មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ចុះ​ធ្វើ​អធិការកិច្ច​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​នៅ​ឯ​ទីលាន​ហ្វឹកហាត់​កងទ័ព​នៃ​មូលដ្ឋាន​ប្រតិបត្តិការ​យោធា​ដ៏​សំខាន់​មួយ​ស្ថិត​នៅ​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស កាលពី​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៤។

ព័ត៌មានអន្តរជាតិ

ស្ថិរភាព​នៅ​ជ្រោយ​កូរ៉េ​ទាំង​ពីរ​កំពុង​ឈាន​ទៅ​រក​ភាព​ផុយ​ស្រួយ​អាច​ផ្ទុះ​សង្គ្រាម

By ឌឹ ខេមបូឌា ដេលី

March 10, 2024

ពិភពលោក​កំពុង​ព្រួយបារម្ភ​ជា​ខ្លាំង​ពី​សភាពការណ៍​អាច​ផ្ទុះ​សង្គ្រាម​លោក ឬ​សង្គ្រាម​តំបន់​ថ្មី​មួយ​ទៀត ដែល​ក្នុង​ខណៈ​នេះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន នៅ​អឺរ៉ុប បាន​ឈាន​ដល់​ឆ្នាំ​ទី​៣ ហើយ សង្គ្រាម​អ៊ីស្រាអែល​វាយ​សងសឹក​លើ​ពួក​ហាម៉ាស​នៅ​ហ្កាហ្សា ដែនដី​ប៉ាឡេស្ទីន ក្នុង​តំបន់​មជ្ឈិមបូព៌ា ក៏​មិន​អាច​បិទ​បញ្ចប់​បាន​នៅឡើយ។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អង់តូនីញ៉ូ ហ្គូតារ៉េស ថ្មីៗ​នេះ​បាន​ចេញ​សារ​ព្រមាន​ពី​ការ​អាច​កើត​សង្គ្រាម​លោក​ជា​ថ្មី​ទៀត បើ​ជ្រោយ​កូរ៉េ​ទាំង​ពីរ​ធ្លាក់​ក្នុង​សង្គ្រាម​ជា​ថ្មី ហើយ​ប្រទេស​កូរ៉េខាងជើង ឈាន​ដល់​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ដែល​អាច​នឹង​ទៅ​រក​សង្គ្រាម​នុយក្លេអ៊ែរ ហើយ​អាច​នឹង​ផ្ទុះ​សង្គ្រាម​លោក​ទី​៣។

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ថ្លែង​ទទូច​សុំ​ឱ្យ​មាន​ការ​អត់ធ្មត់​កម្រិត​ខ្ពស់​បំផុត​ចំពោះ​ភាគី​ដែល​ពាក់ព័ន្ធ បើ​ពុំ​នោះ​ទេ វា​នឹង​បង្កើត​ភ្នក់ភ្លើង​សង្គ្រាម​ដ៏​ធំ​បំផុត ជាពិសេស​លោក​សំដៅ​ទៅ​លើ​ស្ថានភាព​តានតឹង​នៅ​ជ្រោយ​កូរ៉េ ដែល​អង់គ្លេស​ហៅថា Korean Peninsula និង​នៅ​សមុទ្រ​ចិន​ខាងត្បូង រវាង​ក្រុង​ប៉េកាំង និង​ក្រុង​ម៉ានីល។

ជា​ថ្មី​ម្ដង​ទៀត លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង ជា​មេដឹកនាំ​កំពូល​ផ្ដាច់ការ​នៅ​អាស៊ី​ខាងកើត បាន​ចេញ​បទបញ្ជា​ឱ្យ​កងទ័ព​ប្រុង​ជើងការ​ខ្ពស់​សម្រាប់​សង្គ្រាម ខណៈ​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​មីនា នេះ បាន​រាយការណ៍​ថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ចុះ​ធ្វើ​អធិការកិច្ច​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​នៅ​ឯ​ទីលាន​ហ្វឹកហាត់​កងទ័ព​នៃ​មូលដ្ឋាន​ប្រតិបត្តិការ​យោធា​ដ៏​សំខាន់​មួយ​ស្ថិត​នៅ​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស កាលពី​ថ្ងៃទី​៦ ខែ​មីនា។ ក្នុង​ឱកាស​នោះ លោក​បាន​បញ្ជា​ឱ្យ​កងទ័ព​ត្រៀម​ប្រុង​ជើងការ​ខ្ពស់​សម្រាប់​សង្គ្រាម។

