អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង។

នយោបាយ

លោក សម រង្ស៊ី ថា​លោក ហ៊ុន សែន ខ្លាច​អ្នក​ប្រជាធិបតេយ្យ​បន្ទាប់ពី​មាន​សហភាព​អ្នក​ប្រជាធិបតេយ្យ

By ឌឹ ខេមបូឌា ដេលី

March 01, 2024

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ គឺជា​ខួប ២៧​ឆ្នាំ​នៃ​ការ​បង្កើត​សហភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ និង​ជា​ថ្ងៃ​បង្រួបបង្រួម​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​លើកដំបូង​ដែរ ហើយ​ក៏​ជា​ថ្ងៃ​ខួប ២៧​ឆ្នាំ​ដែល​លោក ហ៊ុន សែន ចាប់ផ្តើម​កម្ទេច​អ្នក​ប្រជាធិបតេយ្យ​គ្រប់​ល្បិចកល​ផង​ដែរ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ថា លោក​មើល​ឃើញ​ថា អស់​រយៈពេល ២៧​ឆ្នាំ​មក​ហើយ​ដែល​លោក ហ៊ុន សែន ខ្លាច​ការ​រួបរួម​គ្នា​រវាង​អ្នក​ស្នេហា​ជាតិ និង​អ្នក​ប្រជាធិបតេយ្យ។

លោក​បន្ថែម​ថា ដោយសារតែ​ការ​ភ័យខ្លាច​បែប​នេះ​ហើយ ទើប​លោក ហ៊ុន សែន ប្រើ​គ្រប់​ល្បិចកល​ទុច្ចរិត​ដើម្បី​កម្ទេច​សហភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ ហៅ​តាម​អង់គ្លេស​ថា Union of Cambodian Democrats ឬ UCD ដែល​បាន​បង្កើត​ឡើង​នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​១៩៩៧ រវាង​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​សម្តេច សឺន សាន ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធ​សាសនា ខ្លួន​លោក​ផ្ទាល់​ដែល​ជា​ប្រធាន​គណបក្ស​ជាតិ​ខ្មែរ​នៅ​ពេល​នោះ ហើយ​និង​លោក ប៊ួ ហ៊ែល ប្រធាន​គណបក្ស​ខ្មែរ​ឯករាជ្យ។

គណបក្ស​នយោបាយ​ទាំង​បួន ជួប​ប្រជុំ​គ្នា​នៅ​ក្រុង​បាងកក ថា​រួម​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ទៅ​ប្រកួត​ប្រជែង​ជាមួយ​លោក ហ៊ុន សែន ដែល​ទើប​នឹង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ហើយ​និង​បក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ជា ស៊ីម។

ពេល​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ យាង​ទៅ​បង្រៀន​និស្សិត​នៅ​សាកលវិទ្យាល័យ​ប្រទេស​បារាំង លោក សម រង្ស៊ី បាន​ឆ្លៀត​ទៅ​ជួប​លោក ហ៊ុន សែន មុន​នៅ​ឯ​ក្រុង​តាខ្មៅ ដោយ​មិន​បាន​ឲ្យ​ដៃគូ​ដឹង​ឡើយ។ លោក​បាន​ប្រាប់​អ្នកកាសែត​ផ្សាយ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ថា៖ “លោក​អាច​ធ្វើការ​ជាមួយ​លោក ហ៊ុន សែន បាន”។

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ លាន់​ព្រះ​ឱស្ឋ​អំពី​លោក សម រង្ស៊ី នៅ​មុខ​ជន​ភៀស​ខ្លួន​ខ្មែរ និង​សមាជិក​គណបក្ស​ទាំងអស់​ក្នុង​សណ្ឋាគារ Shangri-La នា​ពេល​រសៀល​ថ្ងៃ​មួយ​ថា៖ និយាយ​គ្នា​ថា បើ​ទៅ​ភ្នំពេញ ត្រូវ​ទៅ​ទាំងអស់​គ្នា ឥឡូវ​ស្រាប់​តែ​លួច​ទៅ​មុន​បាត់។”

លោក សម រង្ស៊ី រៀបរាប់​ក្នុង​ទំព័រ​ហ្វេសប៊ុក​នោះ​ថា ល្បិចកល​ដែល​លោក ហ៊ុន សែន បាន​បំបែក​បំបាក់​ការ​រួបរួម​អ្នក​ប្រជាធិបតេយ្យ​នៅ​ពេល​នោះ គឺ​គាត់​ចាប់ផ្តើម​បំបែក​បំបាក់​អ្នកគាំទ្រ​សម្តេច សឺន សាន មុន​គេ​បង្អស់ បន្ទាប់​មក​គាត់​ព្យាយាម​សម្លាប់​រូបលោក​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ថែម​ទៀត។

លោក​បន្ថែម​ថា ចុងក្រោយ គាត់​ក៏​សម្រេច​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​ពី​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នៅ​ដើម​ខែ​កក្កដា ឆ្នាំ​១៩៩៧ ដែរ ដើម្បី​កម្ចាត់​ព្រះអង្គ​ពី​ឆាក​នយោបាយ​នៅ​ប្រទេស​កម្ពុជា​តែម្តង។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា លោក ហ៊ុន សែន ក៏​បាន​ប្រើ​អំណាច និង​ល្បិចកល​ទុច្ចរិត​បំបែក​បំបាក់​ការ​សហការ​រវាង​រូបលោក​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក្នុង​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១២ ម្តង​ទៀត​ដែរ ដោយសារតែ​គាត់​ដឹង​ថា​ការ​រួបរួម​របស់​អ្នក​ស្នេហា​ជាតិ និង​អ្នក​ប្រជាធិបតេយ្យ​ក្រោម​ផ្លាក​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​ឲ្យ​របប​គាត់​ដួល​រលំ​អំណាច ដូច្នេះ​គាត់​ក៏​ប្រើ​ល្បិច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​២០១៧ តែម្តង។

ទោះជា​យ៉ាងណា​ក៏ដោយ កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២៣ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា ការ​តាម​កម្ទេច​ជន​ក្បត់​ជាតិ​ដែល​មាន​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក និង​មាន​បំណង​រំលាយ​របប​រាជា​និយម គឺ​ដើម្បី​តែ​ការពារ​សន្តិភាព​នៅ​កម្ពុជា​ប៉ុណ្ណោះ មិនមែន​បំបែក​បំបាក់​ក្រុម​ណា​មួយ​ឡើយ។

លោក ហ៊ុន សែន អះអាង​ថា ការ​ប្ដេជ្ញា​បង្ក្រាប​លើ​ក្រុម​ក្បត់​ជាតិ​មិនមែន​មាន​តែ​ប្រទេស​កម្ពុជា​ទេ សូម្បី​ប្រទេស​អាល្លឺម៉ង់ ដែល​បាន​ប្រកាស​សន្តិភាព​តាំងពី​យូរ​ណាស់​មក​ហើយ​នោះ ក៏​នៅតែ​មាន​ការ​ចាប់​ខ្លួន​ក្រុម​ដែល​រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់ ចោទ​ថា​ជា​ជន​ក្បត់​ជាតិ​ដែរ ខណៈ​រដ្ឋាភិបាល​កម្ពុជា​គ្រាន់តែ​អនុវត្ត​ច្បាប់​ដើម្បី​ការពារ​សន្តិភាព​របស់​កម្ពុជា​ប៉ុណ្ណោះ។

បែប​នេះ​ក្តី អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ប្ដេជ្ញា​ការពារ​សន្តិភាព​របស់​លោក ហ៊ុន សែន គ្រាន់តែ​ជា​លេស​ក្នុង​ការ​បង្ក្រាប​អ្នក​ប្រជាធិបតេយ្យ​តាមរយៈ​នៃ​ការ​ចោទប្រកាន់​ពី​បទល្មើស​ផ្សេងៗ​ទៅ​តាម​មាត្រា​ច្បាប់​ដែល​ក្រុម​របស់​គាត់​ជា​អ្នក​បង្កើត​ឡើង​ប៉ុណ្ណោះ។

លោក គឹម សុខ បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​មិន​អាច​គ្រប់គ្រង​អំណាច​បន្ត​ទៀត​បាន​ទេ ប្រសិនបើ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​រួបរួម​គ្នា ដូច្នេះ​លោក ហ៊ុន សែន មិន​ខ្លាច​នឹង​ប្រើ​ល្បិច​គ្រប់​បែប​យ៉ាង​ទាំងអស់​ក្នុង​ការ​បំបែក​បំបាក់ និង​កម្ទេច​អ្នក​ប្រជាធិបតេយ្យ ក្រោម​ពាក្យ​ការពារ​សន្តិភាព ហើយ​ល្បិច​ទុច្ចរិត​ដ៏​អាក្រក់​របស់​លោក ហ៊ុន សែន បែប​នេះ ក៏​កំពុង​បន្ត​អនុវត្ត​ដោយ​លោក ហ៊ុន ម៉ាណែត កូនប្រុស​របស់​គាត់​ផង​ដែរ ដែល​កំពុង​កាន់​អំណាច​បន្ត​ពី​ឪពុក​របស់​គាត់​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ។

កម្ពុជា​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​កាន់​អំណាច​ដែល​មាន​លោក ហ៊ុន សែន ជា​មេដឹកនាំ​ជាង ៤០​ឆ្នាំ​មក​នេះ ត្រូវ​គេ​មើល​ឃើញ​ថា មេដឹកនាំ​ខ្មែរ​រូប​នេះ​កំពុង​ទាញ​ប្រទេស​កម្ពុជា​ទៅ​គ្រប់គ្រង​តាម​បែប​សន្តតិវង្ស​ក្នុង​រង្វង់​គ្រួសារ​របស់​គាត់​នៅ​ពេលនេះ ហើយ​ការ​បង្រួបបង្រួម​របស់​កម្លាំង​អ្នក​ប្រជាធិបតេយ្យ គឺជា​រនាំង​ទប់ស្កាត់​ក្នុង​ការ​គ្រប់គ្រង​អំណាច​តាម​បែប​គ្រួសារ​និយម​របស់​គាត់​យ៉ាង​ខ្លាំង ដូច្នេះ​ដើម្បី​បន្ត​កាន់​អំណាច​បន្ត​ពូជ​ក្នុង​វង្ស​ត្រកូល​របស់​គាត់​ឱ្យ​បាន​យូរ​អង្វែង ការ​កម្ចាត់​អ្នក​ប្រជាធិបតេយ្យ​គឺជា​វិធានការ​ទី​១ ចម្បង​បំផុត​ដែល​លោក ហ៊ុន សែន ត្រូវ​អនុវត្ត​ត​ទៅ​ថ្ងៃ​មុខ។

គួរ​រំឭក​ថា ក្រោយ​ថ្ងៃ​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧ លោក ហ៊ុន សែន បាន​បញ្ជូន​មនុស្ស​ឲ្យ​ចរចា​អូស​ទាញ​អ្នក​រត់​ចេញ​ទៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ទាំង​អម្បាលម៉ាន​ឲ្យ​វិល​ទៅវិញ ហើយ​មាន​មនុស្ស​ជាច្រើន​វិល​ទៅវិញ ទៅ​លុត​ជង្គង់​សុំទោស​លោក ហ៊ុន សែន។

រឿង​នេះ​មិន​ខុស​ពី​អ្វី​មេ​មនោគមន៍វិជ្ជា​កុម្មុយនីស្ត វឡាឌីមៀ ឡេនីន ហៅ​មនុស្ស​ដែល​វិល​ទៅ​ជួយ​ពង្រឹង​មេដឹកនាំ​ផ្ដាច់ការ​ថា៖ មនុស្ស​ល្ងីល្ងើ​មាន​ប្រយោជន៍ useful idiot នោះ​ដែរ៕