គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវឱ្យគណបក្សនយោបាយ បេក្ខជនគ្រប់ប្រភេទ រួមទាំងអ្នកគ្រប់គ្រងបណ្ដាញផ្សព្វផ្សាយព័ត៌មាន ត្រូវចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា រួមទាំងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។
យោងតាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប ដែលចេញផ្សាយនៅថ្ងៃទី២៣ កុម្ភៈ នេះបានឲ្យដឹងថា ចាប់ពីម៉ោង ១០យប់ថ្ងៃទី២៣ ដល់ម៉ោង ១២យប់ថ្ងៃទី២៥ កុម្ភៈ គ.ជ.ប អំពាវនាវឱ្យគណបក្សនយោបាយ បេក្ខជនគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់។
គ.ជ.ប បន្ថែមថា រួមទាំងអ្នកគ្រប់គ្រងបណ្ដាញផ្សព្វផ្សាយព័ត៌មាន ត្រូវចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា រួមទាំងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។
យោងតាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលទទួលខុសត្រូវការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវិស័យការងារឯទៀត ត្រូវសហការជាមួយមន្ត្រី គ.ជ.ប គ្រប់ជាន់ថ្នាក់ ដើម្បីរក្សាសុវត្ថិភាពសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ។
ប្រភពដដែលលើកឡើងថា អាជ្ញាធរត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការ និងទប់ស្កាត់នូវរាល់សកម្មភាពទាំងឡាយដែលមានបំណងបំផ្លាញការបោះឆ្នោត និងបង្កការរំខានដល់ដំណើរការបោះឆ្នោត។
សម្រាប់ថ្ងៃសុក្រ ទី២៣ កុម្ភៈ ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជាក្នុងក្រុងភ្នំពេញ បានធ្វើសកម្មភាពដោយមានការជួបជុំសមាជិករបស់ខ្លួន និងដង្ហែក្បួនឃោសនាតាមបណ្តាផ្លូវមួយចំនួន។ សកម្មភាពដង្ហែក្បួននេះមានសំឡេងស្រែកលេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី២៥ កុម្ភៈ ខាងមុខនេះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា ដំណើរការឃោសនាបោះឆ្នោតព្រឹទ្ធសភារយៈពេល ១៤ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ កុម្ភៈ នេះ ពុំមានបណ្ដឹងឡើយ។ លោកថា ដំណើរការបោះឆ្នោតព្រឹទ្ធសភាទទួលបានលទ្ធផលផ្លែផ្កា ដោយសារគណបក្សនយោបាយ អ្នកគាំទ្របក្ស រួមទាំងអាជ្ញាធរ ចូលរួមសហការបានល្អ ដែលបង្ហាញពីភាពចាស់ទុំជាងការបោះឆ្នោតមុនៗ។
ការបោះឆ្នោតព្រឹទ្ធសភា មានបក្សចំនួន៤ ចូលរួមប្រកួតប្រជែង រួមមានបក្សប្រជាជនកម្ពុជា បក្សកម្លាំងជាតិ បក្សឆន្ទៈខ្មែរ និងគណបក្សហ៊្វុនស៊ិនប៉ិច។ ការិយាល័យបោះឆ្នោតទាំងអស់មាន ៣៣ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលមានអ្នកបោះឆ្នោតសរុប ១១៧៤៧នាក់។ ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបិទផ្សាយលទ្ធផលបោះឆ្នោតព្រឹទ្ធសភា នឹងធ្វើឡើងនៅថ្ងៃទី២៥ កុម្ភៈ៕