35 C
Phnom Penh

អាជ្ញាធរ​អប្សរា​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​កំពុង​រស់នៅ​ក្នុង​តំបន់​អង្គរ​ជួសជុល​លំនៅឋាន​ដែល​ត្រូវ​កណ្ដៀរ​ស៊ី​ជើង​សសរ​ដួល​រលំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ជាតិ​អប្សរា ហាមឃាត់​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​អង្គរ មិន​ឱ្យ​ជួសជុល​លំនៅឋាន ទោះបីជា​ផ្ទះ​របស់​ពួកគេ​ត្រូវ​កណ្ដៀរ​ស៊ី​ជើង​សរសេរ​ដួល​រលំ​ក៏ដោយ ក្រោម​ហេតុផល​ថា​ជា​ករណី​ខុស​ច្បាប់។

អាជ្ញាធរ​ជាតិ​អប្សរា បាន​ចេញ​លិខិត​បដិសេធ​មួយ​ទៅ​កាន់​ប្រធាន​ភូមិ​គោកស្នួល ឃុំ​ខ្នាត ស្រុក​ពួក ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១ មីនា នេះ​ថា ក្រោយ​ការ​ស្នើសុំ​តាមរយៈ​ប្រធាន​ភូមិ​គោកស្នួល លោក អ៊ុំ ឈិន អាជ្ញាធរ​ជាតិ​អប្សរា​ពិនិត្យ​ឃើញ​ថា​លោក ចាន់ ចិកហាយ ពិត​ជា​មាន​ទីកន្លែង​កំណើត​នៅ​ក្នុង​ភូមិ​ឃុំ​ហ្នឹង​ប្រាកដ​មែន ពីព្រោះ​មាន​ឈ្មោះ​ជំរឿន​ក្នុង​ឆ្នាំ​២០០៤ និង​ឆ្នាំ​២០០៥ ដែរ តែ​រស់នៅ​ក្នុង​បន្ទុក​ឪពុកម្ដាយ​នៅ​ពេល​នោះ។

ប្រភព​អាជ្ញាធរ​អប្សរា​ដដែល​លើកឡើង​ថា តាម​ការ​ផ្ទៀងផ្ទាត់​ជាមួយ​នឹង​ទិន្នន័យ​នៃ​អង្គការ JICA ឆ្នាំ​១៩៩៨ និង​រូបភាព​ពី​លើ​អាកាស Google Earth ឆ្នាំ​២០០៤ បង្ហាញ​ថា ទីតាំង​ដែល​លោក ចាន់ ចិកហាយ បាន​ស្នើសុំ​ជួសជុល​ផ្ទះ គឺជា​ដី​ទំនេរ ពុំ​មាន​ស្លាកស្នាម​ជា​សំណង់ និង​ការ​ប្រើប្រាស់​ដី​នោះ​ធ្វើ​ជា​លំនៅឋាន​នៅឡើយ​ទេ ហើយ​ការ​ដែល​គ្រួសារ​នោះ​បាន​ទៅ​សាងសង់​ផ្ទះ និង​រស់នៅ​លើ​ដី​នោះ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ខុសពី​គោលការណ៍​ច្បាប់​ទាំងស្រុង ដូច្នេះ​ការ​ជួសជុល​ផ្ទះ​នេះ​ក៏​ជា​ទង្វើ​ខុស​ច្បាប់​ដែរ។

អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់​ថា យោង​តាម​លក្ខខណ្ឌ និង​ហេតុផល​ខាងលើ​នេះ លោក ចាន់ ចិកហាយ មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ជួសជុល​លំនៅឋាន​ដែល​បាក់​រលំ​នេះ​ទេ បើ​ទោះបីជា​លោក​ធ្លាប់​រស់នៅ​ជាមួយ​ឪពុកម្ដាយ​ក្នុង​តំបន់​នោះ​តាំងពី​យូរ​ហើយ​ក៏ដោយ ក៏ប៉ុន្តែ​លោក​បាន​បែក​គ្រួសារ​ចេញពី​ឪពុកម្ដាយ​ហើយ។

អាជ្ញាធរ​ជាតិ​អប្សរា គូស​បញ្ជាក់​ថា ខ្លួន​មាន​មុខនាទី​ទប់ស្កាត់​នូវ​ការ​រីក​ភូមិដ្ឋាន ឬ​ទីប្រជុំជន និង​ការ​ប្រើប្រាស់​ដីធ្លី និង​សំណង់​ផ្សេងៗ ដើម្បី​លើក​តម្លៃ​ដល់​រមណីយដ្ឋាន​អង្គរ។

ការ​ហាមឃាត់​នេះ ធ្វើឡើង​បន្ទាប់ពី​ពលរដ្ឋ​មួយ​គ្រួសារ​ដែល​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ បាន​ស្នើសុំ​ជួសជុល​ផ្ទះ​របស់​ខ្លួន​ក្រោយពី​បាក់​រលំ​ជើង​សសរ និង​ធ្លុះធ្លាយ​ដំបូល​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក ចាន់ ចិកហាយ បាន​រៀបរាប់​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ដែល​មាន​ឈ្មោះ ចិក ហាយសៀមរាប ថា​ផ្ទះ​របស់​លោក​ត្រូវ​បាន​សាងសង់​តាំងពី​មិន​ទាន់​មាន​អាជ្ញាធរ​អប្សរា​មក​គ្រប់គ្រង​ម៉្លេះ ប៉ុន្តែ​នៅ​ពេល​ដែល​លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​ជួសជុល​ដូរ​ដំបូល និង​ជើង​សសរ អាជ្ញាធរ​អប្សរា​មិន​អនុញ្ញាត​ឡើយ។

លោក ចាន់ ចិកហាយ ត្អូញត្អែរ​ថា កូនៗ​របស់​ពួកគេ​មិន​ដឹង​ថា​ត្រូវ​ទៅ​ដេក​ពួន​នៅ​កន្លែង​ណា​សម្រាប់​រដូវ​វស្សា​ខាង​មុខ​នេះ​ទេ ព្រោះ​ថា​ដំបូល​ផ្ទះ​របស់​លោក​នៅ​ពេលនេះ​បាន​ធ្លុះធ្លាយ​គ្រប់​កន្លែង មិន​អាច​ការពារ​ទឹកភ្លៀង​មិន​ឱ្យ​ស្រក់​ចូល​បាន​ទេ។

ក្រុម​គ្រួសារ​នេះ​បន្ថែម​ថា បើ​ជា​ការ​ស្នើសុំ​សាងសង់​ផ្ទះ​ថ្មី ហើយ​អាជ្ញាធរ​មិន​អនុញ្ញាត នោះ​លោក​ក៏​មិន​តវ៉ា​ដែរ ប៉ុន្តែ​នេះ​គឺជា​ការ​ស្នើសុំ​ជួសជុល​ផ្ទះ​ចាស់​ប៉ុណ្ណោះ ហើយ​ផ្ទះ​នេះ​ក៏​នៅ​ឆ្ងាយ​ពី​តំបន់​អង្គរ​ប្រមាណ ១៦​គីឡូម៉ែត្រ​ថែម​ទៀត។

កាលពី​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក ចាន់ ចិកហាយ បាន​ដាក់​ពាក្យ​ស្នើសុំ​ជួសជុល​ផ្ទះ​ចាស់​របស់​ខ្លួន​ទៅ​ប្រធាន​ភូមិ​គោកស្នួល ដូចជា​សសរ​ផ្ទះ​ដែល​បាក់​រលំ​ដោយសារ​សត្វ​កណ្ដៀរ​ឡើង​ពូន និង​ដំបូល​ផ្ទះ​ដែល​លេច​ធ្លុះធ្លាយ​ជាដើម ប៉ុន្តែ​ការ​ស្នើសុំ​ជួសជុល​នេះ ត្រូវ​អាជ្ញាធរ​ជាតិ​អប្សរា​ចាត់ទុក​ជា​ទង្វើ​ខុស​ច្បាប់។

កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៣ អង្គការ​សិទ្ធិមនុស្ស​លើកលែង​ទោស​អន្តរជាតិ (Amnesty International) លើក​ឡើង​ក្នុង​សេចក្តី​រាយការណ៍​ថា ប្រទេស​កម្ពុជា​កំពុង​ខ្វះ​ប្រព័ន្ធ​ច្បាប់​គ្រប់គ្រង​សិទ្ធិ​ដីធ្លី​ច្បាស់លាស់​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ ទោះបីជា​ប្រទេស​នេះ​បាន​ទទួល​យក​របប​ប្រជាធិបតេយ្យ​កាលពី​ជាង ៣០​ឆ្នាំ​មុន​ហើយ​ក៏ដោយ ដែល​រឿង​នេះ​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​របប​ខ្មែរក្រហម​ដែល​បាន​លុប​ចោល​កម្មសិទ្ធិ​ឯកជន​ក្រោយពី​ពួកគេ​កាន់កាប់​ប្រទេស​កម្ពុជា​អំឡុង​ទសវត្សរ៍​១៩៧០ ដូច្នោះ​ដែរ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជា លោក នី សុខា លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា រយៈពេល​ជាង ៣០​ឆ្នាំ​មក​នេះ រាជរដ្ឋាភិបាល​មិន​ដែល​បាន​ផ្សព្វផ្សាយ​ពី​សិទ្ធិ​លំនៅឋាន​ទៅ​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការ​យល់ដឹង​នោះ​ទេ។ នេះ​គឺជា​បញ្ហា​មួយ​ក្នុង​ការ​ធានា​នូវ​សិទ្ធិ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដោយ​សមរម្យ ខណៈ​ការ​បណ្ដេញ​ពី​លំនៅឋាន និង​ការ​ហាមឃាត់​សិទ្ធិ​កាន់កាប់​ទីលំនៅ ក្រោម​វិធានការ​របស់​អាជ្ញាធរ តែងតែ​កើត​មាន​លើ​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់។

លោក នី សុខា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ផ្សព្វផ្សាយ​អំពី​សិទ្ធិ​លំនៅឋាន​សមរម្យ និង​លក្ខខណ្ឌ​អប្បបរមា​ស្តីអំពី​សិទ្ធិ​លំនៅឋាន ដែល​កំណត់​ដោយ​អង្គការ​សហប្រជាជាតិ​ឱ្យ​បាន​ទូលំទូលាយ​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​ធានា​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​សុវត្ថិភាព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស