ក្រុមអ្នកឃ្លាំមើលព្រមានថា ប្រសិនបើពលរដ្ឋខ្មែរនៅជុំវិញពិភពលោក រួមទាំងពលរដ្ឋខ្មែរនៅក្នុងស្រុក មិនងើបឡើងតស៊ូរើបម្រះស្វែងរកសេរីភាពតាមច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញទេ នោះកម្ពុជានឹងធ្លាក់ទៅក្នុងការគ្រប់គ្រងក្នុងប្រព័ន្ធកុម្មុយនីស្តបែបទំនើបរបស់ក្រុមគ្រួសារលោក ហ៊ុន សែន ជាមិនខាន។
ប្រភពដដែលបញ្ជាក់ថា ពេលនោះវាសនារបស់ពលរដ្ឋខ្មែរក៏មិនខុសពីវាសនាពលរដ្ឋដែលរស់នៅក្នុងរបបកុម្មុយនីស្តដទៃទៀតដែរ ដូចជា ប្រទេសកូរ៉េខាងជើង និងរបប ប៉ុល ពត ជាដើម គឺជាជីវិតដែលសុំអ្នកមានអំណាចរស់ មិនមែនរស់ក្នុងនាមជាម្ចាស់ប្រទេសដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនោះទេ។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ កុម្ភៈ នេះថា កម្ពុជាកំពុងស្ថិតក្នុងមាត់ជ្រោះមរណៈក្រោមកណ្ដាប់ដៃគ្រួសារត្រកូលហ៊ុនយ៉ាងផុយស្រួយ ព្រោះគ្រួសារកាងអំណាចផ្ដាច់មុខមួយនេះ កំពុងរៀបចំប្រព័ន្ធដឹកនាំប្រទេសកម្ពុជាទាំងមូលឱ្យស្ថិតក្រោមការគ្រប់គ្រងតែក្នុងរង្វង់គ្រួសាររបស់ពួកគេប៉ុណ្ណោះ ដែលរូបភាពនេះបង្ហាញឱ្យឃើញពីការដឹកនាំប្រទេសដ៏សែនអាក្រក់ ដូចគ្នាទៅនឹងប្រទេសកូរ៉េខាងជើង ដែរ ដែលវាសនាប្រទេសជាតិ និងវាសនាពលរដ្ឋខ្មែរ ត្រូវរស់ក្រោមការគាបសង្កត់ពីអ្នកមានអំណាចមួយគ្រួសារតូចគ្រប់ពេល។
លោក ម៉ែន ណាត លើកឡើងថា តាមរយៈនៃការរៀបចំអំណាចរបស់លោក ហ៊ុន សែន គ្រោងនឹងតែងតាំងខ្លួនឯងជាប្រធានព្រឹទ្ធសភា ជាប្រធានបក្ស ជាប្រធានក្រុមឧត្ដមប្រឹក្សាព្រះមហាក្សត្រ និងការតែងតាំងកូនប្រុសបង្កើតខ្លួនឯងគឺលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងលោក ហ៊ុន ម៉ានិត មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោក ជាដើម គឺជាសញ្ញាគ្រប់គ្រងដ៏អាក្រក់សម្រាប់ទឹកដីខ្មែរ។
ជាងនេះទៅទៀត ការរៀបចំមនុស្សជំនិតរបស់គាត់ឱ្យកាន់តំណែងក្នុងស្ថាប័នជាតិកំពូលផ្សេងទៀត ដូចជា លោក ជីវ កេង ឱ្យកាន់តំណែងជាប្រធានស្ថាប័នតុលាការ និងអ្នកស្រី ឃួន សុដារី ឱ្យកាន់តំណែងជាប្រធានរដ្ឋសភាជាតិ ជាដើម ល្មមគ្រប់គ្រាន់បង្ហាញឱ្យឃើញថា លោក ហ៊ុន សែន កំពុងចងក្រងអំណាចក្តោបក្តាប់ប្រទេសកម្ពុជាដោយផ្ដាច់មុខក្នុងរង្វង់គ្រួសាររបស់គាត់ ហើយនេះគេនៅមិនទាន់គិតដល់សាច់ញាតិ និងបក្ខពួករបស់គាត់ផ្សេងទៀត ដែលត្រូវបានតែងតាំងឱ្យកាន់តួនាទីសំខាន់ៗក្នុងក្រសួងស្ថាប័នជាតិផ្សេងទៀតនៅឡើយទេ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ប្រទេសមួយដែលបានធ្លាក់ទៅក្នុងរបបកុម្មុយនីស្តសម័យទំនើប គឺមានទម្រង់ដូចកម្ពុជាសព្វថ្ងៃនេះដែរ ដែលមានន័យថា ក្នុងរដ្ឋធម្មនុញ្ញនៅតែប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស ប៉ុន្តែក្នុងក្រសួងស្ថាប័នរដ្ឋគ្រប់ផ្នែកពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន គឺត្រូវគេចងក្រងឱ្យចូលទៅក្នុងការគ្រប់គ្រងក្នុងគ្រួសារតែមួយ ប៉ុន្តែពួកគេប្រើរូបភាពប្រជាធិបតេយ្យ ដើម្បីបន្លំភ្នែកអន្តរជាតិ និងបោកបញ្ឆោតពលរដ្ឋខ្មែរ ដែលមើលទៅឃើញថាមានស្ថាប័ននីតិប្រតិបត្តិ ស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័នតុលាការ ប៉ុន្តែការពិត ប្រទេសនេះស្ថិតក្រោមការគ្រប់គ្រងដោយគ្រួសារមួយក្រុមប៉ុណ្ណោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសអូស្ត្រាលី ប្រកាសធ្វើបាតុកម្មប្រឆាំងនឹងវត្តមាននាយករដ្ឋមន្ត្រីបន្តពូជថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត ដែលគ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅដើមខែមីនា ខាងមុខនេះ។
កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះសង្ឃ និងសហគមន៍ខ្មែរក្នុងទីក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី (Australia) បានដើរដង្ហែក្បួនធម្មយាត្រាដាក់ញត្តិជូនសមាជិកសភាសហព័ន្ធអូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) ដើម្បីស្នើសុំឲ្យលោកជួយជំរុញញត្តិរបស់ពួកគេទៅនាយករដ្ឋមន្ត្រីអូស្ត្រាលី ឲ្យលើកយកបញ្ហាប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សទៅជជែកជាមួយលោក ហ៊ុន ម៉ាណែត ដែលគ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅដើមខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។
អំឡុងពេលប្រគល់ញត្តិ លោក ជូលៀន ហ៊ីល សន្យាថាលោកនឹងប្រគល់ញត្តិនេះជូននាយករដ្ឋមន្ត្រីអូស្ត្រាលី រដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី ដោយផ្ទាល់ដៃ តាមសំណើរបស់សហគមន៍ខ្មែរ ខណៈខ្លឹមសារក្នុងញត្តិនោះ គឺមានការទាមទារឱ្យដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ និងការស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញដែរ។
មាត្រា១ នៃរដ្ឋធម្មនុញ្ញ ចែងថា កម្ពុជាប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ប៉ុន្តែក្រោមការដឹកនាំរបស់បក្សកាន់អំណាចសព្វថ្ងៃនេះ ត្រូវរងនូវការជាន់ឈ្លី និងបំផ្លាញគ្រប់រូបភាពយ៉ាងធ្ងន់ធ្ងរពីមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ដែលជាហេតុធ្វើឱ្យកម្ពុជាកំពុងរអិលធ្លាក់បន្តិចម្តងៗទៅរកការដឹកនាំតាមបែបរបបកុម្មុយនីស្តផ្ដាច់ការវិញនៅពេលនេះ។
ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ធ្លាប់បានអះអាងកាលពីពេលថ្មីៗនេះថា ប្រទេសអូស្ត្រាលី សូមបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅប្រទេសកម្ពុជា ក៏ដូចជាសម្រាប់សង្គមមួយដែលប្រជាពលរដ្ឋអាចបញ្ចេញទស្សនៈរបស់ពួកគេដោយសេរី និងសន្តិភាព និងជាសង្គមមួយដែលច្បាប់ និងស្ថាប័ននានាត្រូវបានការពារ និងលើកកម្ពស់សិទ្ធិមនុស្សឱ្យបានពេញលេញ។
អង្គការ Freedom House បានចេញរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយចាត់ទុកប្រទេសកម្ពុជាជាប្រទេសផ្ដាច់ការ ដែលបានឈរលើកំពូលតារាង ៥ប្រទេសខាងគាបសង្កត់សិទ្ធិសេរីភាពឆ្លងដែន រួមមាន ភូមា ចិន និងរុស្ស៊ី ជាដើម ក្រោមហេតុផលថា រដ្ឋាភិបាលកម្ពុជាបានបង្ក្រាបលើក្រុមប្រឆាំងធ្ងន់ធ្ងរ ជាពិសេសធ្វើទុក្ខបុកម្នេញដល់សកម្មជននយោបាយនៅក្រៅប្រទេស ទោះបីជាអ្នកទាំងនោះត្រូវនិរទេសខ្លួនចេញផុតពីប្រទេសកំណើតហើយក៏ដោយ៕