿងញៀន​នៅ​ប្រទេស​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា គឺជា​ថ្នាំ​ពេញនិយម​បំផុត​សម្រាប់​អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច។ គេ​ក៏​បាន​រក​ឃើញ​ដែរ​ថា មន្ត្រី​ធំៗ និង​ឧកញ៉ា​មួយ​ចំនួន សុទ្ធតែ​បាន​ជួញដូរ រក្សាទុក ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ដើម្បី​ស្វែងរក​ការ​សប្បាយ ជាពិសេស​គឺ​ដើម្បី​បង្កើន​ចំណង់​ផ្លូវភេទ ហើយ​ពួកគេ​ក៏​ជា​អ្នក​ផ្គត់ផ្គង់​ថ្នាំ​ទាំងនេះ​នៅ​ក្នុង​ទីផ្សារ​ស្រុក​ខ្មែរ​ដែរ ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​អ្នក​មាន​អំណាច​ដែល​នៅ​កាង​នៅ​ពីក្រោយ​ថែម​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ណែនាំ​អង្គភាព​ដែល​ចំណុះ​ឱ្យ​ក្រសួង​មហាផ្ទៃ រឹត​បន្តឹង​ចំពោះ​បញ្ហា​គ្រឿងញៀន​លើ​មន្ត្រី​របស់​ខ្លួន​គ្រប់​អង្គភាព​ថា ចំពោះ​អ្នក​ដែល​មាន​មុខនាទី​ភារកិច្ច​ជា​កងកម្លាំង​ប្រដាប់​អាវុធ បើសិន​មាន​ការ​ស្រាវជ្រាវ​ឃើញ​ថា​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន មិន​គួរ​រក្សាទុក​នៅ​ជា​កងកម្លាំង​ដើម្បី​បំពេញ​មុខនាទី​ភារកិច្ច​ទៀត​ទេ។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា គិត​មក​ដល់​ពេលនេះ ក្រសួង​មហាផ្ទៃ​បាន​អនុវត្ត​យុទ្ធនាការ​បោស​សម្អាត​មន្ត្រី​កងកម្លាំង​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ដោយ​ការ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​ប្រមាណ ១០០​នាក់​ហើយ ក្នុង​នោះ​មន្ត្រី​ជាង ៥០​នាក់ ត្រូវ​បាន​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន និង​មន្ត្រី​ប្រមាណ ៥០​នាក់​ផ្សេង​ទៀត ត្រូវ​បាន​រក​ឃើញ​ថា​ល្មើស​នឹង​វិន័យ​កងកម្លាំង​នគរបាល​ជាតិ ខណៈ​ក្រសួង​ការពារ​ជាតិ ក៏​បាន​លុប​ឈ្មោះ​នាយ​ទាហាន​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ជា​បន្តបន្ទាប់​ដែរ នៅ​ដើម​ឆ្នាំ​២០២៤ នេះ។

កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២២ ក្រសួង​មហាផ្ទៃ បាន​បញ្ចេញ​សេចក្តី​រាយការណ៍​ថា ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ជិត ៤​ម៉ឺន​នាក់​ក្នុង​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស មាន ៥០% ជាប់​ឃុំ​ដោយសារ​បទល្មើស​គ្រឿងញៀន ខណៈ​មួយ​ថ្ងៃ សមត្ថកិច្ច​ឃាត់​ខ្លួន​អ្នក​ប្រើប្រាស់ និង​ជួញដូរ​ចន្លោះ​ពី ១០ ទៅ ២០​នាក់​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទូទាំង​ប្រទេស ដែល​ពួកគេ​ភាគច្រើន​ជា​យុវជន។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រសួង​មហាផ្ទៃ​ធ្លាប់​បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា សមត្ថកិច្ច​បង្ក្រាប​បាន​គ្រឿងញៀន​មិន​ត្រឹមតែ​រយ​គីឡូក្រាម​ទេ គឺ​ចូល​ដល់​រាប់​តោន​ឯណោះ ព្រោះ​ថា​កន្លង​មក ប្រទេស​កម្ពុជា​ត្រូវ​ជន​ទុច្ចរិត​ប្រើ​ជា​កន្លែង​ផលិត​គ្រឿងញៀន​យក​ទៅ​ប្រទេស​ក្រៅ​ផង ជា​កន្លែង​ធ្វើ​ចរាចរ​សម្រាប់​ឆ្លងកាត់​ទៅ​ប្រទេស​ទី​៣ ផង​ដែរ ប៉ុន្តែ​ពេលនេះ ក្រុម​ឧក្រិដ្ឋជន​បាន​នាំគ្នា​មក​ផលិត​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែម្តង ខណៈ​វិធានការ​បង្ក្រាប គឺ​នៅ​មាន​កម្រិត​នៅឡើយ។

ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ទី​ជនបទ​ក្នុង​បណ្តា​ខេត្ត​មួយ​ចំនួន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ចែកចាយ​គ្រឿងញៀន​នៅ​តាម​ភូមិ-ឃុំ​របស់​ពួកគេ មិនមែន​អាជ្ញាធរ​មូលដ្ឋាន​មិន​ដឹង​ទេ ប៉ុន្តែ​មន្ត្រី​នគរបាល​ខ្លះ​ទុក​ឱ្យ​អ្នកលក់​គ្រឿងញៀន​ទាំងនោះ​បន្ត​ចែកចាយ​ប៉ុណ្ណោះ ព្រោះ​ពួកគេ​ក៏​បាន​លុយកាក់​ពី​អ្នកលក់​គ្រឿងញៀន​ទាំងនោះ​ដែរ ខណៈ​ការ​អនុវត្ត​វិធានការ​ច្បាប់ គឺ​ប្រើ​តែ​ទៅ​លើ​ជន​រងគ្រោះ​ដែល​ជា​អ្នក​ប្រើប្រាស់​ប៉ុណ្ណោះ ចំណែក​មន្ត្រី​ខិលខូច​ដែល​ចែកចាយ នៅតែ​ប្រព្រឹត្ត​បទល្មើស​បំពាន​ច្បាប់​ដដែល។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​៧ ខែ​កុម្ភៈ​ឆ្នាំ​២០២៤ នេះ​ថា គ្រឿងញៀន និង​សារធាតុ​ផ្សំ បាន​លុកលុយ​ចូល​ប្រទេស​កម្ពុជា​ជិត ១​ពាន់​តោន (៦០០​តោន) ដែល​អាជ្ញាធរ​កម្ពុជា​បង្ក្រាប​បាន​ដោយ​គិត​ចាប់តាំងពី​ឆ្នាំ​២០២០ រហូត​ដល់​ចុង​ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ ក្នុង​នោះ ជន​សង្ស័យ​ជាង ៧​ម៉ឺន​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ចំណោម​ករណី​ដែល​សមត្ថកិច្ច​បាន​បង្ក្រាប​ជាង ៣​ម៉ឺន​ករណី៕