29 C
Phnom Penh

មនុស្ស​ជំនិត​ប្រធានាធិបតី​រុស្ស៊ី ថា​ប្រទេស​អ៊ុយក្រែន ជា​ទឹកដី​រុស្ស៊ី ត្រូវ​ត្រឡប់​ទៅ​ភាព​ដើម​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​មាន​ប្រតិកម្ម​ចម្រុះ និង​ធ្ងន់ៗ​ពី​របប​ផ្ដាច់ការ​នៅ​ទីក្រុង​មូស្គូ ដែល​ជា​ការ​ឆ្លើយតប​ចំពោះ​ប្រធានាធិបតី​បារាំង និង​ប្រទេស​ក្នុង​សម្ព័ន្ធភាព​ណាតូ​មួយ​ចំនួន ចង់​បញ្ជូន​កងទ័ព​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន បើ​មាន​ករណី​ចាំបាច់។

ប្រធានាធិបតី​បារាំង លោក Emmanuel Macron បាន​ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​នា​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​កន្លង​មក​នេះ។ ក្នុង​ឱកាស​នោះ លោក Macron បាន​បញ្ជាក់​ថា ការ​បញ្ជូន​កងទ័ព​ថ្មើរជើង​របស់​លោក​ខាងលិច​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន មិន​គួរ​ត្រូវ​បាន​ច្រានចោល​នា​ពេល​អនាគត​នោះ​ទេ។

ការ​បង្ហើប​ព័ត៌មាន​របស់​លោក Macron បាន​នាំ​ឱ្យ​មេដឹកនាំ​កំពូល​របស់​រុស្ស៊ី រាប់​ទាំង​ប្រធានាធិបតី ​វ៉្លាឌីមៀរ ពូទីន និង​អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ទី​១ នៃ​ប្រទេស​រុស្ស៊ី លោក Dmitry Medvedev ដែល​ជា​ដៃស្ដាំ​របស់​លោក ពូទីន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​ថា អ៊ុយក្រែន ជា​ផ្នែក​មួយ​ដាច់ខាត​នៃ​ប្រទេស​រុស្ស៊ី។

បន្ថែម​លើស​ពី​នេះ លោក Medvedev បាន​ច្រានចោល​ការ​ចរចា​សន្តិភាព​ជាមួយ​មេដឹកនាំ​អ៊ុយក្រែន បច្ចុប្បន្ន។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP កាលពី​ថ្ងៃទី​០៤ ខែ​មីនា។

លោក Dmitry Medvedev ធ្លាប់​ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានាធិបតី​រុស្ស៊ី។

នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​ភាគ​ខាងត្បូង​ប្រទេស​រុស្ស៊ី លោក Medvedev បាន​និយាយ​ថា ប្រទេស​រុស្ស៊ី នឹង​បន្ត​នូវ​អ្វី​ដែល​ខ្លួន​ហៅថា​ប្រតិបត្តិការ​សឹក​ពិសេស​របស់​ខ្លួន​រហូត​ដល់​ភាគី​ម្ខាង​ទៀត​សុំ​ចុះចាញ់។ លោក​បាន​បន្ថែម​ថា អ្វី​ដែល​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​រុស្ស៊ី គួរតែ​ត្រឡប់​មក​រុស្ស៊ី វិញ។

លោក Medvedev បាន​រំលឹក​ថា ពី​មុន​ផែនទី​នៃ​ប្រទេស​អ៊ុយក្រែន បាន​បង្ហាញ​ប្រទេស​នេះ​ថា​ជា​ផ្នែក​តូច​មួយ​នៃ​ដីគោក​ដែល​ស្ថិត​នៅ​ចន្លោះ​រវាង​ប្រទេស​ប៉ូឡូញ និង​រុស្ស៊ី។

លោក​បញ្ជាក់​ថា អតីត​មេដឹកនាំ​អ៊ុយក្រែន​ម្នាក់​បាន​និយាយ​ថា អ៊ុយក្រែន​មិនមែន​រុស្ស៊ី ទេ គឺ​គំនិត​នេះ​ត្រូវ​បាន​រំលាយ​បាត់​ជា​រៀង​រហូត។ វា​មាន​ន័យ​ថា អ៊ុយក្រែន​ជា​របស់​រុស្ស៊ី​យ៉ាង​ពិតប្រាកដ។

ទន្ទឹម​នឹង​នេះ លោក​ថែម​ទាំង​បាន​ច្រានចោល​ការ​ចរចា​សន្តិភាព​ជាមួយ​មេដឹកនាំ​បច្ចុប្បន្ន​របស់​អ៊ុយក្រែន គឺ​ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី ហើយ​បាន​និយាយ​ថា រដ្ឋាភិបាល​អ៊ុយក្រែន នា​ពេល​អនាគត​ណា​មួយ​ដែល​ចង់​ចរចា នឹង​ត្រូវ​ទទួលស្គាល់​នូវ​អ្វី​ដែល​លោក​ហៅថា ការពិត​ថ្មី​នា​ពេល​បច្ចុប្បន្ន​សិន គឺ​អ៊ុយក្រែន ជា​ផ្នែក​មួយ​នៃ​ទឹកដី​រុស្ស៊ី។

ការ​ថ្លែង​របស់​លោក Medvedev ដូចនេះ ចំ​ពេល​ក្រុង​មូស្គូ បាន​ចោទប្រកាន់​កងកម្លាំង​ពិសេស​របស់​សហរដ្ឋ​អាមេរិក និង​ទីប្រឹក្សា​យោធា​ថា​បាន​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី ដោយ​លើកឡើង​ថា ទំនាក់ទំនង​រវាង​ទីក្រុង​មូស្គូ និង​ទីក្រុង​វ៉ាស៊ីនតោន នា​ពេលនេះ គឺ​អាក្រក់​ជាង​ក្នុង​អំឡុង​វិបត្តិ​មីស៊ីល​គុយបា​ឆ្នាំ​១៩៦២ ទៅ​ទៀត។

យ៉ាងណា មិន​ឃើញ​ប្រតិកម្ម​ចេញពី​រដ្ឋាភិបាល​លោក Volodymyr Zelenskyy នៅឡើយ​ទេ ចំពោះ​ការ​ថ្លែង​វាយប្រហារ​របស់​លោក Medvedev តែ​បែរ​ជា​លោក Zelenskyy បន្ត​វាយ​ចំអក​ដាក់​រុស្ស៊ី វិញ។

ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy បាន​ថ្លែង​សុន្ទរកថា​ប្រចាំ​ថ្ងៃ​កាលពី​យប់​ថ្ងៃ​ចន្ទ​ថា ការ​ប្រជុំ​របស់​បណ្ដា​មេដឹកនាំ​អឺរ៉ុប កាលពី​ពេល​ថ្មីៗ​នេះ បាន​រួម​បញ្ចូល​ផង​ដែរ​នូវ​ការ​ពិភាក្សា​អំពី​បរិមាណ​សព្វាវុធ​របស់​អ៊ុយក្រែន សមត្ថភាព​អ៊ុយក្រែន ក្នុង​ការ​ផលិត​សព្វាវុធ ការ​ផ្គត់ផ្គង់​សព្វាវុធ​របស់​សម្ព័ន្ធមិត្ត​ដល់​អ៊ុយក្រែន និង​ការ​គាំទ្រ​ជា​បន្ត​ដល់​ការ​ប្រយុទ្ធ​របស់​អ៊ុយក្រែន ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

លោក Zelenskyy បន្ត​ថា ការ​បាត់បង់​កងទ័ព​រុស្ស៊ី និង​សព្វាវុធ​របស់​រុស្ស៊ី យ៉ាង​សម្បើម​ជា​ការ​បង្ហាញ​ថា ការ​ឈ្លានពាន​របស់​រុស្ស៊ី មិន​បាន​ផ្ដល់​ឱ្យ​រុស្ស៊ី សម្រេច​មហិច្ឆតា​បាន​ឡើយ។

តែ​បែប​នេះ​ក្ដី ប្រធានាធិបតី​អ៊ុយក្រែន បាន​អំពាវនាវ​ដល់​ដៃគូ​លោក​ខាងលិច​របស់​អ៊ុយក្រែន ស្នើ​បង្កើត​ឆន្ទៈ​នយោបាយ​ដើម្បី​ផ្តល់​ឱ្យ​ទីក្រុង​គៀវ នូវ​សម្ភារៈ​យោធា​ចាំបាច់ ព្រោះ​ថា​បើ​មិន​ដូច្នោះ​ទេ ពិភពលោក​នឹង​ប្រឈមមុខ​ចំពោះ​ភាព​អាម៉ាស់​បំផុត​មួយ​នៃ​ទំព័រ​ប្រវត្តិសាស្ត្រ។

លោក Zelenskyy ទទូច​ថា ពិភពលោក​ត្រូវតែ​មាន​ប្រតិកម្ម​ប្រកប​ដោយ​ភាព​ម៉ឺងម៉ាត់ ដើម្បី​ធានា​ថា​សង្គ្រាម​នឹង​មិន​មើល​ទៅ​ដូចជា​អស់សង្ឃឹម​តាម​ការ​ដែល​លោក វ្ល៉ាឌីមៀរ ពូទីន ចង់​បាន​នោះ គឺ​ត្រូវតែ​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ថា អាច​ធានា​បាន​សម្រាប់​ដៃគូ​របស់​ខ្លួន​នូវ​អ្វី​ដែល​ចាំបាច់។

មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​បាន​បន្ថែម​ថា រឿង​ដែល​សំខាន់​គឺ​ឆន្ទៈ​នយោបាយ​ដើម្បី​ធានា​បាន​នូវ​កម្រិត​នៃ​ការ​ផ្គត់ផ្គង់។ ប្រសិនបើ​ធ្វើ​មិន​បាន​ទេ វា​នឹង​ក្លាយ​ជា​ទំព័រ​ដ៏​អាម៉ាស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ បើ​សូម្បីតែ​សហរដ្ឋ​អាមេរិក ឬ​អឺរ៉ុប ក៏​ត្រូវ​ចាញ់​អ៊ីរ៉ង់ និង​កូរ៉េខាងជើង ចេះ​តែ​បញ្ជូន​អាវុធ​ទៅ​ឱ្យ​រុស្ស៊ី។

ប៉ុន្តែ​អ្វី​ជា​ការ​ព្រួយបារម្ភ​នោះ ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាន​ព្រមាន​អំពី​ផលវិបាក​នៃ​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ ប្រសិនបើ​ក្រុម​ប្រទេស​នៃ​អង្គការ​ណាតូ ឬ​បស្ចិម​ប្រទេស​បញ្ជូន​កងទ័ព​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន។

ប្រធានាធិបតី​រុស្ស៊ី​រូប​នេះ​បាន​ថ្លែង​ព្រមាន​អំពី​មហា​សោកនាដកម្ម នឹង​កើត​ឡើង​ចំពោះ​ការ​សម្រេច​ចិត្ត​ណា​មួយ​ពី​ប្រទេស​លោក​ខាងលិច បើ​បញ្ជូន​កងទ័ព​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស