28 C
Phnom Penh

ព្រឹទ្ធសភា​អាមេរិក​អនុម័ត​កញ្ចប់​ថវិកា​សម្រាប់​ឱ្យ​អ៊ុយក្រែន​បន្ត​ធ្វើ​សង្គ្រាម​ប្រឆាំង​ការ​ឈ្លានពាន​ពី​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក នៅ​ទីបំផុត បាន​សម្រេច​អនុម័ត​កញ្ចប់​ថវិកា​ជាង ៩៥​ពាន់​លាន​ដុល្លារ​ជា​កញ្ចប់​ថវិកា​ជំនួយ​នៃ​រដ្ឋការ​លោក ចូ បៃដិន ដែល​បាន​សម្រេច​ដ៏​តានតឹង​ក្រោយពី​ជាប់​គាំង​រយៈពេល​ជាច្រើន​ខែ​មក​នេះ។

ជាមួយ​នឹង​ការ​អនុម័ត​ក្នុង​ព្រឹទ្ធសភា គេ​រំពឹង​ថា​សមាជិក​រដ្ឋសភា​ក៏​យល់ព្រម​តាម​ការ​ព្រមព្រៀង​ពី​សមាជិក​ព្រឹទ្ធសភា​ដែរ។

តាម​ការ​ចុះផ្សាយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន RNS នៃ​ប្រទេស​ញ៉ូវហ្សេឡេន ក្នុង​ទំហំ​ជាង ៩៥​ពាន់​លាន​ដុល្លារ ក្នុង​នោះ​មាន​សម្រាប់​ប្រទេស​អ៊ុយក្រែន អ៊ីស្រាអែល កោះ​តៃវ៉ាន់ និង​ជំនួយ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

ក្នុង​ការ​អនុម័ត​នៃ​ការ​បោះឆ្នោត​របស់​ព្រឹទ្ធសភា គឺ​សំឡេង​សម្របសម្រួល ៧០ ទល់​នឹង ២៩ ដែល​ជា​សារ​មួយ​ដ៏​សំខាន់​ប្រាប់​ទៅ​សមាជិក​រដ្ឋសភា​ថា ព្រឹទ្ធសភា​បាន​បញ្ឈប់​ការ​ធ្វើ​ឱ្យ​ជាប់​គាំង​គម្រោង​កញ្ចប់​ថវិកា​ជំនួយ​បរទេស​សម្រាប់​សេតវិមាន។

បើ​ទោះជា​យ៉ាង​នេះ​ក្ដី ការ​អនុម័ត​នៅ​ក្នុង​ព្រឹទ្ធសភា ត្រូវតែ​ត្រឡប់​បញ្ជូន​ទៅ​សភា​តំណាងរាស្ត្រ​វិញ ប៉ុន្តែ​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​សាធារណរដ្ឋ​ដល់​ទៅ ២២​រូប​ឯណោះ ដែល​បាន​គាំទ្រ​សំណើ​គណបក្ស​ប្រជាធិបតេយ្យ។ មេដឹកនាំ​សំឡេង​ភាគច្រើន​នៃ​ព្រឹទ្ធសភា គឺ​លោក Chuck Schumer បាន​បញ្ជាក់​ភ្លាមៗ​នូវ​ការ​អនុម័ត​ដោយ​សំឡេង​ភាគច្រើន​នៃ​សមាជិក​ដោយ​សាទរ​ការ​យោគយល់​គ្នា​ក្នុង​ចំណោម​សមាជិក​ព្រឹទ្ធសភា។ មេដឹកនាំ​នៃ​សមាជិក​ព្រឹទ្ធសភា​សំឡេង​ភាគច្រើន​នេះ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា លោក​មាន​ទំនុកចិត្ត​ចំពោះ​កញ្ចប់​ជំនួយ​សន្តិសុខ​ក្នុង​គោលនយោបាយ​ការបរទេស​នេះ ដែល​ថា​សមាជិក​រដ្ឋសភា​នឹង​គាំទ្រ ហើយ​សមាជិក​រដ្ឋសភា​ភាគច្រើន​នឹង​មិន​ធ្វើ​ឱ្យ​មាន​ឧបសគ្គ​ចំពោះ​គម្រោង​កញ្ចប់​ថវិកា​ពី​សេតវិមាន​នោះ​ទេ។

មេដឹកនាំ​សំឡេង​ភាគច្រើន​នៃ​សមាជិក​ព្រឹទ្ធសភា បាន​បញ្ជាក់​ថា លោក Mike Johnson ប្រធាន​រដ្ឋសភា នឹង​មិន​ធ្វើ​ឱ្យ​មាន​ការ​ខកខាន​ជា​ថ្មី​ម្ដង​ទៀត​នោះ​ទេ នៅ​ពេល​ដែល​សមាជិក​រដ្ឋសភា​ត្រូវ​ប្រជុំ​លើ​របៀបវារៈ​នៃ​កញ្ចប់​ជំនួយ​គោលនយោបាយ​សន្តិសុខ​កិច្ចការ​បរទេស​នៃ​រដ្ឋការ​លោក ចូ បៃដិន។

នៅ​ពេល​ដែល​សមាជិក​ព្រឹទ្ធសភា​អនុម័ត​កញ្ចប់​ជំនួយ​ជា​គោលនយោបាយ​នៃ​រដ្ឋការ​លោក ចូ បៃដិន ដែល​ជា​ការ​បំបែក​ភាព​ទាល់ច្រក​មក​នេះ លោក ចូ បៃដិន បាន​ថ្លែង​ទទូច​ទៅ​សមាជិក​រដ្ឋសភា​ឱ្យ​រូតរះ​ឆាប់​អនុម័ត​នូវ​ថវិកា​ជំនួយ​ទាំងនេះ ព្រោះ​សេចក្ដី​ត្រូវការ​នៃ​ប្រទេស​អ៊ុយក្រែន គឺជា​រឿង​ចាំបាច់​បំផុត។

ក្នុង​កញ្ចប់​ថវិកា​ទំហំ ៩៥​ពាន់ ៣៤០​លាន​ដុល្លារ អ៊ុយក្រែន ទទួល​បាន ៦១​ពាន់​លាន​ដុល្លារ​តាម​គម្រោង​របស់​លោក ចូ បៃដិន ថវិកា ១៤​ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ីស្រាអែល ដែល​កំពុង​ធ្វើ​សង្គ្រាម​សងសឹក​នឹង​ពួក​យុទ្ធជន​សកម្ម​ហាម៉ាស-ប៉ាឡេស្ទីន និង ៤​ពាន់ ៨៣០​លាន​ដុល្លារ​គាំទ្រ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ទប់ទល់​កម្លាំង​បំពាន​ពី​សំណាក់​ប្រទេស​ចិន មាន​សម្រាប់​កោះ​តៃវ៉ាន់ ផង​ដែរ។

ចំណែក​ឯ ៩​ពាន់ ១៥០​លាន​ដុល្លារ​ជា​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន ដែល​រងគ្រោះ​នៅ​តំបន់​ហ្កាហ្សា តំបន់ West Bank និង​សម្រាប់​ប្រជាជន​អ៊ុយក្រែន រួម​ទាំង​ជួយ​ដល់​វិបត្តិ​ទាំងឡាយ​នៃ​ប្រជាជន​នៅ​ទូទាំង​ពិភពលោក។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា សមាជិក​រដ្ឋសភា​ទំនង​ជា​នឹង​មិន​បង្ក​ឱ្យ​មាន​ឧបសគ្គ​រាំង​ខ្ទប់​សេចក្ដី​សម្រេច​ពី​ព្រឹទ្ធសភា​នោះ​ទេ ព្រោះ​ស្ថានភាព​ពេលនេះ​វា​ជា​រឿង​ចាំបាច់​ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​ពង្រឹង​មុខនាទី​ខ្លួន​ឲ្យ​សក្ដិសម​ជា​ប្រទេស​មហាអំណាច​ទី​មួយ​លើ​ពិភពលោក ដែល​ត្រូវ​ជួយ​ប្រទេស​ទន់ខ្សោយ​រងគ្រោះ​ដោយសារ​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​មាន​អំណាច និង​ជួយ​ដល់​ប្រទេស​ក្រីក្រ​ដែល​ធ្លាក់​ក្នុង​វិបត្តិ​គ្រោះ​ធម្មជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស