ទិដ្ឋភាព​ក្រោយពី​អាជ្ញាធរ​ចម្រុះ​ខេត្ត​ព្រះវិហារ រុះរើ​និង​ដុត​ផ្ទះសម្បែង​ពលរដ្ឋ​នៅ​ឃុំ​ស្រយង់ និង​ឃុំ​ត្បែងពីរ ស្រុក​គូលែន ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៤។

ជម្លោះដីធ្លី

ក្រុម​អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន ម៉ាណែត គួរតែ​ចេញ​មុខ​ដោះស្រាយ​វិបត្តិ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ

By ឌឹ ខេមបូឌា ដេលី

March 12, 2024

ក្រុម​អ្នក​ឃ្លាំមើល​សង្គម ត្អូញត្អែរ​ថា បើ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ចេញ​មុខ​ដោះស្រាយ​ការ​រំលោភ​ដីធ្លី​ឱ្យ​ប្រជាពលរដ្ឋ​ទាំង ១៣​គ្រួសារ​ក្នុង​ភូមិ​សំបូរ ឃុំ​ស្រយង់ គាត់​ក៏​គួរ​ចេញ​មុខ​ដោះស្រាយ​ករណី​រំលោភ​ដីធ្លី​ក្នុង​ភូមិ​ក្តាក់ ឃុំ​ត្បែងពីរ និង​ភូមិ​ម្រេច ឃុំ​ស្រយង់ ស្រុក​គូលែន ឱ្យ​ពលរដ្ឋ​រងគ្រោះ ១៣១​គ្រួសារ​ដែរ ព្រោះ​ពួកគេ​កំពុង​រង​នូវ​ការ​រំលោភ​បំពាន​ដោយ​ការ​ដុត​បំផ្លាញ​ផ្ទះសម្បែង​យ៉ាង​ព្រៃផ្សៃ​ពី​អាជ្ញាធរ​ខេត្ត​ព្រះវិហារ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ មីនា ដោយ​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ដោះស្រាយ​វិវាទ​ដែល​កើតឡើង​ពី​ការ​រំលោភ​ដីធ្លី និង​ការ​រំលោភ​សិទ្ធិ​លំនៅឋាន​ដែល​កំពុង​រង​នូវ​ការ​បណ្តេញ​ចេញ​ពី​សំណាក់​អាជ្ញាធរ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ ជាង ១០០​គ្រួសារ​សព្វថ្ងៃ​នេះ ដើម្បី​ធានា​នូវ​ការ​រស់នៅ​ឱ្យ​មាន​ភាព​សុខសាន្ត​សម្រាប់​ពលរដ្ឋ​ក្រីក្រ និង​ដើម្បី​ឱ្យ​ស័ក្តិសម​នឹង​ពាក្យ​ដែល​រដ្ឋាភិបាល​តែង​ប្រកាស​ថា ឱ្យ​ពលរដ្ឋ​រស់​ក្នុង​សន្តិភាព​ក្រោម​ការ​ដឹកនាំ​របស់​ខ្លួន​នោះ។

