ភ្នាក់ងារលក់ផ្ទះរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងអតិថិជនដែលជាម្ចាស់ផ្ទះដល់កុងត្រាហើយ តែនៅមិនទាន់ឃើញផ្ទះ បន្តនាំគ្នាទាមទារនៅលើបណ្ដាញសង្គមហ្វេសប៊ុក ឲ្យក្រុមហ៊ុន ឡេង ណាវ៉ាត្រា សងប្រាក់កម្រៃជើងសាដែលជំពាក់បុគ្គលិកផ្នែកលក់ និងប្រគល់ផ្ទះឲ្យពួកគេតាមកិច្ចសន្យា បន្ទាប់ពីឧកញ៉ារូបនេះធ្វើសកម្មភាពមនុស្សធម៌ដោយបង្កើតសាកលវិទ្យាល័យ និងផ្ដល់អាហារូបករណ៍និស្សិតក្រីក្រ។
ម្ចាស់ហ្វេសប៊ុកឈ្មោះ Tan Soputy ដែលអះអាងថាជាភ្នាក់ងារលក់ផ្ទះរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះនៅលើហ្វេសប៊ុកនៅថ្ងៃទី២៨ កុម្ភៈ នេះថា ពីដើមឡើយខ្លួនមិនចង់ post លើហ្វេសប៊ុកទេ ប៉ុន្តែដោយសារខ្លួនជួបរឿងអយុត្តិធម៌រាប់ឆ្នាំគ្មានអ្នកជួយដោះស្រាយឲ្យ។
ប្រភពដដែលបានលើកឡើងថា សូមបងប្អូនជួយស៊ែឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹង និងជួយដោះស្រាយទូទាត់បើកប្រាក់ Commission ឲ្យខ្លួនផង ព្រោះខ្លួនត្រូវការយកប្រាក់មកសងគេដែរ។ លោកឃើញឧកញ៉ាជួយនេះជួយនោះ ធ្វើមនុស្សធម៌ ហើយថ្មីៗនេះក៏បានបង្កើតសាកលវិទ្យាល័យផ្ដល់អាហារូបករណ៍ជួយនិស្សិតក្រីក្រ ចំណាយប្រាក់រាប់លានដុល្លារ ដោយមានប្រាក់ឧបត្ថម្ភប្រចាំខែម្នាក់ ៣០ម៉ឺនរៀល។
ម្ចាស់ហ្វេសប៊ុកខាងលើអះអាងថា សម្រាប់គាត់ដែលខំប្រឹងប្រែងរកភ្ញៀវមកទិញដី ទិញផ្ទះ រកចំណូលឲ្យគាត់ ខំធ្វើការទាំងថ្ងៃទាំងយប់ ដាច់បាយដាច់ទឹក គ្មានសៅរ៍អាទិត្យ ម្យ៉ាងទៀតត្រូវខ្ចីលុយគេយកមកចំណាយគ្រប់បែបយ៉ាង ដោយគិតថាពេលក្រុមហ៊ុនបើកប្រាក់ Commission ឲ្យ យកមកសងគេវិញ ចុងក្រោយទទួលបានតែការសន្យាថាចាំជិតចូលឆ្នាំបើកលុយឲ្យ ថាចាំជិតបុណ្យភ្ជុំបើកឲ្យ ចូល ៣ឆ្នាំជាងហើយ ឥឡូវជិតចូលឆ្នាំទៀតហើយ។
ប្រភពដដែលបានអះអាងថា និយាយឲ្យអស់ទៅ ពេលលោកទៅលេងស្រុកម្តងៗគ្មានលុយជូនម្តាយឪពុក យាយតា បងប្អូនសួរឃើញធ្វើការជាមួយឧកញ៉ា រកភ្ញៀវបានច្រើនអី យកលុយទៅណា នេះជាបញ្ហាដែលលោកបានលាក់ទុក្ខរាប់ឆ្នាំ។
ប្រភពដដែលអះអាងថា ថ្មីៗនេះលោកមានបញ្ហាកូនឈឺធ្ងន់ត្រូវការប្រាក់ដើម្បីព្យាបាល បានស្នើសុំទៅដកប្រាក់ខ្លះ កូនចៅឧកញ៉ាឆ្លើយតបឲ្យទៅសួរមេធីម ពេលទៅសួរ មេធីមថាចាំគាត់ស្នើទៅមេធំឱ្យ ចុងក្រោយបាត់ឈឹង។
ចំណែកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ហោ ប៉ូលីន បានបង្ហោះសារលើគណនីហ្វេសប៊ុកឈ្មោះ អូន ឈីន កាលពីថ្ងៃទី២០ ខែកុម្ភៈ ថា ខ្លួនបានទិញផ្ទះវីឡា VM71 របស់ឧកញ៉ា ឡេង ណាវ៉ាត្រា គម្រោងយក្ស 6A កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣ ខណៈកិច្ចសន្យាសាងសង់បានកំណត់ការសាងសង់រយៈពេល ១៨ខែកាន់សោចូលទៅរស់នៅ។
ប្រភពដដែលលើកឡើងថា កិច្ចសន្យាបានតែលើក្រដាសប៉ុណ្ណោះ ប៉ុន្តែអស់រយៈពេលជាច្រើនខែមកហើយ ក្រុមហ៊ុនមិនទាន់បានបុកគ្រឹះសូម្បីតែសសរមួយដើមនៅឡើយទេ ក្នុងនោះ ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់និយាយថា ក្រុមហ៊ុនរបស់លោកនឹងទទួលទិញវិញក្នុងតម្លៃ ៥០% នៃប្រាក់ដើម ប៉ុន្តែនៅពេលរូបគេទាក់ទងទៅខាងក្រុមហ៊ុន ពេលនោះបុគ្គលិកក្រុមហ៊ុនប្រាប់ថាឱ្យរង់ចាំសិន ខណៈរូបគេបានរង់ចាំរហូតដល់ពេលនេះ មិនទាន់ឃើញឧកញ៉ា ឡេង ណាវ៉ាត្រា ចេញមកដោះស្រាយឱ្យនោះទេ។
រីឯអ្នកស្រី សុខ ច័ន្ទធីតា ហៅ កាតុ ដែលជាសិល្បការិនី បានសរសេរលើគណនីហ្វេសប៊ុករបស់អ្នកស្រីកាលពីថ្ងៃទី២០ ខែកុម្ភៈ ថា ក្រោយពីខិតខំរកទទួលទានពីរនាក់ស្វាមី ទាំងការងារសិល្បៈ និងការរកស៊ី អ្នកស្រីបានបង់លុយផ្តាច់ទិញផ្ទះពីបុរី ឡេង ណាវ៉ាត្រា ជិត ៣ឆ្នាំហើយ ប៉ុន្តែរហូតមកដល់ពេលនេះ អ្នកស្រីនៅតែមិនទាន់ទទួលបានផ្ទះនៅឡើយទេ គឺឃើញតែឥដ្ឋពណ៌ក្រហមដែលរៀបបានពាក់កណ្តាលទុកចោលប៉ុណ្ណោះ។
តារាកំប្លែងរូបនេះបញ្ជាក់ថា អ្នកស្រីពិបាកចិត្តរាល់ថ្ងៃ ចំណែកម្ចាស់បុរីដើរធ្វើបុណ្យដូចគ្មានរឿងអ្វីកើតឡើងសោះរាល់ថ្ងៃនេះ។ អ្នកស្រី សុខ ច័ន្ទធីតា បន្តថា អ្នកស្រីអាចមានលទ្ធភាពខ្លះដែលមិនជួបបញ្ហាសេដ្ឋកិច្ចគ្រួសារ ចុះពលរដ្ឋដែលខ្ចីលុយពីធនាគារទៅទិញផ្ទះទាំងនោះ ហើយបែរជាមិនទទួលបានផ្ទះបែបនេះ តើពួកគេនឹងទៅជាយ៉ាងណាទៅ។
ទាក់ទងបញ្ហានេះ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានលើកឡើងថា លោកក៏បានដឹងពីការលក់ផ្ទះឱ្យអតិថិជនខុសកិច្ចសន្យានេះដែរ ប៉ុន្តែឧកញ៉ា ឡេង ណាវ៉ាត្រា មិនទាន់ក្ស័យធនរហូតដល់ថ្នាក់មិនអាចធ្វើជាប្រធានសមាគមសិល្បករបាននោះទេ។ លោកថា រវាងសិល្បៈ និងជំនួញ មិនគួរផ្សារភ្ជាប់គ្នានោះទេ ហើយលោកក៏បានដឹងពីការយឺតយ៉ាវរបស់ក្រុមហ៊ុនក្នុងការប្រគល់ផ្ទះនេះដែរ ប៉ុន្តែដោយសារក្រុមហ៊ុនបានកប់ទុនលើដីចំនួនច្រើនពេក។
