29 C
Phnom Penh

អភិបាល​ខេត្ត​កំពត​ដែល​ជា​ក្មួយ​ប្រសា​លោក ហ៊ុន សែន រង​ការ​ចោទ​ថា​យក​ដី​រដ្ឋ​ឱ្យ​ម្ដាយ​បង្កើត​ធ្វើ​ជា​កម្មសិទ្ធិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រឿង​ទាក់ទង​នឹង​សាច់ញាតិ​ត្រកូល ហ៊ុន មួយ​បែប​ទៀត គឺ​អភិបាល​ខេត្ត​កំពត ដែល​គេ​និយម​ហៅ​ថា​តុលាការ​មុខ​ដែក គឺ​លោក ម៉ៅ ធនិន្ទ កំពុង​រង​នូវ​ការ​ចោទប្រកាន់​ថា បាន​កាត់​ឆ្វៀល​ដី​សាធារណៈ​របស់​រដ្ឋ​នៅ​តំបន់​ភ្នំ​ទ្វារ ក្នុង​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្ត​កំពត តាម​ដងផ្លូវ​ជាតិ​លេខ​៣ ម្តុំ​បូជនីយដ្ឋាន​លោក​យាយ​ម៉ៅ និង​កន្លែង​ផ្សេងៗ​ជាច្រើន​ទៀត ទៅ​ឱ្យ​ម្តាយ​បង្កើត​របស់​លោក គឺ​អ្នកស្រី គង់ ម៉ៃ ដែល​មាន​ស្វាមី​ឈ្មោះ ម៉ៅ សាកន ធ្វើជា​ម្ចាស់​កម្មសិទ្ធិ។

ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១១ មីនា នេះ​ថា លោក ម៉ៅ ធនិន្ទ មាន​ក្រុម​ការងារ​ជា​បក្ខពួក​របស់​គាត់​ដែល​ជា​មន្ត្រី​សុរិយោដី​ក្នុង​ខេត្ត​កំពត ដូចជា លោក ស៊ីវ តុង អនុប្រធាន​ការិយាល័យ​សុរិយោដី​ខេត្ត​កំពត លោក សឹម ពិសិដ្ឋ ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្រុក​ឈូក ខេត្ត​កំពត លោក ព្រាប សុផាត អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​កំពត និង​មាន​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​គប់គិត​ប្រព្រឹត្ត​អំពើពុករលួយ​ច្បាម​យក​ដី​សាធារណៈ​របស់​រដ្ឋ ឱ្យ​ទៅ​អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន្ទ សព្វថ្ងៃ​នេះ។

ប្រភព​ព័ត៌មាន​ដដែល​លើកឡើង​ថា ក្រុម​អាជ្ញាធរ​ដែល​ជា​បក្ខពួក​អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន្ទ កំពុង​ដើរ​រាតត្បាត​យក​ដី​រដ្ឋ​គ្រប់​ទីកន្លែង​រហូត​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​ថែម​ទៀត ដូចជា​នៅ​ម្តុំ​ភ្នំ​ទ្វារ នៅ​ភ្នំ​ថ្កូវ នៅ​ឃុំ​ត្រពាំងឃ្លាំង ស្រុក​ឈូក ខេត្ត​កំពត ជាដើម ខណៈ​សារព័ត៌មាន​ក្នុង​ស្រុក​នានា និង​អាជ្ញាធរ​ក្នុង​ខេត្ត​កំពត មិន​ហ៊ាន​អនុវត្ត​ច្បាប់​ចំពោះ​អំពើ​រំលោភ​ដី​រដ្ឋ និង​ដី​ប្រជាពលរដ្ឋ​នេះ​ទេ ដោយសារតែ​មន្ត្រី​អាជ្ញាធរ​ខេត្ត​ទាំងនោះ​ខ្លាច​អំណាច​លោក ម៉ៅ ធនិន្ទ ដោយសារតែ​គាត់​ជា​ក្មួយ​ប្រសា​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន។

ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​ខេត្ត​កំពត បញ្ជាក់​ថា ការ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​លោក ម៉ៅ ធនិន្ទ កន្លង​មក គ្រាន់តែ​ជា​រូបភាព​បិទ​បាំង​ទង្វើ​ពុករលួយ​របស់​គាត់​ប៉ុណ្ណោះ ប៉ុន្តែ​ការពិត គឺ​អភិបាល​ខេត្ត​កំពត រូប​នេះ​កំពុង​ប្រព្រឹត្ត​អំពើ​ស្មោកគ្រោក​ជាង​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី ដែល​គាត់​បាន​ដោះស្រាយ​កន្លង​មក​រាប់​រយ​ដង​ឯណោះ ខណៈ​វិវាទ​ភាគច្រើន គាត់​ដោះស្រាយ​ដោយ​ប្រើ​អំណាច​ជា​ក្មួយ​ប្រសា​របស់​លោក ហ៊ុន សែន ជាជាង​ការ​ដោះស្រាយ​តាម​គតិបណ្ឌិត​យុត្តិធម៌​ច្បាប់។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋបាល​ខេត្ត​កំពត បាន​ចេញ​លិខិត​បដិសេធ​មួយ​ទៅ​កាន់​អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា​លោក សុខ សុគន្ធ ដែល​បាន​លើកឡើង​ពី​ការ​រំលោភ​យក​ដីធ្លី​របស់​រដ្ឋ​ពី​សំណាក់​អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន្ទ សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២៤ រដ្ឋបាល​ខេត្ត​កំពត បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​អះអាង​ថា ការ​លើកឡើង​ពី​លោក សុខ សុគន្ធ ហៅ ជេម សុខ អំពី​ការ​រំលោភ​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ពី​សំណាក់​អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន្ទ គ្រាន់តែ​ជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង ក្នុង​បំណង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង​មន្ត្រី​រាជការ​សាធារណៈ​ប៉ុណ្ណោះ។

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បញ្ជាក់​ថា ទីតាំង​ដែល​ស្ថិត​នៅ​ភ្នំ​ទ្វារ ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្ត​កំពត មាន​អាស្រម​លោក​យាយ​ម៉ៅ ដែល​ប្រជាពលរដ្ឋ​ចាត់ទុក​ជា​ទី​សក្ការៈ តែងតែ​មាន​សភាព​កកស្ទះ និង​មាន​គ្រោះថ្នាក់​ជារឿយៗ។ ហេតុ​ដូចនេះ​ហើយ​បាន​ជា​មាន​សំណូមពរ​ពី​មជ្ឈដ្ឋាន​នានា​ក្នុង​ខេត្ត​កំពត ទើប​លោក ម៉ៅ ធនិន្ទ ផ្ដួចផ្ដើម​សាងសង់​ទី​សក្ការៈ​អាស្រម​លោក​យាយ​ម៉ៅ នៅ​ខាងលើ​ភ្នំ​ទ្វារ វិញ មិនមែន​ជា​ការ​រំលោភ​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​នោះ​ទេ។

ទោះជា​យ៉ាងណាក៏ដោយ អ្នក​តាមដាន​ស្ថានការណ៍​ប្រទេស​កម្ពុជា​លោក សុខ សុគន្ធ ទាមទារ​ឱ្យ​បញ្ជាក់​ពី​ដី​នៅ​ម្តុំ​ជើងភ្នំ​ទ្វារ ស្ថិត​ក្នុង​ទីតាំង​ខាងលើ ថា​ជា​កម្មសិទ្ធិ​របស់​អ្នក​ណា​ឱ្យ​ពិតប្រាកដ បន្ទាប់ពី​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​កំពត បាន​ចេញ​លិខិត​បញ្ជាក់​ថា ដី​ដែល​លោក ម៉ៅ ធនិន្ទ ផ្ដួចផ្ដើម​សាងសង់​ទី​សក្ការៈ​អាស្រម​លោក​យាយ​ម៉ៅ នៅ​ខាងលើ​ភ្នំ​ទ្វារ នោះ គឺជា​ដី​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​កំពត។

លើស​ពី​នេះ លោក សុខ សុគន្ធ លើក​ជា​សំណួរ​ថា តើ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​កំពត ពិត​ជា​មាន​សិទ្ធិ​គ្រប់គ្រង​ដី​រដ្ឋ​នៅ​តំបន់​នោះ​មែន​ដែរ​ឬ​ក៏​អត់?

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់ ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ មីនា នេះ​ដែរ​ថា កាលពី​លោក ម៉ៅ ធនិន្ទ នៅ​ជា​អភិបាល​ខេត្ត​ពោធិ៍សាត់ គាត់​ក៏​បាន​រំលោភ​យក​ដី​រដ្ឋ​លក់​យក​លុយ​ដាក់​ហោប៉ៅ​ខ្លួនឯង​មិន​តិច​ដែរ ដូចជា ដី​នៅ​កោះ​ថាស ក្នុង​ស្រុក​ភ្នំ​ក្រវាញ ដី​នៅ​តំបន់​ភ្នំ​១៥០០ ក្នុង​ស្រុក​វាលវែង និង​ដី​ក្នុង​ទី​រួម​ខេត្ត​ពោធិ៍សាត់ ចំណុច​បឹង​កំប្លោក ជិត​រ៉ា​រថភ្លើង​ខេត្ត​ពោធិ៍សាត់ ដែល​បាន​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ស្ថានីយ​ប្រេងឥន្ធនៈ​ឈ្មោះ ប៉ា ប៉ា ជាដើម ខណៈ​មន្ត្រី​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ គ្មាន​នរណា​ម្នាក់​ហ៊ាន​ទម្លាយ​រឿងអាស្រូវ​នេះ​ទេ ព្រោះ​តែ​ពួកគេ​ខ្លាច​អំណាច​ក្មួយ​ប្រសា​លោក ហ៊ុន សែន ម្នាក់​នេះ។

ប្រភព​ប្រជាពលរដ្ឋ​បញ្ជាក់​ថា ដើម្បី​បិទ​បាំង​រឿង​ទុច្ចរិត​ខ្លួនឯង លោក ម៉ៅ ធនិន្ទ តែងតែ​ធ្វើ​កម្មវិធី​សប្បុរស​បន្លំ​ភ្នែក​ប្រជាពលរដ្ឋ ដូចជា​ចែក​អំណោយ​ជា​អង្ករ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដូចជា អ្នក​ប្រកប​មុខរបរ​ជា​អ្នក​រត់​ម៉ូតូឌុប ជាដើម ប៉ុន្តែ​អ្វី​ដែល​គាត់​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ គឺ​មាន​ចំនួន​លើស​ពី​ការ​ធ្វើ​សប្បុរសធម៌​របស់​គាត់​រាប់​រយ​ដង​ឯណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​រាជការ​មាន​ឋានៈ​តូចតាច​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ ក៏​បាន​បង្ហាញ​ពី​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ម្តង​រួច​មក​ហើយ​កាលពី​អំឡុង​ឆ្នាំ​២០២១ នៅ​ពេល​ដែល​ពួកគេ​បាន​ទទួល​ព័ត៌មាន​ថា ភរិយា​លោក ម៉ៅ ធនិន្ទ អភិបាល​ខេត្ត​ពោធិ៍សាត់ គឺ​អ្នកស្រី ហ៊ុន ចាន់ធី មាន​ចំណែក​ដី​នៅ​លើ​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ក្នុង​ខេត្ត​ព្រះសីហនុ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ នាំគ្នា​ភ្ញាក់ផ្អើល​ជា​ខ្លាំង បន្ទាប់ពី​បាន​ឃើញ​ឯកសារ​ស្នើ​កាត់​ឆ្វៀល​ដី​ចេញពី​ផែនទី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​មាន​ទំហំ​ផ្ទៃដី ៥​ហិកតា​ស្ថិត​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ជូន​ពលរដ្ឋ​ចំនួន ១០​គ្រួសារ​ដែល​សុទ្ធតែ​ជា​អ្នក​មាន​ទ្រព្យធន និង​មាន​អំណាច​ក្នុង​ជួរ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន ហើយ​ក្នុង​នោះ​ក៏​មាន​ឈ្មោះ​អ្នកស្រី ហ៊ុន ចាន់ធី ភរិយា​របស់​លោក ម៉ៅ ធនិន្ទ អតីត​អភិបាល​ខេត្ត​ពោធិ៍សាត់ ម្នាក់​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស