ស្ត្រី​ឈ្មោះ សេង ច័ន្ទដា ហៅ ខូវ ច័ន្ទដា ភរិយា​របស់​សព​ឧកញ៉ា ខូវ ជឺលី ដែល​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល ២០​ឆ្នាំ​ក្នុង​សំណុំរឿង ប៉ុនប៉ង​ឃាតកម្ម ប្រព្រឹត្ត​កាលពី​ឆ្នាំ​២០១០។

ច្បាប់

ភរិយា​សព​ឧកញ៉ា ខូវ ជឺលី ដែល​ជាប់​ទោស​២០​ឆ្នាំ​រឿង​ប៉ុនប៉ង​ឃាតកម្ម​ត្រូវ​បាន​លើកលែង​ទោស​តាម​សំណើ​នាយករដ្ឋមន្ត្រី

By ឌឹ ខេមបូឌា ដេលី

February 21, 2024

ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី បាន​ត្រាស់​បង្គាប់​លើកលែង​ទោស​ដល់​អ្នកស្រី សេង ច័ន្ទដា ហៅ ខូវ ច័ន្ទដា ភរិយា​ក្រោយ​របស់​សព​ឧកញ៉ា ខូវ ជឺលី ដែល​ស្ថាប័ន​តុលាការ​តាំងពី​សាលាដំបូង​រហូត​ដល់​កំពូល សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២០​ឆ្នាំ ពាក់ព័ន្ធ​សំណុំរឿង «ប៉ុនប៉ង​ឃាតកម្ម» ឲ្យ​មាន​សេរីភាព​វិញ តាម​សេចក្ដី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២៣ ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បាន​ឲ្យ​រក​ឃើញ​ថា ទណ្ឌិត​ជា​ស្ត្រី​ឈ្មោះ សេង ច័ន្ទដា ហៅ ខូវ ច័ន្ទដា ភរិយា​របស់​សព​ឧកញ៉ា ខូវ ជឺលី ត្រូវ​បាន​ព្រះមហាក្សត្រ​លើកលែង​ទោស​ឲ្យ​មាន​សេរីភាព​វិញ​តាម​សេចក្ដី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ក្នុង​ព្រះរាជក្រឹត្យ​ដដែល​ឲ្យ​ដឹង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ​ចាប់ពី​ថ្ងៃ​ឡាយ​ព្រះហស្តលេខា​តទៅ។

រឿង​ក្តី​ដ៏​ស្មុគស្មាញ​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​របស់​លោក​ឧកញ៉ា ខូវ ជឺលី ដែល​មាន​កូន ១២​នាក់ ហើយ​ប្រពន្ធ​របស់​គាត់​ឈ្មោះ សេង ច័ន្ទដា ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២០​ឆ្នាំ​ពី​បទ​រៀបចំ​ផែនការ​ធ្វើ​ឃាត។

ដើមបណ្ដឹង​នៅ​ក្នុង​រឿង​ក្តី​ដែល​បាន​ទៅ​ដល់​តុលាការ​កំពូល​កាលពី​ឆ្នាំ​២០១២ នេះ គឺ​អ្នកស្រី ស៊ុន សូត្ថា កូនស្រី​របស់​លោក ខូវ ជឺលី និង​ជា​ភរិយា​របស់​លោក ស៊ុន ចាន់ថុល ដែល​បច្ចុប្បន្ន​ជា​ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)។

លោកស្រី សេង ច័ន្ទដា ហៅ ខូវ ច័ន្ទដា ភេទ​ស្រី អាយុ ៦០​ឆ្នាំ ភរិយា​ក្រោយ​របស់​សព​ឧកញ៉ា (៣​ជំនាន់) ខូវ ជឺលី ដែល​ត្រូវ​បាន​ស្ថាប័ន​តុលាការ ៣​ថ្នាក់​ពី​ដំបូង​ដល់​កំពូល សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់ ២០​ឆ្នាំ ពាក់ព័ន្ធ​សំណុំរឿង «ប៉ុនប៉ង​ឃាតកម្ម» តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​២២៧ ចុះ​ថ្ងៃទី​០៥ ខែ​តុលា ឆ្នាំ​២០១២ របស់​តុលាការ​កំពូល។

ក្នុង​ករណី​ប៉ុនប៉ង​មនុស្ស​ឃាត​នេះ មនុស្ស ៥​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន និង​ចោទប្រកាន់ គឺ​មាន​ឈ្មោះ ចាន់ សុខា, នាង ស៊ីណាត, សុខ ឡាក់, យាន សុធារិទ្ធិ និង​អ្នកស្រី សេង ច័ន្ទដា ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០១០។ ជន​ជាប់​ចោទ​ទាំងនោះ​ក៏​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជំនុំ​ជម្រះ​ចំនួន ៦​លើក បន្ទាប់​មក​នៅ​ថ្ងៃទី​១៥ ខែ​កុម្ភៈ ចៅក្រម​បាន​សម្រេច​ផ្ដន្ទាទោស​ឈ្មោះ ចាន់ សុខា និង នាង ស៊ីណាត ដាក់​ពន្ធនាគារ ១៨​ឆ្នាំ ឯ​ជន​ជាប់​ចោទ សុខ ឡាក់ និង​អ្នកស្រី សេង ច័ន្ទដា ហៅ ខូវ ច័ន្ទដា ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២០​ឆ្នាំ ក្នុង​នោះ​ដែរ លោក យាន សុធារិទ្ធិ ត្រូវ​បាន​សម្រេច​ឱ្យ​រួច​ខ្លួន។

បន្ទាប់ពី​តុលាការ​ប្រកាស​សាលដីកា​រួច នៅ​ក្នុង​ឆ្នាំ​២០១២ លោក ស៊ុន ចាន់ថុល ដែល​ជា​ដើមបណ្ដឹង​ក្នុង​សំណុំរឿង​នេះ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា នេះ​ជា​សាលដីកា​ដ៏​ត្រឹមត្រូវ ដ៏​យុត្តិធម៌ ដល់​ជន​រងគ្រោះ ដល់​រូបលោក និង​គ្រួសារ​របស់​លោក។

លោក ស៊ុន ចាន់ថុល អះអាង​ថា ការពិត​គឺ​បាន​ចេញ​មក អ្នក​មាន​អ្នក​ក្រ មនុស្ស​ចាស់ ក្មេង​ប្រុស ឬ​ស្រី ប្រព្រឹត្ត​ខុស គឺ​ត្រូវ​ទទួល​ទោស​ដូចៗ​គ្នា គ្មាន​នរណា​មួយ​អង្គុយ​លើ​ច្បាប់​បាន​ទេ គឺ​ស្មើភាព​គ្នា​ទាំងអស់៕