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ នឹម វណ្ណៈ បានបង្ហោះរូបថតដាំកូនឈើប្រមាណជិត ១០សន្លឹកដោយភ្ជាប់នឹងសំណេរថា «អ្នកខ្លះដាំដើមឈើមិនសូវចេះទេ តែជំនាញខាងកាប់បំផ្លាញទៅវិញ»។
ចំណារសេចក្តីនោះបន្តថា «ឆ្នាំ២០២៣ ទៅហើយ សូមកុំធ្វើបាប និងបោកប្រាស់ពលរដ្ឋដែលគាត់ខំទុកចិត្ត និងបង់ថវិកាឱ្យឧកញ៉ាៗដែលបានសាងសង់បុរីនានាទៀតអី តែឧកញ៉ាៗទាំងនោះគួរតែដោះស្រាយបញ្ហាជូនពួកគាត់វិញទើបជារឿងល្អ»។
សេចក្តីក្នុងចំណារនោះរៀបរាប់ទៀតថា «MMO អស់ប្រសិទ្ធភាពក្នុងការរួមកម្លាំងគ្នាហើយ ដូច្នេះទោះដាក់ប៉ុន្មានលាននាក់មក Comment ក៏កាន់តែខ្មាសគេដែរ ប៉ុន្តែវិធីល្អ គឺមានតែដោះស្រាយបញ្ហាជូនពលរដ្ឋប៉ុណ្ណោះ ទើបអាចមានសង្ឃឹមស្ដារកិត្តិយសមកវិញខ្លះ បើមិនដូច្នេះទេ នោះអំពើទុច្ចរិតនានារបស់ឧកញ៉ាមួយចំនួនក៏កំពុងតែកំណត់ជោគវាសនារបស់ឧកញ៉ាៗទាំងនោះដែរ»។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានភរិយាឈ្មោះ ឈឺន ស្រីម៉ាច ត្រូវគេដឹងថាមានទំនាក់ទំនងស្និទ្ធស្នាលជាមួយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការអង្គភាពកងអង្គរក្ស ហើយក៏ជាមនុស្សជំនិតរបស់លោក ហ៊ុន សែន ផងដែរ ដូច្នេះតាមរយៈទំនាក់ទំនងនេះ គេសង្ស័យថាឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងឈរឈ្មោះធ្វើអាជីវកម្មឱ្យគ្រួសារត្រកូល ហ៊ុន សព្វថ្ងៃនេះ។
ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ដែលតែងតែឧបត្ថម្ភលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ដល់លោក ហ៊ុន សែន ដែលគិតសរុបតួលេខត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ កន្លងទៅនោះ បេះដូងសប្បុរសធម៌នៃការបរិច្ចាគទឹកប្រាក់ចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍ប្រទេសជាតិ និងសកម្មភាពមនុស្សធម៌ពីក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា មានទំហំសរុបដល់ទៅជាង ២៥លានដុល្លារសហរដ្ឋអាមេរិក ខណៈគម្រោងទាំងអស់ជាប់គាំងមិនមានចរន្តហិរញ្ញវត្ថុ។
តាមរយៈនៃការបរិច្ចាគសាច់ប្រាក់សុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះដល់រដ្ឋាភិបាល បាននាំឲ្យលោក ឡេង ណាវ៉ាត្រា គេចផុតពីការទទួលខុសត្រូវតាមផ្លូវច្បាប់ជាច្រើន ដោយសារមានការកាងពីក្រោយដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា៕