ពលរដ្ឋ​កំពុង​លេង​ល្បែង​ឡូតូ​មួយ​កន្លែង

ព័ត៌មានជាតិ

អ្នក​ឃ្លាំមើល​ថា​បើ​ចង់​បំបាត់​ល្បែង​ខុស​ច្បាប់ ទាល់​តែ​លោក ហ៊ុន ម៉ាណែត ហ៊ាន​ចាប់​ត្រកូល​ហ៊ុន​ដាក់​គុក

By ឌឹ ខេមបូឌា ដេលី

February 16, 2024

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ចង់​បង្ក្រាប​ល្បែង​ស៊ីសង​នៅ​ប្រទេស​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ ទាល់តែ​លោក ហ៊ុន ម៉ាណែត ហ៊ាន​អនុវត្ត​ច្បាប់​ចាប់​សមាជិក​គ្រួសារ​ត្រកូល​ហ៊ុន ដែល​ជាប់​ពាក់ព័ន្ធ ដាក់​ពន្ធនាគារ ជាពិសេស​លោក ហ៊ុន តូ ដែល​ជា​អ្នកជំនួញ​អបាយមុខ​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ កុម្ភៈ នេះ​ថា អ្នក​ដែល​នៅ​ពីក្រោយ​ល្បែង​ស៊ីសង​ខុស​ច្បាប់​ធំៗ​នៅ​ប្រទេស​កម្ពុជា គឺជា​សុទ្ធសឹងតែ​ជា​បក្ខពួក និង​ជា​សាច់ញាតិ​គ្រួសារ​ហ៊ុន​ទាំងអស់ ក្នុង​នោះ​មាន​ដូចជា បង​ជីដូនមួយ​លោក ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន តូ សមាជិក​ព្រឹទ្ធសភា ឧកញ៉ា លី យ៉ុងផាត់ ព្រមទាំង​សមាជិក​ព្រឹទ្ធសភា​ប្រទេស​កម្ពុជា​មួយ​រូប​ទៀត គឺ​ឧកញ៉ា កុក អាន ជាដើម ដែល​សុទ្ធសឹងតែ​ជា​ម្ចាស់​អាជីវកម្ម​ល្បែង​ទាំង​ស្រប​ច្បាប់ ទាំង​ខុស​ច្បាប់ ហើយ​កំពុង​ពួន​សម្ងំ​កើប​ប្រាក់​ឱ្យ​ត្រកូល​ហ៊ុន​សព្វថ្ងៃ​នេះ។

លោក គឹម សុខ លើកឡើង​ថា ពួកគេ​បាន​ចែក​គ្នា​គ្រប់គ្រង​អាជីវកម្ម​ទាំង​ស្រប​ច្បាប់ ទាំង​ខុស​ច្បាប់ ទៅ​តាម​ខេត្ត​នីមួយៗ​រៀង​ខ្លួន ដូចជា ឧកញ៉ា ហ៊ុន តូ គ្រប់គ្រង​បនល្បែង​នៅ​ខេត្ត​ព្រះសីហនុ និង​គ្រប់គ្រង​ល្បែង​ស៊ីសង​ខុស​ច្បាប់​ជាច្រើន​ផ្សេង​ទៀត ដូចជា ល្បែង​ចាក់​កន្ទុយលេខ ល្បែង​ជល់​មាន់​តាម​អនឡាញ ប្រតិបត្តិការ​ធនាគារ​ងងឹត ល្បែង​ផ្សង​សំណាង និង​ល្បែង​ខុស​ច្បាប់​ជាច្រើន​ទៀត ព្រោះ​ថា​ល្បែង​ទាំងនេះ បើ​គ្រួសារ​ត្រកូល​ហ៊ុន​មិន​បើក​ដៃ​ទេ ប្រាកដ​ណាស់​គឺ​មិន​អាច​សម្ងំ​ធ្វើ​ប្រតិបត្តិការ​បាន​ទេ ទោះ​ពួកគេ​ប្រឹង​លាក់លៀម​កម្រិត​ណា​ក៏ដោយ។

