28 C
Phnom Penh

ស្មារតី​ស្នេហា​ជាតិ​របស់​មេដឹកនាំ​និង​កងទ័ព​អ៊ុយក្រែន ទប់ទល់​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី ឆ្លង​ផុត​២​ឆ្នាំ​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ការ​ស្ទង់មតិ​របស់​ក្រុមប្រឹក្សា​អឺរ៉ុប រុស្ស៊ី​មាន​ផ្លូវ​ឈ្នះ​សង្គ្រាម​អ៊ុយក្រែន មាន​តែ ២០​ភាគរយ​ប៉ុណ្ណោះ។ ចំណែក​អ៊ុយក្រែន វិញ​មាន​តែ ១០​ភាគរយ ដែល​អាច​វាយ​ឈ្នះ​រុស្ស៊ី។

យោង​តាម​ការ​បង្ហាញ​របស់​ក្រុមប្រឹក្សា​អឺរ៉ុប ប្រទេស​ជិតខាង​ទាំង​ពីរ​នេះ​ដូចជា​មិន​អាច​រក​ឃើញ​អ្នក​ឈ្នះ​សង្គ្រាម​ពិតប្រាកដ​បាន​ទេ ទាំង​រុស្ស៊ី និង​អ៊ុយក្រែន។ វា​មាន​តែ​ប្រយុទ្ធ​គ្នា​រាប់​ខែ​ទៅ​មុខ​ទៀត។

ការ​ប្រយុទ្ធ​គ្នា​រវាង​រុស្ស៊ី និង​អ៊ុយក្រែន បាន​អូស​បន្លាយ​រយៈពេល​ពីរ​ឆ្នាំ​ទៅ​ហើយ។ បច្ចុប្បន្ន​នេះ កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​ធ្លាក់​ចូល​ក្នុង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​បំផុត។

រុស្ស៊ី មិន​ព្រម​ចូល​តុ​ចរចា ឯ​អ៊ុយក្រែន ក៏​មិន​បាន​លុត​ជង្គង់​លូត​ទៅ​រក​តុ​ចរចា​ដែរ។ កងទ័ព​អ៊ុយក្រែន នៅ​តែ​ក្រាញ​ននៀល​លើ​សមរភូមិ ថ្វីបើ​ខ្លួន​ជា​ប្រទេស​ទន់ខ្សោយ​ក៏ដោយ។

មេដឹកនាំ​ប្រទេស​ណា​មិន​ដឹង​ទេ តែ​សម្រាប់​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បើ​ទោះជា​កើត​ចេញពី​តារា​កំប្លែង​ក៏ដោយ គឺ​មិន​ដែល​បោះ​ពាក្យ​សុំ​សន្តិភាព​ពី​លោក វ៉្លាឌីមៀ ពូទីន បុរស​ខ្លាំង​គ្មាន​គូ​ប្រៀប​នៅ​វិមាន​ក្រឹមឡាំង ម្ដង​ណា​ឡើយ។ នេះ​ជា​ភាព​ខ្លាំង​របស់​អ៊ុយក្រែន ដែល​មាន​មេដឹកនាំ​មិន​លុត​ជង្គង់​សុំ​សន្តិភាព​ពី​អ្នក​ឈ្លានពាន។

នៅ​លើ​ពិភពលោក​យើង​នេះ មេដឹកនាំ​ប្រទេស​ខ្លះ​ត្រូវ​គេ​មើល​ឃើញ​ថា​ខ្លាំង​តែ​ទៅ​លើ​ជាតិ​សាសន៍​ខ្លួនឯង។ មេដឹកនាំ​ខ្លាំង​រូប​នោះ​បង្ក្រាប​ជាតិ​សាសន៍​ខ្លួនឯង​ក្រាប​ដល់​ដី ជាមួយ​នឹង​លេស​ថា ការពារ​សន្តិភាព និង​សន្តិសុខ​ប្រទេស ហើយ​ជាមួយ​ប្រទេស​ជិតខាង​ក៏​តែង​ប្រើ​ពាក្យ​ថា សន្តិភាព​គឺជា​អាយុជីវិត​នៃ​មិត្តភាព​ម៉ឺន​ឆ្នាំ។

ហេតុ​អ្វី​បាន​ជា​លោក ហ្សេឡេនស្គី និង​ប្រជាជន​អ៊ុយក្រែន មិន​ព្រម​ចុះចាញ់​រុស្ស៊ី?

