គម្រោង​ព្រែកជីក​ហ្វូណន​តេជោ

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​ថា​នឹង​ចាប់ផ្តើម​សាងសង់​ព្រែកជីក​ហ្វូណន​ដោយ​ក្រុមហ៊ុន​ចិន​នា​ពាក់កណ្តាល​ឆ្នាំ​២០២៤

By ឌឹ ខេមបូឌា ដេលី

March 06, 2024

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អះអាង​ថា គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភារកម្ម​ទន្លេបាសាក់ ឬ ព្រែកជីក​ហ្វូណន​តេជោ គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​អំឡុង​ខែ​មិថុនា ឬ​ខែ​កក្កដា ឆ្នាំ​២០២៤ នេះ ខណៈ​រាជរដ្ឋាភិបាល​កំពុង​ចរចា​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចិន China Road and Bridge Corporation (CRBC) ឬ​សាជីវកម្ម​ថ្នល់ និង​ស្ពាន​ចិន ដើម្បី​ឈាន​ទៅ​រក​ការ​បើក​ការដ្ឋាន​សាងសង់​លើ​គម្រោង​នេះ​ឱ្យ​បាន​ឆាប់​តាម​ការ​គ្រោងទុក។

អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ថា គម្រោង​នាវាចរណ៍​នេះ គឺជា​គម្រោង​អាទិភាព​មួយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ខំ​ជំរុញ​ឱ្យ​ចេញ​ជា​រូបរាង ដើម្បី​តភ្ជាប់​ផ្លូវទឹក​នៅ​ប្រទេស​កម្ពុជា​ពី​ទន្លេ​ទៅ​សមុទ្រ។

លោក ស៊ុន ចាន់ថុល បញ្ជាក់​ថា គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភារកម្ម​ទន្លេបាសាក់ ដែល​ត្រូវ​បាន​ប្រសិទ្ធិនាម​ថា​គម្រោង «ព្រែកជីក​ហ្វូណន​តេជោ» នេះ គឺជា​គម្រោង​ព្រែកជីក​ប្រវត្តិសាស្ត្រ​នៅ​ប្រទេស​កម្ពុជា ក្នុង​នោះ ទាំង​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត កំពុង​ព្យាយាម​ជំរុញ​ឱ្យ​ដំណើរការ​នេះ​មាន​ប្រសិទ្ធភាព និង​ចេញ​ជា​រូបរាង​ពិតប្រាកដ។

រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​របាយការណ៍​ស្ដីពី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ កាលពី​ពេល​ថ្មីៗ​នេះ​ថា គម្រោង​ផ្លូវ​នាវាចរណ៍​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ (Belt and Road Initiative ឬ BRI) នៃ​រដ្ឋាភិបាល​ចិន ដែល​កម្ពុជា​គ្រោង​នឹង​សាងសង់​ប្រវែង ១៨០​គីឡូម៉ែត្រ​ដែល​មាន​ទទឹង​មុខកាត់​ផ្នែក​ខាងលើ​ប្រវែង ១០០​ម៉ែត្រ និង​មុខកាត់​ផ្នែក​ខាង​ក្រោម​ប្រមាណ ៨០​ម៉ែត្រ ជម្រៅ​ទឹក​ប្រមាណ ៥,៤​ម៉ែត្រ និង​មាន​គន្លង​នាវាចរណ៍​ចំនួន ២​គន្លង។

គម្រោង​នាវាចរណ៍​នេះ នឹង​ត្រូវ​សាងសង់​សន្ទះ​ផ្លូវ​នាវា​ចំនួន ៣​កន្លែង សាងសង់​ស្ពាន​ចំនួន ១១​កន្លែង សាងសង់​ផ្លូវ​អម​សងខាង​ប្រវែង ២០៨​គីឡូម៉ែត្រ និង​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ១៧០០​លាន​ដុល្លារ​អាមេរិក ព្រមទាំង​ត្រូវ​ប្រើ​រយៈពេល​សាងសង់​ប្រមាណ ៤​ឆ្នាំ ប៉ុន្តែ​ដោយសារ​រដ្ឋាភិបាល​កម្ពុជា​គ្មាន​លុយ​សាងសង់ ដូច្នេះ​គម្រោង​នាវាចរណ៍​នេះ​ត្រូវ​ធ្វើ​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចិន ក្នុង​ទម្រង់ BOT ដែល​មាន​ន័យ​ថា ក្រុមហ៊ុន​គ្រប់គ្រង​មុន រដ្ឋាភិបាល​គ្រប់គ្រង​តាម​ក្រោយ។

កាលពី​ពាក់កណ្តាល​ខែ​តុលា ឆ្នាំ​២០២៣ កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ប្រគល់​គម្រោង​ព្រែកជីក​ហ្វូណន​នេះ​ឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) សិក្សា​លម្អិត មុន​នឹង​ឈាន​ដល់​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​សាងសង់​នៅ​ឆ្នាំ​២០២៤ នេះ។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ពេល​កន្លង​ទៅ​ថា គម្រោង​ព្រែកជីក​ហ្វូណន​នេះ មិន​មាន​ផល​ចំណេញ​អ្វី​សម្រាប់​កម្ពុជា​ទេ ប៉ុន្តែ​ការ​ទទួល​យក​គម្រោង​នេះ​មក​សាងសង់ គឺ​ដើម្បី​អាច​ឱ្យ​កម្ពុជា​ខ្ចី​លុយ​ចិន បាន​បន្ត​ទៀត​ប៉ុណ្ណោះ ព្រោះ​ថា​កម្ពុជា​បាន​ដឹង​ច្បាស់​ដោយ​ខ្លួនឯង​ហើយ​ថា គម្រោង​នេះ​ត្រូវ​ស្ថិត​ក្រោម​ការ​ចង្អុល​បង្ហាញ​របស់​ចិន មិនមែន​កម្ពុជា​មាន​សិទ្ធិ​កំណត់​បច្ចេកទេស​ក្នុង​ការ​សាងសង់​នោះ​ទេ។

ប្រភព​មន្ត្រី​ដដែល​លើកឡើង​ថា កម្ពុជា​គ្មាន​ទាំង​នាវា និង​ទំនិញ​ដល់​កម្រិត​សម្រាប់​ប្រើ​ព្រែកជីក​នេះ​សម្រាប់​នាំចេញ​ទៅ​បរទេស​ទេ ប៉ុន្តែ​នាវា​ដែល​អាច​ប្រើប្រាស់​ព្រែកជីក​នេះ និង​ការ​នាំចូល​ទំនិញ​មក​កម្ពុជា គេ​រំពឹង​ថា​មាន​តែ​នាវា​ចិន ទំនិញ​ចិន ប៉ុណ្ណោះ។

ទាក់ទិន​នឹង​គម្រោង​នាវាចរណ៍​នេះ កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​មេដឹកនាំ​វៀតណាម​ជាច្រើន​ជជីក​សួរ​ដេញដោល​ពី​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​នេះ​ផង​ដែរ។

អ្នកជំនាញ​ខាង​ផ្លូវទឹក​កម្ពុជា លោក ម៉េង សុធារ៉ា បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា កាលពី​ដំបូង រដ្ឋាភិបាល​កម្ពុជា​គ្រោង​ខ្ចី​លុយ​រដ្ឋាភិបាល​ចិន មក​សាងសង់​ព្រែកជីក​នេះ​ទាំងស្រុង ប៉ុន្តែ​ដោយសារ​រដ្ឋាភិបាល​កម្ពុជា​ខ្លាច​ប៉ះពាល់​ដល់​រដ្ឋាភិបាល​វៀតណាម​ក្នុង​ការ​សាងសង់​ព្រែកជីក​នេះ លោក ហ៊ុន សែន ក៏​បង្វែរ​ពី​ការ​ខ្ចី​បុល​ពី​រដ្ឋាភិបាល​ចិន មក​ជា​ការ​ធ្វើ​សហប្រតិបត្តិការ BOT ឬ​ប្រែ​ថា សង់ ធ្វើ​ប្រតិបត្តិការ និង​ផ្ទេរ​វិញ ប៉ុន្តែ​គម្រោង​នេះ​គឺ​នៅតែ​ស្ថិត​ក្នុង​ការ​ខ្ចី​បុល​ចិន​ដដែល​ទេ គ្រាន់តែ​យក​ក្រុមហ៊ុន​ចិន​មក​បាំង​មុខ​ប៉ុណ្ណោះ។

លោក ម៉េង សុធារ៉ា លើកឡើង​ថា លោក​មិន​យល់​ពី​ការ​សាងសង់​ព្រែកជីក​នេះ​ទេ ព្រោះ​ថា​គម្រោង​ព្រែកជីក​នេះ​រដ្ឋាភិបាល​បាន​កំណត់​ជម្រៅ​ទឹក​ត្រឹមតែ ៥,៤​ម៉ែត្រ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា សូម្បី​កប៉ាល់​ដឹក​ខ្សាច់ ឬ​សាឡាង​ដែល​ចរាចរ​ដឹក​ខ្សាច់​នៅ​មុខ​ព្រះបរមរាជវាំង​ក្នុង​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ​នេះ ក៏​ត្រូវការ​ជម្រៅ​ទឹក ៨​ម៉ែត្រ​សម្រាប់​ធ្វើ​ដំណើរ​ដែរ ចំណែក​ព្រែកជីក​ហ្វូណន​ដែល​មាន​ជម្រៅ​ទឹក​មិន​ដល់ ៥​ម៉ែត្រ​កន្លះ​នេះ តើ​នឹង​អាច​ផ្ទុក​កប៉ាល់​ប្រភេទ​ណា​ទៅ​សម្រាប់​ដឹកនាំ​ទំនិញ​នោះ។

អ្នកជំនាញ​ខាង​ផ្លូវទឹក​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ក្រោម​បច្ចេកទេស​នៃ​ការ​សាងសង់​ព្រែកជីក​ហ្វូណន​បែប​នេះ លោក​អាច​សន្និដ្ឋាន​បាន​ថា ព្រែកជីក​នេះ​មិនមែន​ជា​គម្រោង​ដែល​សាងសង់​ឡើង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ឱ្យ​កម្ពុជា​ទេ គឺជា​គម្រោង​មួយ​ដែល​បង្កប់​បម្រើ​ផល​ប្រយោជន៍​ឱ្យ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន​តែប៉ុណ្ណោះ៕