អ្នកវិភាគ​នយោបាយ​រូប​នេះ​បញ្ជាក់​ថា វិធានការ​បង្ក្រាប​ទីតាំង​ល្បែង​ផ្សងសំណាង​ពី​នាយករដ្ឋមន្ត្រី​ថ្មី​លោក ហ៊ុន ម៉ាណែត គ្រាន់តែ​ជា​វិធានការ​ប្រជាភិថុតិ កុហក​ប្រជាពលរដ្ឋ​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នា​ពេល​ខាងមុខ​នេះ​ប៉ុណ្ណោះ ព្រោះ​ថា​ម្ចាស់​អាជីវកម្ម​ធំៗ​នៃ​ល្បែង​ផ្សងសំណាង​ទាំងនោះ គ្មាន​នរណា​ក្រៅពី​សាច់ញាតិ​ត្រកូល​ហ៊ុន​នោះ​ឡើយ។

កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​ដែល​កំពុង​ដឹកនាំ​តាម​របប​ចាស់​ពី​ឪពុក លោក ហ៊ុន ម៉ាណែត បាន​ផ្សព្វផ្សាយ​ខ្សែអាត់​សំឡេង​ប្រវែង​ជាង ២​នាទី​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​បញ្ជា​ឱ្យ​អភិបាល​រាជធានី​ខេត្ត​ទាំង​២៥ ចាត់​វិធានការ​ត្រួតពិនិត្យ​ស្រាវជ្រាវ​រក​ទីតាំង​អាជីវកម្ម​ល្បែង​ផ្សងសំណាង​នានា​ក្នុង​ខេត្ត​របស់​ខ្លួន ដើម្បី​ចាត់​វិធានការ​ដកហូត​អាជ្ញាបណ្ណ​ក្នុង​ករណី​ម្ចាស់​អាជីវកម្ម​ល្បែង​ផ្សងសំណាង​ទាំងនោះ​បើក​ទីតាំង​ល្បែង​ថ្មីៗ​បន្ត​ទៀត។

លោក ហ៊ុន ម៉ាណែត ព្រមាន​ថា ក្នុង​ករណី​មាន​ការ​បើក​ទីតាំង​ផ្សងសំណាង​ថ្មីៗ អាជ្ញាធរ​ត្រូវតែ​បិទ​ទីតាំង​ទាំងនោះ​ជាបន្ទាន់ និង​រាយការណ៍​ទៅ​នាយករដ្ឋមន្ត្រី​ដោយ​ផ្ទាល់ ដើម្បី​ចាត់​វិធានការ​ឈាន​ទៅ​ដល់​ការ​ដក​អាជ្ញាបណ្ណ​តែម្តង ព្រោះ​ថា​ដំណាក់កាល​នេះ គឺជា​ពេលវេលា​ដែល​ត្រូវ​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​រាជរដ្ឋាភិបាល ដើម្បី​បង្កើន​ការ​អភិវឌ្ឍ មិនមែន​ជា​ពេលវេលា​ដែល​ត្រូវ​ពង្រាយ​ទីតាំង​ល្បែង​ទេ។

តើ​នេះ​ឬ​ដែល​ហៅថា​ដំណើរ​អភិក្រម ឬ​គោលការណ៍​រឹត​បន្តឹង​ឡើងៗ ដើម្បី​ដក​មន្ត្រី​ចាស់ៗ​ដាក់​មន្ត្រី​ក្មេងៗ​តាមរយៈ​ការ​សូកប៉ាន់?

នាយករដ្ឋមន្ត្រី​ថ្មី​បញ្ជាក់​ថា ទោះបីជា​មាន​ច្បាប់​អនុញ្ញាត​ឱ្យ​ម្ចាស់​អាជីវកម្ម​ល្បែង​ផ្សងសំណាង​អាច​ពង្រាយ​ទីតាំង​ល្បែង​របស់​ខ្លួន​នា​ពេល​កន្លង​មក​ក៏ដោយ ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ពង្រីក​ទីតាំង​ល្បែង​ផ្សងសំណាង​នៅ​ពេលនេះ​បន្ត​ទៅ​ទៀត​ដែរ ហើយ​គណៈ​អភិបាលខេត្ត​ទាំងអស់​ត្រូវ​អនុវត្ត​បទបញ្ជា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត។

ទាក់ទិន​នឹង​បញ្ហា​នេះ អភិបាល​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​អភិបាល​ខណ្ឌ​ទាំង​១៤ និង​ប្រធាន​ផ្សារ​ទាំង​២៥ កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ថា ចំពោះ​អាជីវកម្ម​ឆ្នោត​ផ្សងសំណាង​ចំនួន ១០​ក្រុមហ៊ុន និង​ក្រុមហ៊ុន​ឆ្នោត​ផ្សងសំណាង​ចំនួន​៦ ដែល​កំពុង​ប្រតិបត្តិការ​នៅ​លើ​ទីតាំង​ជាង ៦០​កន្លែង បាន​បន្ត​អាជីវកម្ម​ដោយ​ហួស​សុពលភាព ប៉ុន្តែ​ចាប់ពី​ពេលនេះ​តទៅ បើ​ក្រុមហ៊ុន​ទាំងនោះ​នៅតែ​បន្ត​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​ទៀត អាជ្ញាធរ​រាជធានី​ភ្នំពេញ​ត្រូវតែ​ធ្វើ​ការ​បង្ក្រាប​ជាបន្ទាន់។

កាលពី​អំឡុង​ខែ​តុលា ឆ្នាំ​២០២៣ គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា បាន​អះអាង​ថា ការ​ធ្វើ​ប្រតិបត្តិការ​ល្បែង​ផ្សងសំណាង​នៅ​ប្រទេស​កម្ពុជា ដូចជា ភ្នាក់ងារ​លក់​ឆ្នោត​ពី​ក្រុមហ៊ុន​ល្បែង​ផ្សងសំណាង​មួយ​ចំនួន បាន​ធ្វើ​សកម្មភាព​លួចលាក់​បង្កប់​លេង​ល្បែង​ស៊ីសង ដូចជា ឆ្នោត​កន្ទុយលេខ ល្បែង​ខេនណូ (Keno) ខុស​ច្បាប់ និង​ប្រភេទ​ល្បែង​ដទៃ​ទៀត​ដែល​កំពុង​ជ្រក​ក្រោម​អាជ្ញាបណ្ណ​ល្បែង​ផ្សងសំណាង​ទាំងនោះ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀប​រៀបរយ​សង្គម។

មាត្រា​១ នៃ​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​ល្បែង​ស៊ីសង ចែង​ថា ត្រូវ​ហាមឃាត់​ជាដាច់ខាត​ការ​លេង​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​កម្ពុជា លើកលែងតែ​មាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២២ អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​ចេញ​បទបញ្ជា​ឱ្យ​បង្ក្រាប​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ដែរ រាប់​តាំងពី​ឡូតូ និង​កន្ទុយលេខ ដោយ​ភ្ជាប់​សារ​ព្រមាន​ដក​តំណែង​អភិបាល​រាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក ដែល​មាន​ភាព​អសកម្ម​លើ​បញ្ហា​នេះ​ផង​ដែរ ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​លោក ហ៊ុន សែន ដក​តំណែង​មន្ត្រី​ណា​ម្នាក់​ជុំវិញ​ករណី​នេះ​ម្តង​ណា​ឡើយ ខណៈ​ល្បែង​ស៊ីសង​ទាំងនោះ​នៅតែ​បន្ត​ធ្វើ​ប្រតិបត្តិការ​រហូត​ដល់​ពេល​នេះ៕