30 C
Phnom Penh

លោក ហ៊ុន សែន ថា​ឧកញ៉ា ឡេង ណាវ៉ាត្រា មិន​ទាន់​ក្ស័យធន​រហូត​មិន​អាច​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធាន​សមាគម​សិល្បៈ​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ស្នើ​ឲ្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា ដក​បេក្ខភាព​ពី​ប្រធាន​សមាគម​សិល្បករ​ខ្មែរ បន្ទាប់ពី​ពលរដ្ឋ​បដិសេធ​បេក្ខភាព​របស់​ឧកញ៉ា​រូប​នេះ ព្រោះតែ​រឿងអាស្រូវ​ទិញ​លក់​ផ្ទះ​កន្លង​មក។

អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ​អះអាង​ថា លោក​ក៏​បាន​ដឹង​ពី​ការ​លក់​ផ្ទះ​ឱ្យ​អតិថិជន​ខុស​កិច្ចសន្យា​នេះ​ដែរ ប៉ុន្តែ​ឧកញ៉ា ឡេង ណាវ៉ាត្រា មិន​ទាន់​ក្ស័យធន​រហូត​ដល់​ថ្នាក់​មិន​អាច​ធ្វើ​ជា​ប្រធាន​សមាគម​សិល្បករ​បាន​នោះ​ទេ។

លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ កុម្ភៈ នេះ​ថា រវាង​សិល្បៈ និង​ជំនួញ មិន​គួរ​ផ្សារភ្ជាប់​គ្នា​នោះ​ទេ ហើយ​លោក​ក៏​បាន​ដឹង​ពី​ការ​យឺតយ៉ាវ​របស់​ក្រុមហ៊ុន​ក្នុង​ការ​ប្រគល់​ផ្ទះ​នេះ​ដែរ ប៉ុន្តែ​ដោយសារ​ក្រុមហ៊ុន​បាន​កប់​ទុន​លើ​ដី​ចំនួន​ច្រើន​ពេក។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា ទោះ​យ៉ាងណា​ក៏ដោយ បន្ទាប់ពី​បាន​អាន​យោបល់​របស់​ពលរដ្ឋ​ដែល​បដិសេធ​បេក្ខភាព​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​បាន​ស្នើ​ឱ្យ​ដក​បេក្ខភាព​ឧកញ៉ា​រូប​នេះ​ចេញ​សិន ដោយ​រង់ចាំ​ពេល​ក្រោយ​ទៀត ខណៈ​ការ​បញ្ចេញមតិ​របស់​លោក គឺ​ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ប្រសិនបើ​មាន​ការ​គាំទ្រ លោក​នឹង​ចូលរួម​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​មួយ​រូប​ដែរ ហើយ​ការ​លើកឡើង​របស់​លោក​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នកស្រី ចន ចន្ទលក្ខិណា ផ្សព្វផ្សាយ​ពី​ការ​ជ្រើសរើស​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​សម្រាប់​អាណត្តិ​ថ្មី ដែល​នឹង​ត្រូវ​ធ្វើឡើង​នា​ពេល​ខាងមុខ​នេះ។

បន្ទាប់ពី​មាន​ការ​ប្រកាស​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា សម្រាប់​លោក ហ៊ុន សែន បាន​បង្ហាញ​ការ​គាំទ្រ​ភ្លាមៗ​ក្រោម​ហេតុផល​ថា បើ​ឧកញ៉ា ឡេង ណាវ៉ាត្រា ជាប់​ជា​ប្រធាន​សមាគម​សិល្បៈ លោក​អាច​នឹង​ជួយ​សិល្បករ​ដែល​ជួប​ការ​លំបាក​បាន​ច្រើន។

យ៉ាងណាក៏ដោយ ក្រោយ​ការ​លើកឡើង​របស់​លោក ហ៊ុន សែន អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​បាន​ចូល​ទៅ​សរសេរ​ក្នុង​ប្រអប់​បញ្ចេញមតិ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​បង្ហាញ​ការ​មិន​គាំទ្រ​ជា​បន្តបន្ទាប់ ដូចជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ វិសាល សុទ្ធ សរសេរ​ថា ឧកញ៉ា ឡេង ណាវ៉ាត្រា គួរតែ​ដោះស្រាយ​បញ្ហា​ដី និង​ផ្ទះ​ឱ្យ​អតិថិជន​ឲ្យ​ដាច់ស្រេច​សិន ចាំ​ទៅ​គិតគូរ​រឿង​អ្នក​សិល្បៈ។

ដោយឡែក​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ អាណាចក្រ​ចំណេះដឹង សរសេរ​ថា បើ​ឧកញ៉ា ឡេង ណាវ៉ាត្រា ពិត​ជា​ចង់​ជួយ​សមាគម​សិល្បករ​ខ្មែរ​មែន គាត់​អាច​ទទួល​តំណែង​ជា​ប្រធាន​កិត្តិយស​បាន ប៉ុន្តែ​សម្រាប់​តួនាទី និង​សមត្ថភាព​ជា​ប្រធាន​ដឹកនាំ​សមាគម​នេះ គួរ​ជ្រើសរើស​បេក្ខភាព​ដែល​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​យូរ​ឆ្នាំ និង​មាន​បទពិសោធន៍​ក្នុង​វិស័យ​សិល្បៈ​ច្រើន។

ចំណែក​ម្ចាស់​គណនី​ហ្វេសប៊ុក​ម្នាក់​ទៀត​ឈ្មោះ អូន វ៉ាន់សាក់ សរសេរ​ថា រឿង​បុរី ដោះស្រាយ​ជូន​អតិថិជន​មិន​ទាន់​កើត​ផង តើ​គាត់​មាន​សមត្ថភាព​អ្វី​ទៅ​ដោះស្រាយ​រឿង​សមាគម​សិល្បៈ​ទៀត​នោះ ខណៈ​អ្នក​មាន​សមត្ថភាព​នៅ​ច្រើន​ណាស់​ដែល​អាច​ឈរឈ្មោះ​ធ្វើ​ជា​ប្រធាន​សមាគម​នេះ។

ស្រប​ពេល​ដែល​ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាស​ឈរឈ្មោះ​ជា​ប្រធាន ក៏​មាន​អតិថិជន​រងគ្រោះ​ពី​ការ​ទិញ​ផ្ទះ​ពី​ក្រុម​អចលនទ្រព្យ​ឧកញ៉ា​រូប​នេះ​ដូចជា​ឈ្មោះ ហោ ប៉ូលីន បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេសប៊ុក​ឈ្មោះ អូន ឈីន កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ នេះ​ថា ខ្លួន​បាន​ទិញ​ផ្ទះ​វីឡា VM71 របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា គម្រោង​យក្ស 6A កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៣ ខណៈ​កិច្ចសន្យា​សាងសង់​បាន​កំណត់​ការ​សាងសង់​រយៈពេល ១៨​ខែ​កាន់​សោ​ចូល​ទៅ​រស់នៅ។

ប្រភព​ដដែល​លើកឡើង​ថា កិច្ចសន្យា​បាន​តែ​លើ​ក្រដាស​ប៉ុណ្ណោះ ប៉ុន្តែ​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ក្រុមហ៊ុន​មិន​ទាន់​បាន​បុក​គ្រឹះ​សូម្បីតែ​សសរ​មួយ​ដើម​នៅឡើយ​ទេ ក្នុង​នោះ ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់​និយាយ​ថា ក្រុមហ៊ុន​របស់​លោក​នឹង​ទទួល​ទិញ​វិញ​ក្នុង​តម្លៃ ៥០% នៃ​ប្រាក់​ដើម ប៉ុន្តែ​នៅ​ពេល​រូបគេ​ទាក់ទង​ទៅ​ខាង​ក្រុមហ៊ុន ពេល​នោះ​បុគ្គលិក​ក្រុមហ៊ុន​ប្រាប់​ថា​ឱ្យ​រង់ចាំ​សិន ខណៈ​រូបគេ​បាន​រង់ចាំ​រហូត​ដល់​ពេលនេះ មិន​ទាន់​ឃើញ​ឧកញ៉ា ឡេង ណាវ៉ាត្រា ចេញ​មក​ដោះស្រាយ​ឱ្យ​នោះ​ទេ។

ជាង​នេះ​ទៀត អ្នកស្រី សុខ ច័ន្ទធីតា ហៅ កាតុ ដែល​ជា​អ្នក​សិល្បការិនី​ដ៏​ល្បី​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា​ដែរ​នោះ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​អ្នកស្រី​កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ថា ក្រោយពី​ខិតខំ​រក​ទទួលទាន​ពីរ​នាក់​ស្វាមី ទាំង​ការងារ​សិល្បៈ និង​ការ​រកស៊ី អ្នកស្រី​បាន​បង់​លុយ​ផ្តាច់​ទិញ​ផ្ទះ​ពី​បុរី ឡេង ណាវ៉ាត្រា ជិត ៣​ឆ្នាំ​ហើយ ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ អ្នកស្រី​នៅតែ​មិន​ទាន់​ទទួល​បាន​ផ្ទះ​នៅឡើយ​ទេ គឺ​ឃើញ​តែ​ឥដ្ឋ​ពណ៌​ក្រហម​ដែល​រៀប​បាន​ពាក់កណ្តាល​ទុក​ចោល​ប៉ុណ្ណោះ។

តារា​កំប្លែង​រូប​នេះ​បញ្ជាក់​ថា អ្នកស្រី​ពិបាក​ចិត្ត​រាល់​ថ្ងៃ ចំណែក​ម្ចាស់​បុរី​ដើរ​ធ្វើ​បុណ្យ​ដូច​គ្មាន​រឿង​អ្វី​កើត​ឡើង​សោះ​រាល់​ថ្ងៃ​នេះ។ អ្នកស្រី សុខ ច័ន្ទធីតា បន្ត​ថា អ្នកស្រី​អាច​មាន​លទ្ធភាព​ខ្លះ​ដែល​មិន​ជួប​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ ចុះ​ពលរដ្ឋ​ដែល​ខ្ចី​លុយ​ពី​ធនាគារ​ទៅ​ទិញ​ផ្ទះ​ទាំងនោះ ហើយ​បែរ​ជា​មិន​ទទួល​បាន​ផ្ទះ​បែប​នេះ តើ​ពួកគេ​នឹង​ទៅ​ជា​យ៉ាងណា​ទៅ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មាន​ភរិយា​ឈ្មោះ ឈឺន ស្រីម៉ាច ត្រូវ​គេ​ដឹង​ថា​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ នាយករង​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​កង​អង្គរក្ស ហើយ​ក៏​ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ផង​ដែរ ដូច្នេះ​តាមរយៈ​ទំនាក់ទំនង​នេះ គេ​សង្ស័យ​ថា​ឧកញ៉ា ឡេង ណាវ៉ាត្រា កំពុង​ឈរឈ្មោះ​ធ្វើ​អាជីវកម្ម​ឱ្យ​គ្រួសារ​ត្រកូល​ហ៊ុន​សព្វថ្ងៃ​នេះ។

ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​តែងតែ​ឧបត្ថម្ភ​លុយ​សុទ្ធ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដល់​លោក ហ៊ុន សែន ដែល​គិត​ជា​រួម តួលេខ​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ កន្លង​ទៅ​នោះ បេះដូង​សប្បុរសធម៌​នៃ​ការ​បរិច្ចាគ​ទឹកប្រាក់​ចូលរួម​ក្នុង​សកម្មភាព​អភិវឌ្ឍន៍​ប្រទេស​ជាតិ និង​សកម្មភាព​មនុស្សធម៌​របស់​ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា មាន​ទំហំ​សរុប​ដល់​ទៅ​ជាង ២៥​លាន​ដុល្លារ​អាមេរិក ខណៈ​គម្រោង​ទាំងអស់​ជាប់​គាំង​មិន​មាន​ចរន្ត​ហិរញ្ញវត្ថុ។

តាមរយៈ​នៃ​ការ​បរិច្ចាគ​សាច់ប្រាក់​សុទ្ធ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទាំងនេះ​ដល់​រដ្ឋាភិបាល បាន​នាំ​ឲ្យ​លោក ឡេង ណាវ៉ាត្រា គេច​ផុត​ពី​ការ​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់​ជាច្រើន ដោយសារ​មាន​ការ​កាង​ពីក្រោយ​ដោយ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​កម្ពុជា។

នៅ​អំឡុង​ពេល​ដែល​ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា កាប់​បំផ្លាញ​ព្រៃឈើ​ភ្នំ​តាម៉ៅ អស់​គ្មាន​សល់ ខណៈ​មាន​ពលរដ្ឋ​បាន​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ផ្ដន្ទាទោស​ម្ចាស់​ក្រុមហ៊ុន​នោះ​ដាក់​ពន្ធនាគារ​ទៅ​តាម​ផ្លូវ​ច្បាប់ ប៉ុន្តែ​លោក ហ៊ុន សែន បែរ​ជា​ឆ្លើយ​ថា បើ​ចង់​ចាប់​ម្ចាស់​ក្រុមហ៊ុន​នោះ​ដាក់​គុក គឺ​មាន​តែ​ចាប់​រូបលោក​ដាក់​គុក​តែម្តង​ទៅ។

ដោយសារតែ​បែប​នេះ គេ​សង្កេត​ឃើញ​ថា ឧកញ៉ា ឡេង ណាវ៉ាត្រា នៅតែ​ប្រកប​អាជីវកម្ម​បាន​ធម្មតា បើ​ទោះបីជា​ធ្លាប់​បំផ្លាញ​ព្រៃឈើ និង​លក់​ដី និង​ផ្ទះ​ខ្យល់​ឱ្យ​ប្រជាពលរដ្ឋ​កន្លង​មក​ក៏ដោយ ខណៈ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​មិន​បាន​ត្រួតពិនិត្យ ឬ​ធ្វើ​សវនកម្ម​លើ​អាជីវកម្ម​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែរ ទោះបីជា​ពលរដ្ឋ​លើកឡើង​ពី​ការ​លក់​ផ្ទះ និង​ដី​ខ្យល់​របស់​ឧកញ៉ា​រូប​នេះ​ជា​បន្តបន្ទាប់​ហើយ​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស