37 C
Phnom Penh

ជនជាតិ​ចិន​ដំបូង​គេ​ត្រូវ​បាន​ផ្ដល់​សញ្ជាតិ​ខ្មែរ​ក្នុង​អាណត្តិ​លោក ហ៊ុន ម៉ាណែត ដឹកនាំ​រដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្ត​ស្នើសុំ​ព្រះមហាក្សត្រ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​ចិន ឈ្មោះ លាវ ជុង សៀន (LIU ZONGXIAN) និង​ប្រើ​ឈ្មោះ​លំនាំ​ខ្មែរ​មក​ជា លាវ សំណាង ដំបូង​គេ​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ បន្ទាប់ពី​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម។

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៥ មីនា នេះ សម្រេច​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​ចិន ឈ្មោះ លាវ ជុង សៀន និង​ប្រើ​ឈ្មោះ​លំនាំ​ខ្មែរ​មក​ជា លាវ សំណាង តាម​សំណើ​ទូល​ថ្វាយ​របស់​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​ឡើង​កាន់​អំណាច​បាន​ត្រឹមតែ ៣​ខែ ១០​ថ្ងៃ​ប៉ុណ្ណោះ។

ព្រះរាជ្យក្រឹត្យ​នោះ​បញ្ជាក់​ថា ការ​ស្នើ​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនជាតិ​ចិន​រូប​នេះ គឺ​ធ្វើ​ឡើង​តាម​សំណើ​ពី​លោក ហ៊ុន ម៉ាណែត ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា តើ​ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​ធ្វើ​ឡើង​តាមរយៈ​នៃ​ការ​ស្នើសុំ​ចូល​សញ្ជាតិ តាម​ច្បាប់​សញ្ជាតូបនីយកម្ម ឬ​តាម​អាពាហ៍ពិពាហ៍​នោះ​ទេ។

ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនបរទេស​ពី​សំណាក់​លោក ហ៊ុន ម៉ាណែត នេះ ធ្វើ​ឡើង​ដូច​គ្នា​ទៅ​នឹង​លោក ហ៊ុន សែន ដែល​តែងតែ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​នា​ពេល​កន្លង​មក​ដែរ។

កាលពី​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២៣ ជនជាតិ​វៀតណាម ឈ្មោះ ហា វ៉ាន់ហៀវ (Ha Van Hieu) ក៏​ជា​មនុស្ស​ដំបូង​គេ​ដែរ​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ តាម​សំណើ​ទូល​ថ្វាយ​របស់​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា លោក ហ៊ុន ម៉ាណែត ប៉ុន្តែ​ជនជាតិ​វៀតណាម​រូប​នេះ​មិន​បាន​ប្តូរ​ឈ្មោះ​មក​ជា​លំនាំ​ខ្មែរ​ដូច​ជនជាតិ​ចិន ខាងលើ​នេះ និង​ជនជាតិ​វៀតណាម​ដែល​ទទួល​សញ្ជាតិ​ខ្មែរ​នា​ពេល​កន្លង​មក​នោះ​ទេ។

ទោះជា​យ៉ាងណា​ក៏ដោយ អំឡុង​ពេល​ដែល​លោក ហ៊ុន សែន កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក​ក៏​បាន​ជួយ​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនជាតិ​ចិន ជា​ហូរហែ​ដែរ ដូចជា៖

  • ជនជាតិ​ចិន​ឈ្មោះ ស៊ី សាវបូ ប្តូរ​ឈ្មោះ​មក​ជា ស៊ុយ សំណាង
  • ឈ្មោះ វៃ ស៊ីយូ ប្តូរ​ឈ្មោះ​មក​ជា ហ៊ុន សំណាង
  • ជនជាតិ​ចិន​ឈ្មោះ ចាង ហ័នយ៉ូវ ប្តូរ​ឈ្មោះ​មក​ជា ចាង ហេនរី
  • ជនជាតិ​ចិន​ឈ្មោះ តៃ ស៊ីង ប្តូរ​ឈ្មោះ​មក​ជា ដេវីត សៃវៀ
  • ជនជាតិ​ចិន​ឈ្មោះ ម៉ា ពាវ ប្តូរ​ឈ្មោះ​មក​ជា ហេនរី ជែក ខណៈ​ជនជាតិ​ចិន​ជាច្រើន​ផ្សេង​ទៀត ក៏​បាន​ទទួល​សញ្ជាតិ​ខ្មែរ​តាមរយៈ​នៃ​ការ​ស្នើសុំ​របស់​លោក ហ៊ុន សែន ទៅ​ព្រះមហាក្សត្រ​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន លើក​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ជនបរទេស​ដែល​ចង់​ទិញ​សញ្ជាតិ​ខ្មែរ គ្រាន់តែ​ចំណាយ​លុយ​ចាប់ពី ១៣​ម៉ឺន​ដុល្លារ​អាមេរិក​ឡើង​ទៅ​ប៉ុណ្ណោះ នោះ​គឺ​អាច​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ភ្លាមៗ ប៉ុន្តែ​ការ​ផ្តល់​សញ្ជាតិ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ជនបរទេស​កន្លង​មក ច្រើន​តែ​ផ្តល់​ទៅ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន ជនជាតិ​ចិន និង​និគមជន​វៀតណាម ដែល​ចូល​ទៅ​រស់នៅ​កម្ពុជា​ដោយ​ខុស​ច្បាប់​ប៉ុណ្ណោះ។

លោក អ៊ុំ សំអាន លើកឡើង​ថា ជនបរទេស​ដែល​បាន​ទិញ​សញ្ជាតិ​ខ្មែរ​មួយ​ចំនួន​កន្លង​មក​ច្រើន​តែ​ជា​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក្រុម​ឧក្រិដ្ឋជន​លាង​លុយ​កខ្វក់ និង​ក្រុម​ឧក្រិដ្ឋជន​ចាប់​ជំរិត ជាដើម ជាពិសេស​គឺ​ជនជាតិ​ចិន​តែម្តង ខណៈ​ជនជាតិ​វៀតណាម​ខុស​ច្បាប់ ក៏​កំពុង​ទទួល​សញ្ជាតិ​ខ្មែរ​តាមរយៈ​នៃ​ការ​ស្នើសុំ​សញ្ជាតិ​ជា​បន្តបន្ទាប់​ដែរ​ពី​រដ្ឋាភិបាល​បន្ត​ពូជ​ពី​ឪពុក​ទៅ​កូន​សព្វថ្ងៃ​នេះ។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅ​តែ​បន្ត​ដឹកនាំ​ដូច​រដ្ឋាភិបាល​ចាស់​ដែល​លោក ហ៊ុន សែន ធ្លាប់​ដឹកនាំ​តាមរយៈ​នៃ​ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនបរទេស​ដែល​ជា​ឧក្រិដ្ឋជន​បែប​នេះ​ទៀត នោះ​កម្ពុជា​នឹង​ខូច​ឈ្មោះ​លើ​ឆាក​អន្តរជាតិ​កាន់តែ​ធ្ងន់ធ្ងរ និង​ជា​ហេតុ​នាំ​ឱ្យ​ឧក្រិដ្ឋជន​ទាំងនោះ​យក​ប្រទេស​កម្ពុជា​ជា​កន្លែង​លាក់​ខ្លួន​ធ្វើជា​មូលដ្ឋាន​នៃ​ការ​ចាប​ជំរិត លាង​លុយ​កខ្វក់ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កាន់តែ​ច្រើន​ឡើងៗ​ទៅ​ថ្ងៃ​មុខ។

ជាក់ស្តែង កាលពី​ពេល​ថ្មីៗ​នេះ គេ​បាន​រក​ឃើញ​ថា មហាសេដ្ឋី​ដើមកំណើត​ចិន​មួយ​រូប គឺ​លោក ចេន ហ្ស៊ី (Chen Zhi) ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ និង​ជា​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន គឺជា​ឧក្រិដ្ឋជន​ដែល​រដ្ឋាភិបាល​ចិន​តាម​ចាប់​ខ្លួន​នា​ពេល​កន្លង​មក។

ជាង​នេះ​ទៀត កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២៣ ជនបរទេស ១០​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​ដ៏​ធំ​បំផុត​មួយ ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ជាមួយ​នឹង​ទ្រព្យសម្បត្តិ​ប្រមាណ ១​ពាន់​លាន​ដុល្លារ​សិង្ហបុរី ដែល​ស្មើ​នឹង​ជាង ៧០០​លាន​ដុល្លារ​អាមេរិក (៧៣៦​លាន​ដុល្លារ) ត្រូវ​បាន​រឹបអូស និង​បង្កក​ក្នុង​ប្រតិបត្តិការ​នោះ ក៏​មាន​ឧក្រិដ្ឋជន​មាន​សញ្ជាតិ​ខ្មែរ​ដែល​ផ្តល់​ដោយ​លោក ហ៊ុន សែន ដែរ។

ច្បាប់​ស្ដីពី​សញ្ជាតិ​ឆ្នាំ​១៩៩៦ ចែង​ថា ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ អាច​កើត​ឡើង​បាន​នៅ​ក្នុង​ករណី​ដែល​បុគ្គល​ណា​ម្នាក់​ទទួល​សញ្ជាតិ​ខ្មែរ​ពី​កំណើត ឬ​តាមរយៈ​អាពាហ៍ពិពាហ៍ និង​ការ​សុំ​ចូល​សញ្ជាតិ​ដែល​ហៅ​សញ្ជាតូបនីយកម្ម ខណៈ​ការ​កំណត់​ទំហំ​ទឹកប្រាក់​ចំពោះ​ការ​ស្នើសុំ​ចូល​សញ្ជាតិ​នេះ គឺ​ត្រូវ​កំណត់​ក្នុង​អនុក្រឹត្យ​របស់​នាយករដ្ឋមន្ត្រី​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស