មនុស្សប្រហែលចន្លោះពី ១ពាន់ទៅ ២ពាន់នាក់ ភាគច្រើនជាយុវជនបាននាំគ្នាមកតម្រង់ជួរនៅខាងមុខស្ថានទូតថៃ ប្រចាំទីក្រុងយ៉ាងហ្គន ដែលមនុស្សប្រុសស្រីទាំងនោះព្យាយាមស្វែងរកផ្លូវចាកចេញពីប្រទេសភូមា បន្ទាប់ពីរដ្ឋាភិបាលយោធាទើបតែប្រកាសថា ខ្លួននឹងចាប់ផ្តើមអនុវត្តការបំពេញកាតព្វកិច្ចយោធាក្នុងពេលឆាប់ៗខាងមុខ។
តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ នេះ ឲ្យដឹងថា ស្ថានទូតថៃ នៅទីក្រុង Yangon ពោរពេញទៅដោយបុរស និងស្ត្រីជាយុវជន ដែលព្យាយាមស្វែងរកទិដ្ឋាការដើម្បីចាកចេញពីប្រទេសដែលកំពុងធ្លាក់ក្នុងសង្គ្រាមស៊ីវិល។
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ ច្បាប់ស្ដីពីការតម្រូវឱ្យប្រជាជនចូលបំពេញកាតព្វកិច្ចយោធា នឹងត្រូវអនុវត្តនៅខែមេសា ខាងមុខ។
តាមប្រភពព័ត៌មានដដែលនេះឲ្យដឹងថា មនុស្សចន្លោះប្រហែលពី ១ពាន់ទៅ ២ពាន់នាក់ នាំគ្នាឈរតម្រង់ជួរយ៉ាងវែងអន្លាយនៅខាងមុខស្ថានទូតថៃ ដែលចំនួននេះមានការកើនឡើង ១០ដង បើធៀបទៅនឹងមួយខែមុននេះ គឺមានមនុស្សចំនួនមិនដល់ ១០០នាក់បានសុំទិដ្ឋាការចាកចេញពីប្រទេសភូមា។
កាលពីចុងសប្តាហ៍មុន របបសឹកមីយ៉ាន់ម៉ា បានប្រកាសថា ខ្លួននឹងចាប់ផ្តើមអនុវត្តច្បាប់ដែលតម្រូវឱ្យមានការកែនយុវជនជាបុរសអាយុចាប់ពី ១៨ឆ្នាំដល់ ៣៥ឆ្នាំ និងជាស្ត្រីអាយុចាប់ពី ១៨ឆ្នាំដល់ ២៧ឆ្នាំ ឱ្យចូលបម្រើកងទ័ពសម្រាប់រយៈពេលយ៉ាងហោច ២ឆ្នាំ។
គិតចាប់តាំងពីការធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលប្រជាធិបតេយ្យ កាលពីឆ្នាំ២០២១ មក នាពេលនេះ រដ្ឋាភិបាលយោធាភូមា កំពុងប្រឈមការលំបាកយ៉ាងខ្លាំងបំផុតក្នុងការបង្ក្រាបចលនាបះបោរប្រឆាំងរបបខ្លួន ជាពិសេសក្រោយមានការវាយលុកទ្រង់ទ្រាយធំពីសំណាក់សម្ព័ន្ធចលនាក្រុមប្រដាប់អាវុធជនជាតិភាគតិចតាំងតែពីខែតុលា ឆ្នាំ២០២៣ មកនេះ។
ដំណាក់កាលចុងក្រោយនេះ របបសឹកភូមា ទន់ដៃខ្លាំងក្នុងការប្រយុទ្ធដើម្បីការពារទីតាំងឈរជើងរបស់ខ្លួន ដែលយ៉ាងហោចណាស់ សមរភូមិដល់ជាង ៤០ បានធ្លាក់ក្នុងដៃក្រុមសម្ព័ន្ធចលនាប្រឆាំងរបបសឹក។
ចលនាតស៊ូរំដោះជាតិ ដែលជាកងកម្លាំងសម្ព័ន្ធយោធាចំនួនបីរួមគ្នា ហើយភាគច្រើនជាជនជាតិភាគតិចប្រដាប់ដោយអាវុធ រួមនឹងកម្លាំងរដ្ឋាភិបាលស្រមោល ដែលពួកយោធាប្លន់អំណាច គឺជាកម្លាំងរួមគ្នាកំពុងមានប្រៀបខ្លាំងក្នុងសមរភូមិនៅទូទាំងប្រទេស។
សម្ព័ន្ធយោធានេះ បានវាយប្រហារដណ្តើមកាន់កាប់យកទីតាំងយុទ្ធសាស្ត្រដ៏សំខាន់របស់របបសឹក ទាំងនៅប៉ែកខាងជើងប្រទេស តាមព្រំដែនឥណ្ឌា និងតាមព្រំដែនប្រទេសចិន ដែលសុទ្ធសឹងជាតំបន់ពាណិជ្ជកម្មភូមា នាំទំនិញចេញទៅកាន់ប្រទេសចិន និងឥណ្ឌា។
ស្របពេលដែលក្រុមប្រឆាំងវាយកាន់កាប់បានទីតាំងឈរជើងកាន់តែច្រើនឡើងៗ ពួកយោធាភូមាមួយចំនួនបានរត់ចោលជួរ ហើយខ្លះទៀតរត់ចូលទឹកដីឥណ្ឌា និងទឹកដីចិន រហូតមានទាំងឧត្តមសេនីយ៍ទៀតផង។ នាពេលថ្មីៗនេះ ពួកយោធាចាប់ខ្លួនឧត្តមសេនីយ៍ ៦រូប ហើយ ៣រូបកាត់ទោសប្រហារជីវិត ព្រោះតែដឹកនាំទ័ពចុះចូលក្រុមប្រឆាំង និងរត់ចោលសមរភូមិ។
ចំណែកព័ត៌មានចុងក្រោយបានឱ្យដឹងថា កងទ័ពនៃរបបសឹកភូមា កំពុងតែបាក់ទឹកចិត្តប្រយុទ្ធដែលរាប់តាំងពីទាហានថ្នាក់ទាបដល់នាយយោធាថ្នាក់ខ្ពស់ ក៏រត់ចោលសមរភូមិដែរ។
ប្រទេសភូមា ធ្លាក់ក្នុងសង្គ្រាមស៊ីវិលភ្លាមៗក្រោយពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាការបិទបញ្ចប់សម័យកាលប្រជាធិបតេយ្យមានអាយុត្រឹម ៥ឆ្នាំ ក្រោមការដឹកនាំរបស់អ្នកប្រជាធិបតេយ្យអ្នកស្រី អ៊ុងសាន ស៊ូជី។
នៅក្នុងអន្តរកាលនេះ សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងសមាគមអាស៊ាន នៅតែបង្ខំឱ្យពួកយោធាអនុវត្តគោលការណ៍ប្រាំចំណុចរបស់មេដឹកនាំអាស៊ាន ដែលបានធ្វើឡើងនៅចំពោះមុខមេរដ្ឋប្រហារឧត្តមសេនីយ៍ មីន អ៊ុងឡាំង កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងចាកាតា។
ផែនការប្រាំចំណុចនេះរួមមាន បង្ខំឱ្យដោះលែងអ្នកទោសនយោបាយទាំងអស់មានទាំងអ្នកស្រី អ៊ុងសាន ស៊ូជី រដ្ឋមន្ត្រីការបរទេស និងជាប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ និងប្រធានាធិបតី មីនម្យីន។ អ្នកទោសនយោបាយដែលពួកយោធាចាប់ឃុំខ្លួនយ៉ាងតិចមាន ៣០០នាក់។ ចំណែកអ្នកស្រី អ៊ុងសាន ស៊ូជី មានទោសជាង ៣០ឆ្នាំ។
នៅពេលនេះ អ្នកស្រី ស៊ូជី ស្ថិតនៅក្នុងការឃុំខ្លួននៅក្នុងផ្ទះមួយនៅជាយទីក្រុងណៃពិដោរ នៅពេលដែលអ្នកទោសនយោបាយរាប់រយនាក់ទៀតឃុំខ្លួននៅក្នុងគុក។ ប្រជាជនភូមា ដែលស្រឡាញ់សន្តិភាពប្រជាធិបតេយ្យ ជាពិសេសគឺយុវជន សម្រុកកាន់អាវុធជាមួយនឹងក្រុមប្រឆាំងរបបសឹក។
នៅពេលដែលយុវជនភាគច្រើនចូលរួមប្រឆាំងនឹងរបបសឹកនេះ គេសង្កេតឃើញថា របបសឹកកំពុងតែបាត់បង់កម្លាំងប្រយុទ្ធរបស់ខ្លួនយ៉ាងខ្លាំង ព្រោះតែយុវជនលែងគាំទ្ររបបនេះ លើកលែងតែយុវជននៃគ្រួសារបក្សពួករបស់របបសឹកតែប៉ុណ្ណោះ។
អ្នកសង្កេតការណ៍ អ្នកវិភាគ មើលឃើញថា ចាប់ពីថ្ងៃនេះតទៅ មិនរំពឹងថាយុវជនស្ម័គ្រចិត្តចូលបម្រើកងទ័ពតាមច្បាប់ចាប់បង្ខំនេះនោះទេ ព្រោះតែសង្គ្រាមស៊ីវិលមិនត្រឹមតែនៅតាមព្រំដែនទេកំពុងតែផ្ទុះខ្លាំង សូម្បីតែនៅទីក្រុងក្បែរទីតាំងបញ្ជាការធំៗរបស់ពួកយោធា ក៏មានការពើបប្រយុទ្ធគ្នាផងដែរ។
អ្នកសង្កេតការណ៍មើលឃើញទៀតថា ចាប់ពេលនេះទៅ ពួកយោធានឹងរកគ្រប់មធ្យោបាយដើម្បីរាំងខ្ទប់យុវជនមិនឱ្យចាកចេញពីប្រទេស ហើយអាចដាក់ទណ្ឌកម្មលើយុវជនណាដែលស្វែងរកច្រកចេញទៅក្រៅប្រទេស។
តាមអ្នកសង្កេតការណ៍ យុវជនភូមារង់ចាំតែឱកាសមកដល់ ដើម្បីផ្ដួលរំលំរបបសឹកតែប៉ុណ្ណោះ៕