ព្រះ​សព​របស់​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស នា​វត្ត​ឧណ្ណាលោម រាជធានី​ភ្នំពេញ ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤។

ព័ត៌មានជាតិ

រដ្ឋាភិបាល​យក​ថ្ងៃទី​២៧ កុម្ភៈ ជា​ថ្ងៃ​កាន់​ទុក្ខ​ផ្លូវការ​ព្រះ​សព​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស

By ឌឹ ខេមបូឌា ដេលី

February 29, 2024

រដ្ឋាភិបាល​កម្ពុជា កំណត់​យក​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ជា​ថ្ងៃ​កាន់​ទុក្ខ​ផ្លូវការ​ព្រះ​សព​របស់​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស ដោយ​ណែនាំ​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន កងកម្លាំង​ប្រដាប់​អាវុធ គ្រប់​ទី​អារាម និង​ពលរដ្ឋ​ទូទាំង​ប្រទេស បង្ហូត​ទង់ជាតិ​ត្រឹម​ពាក់កណ្តាល​ដង ព្រមទាំង​ហាម​សម្ដែង និង​ការ​ចាក់​ផ្សាយ​នូវ​ទស្សនីយភាព​ផ្សេងៗ​ដែល​មាន​លក្ខណៈ​សប្បាយ។

នៅ​ក្នុង​សារាចរ​របស់​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ណែនាំ​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន កងកម្លាំង​ប្រដាប់​អាវុធ គ្រប់​ទី​អារាម និង​ពលរដ្ឋ​ទូទាំង​ប្រទេស បង្ហូត​ទង់ជាតិ​ត្រឹម​ពាក់កណ្តាល​ដង។ គ្រប់​ស្ថានីយ​វិទ្យុ ទូរទស្សន៍​ជាតិ និង​ឯកជន​ទាំងអស់ ត្រូវ​ផ្អាក​ការ​សម្ដែង និង​ការ​ចាក់​ផ្សាយ​នូវ​ទស្សនីយភាព​ផ្សេងៗ​ដែល​មាន​លក្ខណៈ​សប្បាយ​គគ្រឹកគគ្រេង​ក្នុង​ថ្ងៃទី​២៧ ខែ​កុម្ភៈ នេះ។

ចំពោះ​ការ​ទទួល​ខុសត្រូវ​បណ្ដោះអាសន្ន​ខាង​ពុទ្ធចក្រ ត្រូវ​បាន​ក្រសួង​ធម្មការ និង​សាសនា សម្រេច​ប្រគេន​ឲ្យ​សម្តេច​ព្រះ​មហាសុមេធាធិបតី នន្ទ ង៉ែត ដែល​បច្ចុប្បន្ន​ជា​សម្តេច​ព្រះ​សង្ឃ​នាយក​ទទួល​ភារកិច្ច​ជា​សម្តេច​ព្រះ​មហាសង្ឃរាជ​ស្តីទី។

រដ្ឋាភិបាល​ក៏​បាន​បង្កើត​គណៈកម្មការ​រៀបចំ​បុណ្យ​ព្រះ​សព​មួយ​ជា​បន្ទាន់ ដែល​គណៈកម្មការ​នេះ​ដឹកនាំ​ដោយ​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​នៃ​ប្រទេស​កម្ពុជា និង​ខាង​អាណាចក្រ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​ផ្ញើ​សារ​រំលែក​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ និង​ថា​ការ​បាត់បង់​សម្តេច​ព្រះ​មហាសង្ឃរាជ ទេព វង្ស ជា​ការ​បាត់បង់​មហា​វីរ​សង្ឃ​កំពូល ដែល​ជា​កុលបុត្រ​ដ៏​ឧត្តុង្គឧត្តម​នៃ​កសិករ ធ្លាប់​ចូលរួម​ចលនា​តស៊ូ​រំដោះ​ជាតិ និង​សាង​ព្រះ​ផ្នួស​លើក​កម្ពស់​ការ​រស់​ឡើងវិញ​វិស័យ​ពុទ្ធសាសនា​នៅ​កម្ពុជា ចាប់តាំងពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ រហូត​ដល់​ថ្ងៃ​អស់​ព្រះជន្ម។

សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​ឲ្យ​សាធារណជន​បង្វែរ​ការ​ធ្វើ​ចរាចរ​ទៅ​កាន់​ទិសដៅ​ផ្សេង ដោយ​មិន​អនុញ្ញាត​ឲ្យ​បើកបរ​កាត់​មុខ​វត្ត​ឧណ្ណាលោម ដែល​ជា​ទីតាំង​ប្រារព្ធ​ពិធីបុណ្យ​ព្រះ​សព​ចាប់ពី​ថ្ងៃទី​២៧ ខែ​កុម្ភៈ នេះ រហូត​ដល់​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០២៤។

សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស បាន​យាង​ចូល​ព្រះ​ទិវង្គត​នៅ​វេលា​ម៉ោង ៥:៤០​នាទី​ល្ងាច ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ក្នុង​ព្រះ​ជន្មាយុ ៩៣​ព្រះវស្សា​ដោយ​រោគាពាធ៕