បើ​និយាយ​ពី​កម្រិត​ស្នេហា​ជាតិ​របស់​លោក ហ្សេឡេនស្គី មេ​ទ័ព​របស់​លោក រួម​ទាំង​យុទ្ធជន​នៅ​លើ​សមរភូមិ គឺ​គួរ​ឱ្យ​ស្ញប់ស្ញែង​បំផុត ដែល​ប្រទេស​ទន់ខ្សោយ​ខាង​វិស័យ​ការពារ​ជាតិ​ដូច​អ៊ុយក្រែន នេះ សម​ណាស់​ចុះចាញ់​ការ​ឈ្លានពាន​របស់​មហា​អំណាច​រុស្ស៊ី នៅ​មុន​រុស្ស៊ី​បើក​ការ​វាយប្រហារ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។ នេះ​បើ​និយាយ​យោង​ទៅ​រក​ប្រទេស​មួយ​ចំនួន​ដែល​មិន​ចង់​ធ្លាក់​ក្នុង​សង្គ្រាម គឺ​ពិត​ណាស់​យល់ព្រម​ទទួល​យក​សន្តិភាព​ក្លែងក្លាយ​ពី​អ្នក​ឈ្លានពាន។

សម្រាប់​ប្រជាជន​អ៊ុយក្រែន កងទ័ព​អ៊ុយក្រែន និង​គណៈរដ្ឋមន្ត្រី​របស់​លោក ហ្សេឡេនស្គី មិន​ដូច​ប្រទេស​មួយ​ចំនួន​នោះ​ទេ។ យោង​តាម​ការ​ស្ទង់មតិ​មួយ​មុន​ខួប ២​ឆ្នាំ​នៃ​សង្គ្រាម បាន​បង្ហាញ​ថា ប្រជាជន​អ៊ុយក្រែន ជិត ៨០% នៅ​តែ​ចង់​ឱ្យ​បន្ត​សង្គ្រាម​រហូត​ដល់​រុស្ស៊ី​យល់ព្រម​ដក​ទ័ព​ត្រឡប់​ទៅ​ប្រទេស​រុស្ស៊ី​វិញ។

ប្រជាជន​អ៊ុយក្រែន​ភាគច្រើន​មិន​ចង់​ឱ្យ​លោក ហ្សេឡេនស្គី បញ្ជូន​ប្រតិភូ​ទៅ​ចរចា​ជាមួយ​រុស្ស៊ី លើកលែង​រុស្ស៊ី ទទួល​យក​លក្ខខណ្ឌ​អំពី​ការ​ដក​ទ័ព​រុស្ស៊ី ចេញពី​អ៊ុយក្រែន។ ទាំងនេះ​ក៏​ជា​កត្តា​មួយ​ផង​ដែរ​លើក​ទឹកចិត្ត​រដ្ឋាភិបាល​លោក ហ្សេឡេនស្គី និង​កងទ័ព​អ៊ុយក្រែន ក្រាញ​ននៀល​ប្រយុទ្ធ​ជាមួយ​នឹង​កងទ័ព​មហាអំណាច​យោធា​លំដាប់​ទី​២ ពិភពលោក។

កត្តា​លើក​ទឹកចិត្ត​ពី​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ និង​បស្ចិម​ប្រទេស តាមរយៈ​ការ​ផ្ដល់​ជំនួយ​យោធា និង​ជំនួយ​ផ្សេងៗ ក៏​ជា​ផ្នែក​មួយ​លើក​ស្មារតី​នៃ​ការ​តស៊ូ​ប្រយុទ្ធ​របស់​កងទ័ព​អ៊ុយក្រែន ដែល​មាន​លោក ហ្សេឡេនស្គី ជា​មេដឹកនាំ​ប្រទេស។