ដំណើរ​អធិការកិច្ច​របស់​លោក គីម ជុងអ៊ុន ទៅ​កាន់​មូលដ្ឋាន​ទ័ព កើត​មាន​ឡើង​បន្ទាប់ពី​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ប្រចាំ​ឆ្នាំ​កាលពី​ថ្ងៃទី​៤ ខែ​មីនា ក្នុង​ប្រទេស​កូរ៉េខាងត្បូង ជា​សមយុទ្ធ​យោធា​រួម​គ្នា​ដែល​មាន​ចំនួន​ទ័ព និង​សព្វាវុធ​កើន​ឡើង​ទ្វេដង។

ទីភ្នាក់ងារ​ព័ត៌មាន​មជ្ឈិម​បក្ស​កូរ៉េ​ខាងជើង KCNA ផ្សាយ​ថា លោក គីម ជុងអ៊ុន បាន​និយាយ​ថា កងទ័ព​កូរ៉េខាងជើង​ត្រូវតែ​ពង្រឹង និង​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​សម្រាប់​សង្គ្រាម ស្រប​ទៅ​តាម​តម្រូវការ​ចាំបាច់ ប៉ុន្តែ​ប្រភព​ព័ត៌មាន​ពី KCNA មិន​បាន​បញ្ជាក់​លម្អិត​ថា តើ​ការ​លើកឡើង​របស់​លោក គីម ជុងអ៊ុន ចង់​សំដៅ​ដោយ​ផ្ទាល់​ចំពោះ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

KCNA គ្រាន់តែ​បង្ហើប​ថា មេដឹកនាំ​កូរ៉េខាងជើង​រូប​នេះ​បាន​ចុះ​ត្រួតពិនិត្យ​កងទ័ព​ដែល​កំពុង​ដឹកនាំ​ការ​ហ្វឹកហាត់​ក្នុង​ស្ថានភាព​នៃ​ការ​ធ្វើ​សមយុទ្ធ​ដូច​សង្គ្រាម​ពិតៗ។

ដោយឡែក​ពី​នេះ ស្ថានភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង ក៏​ជា​ក្ដី​បារម្ភ​ពី​ការ​អាច​បង្កើត​បាន​ជា​ភ្លើង​សង្គ្រាម​ដែរ។ ប្រទេស​មហា​យក្ស​ចិន និង​ហ្វីលីពីន ដែល​ជា​ប្រទេស​ធំ​មួយ​ដែរ​ក្នុង​តំបន់​អាស៊ាន នៅតែ​បញ្ជូន​នាវាចម្បាំង​ទៅ​ប្រឈមមុខ​ដាក់​គ្នា​នៅ​តំបន់​ប្រទាញប្រទង់​គ្នា​នៅ​ប្រជុំ​កោះ​ស្ព្រាលី នៃ​សមុទ្រ​ចិន​ខាងត្បូង។ ចិន​នៅតែ​ត្រូវ​គេ​ចោទ​ថា កំពុង​ធ្វើ​អន្តរភាព​វាតទី​កាន់កាប់​ផ្ដាច់មុខ​លើ​លំហ​សមុទ្រ​ដែល​មាន​ផ្ទៃ ៣​លាន ៥​សែន​គីឡូម៉ែត្រ​ក្រឡា។

ចិន ធ្វើ​ផែនទី​ថ្មី​របស់​ខ្លួន​ដោយ​សំអាង​លើ​កំណត់ត្រា​ប្រវត្តិសាស្ត្រ​បុរាណ​របស់​ខ្លួន ដែល​ក្រុម​ប្រទេស​ពាក់ព័ន្ធ​ថា​ជា​ការ​ធ្វើ​ឡើង​ដោយ​ឯកតោភាគី មិន​អនុលោម​តាម​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ​១៩៨២។

ការ​បញ្ជូន​នាវា​ល្បាត​នាវាចម្បាំង​របស់​ប្រទេស​ទាំង​ពីរ​ទៅ​ប្រឈមមុខ​ដាក់​គ្នា គឺ​ពេល​ខ្លះ​នាំ​ឱ្យ​មាន​ការ​បើក​បុក​គ្នា​ទៀត​ផង។

អ្នក​សង្កេតការណ៍​ព្រមាន​ថា បើ​ពុំ​មាន​ភាព​អត់ធ្មត់ គឺ​ការ​ផ្ទុះ​អាវុធ​អាច​កើត​មាន ហើយ​វា​ទាញ​ទៅ​រក​សង្គ្រាម​ដ៏​អាក្រក់​បំផុត។ ចិន មិន​ត្រឹម​តែ​មាន​ជម្លោះ​ដែនទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​នឹង​ហ្វីលីពីន នោះ​ទេ គឺ​មាន​ប្រទេស ៤​ទៀត​នៃ​សមាគម​អាស៊ាន​ផង​ដែរ ដូចជា​វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ប្រ៊ុយណេ ក៏​តែងតែ​លើកឡើង​អំពី​ការ​បំពាន​ដែនទឹក​របស់​ពួកគេ​ពី​សំណាក់​ប្រទេស​ចិន ដែរ។

ជំនួប​កំពូល​អូស្ត្រាលី-អាស៊ាន កាលពី​ថ្ងៃ​ពុធ ទី​៦ ខែ​មីនា នេះ មេដឹកនាំ​ប្រទេស​ទាំងអស់​ដែល​ចូលរួម​ប្រជុំ បាន​សម្រេច​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម ដោយ​ស្នើសុំ​ដល់​ប្រទេស​ក្នុង​សមាគម​អាស៊ាន និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ត្រូវ​រួម​គ្នា​ប្រឆាំង​សកម្មភាព​ឯកតោភាគី ដែល​ធ្វើ​សកម្មភាព​គ្របដណ្ដប់​វាតទី​កាន់កាប់​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង។

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា ក្រុម​ប្រទេស​អាស៊ាន និង​អូស្ត្រាលី បន្ត​តាមដាន​ជានិច្ច​នូវ​ស្ថានការណ៍​យោធា​ដែល​កំពុង​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង។ ក្នុង​ន័យ​នេះ ត្រូវ​លើក​ទឹកចិត្ត​ដល់​ប្រទេស​ពាក់ព័ន្ធ​ត្រូវ​បញ្ចៀស​ការ​ធ្វើ​សកម្មភាព​បំពាន​ដែល​ជា​ការ​បង្ក​អសន្តិសុខ​ក្នុង​តំបន់។

ជាមួយ​គ្នា​នេះ ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​ទាមទារ​ឱ្យ​មាន​ភាព​អត់ធ្មត់ និង​ខិតខំ​ជំរុញ​ឱ្យ​មាន​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ត្រូវ​ចាត់ទុក​ថា​មាន​អត្ថប្រយោជន៍​ដើម្បី​សន្តិភាព ស្ថិរភាព និង​ភាព​រីកចម្រើន​រួម​គ្នា។

សេចក្ដី​ថ្លែងការណ៍​រួម​នេះ ក៏​បាន​សង្កត់​ធ្ងន់​ពី​ភាព​ចាំបាច់​ត្រូវ​បង្កើត​ឱ្យ​បាន​នូវ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ចាំបាច់​ត្រូវ​បញ្ចូល​មាត្រា​ពាក់ព័ន្ធ​នឹង​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ​១៩៨២ នៃ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ។

សេចក្ដី​ថ្លែងការណ៍​រួម​នេះ​បាន​អំពាវនាវ​សុំ​ឱ្យ​សមុទ្រ​ចិន​ខាងត្បូង នៅតែ​ជា​ផ្លូវ​នាវាចរ​អន្តរជាតិ​សម្រាប់​គ្រប់​ប្រទេស​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​នាវាចរណ៍​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សេរី ស្រប​តាម​ច្បាប់​អន្តរជាតិ។

ក្រុង​ប៉េកាំង ប្រកាស​បង្កើត​ផែនទី ៩​ឆ្នូត ដែល​ផែនទី​នេះ​គ្របដណ្ដប់​ផ្ទៃ​ទឹក​ប្រមាណ ៩០​ភាគរយ​ជា​កម្មសិទ្ធិ​របស់​ចិន ដែល​ប៉ះ​ទៅ​លើ​តំបន់​កោះ និង​ដែនទឹក​ជាមួយ​ប្រទេស​ក្នុង​សមាគម​អាស៊ាន ហើយ​អាច​នាំ​ទៅ​រក​ការ​ប៉ះ​ទង្គិច​ដោយ​កម្លាំង​ទ័ព។

សហរដ្ឋ​អាមេរិក ក៏​បាន​បញ្ជូន​នាវាចម្បាំង មាន​ទាំង​នាវា​ផ្ទុក​យន្តហោះ​ផង ទៅ​តំបន់​មាន​ជម្លោះ​នោះ ក្នុង​ទិសដៅ​ជួយ​គាំពារ​សម្ព័ន្ធមិត្ត ដូចជា ហ្វីលីពីន ជប៉ុន តៃវ៉ាន់ និង​កូរ៉េខាងត្បូង៕

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ចុះ​ធ្វើ​អធិការកិច្ច​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​នៅ​ឯ​ទីលាន​ហ្វឹកហាត់​កងទ័ព​នៃ​មូលដ្ឋាន​ប្រតិបត្តិការ​យោធា​ដ៏​សំខាន់​មួយ​ស្ថិត​នៅ​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស កាលពី​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៤។