លោក ម៉ែន ណាត លើកឡើង​ថា ជា​ទង្វើ​ដ៏​អាម៉ាស់​បំផុត​សម្រាប់​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ដែល​ប្រកាស​ពី​ការ​ការពារ​សន្តិភាព តែ​បែរ​ជា​បើក​ដៃ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​តាម​របៀប​ក្រុម​ឧទ្ទាម​ដោយ​ការ​ដុត​បំផ្លាញ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ ក្រោម​បទ​ចោទ​ផ្សេងៗ ដែល​ទង្វើ​បែប​នេះ​គេ​ប្រើ​តែ​នៅ​ក្នុង​ប្រទេស​ដែល​គ្មាន​ច្បាប់​ប៉ុណ្ណោះ ហើយ​ទង្វើ​អាជ្ញាធរ​ដែល​បាន​ប្រព្រឹត្ត​នោះ ក៏​គេ​អនុវត្ត​សម្រាប់​តែ​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ដែរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត មិន​ត្រូវ​បន្ត​ដឹកនាំ​តាម​ឪពុក​របស់​គាត់​លោក ហ៊ុន សែន ដោយ​ការ​គប់គិត​ជាមួយ​ក្រុមហ៊ុន​ឯកជន និង​ប្រើ​មន្ត្រី​ក្រោម​ឱវាទ​ឱ្យ​ទៅ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅឋាន​នោះ​ទេ ព្រោះ​ថា​ការ​ដឹកនាំ​បែប​នេះ គឺជា​ទង្វើ​របស់​មេដឹកនាំ​ក្រុម​ឧទ្ទាម​ប៉ុណ្ណោះ ត្បិត​មេដឹកនាំ​ដែល​គ្រប់គ្រង​ប្រទេស​ដោយ​មាន​ច្បាប់​ត្រឹមត្រូវ មិន​អាច​ឱ្យ​ទង្វើ​ដ៏​ព្រៃផ្សៃ​នេះ​កើត​ឡើង​ក្នុង​ប្រទេស​របស់​ខ្លួន​ឡើយ ដោយសារតែ​ទង្វើ​បែប​នេះ គឺជា​ការ​រំលោភ​លើ​សិទ្ធិមនុស្ស​ដ៏​ឃោរឃៅ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ចេញ​មុខ​ដោះស្រាយ​ការ​រំលោភ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ចំនួន ១៣​គ្រួសារ​ក្នុង​ខេត្ត​ព្រះវិហារ កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០២៤ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​បញ្ជា​ឱ្យ​ជំនួយការ​របស់​ខ្លួន គឺ​លោក កែវ ផុង និង​លោក គង់ លីវ៉ា ចុះ​ទៅ​កាន់​ខេត្ត​ព្រះវិហារ សហការ​ជាមួយ​អភិបាល​ខេត្ត​ព្រះវិហារ លោក គឹម រិទ្ធី ដើម្បី​ស្រាវជ្រាវ និង​ដោះស្រាយ​វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន​ឯកជន​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ចំនួន ១៣​គ្រួសារ ដែល​ស្ថិត​នៅ​ភូមិ​សំបូរ ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ។

ទាក់ទិន​នឹង​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះវិហារ លោក គឹម រិទ្ធី បាន​ហៅ​គ្រួសារ​យោធា និង​ប្រជាពលរដ្ឋ​ទាំង ១៣​គ្រួសារ​ទៀត​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន មក​ជួប​ជជែក​ពិភាក្សា​ដោយ​ផ្ទាល់។ បន្ទាប់ពី​ជួប​ជជែក​គ្នា លោក គឹម រិទ្ធី អះអាង​ទៅ​កាន់​គ្រួសារ​យោធា និង​ប្រជាពលរដ្ឋ​ទាំង ១៣​គ្រួសារ​ទាំងនោះ​ថា អាជ្ញាធរ​ខេត្ត​នឹង​រិះរក​វិធី​បញ្ចប់​រឿង​ក្តី​នេះ​ជាមួយ​ក្រុមហ៊ុន​ឱ្យ​បាន។

ទាក់ទិន​នឹង​វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន​ឯកជន និង​ពលរដ្ឋ​រងគ្រោះ​នេះ កាលពី​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៤ នេះ អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ស្រុក​គូលែន នៃ​ខេត្ត​ព្រះវិហារ បាន​ចាប់​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៣០​នាក់​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយ​ចោទ​ថា​ពលរដ្ឋ​ដែល​មក​ធ្វើ​ខ្ទម​រស់នៅ​តំបន់​ភ្នំ​ម្រេច ក្នុង​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ បាន​ចូល​ទៅ​រស់នៅ​ដោយ​រំលោភ​លើ​ដី​ក្រុមហ៊ុន សីលាដាម៉ិច។

ជាង​នេះ​ទៀត អាជ្ញាធរ​ខេត្ត​ព្រះវិហារ ក៏​បាន​ដុត​បំផ្លាញ​ផ្ទះសម្បែង និង​ឈូស​ឆាយ​បំផ្លាញ​ដំណាំ​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ម្រេច និង​ភូមិ​ក្តាក់ ឃុំ​ស្រយង់ ស្រុក​គូលែន យ៉ាង​ព្រៃផ្សៃ​ផង​ដែរ ខណៈ​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងនោះ​បាន​ស្រែក​យំ​អង្វរ​សុំ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ជុំវិញ​ករណី​នេះ។

ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ម្រេច ឃុំ​ស្រយង់ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily អំឡុង​ពេល​អាជ្ញាធរ​ចុះ​បង្ក្រាប​ថា ពួកគាត់​បាន​ទៅ​រស់នៅ​លើ​ដី​នោះ​អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ ខណៈ​ក្រុមហ៊ុន សីលាដាម៉ិច មក​អភិវឌ្ឍ​នៅ​តំបន់​ភ្នំ​ម្រេច នេះ ក្រោយ​ពលរដ្ឋ​មក​រស់នៅ និង​អាស្រ័យ​ផល​នោះ​ទេ ប៉ុន្តែ​បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ទៅ​កាន់​កាប់​តំបន់​នោះ ស្រាប់តែ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​ក៏​ចុះ​ទៅ​គ្រប់គ្រង​តំបន់​នោះ​ដំណាល​គ្នា​ដែរ ក្រោយ​មក ពួកគេ​ក៏​សហការ​គ្នា​ដេញ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​តែម្តង។

ប្រជាពលរដ្ឋ​ខាងលើ​បញ្ជាក់​ថា ក្រុមហ៊ុន សីលាដាម៉ិច បាន​ផ្អាក​សកម្មភាព​អភិវឌ្ឍន៍​នៅ​តំបន់​នោះ​តាំងពី​ឆ្នាំ​២០១៧ មក​ម្ល៉េះ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​កាប់​ឈើ​ក្នុង​តំបន់​នោះ​លក់​អស់​គ្មាន​សល់ ប៉ុន្តែ​ក្រោយ​មក ក្រុមហ៊ុន​បាន​ដាំ​ដើម​កៅស៊ូ​បាន​ប្រហែល ១០​ហិកតា ខណៈ​ដី​ដែល​នៅ​ទំនេរ​ក៏​បាន​ជួល​ឱ្យ​ពលរដ្ឋ​តម្លៃ ១​លាន​រៀល​ក្នុង ១​ឆ្នាំ​លើ​ទំហំ​ផ្ទៃដី ១​ហិកតា។

កាលពី​ចុង​ខែ​មករា ឆ្នាំ​២០២៤ ប្រជាពលរដ្ឋ​រងគ្រោះ​ខាងលើ​បាន​អង្វរ​សុំ​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន ជួយ​កាត់​ឆ្វៀល​ដី​ដែល​ពួកគាត់​កាន់​អស់​រយៈពេល​ជាច្រើន​កន្លង​មក​ធ្វើ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​ដែរ ប៉ុន្តែ​រហូត​ដល់​ពេលនេះ ពួកគេ​មិន​ទទួល​បាន​ការ​អន្តរាគមន៍ ឬ​ការ​ដោះស្រាយ​ណា​មួយ​ពី​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នៅឡើយ​ទេ ខណៈ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ក៏​បាន​នាំគ្នា​ដុត​បំផ្លាញ​ផ្ទះ​របស់​ពួកគាត់​ជា​បន្តបន្ទាប់​ដែរ។

តាម​ឯកសារ​ចុះបញ្ជី ក្រុមហ៊ុន សីលាដាម៉ិច ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​អភិវឌ្ឍន៍ មាន​ទីស្នាក់ការ​នៅ​ក្រុង​ភ្នំពេញ ចុះបញ្ជី​នៅ​ឆ្នាំ​២០០៨ មាន​ប្រធាន​ក្រុមប្រឹក្សាភិបាល​ស្ត្រី​ឈ្មោះ អ៊ុក ហេឡែន និង​បុរស​ឈ្មោះ សំណាង សីមា មាន​នាយក​ឈ្មោះ អ៊ុក សុភ័គ។ ក្រុមហ៊ុន​នេះ​មាន​អ្នក​ចូល​ភាគហ៊ុន​ឈ្មោះ ដួង វ៉ារី គង់ ចាន់ ប៉ាន់ គឹមសាន សំណាង ផល្លា សំណាង ធីតា សំណាង សីមា ទេព សំអាន និង ម៉ី វ៉ាន់ធា៕