មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នៅ​តាម​បណ្ដា​អាងទឹក និង​ប្រព័ន្ធ​ធារាសាស្ត្រ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្វាយរៀង និង​ខេត្ត​ព្រៃវែង កាលពី​ថ្ងៃទី​០៤ ខែ​តុលា ឆ្នាំ​២០២៣។

បរិស្ថាន

ក្រសួង​ធនធាន​ទឹក​អំពាវនាវ​សុំ​ពលរដ្ឋ​កុំ​ប្រើ​ទឹក​ច្រើន​ហួសពេក ក្រែង​ខ្វះ​ទឹក​ដោយសារ​បាតុភូត El Nino

By ឌឹ ខេមបូឌា ដេលី

March 06, 2024

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អំពាវនាវ​ទៅ​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​សហការ​ក្នុង​ការ​ប្រើប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ​ក្នុង​កម្រិត​ខ្ពស់ ជាពិសេស​បណ្ដា​ជនបទ​ដែល​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក ពីព្រោះ​បាតុភូត អែល នីណូ (EL Nino) ធ្វើ​ខ្យល់​ក្តៅ ទឹក​ក្តៅ បង្ក​ឱ្យ​មាន​មហន្តរាយ​ធម្មជាតិ និង​ផលវិបាក​អាកាសធាតុ​ខ្លាំង។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា បាតុភូត EI Nino ធ្វើ​ឲ្យ​ខ្យល់​ក្តៅ ទឹក​ក្តៅ បង្ក​ឱ្យ​មាន​មហន្តរាយ​ធម្មជាតិ និង​ផលវិបាក​អាកាសធាតុ​ខ្លាំង ដូចជា​បាន​បង្កើន​កម្តៅ​នៃ​ភព​ផែនដី និង​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ​ខ្លាំង​នៅ​តាម​តំបន់​ជាច្រើន មិន​ចំពោះ​តែ​កម្ពុជា​នោះ​ទេ។

សេចក្តី​ជូនដំណឹង​ពី​ក្រសួង បាន​លើកឡើង​ថា ផលវិបាក​នៃ​បាតុភូត អែល នីណូ នឹង​ធ្វើ​ឱ្យ​មាន​ភ្លៀង​ព្យុះ​កំណាច រាំង​ស្ងួត​ចម្លែក ប្តូរ​រដូវ ប្តូរ​ទម្លាប់​អាកាសធាតុ។ កន្លែង​ខ្លះ​មាន​ភ្លៀង​ច្រើន​ជ្រុល កន្លែង​ខ្លះ​កាន់តែ​រាំង​ស្ងួត​ខ្លាំង។ រដូវប្រាំង​ក្នុង​ឆ្នាំ​២០២៤ នេះ ប្រទេស​កម្ពុជា​ប្រឈម​នឹង​អាកាសធាតុ​ក្ដៅ​ហើយ​ស្ងួត នាំ​ឲ្យ​ភ្លៀង​កក់​ខែ​ធ្លាក់​តិច​ជាង​ឆ្នាំ​២០២៣។

តាមរយៈ​ការ​ព្យាករ​ពី​ក្រសួង​ធនធាន​ទឹក អាកាសធាតុ​ក្ដៅ​ហើយ​ស្ងួត​នេះ នាំ​ឲ្យ​កើត​មាន​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កួច ឬ​ខ្យល់​កំបុតត្បូង ដែល​អាច​កើត​មាន​ច្រើន​នៅ​ក្នុង​ខែ​មេសា និង​ខែ​ឧសភា។

ប្រភព​ខាងលើ​បាន​លើកឡើង​ថា នៅ​ក្នុង​សប្ដាហ៍​ទី​១ នៃ​ខែ​មីនា ឆ្នាំ​២០២៤ នេះ អាច​នឹង​កើត​មាន​ភ្លៀង​កក់​ខែ​នៅ​តំបន់​មាត់សមុទ្រ ហើយ​ចូល​ដល់​សប្ដាហ៍​ទី​២ ក្នុង​ខែ​ដដែល​នេះ អាច​នឹង​មាន​ភ្លៀង​កក់​ខែ​តិចតួច​នៅ​តំបន់​ទំនាប​កណ្ដាល​ភាគ​ពាយ័ព្យ​ស្ថិត​ក្នុង​ខេត្ត​បាត់ដំបង និង​បន្ទាយមានជ័យ។

អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក លោក ចាន់ យុត្ថា បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ប្រឈម​នឹង​បាតុភូត​សកល អែល នីណូ (EL Nino) ប្រទេស​កម្ពុជា​នឹង​រង​កម្ដៅ​កម្រិត ៤១​អង្សា​សេ​ក្នុង​ខែ​មេសា ខាងមុខ។ ការ​ឡើង​កម្ដៅ​នេះ ធ្វើ​ឲ្យ​ប្រឈម​នឹង​ស្ថានភាព​ក្ដៅ​ហួតហែង ហើយ​ខ្យល់​កន្ទ្រាក់ ផ្គរ​រន្ទះ នឹង​កើត​ឡើង​ព្រម​គ្នា។

ប្រភព​ដដែល​បាន​គូស​បញ្ជក់​ថា ក្រសួង​ត្រៀម​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ដាំដុះ​ស្រូវ​ប្រាំង និង​ទឹក​សម្រាប់​ប្រើប្រាស់​នា​ពេល​ខាងមុខ ជាពិសេស​សម្រាប់​ខេត្ត​ពោធិ៍សាត់ ដែល​អាច​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ប្រើប្រាស់។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា តាម​ការ​សង្កេត​កន្លង​មក អ្នក​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ពី​អាកាសធាតុ​ក្ដៅ​ហើយ​ស្ងួត គឺ​ប្រជាកសិករ​ប្រកប​របរ​កសិកម្ម​ដែល​ធ្វើ​ស្រែ​ប្រវាស់​មេឃ និង​ពលរដ្ឋ​ភាគច្រើន​ដែល​រស់នៅ​ជាយក្រុង​ប្រឈម​នឹង​ការ​ខ្វះ​ប្រើប្រាស់​រៀង​រាល់​រដូវវស្សា។

កន្លង​មក អាជ្ញាធរ​នៅ​ក្នុង​ខេត្ត​ដែល​មាន​សក្ដានុពល​ធ្វើ​កសិកម្ម​មួយ​ចំនួន បាន​ជូនដំណឹង​ឱ្យ​កសិករ​ផ្អាក​ការ​ធ្វើ​ស្រែប្រាំង​ដោយ​អះអាង​ថា បារម្ភ​ពី​ការ​ខ្វះ​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​រដូវប្រាំង។ ចំណែក​កសិករ​ដែល​ពឹង​អាស្រ័យ​តែ​លើ​ការ​ធ្វើ​ស្រែប្រាំង ព្រួយ​បារម្ភ​នឹង​បញ្ហា​ប្រឈម ក្រោយ​ការ​ផ្អាក​មិន​ឱ្យ​បង្កបង្កើនផល​ស្រូវ​នៅ​រដូវប្រាំង​លើក​ទី​២ ពីព្រោះ​ប៉ះពាល់​ជីវភាព​របស់​ពួកគេ និង​ការ​ជំពាក់​បំណុល​ធនាគារ៕