ការ​ផ្ដល់​អាវុធ គ្រាប់រំសេវ​របស់​ក្រុម​បស្ចិម​ប្រទេស បាន​នាំ​ឱ្យ​កងទ័ព​អ៊ុយក្រែន មាន​លទ្ធភាព​វាយបក និង​ទប់ទល់​ការ​វាយលុក​របស់​កងទ័ព​រុស្ស៊ី មក​ដល់​ពេលនេះ។

ក្នុង​សង្គ្រាម ៤​ខែ​ដំបូង រុស្ស៊ី​វាយលុក​ធ្លាយ​ជិត​ដល់​រដ្ឋធានី​គៀវ តែ​នៅ​ពេល​អាវុធ​របស់​ក្រុម​បស្ចិម​ប្រទេស​បញ្ជូន​ចូល​ដល់​ប្រទេស​អ៊ុយក្រែន ភ្លាម​នោះ កងទ័ព​អ៊ុយក្រែន កាន់​តែ​មាន​ទឹកចិត្ត​ប្រយុទ្ធ​រហូត​រុញ​ទ័ព​រុស្ស៊ី ឱ្យ​បាក់​ទ័ព​រត់​ចេញ​ពី​តំបន់​ភាគ​ខាងជើង​ក្រុង​គៀវ ហើយ​រត់​ទៅ​តំបន់​ដុនបាស់​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន។

កត្តា​មួយ​ទៀត​ដែល​លើក​ទឹកចិត្ត​ប្រជាជន​អ៊ុយក្រែន គឺ​ការ​ឈ្នះ​នៅ​លើ​សមរភូមិ​ការទូត។ ការ​ឈ្នះ​របស់​អ៊ុយក្រែន គេ​អាច​រាប់​តាំងពី​សម័យ​ប្រជុំ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដែល​បោះឆ្នោត​សំឡេង​លើសលប់​ថ្កោលទោស​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន និង​ទាមទារ​ឱ្យ​រុស្ស៊ី ដក​ទ័ព​ចេញពី​ប្រទេស​អ៊ុយក្រែន ទើប​សង្គ្រាម​អាច​បិទ​បញ្ចប់។

នៅ​វេទិកា​ផ្សេងៗ​ទៀត រាប់​ទាំង​ជំនួប​កំពូល​នៃ​ប្រទេស G-20 និង​សន្និសីទ​អន្តរជាតិ​ស្ដីពី​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី លើ​ប្រទេស​អ៊ុយក្រែន ក៏​រុស្ស៊ី​ចាញ់​ប្រៀប​អ៊ុយក្រែន ដែរ។ ជុំវិញ​រឿង​នេះ សូម្បី​លោក ពូទីន ដែល​ត្រូវ​មាន​វត្តមាន​នៃ​ជំនួប​កំពូល​មេដឹកនាំ G-20 ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​ឥណ្ឌា ហើយ​រាប់​ទាំង​ជំនួប​កំពូល​នៃ​មេដឹកនាំ​ប្រទេស​សហប្រតិបត្តិការ BRISC ក៏​លោក វ៉្លាឌីមៀ ពូទីន មិន​បាន​ចូលរួម​ដែរ ព្រោះ​បារម្ភ​ពី​ការ​ស្វែងរក​ចាប់​ដោយ​រដ្ឋអាជ្ញា​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC។

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ពូទីន កាលពី​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​លើ​ទឹកដី​នៃ​ប្រទេស​អ៊ុយក្រែន ដែល​ប្រព្រឹត្ត​ដោយ​កងទ័ព​រុស្ស៊ី ក្រោម​ការ​បញ្ជា​ឱ្យ​លើក​លុកលុយ​ប្រទេស​អ៊ុយក្រែន ដោយ​លោក ពូទីន ឋានៈ​ជា​ប្រធានាធិបតី​រុស្ស៊ី។

ទាំងនេះ សុទ្ធតែ​ជា​បុព្វហេតុ​ប្រវត្តិសាស្ត្រ​ពិភពលោក​ដែល​នាំ​ឱ្យ​លោក ហ្សេឡេនស្គី និង​ប្រជាជន​អ៊ុយក្រែន មិន​ព្រម​ចុះចាញ់​សង្គ្រាម​ឈ្លានពាន​របស់​មហាអំណាច​រុស្ស៊ី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស