សម្តេច ប៉ាប Francis

ព័ត៌មានអន្តរជាតិ

សម្តេច ប៉ាប មេ​គ្រិស្ត​សាសនា​និកាយ​កាតូលិក ចង់​ឱ្យ​អ៊ុយក្រែន​លើក​ទង់​ស​ចុះចាញ់​រុស្ស៊ី

By ឌឹ ខេមបូឌា ដេលី

March 13, 2024

ប្រទេស​អ៊ុយក្រែន បើក​ការ​រិះគន់​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​ចំពោះ​សុន្ទរកថា​សម្តេច ប៉ាប Francis ដែល​ប្រាប់​ឱ្យ​អ៊ុយក្រែន យល់ព្រម​ចរចា​ជាមួយ​នឹង​រុស្ស៊ី ព្រោះតែ​សង្គ្រាម​បាន​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ច្រើន​សិប​ម៉ឺន​នាក់ ហេដ្ឋារចនាសម្ព័ន្ធ​បាន​រង​ការ​ខូចខាត​ស្ទើរ​ខ្ទេចខ្ទី និង​ពលរដ្ឋ​ភៀស​ខ្លួន​មាន​ច្រើន​លាន​នាក់​ថែម​ទៀត។

ក្នុង​បទសម្ភាសន៍​កាលពី​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្វីស RSI ដែល​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចុះផ្សាយ​កាលពី​អាទិត្យ ទី​១០ ខែ​មីនា សម្តេច ប៉ាប Pope Francis បាន​អំពាវនាវ​ឱ្យ​មេដឹកនាំ​អ៊ុយក្រែន មិន​ត្រូវ​ខ្មាសអៀន​ក្នុង​ការ​ចរចា​នៅ​មុន​ពេល​ដែល​រឿងរ៉ាវ​ឈាន​ទៅ​រក​ភាព​កាន់តែ​ចុះ​ខ្សោយ និង​ត្រូវ​មាន​សេចក្តី​ក្លាហាន​នៃ​ការ​លើក​ទង់​ស​ចុះចាញ់ និង​សេចក្តី​ក្លាហាន​នៃ​ចរចា​បញ្ចប់​សង្គ្រាម​ជាមួយ​រុស្ស៊ី។

សម្តេច ប៉ាប Francis ដែល​មាន​ព្រះជន្ម ៨៧​វស្សា បាន​ថ្លែង​ថា ជា​ការពិត​ដែល​ខ្លាំង​ជាងគេ​បំផុត​នោះ គឺ​មនុស្ស​ម្នាក់​ដែល​ចេះ​សម្លឹង​មើល​ស្ថានភាព ជា​មនុស្ស​គិត​អំពី​ប្រជាជន និង​ជា​មនុស្ស​មាន​សេចក្តី​ក្លាហាន​ហ៊ាន​ចុះចាញ់ និង​ហ៊ាន​ធ្វើ​ការ​ចរចា។ ខ្លឹមសារ​ដើម​នៃ​ការ​ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​នោះ មាន​ដូចជា​ថា បច្ចុប្បន្ន​នេះ អ្នក​អាច​ធ្វើ​ការ​ចរចា​ដោយ​ការ​ជួយ​ពី​មហាអំណាច​អន្តរជាតិ។ ដូច្នេះ ចូរ​កុំ​ខ្មាសអៀន​ក្នុង​ការ​ចរចា​នៅ​មុន​ពេល​ដែល​រឿងរ៉ាវ​នោះ​ឈាន​ទៅ​រក​ភាព​កាន់តែ​ចុះ​ខ្សោយ។

ទោះជា​បែប​នេះ​ក្ដី បន្ទូល​របស់​ព្រះ​ពិសិដ្ឋ​សង្ឃរាជ សម្តេច ប៉ាប Francis បាន​រង​នូវ​ការ​រិះគន់​វាយប្រហារ​វិញ​ពី​មេដឹកនាំ​ប្រទេស​អ៊ុយក្រែន រួម​ទាំង​មេដឹកនាំ​ប្រទេស​សម្ព័ន្ធមិត្ត​អ៊ុយក្រែន ផង​ដែរ។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក Dmytro Kuleba បាន​សម្ដែង​ប្រតិកម្ម​ដោយ​បែប​ចំអក​វិញ​ថា ទង់ជាតិ​របស់​អ៊ុយក្រែន គឺ​ទង់ជាតិ​ពណ៌​លឿង និង​បៃតង គឺជា​ទង់ជាតិ​ដែល​ប្រជាជន​អ៊ុយក្រែន ប្ដេជ្ញា​រស់ និង​ស្លាប់​ដោយ​ត្រូវ​រក្សា​ទង់ជាតិ​នេះ​ឱ្យ​មាន​ជា​ដរាប គឺ​មិន​លើក​ទង់​ណា​ក្រៅពី​ទង់ជាតិ​របស់​អ៊ុយក្រែន បច្ចុប្បន្ន​នេះ​ឡើយ។

ប្រមុខ​ការទូត​អ៊ុយក្រែន បាន​ហៅ​បន្ទូល​សម្តេច ប៉ាប Francis ដូចជា​ការ​យក​សាំង​មក​ចាក់​លើ​អណ្ដាតភ្លើង​ដែល​កំពុងតែ​ឆាបឆេះ។

ដោយឡែក​លោក វូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតី​អ៊ុយក្រែន នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​តួកគី រ៉ាចិប អ៊ីឌូហ្គាន់ នៅ​ទីក្រុង​អ៊ីស្តាន់ប៊ុល លោក​បាន​បញ្ជាក់​ថា រូបលោក​ចង់​បាន​សន្តិភាព​ក៏​ពិត​មែន តែ​លោក​នឹង​មិន​បោះបង់​ចោល​ទឹកដី​របស់​អ៊ុយក្រែន ដាច់ខាត។ លោក​បន្ត​ថា ផែនការ​សន្តិភាព​អ៊ុយក្រែន គឺ​តម្រូវ​ឱ្យ​កងទ័ព​រុស្ស៊ី ទាំងអស់ ដក​ចេញ​ពី​ទឹកដី​អ៊ុយក្រែន។

លោក ហ្សេឡេនស្គី បញ្ជាក់​ដូចនេះ​ចំពោះ​ការ​បញ្ចុះ​បញ្ចូល​ពី​ប្រធានាធិបតី​តួកគី ដែល​ស្នើ​ឱ្យ​អ៊ុយក្រែន វិល​ទៅ​រក​តុ​ចរចា​វិញ ហើយ​ត្រូវ​រក​ដំណោះស្រាយ​បញ្ចប់​សង្គ្រាម។

គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី​១១ ខែ​មីនា ឆ្នាំ​២០២៤ នេះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន បាន​ឈាន​ចូល ៧៤៦​ថ្ងៃ​ហើយ។ ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​មក​នេះ រុស្ស៊ី​បាន​ចូល​គ្រប់គ្រង​តំបន់​មួយ​ភាគ​នៅ​ភាគ​ខាងកើត និង​ខាងត្បូង ប៉ុន្តែ​តំបន់​ទាំងនោះ​កំពុង​ធ្លាក់​ក្នុង​សង្គ្រាម​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ធ្ងន់ធ្ងរ ដែល​រុស្ស៊ី​ព្យាយាម​វាយ​ពង្រីក​ថែម​ទៀត ហើយ​អ៊ុយក្រែន​ព្យាយាម​ប្រយុទ្ធ​ទប់ទល់។

ទោះជា​សង្គ្រាម​នៅតែ​ស្ថិត​ក្នុង​ភាព​ទាល់ច្រក ហើយ​ចាញ់​ប្រៀប​ជាង​រុស្ស៊ី​ក៏ដោយ តែ​អ៊ុយក្រែន​មិន​ព្រម​ចរចា​ដោយ​ការ​ធ្វើ​សម្បទាន​ទឹកដី​ឲ្យ​រុស្ស៊ី​ឡើយ។

អ្នក​សង្កេតការណ៍​នៃ​ក្រុម​បស្ចិម​ប្រទេស​មើល​ឃើញ​ភាព​ខ្លាំង​របស់​មេដឹកនាំ​អ៊ុយក្រែន ដែល​មិន​ព្រម​ចុះចាញ់​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន ព្រោះតែ​អ៊ុយក្រែន សង្ឃឹម​ថា រុស្ស៊ី​អាច​នឹង​អស់​ថាមពល​ប្រយុទ្ធ​នៅ​ពេល​ដែល​ទ័ព​រុស្ស៊ី អស់​លទ្ធភាព​វាយ​យក​ទឹកដី​ពី​អ៊ុយក្រែន ថែម​ទៀត​នៅ​ភាគ​ខាងត្បូង និង​ខាងកើត។ ជាមួយ​គ្នា​នេះ អ៊ុយក្រែន នៅតែ​សង្ឃឹម​ថា សហរដ្ឋ​អាមេរិក និង​ក្រុម​បស្ចិម​ប្រទេស នៅតែ​បន្ត​ផ្ដល់​អាវុធ និង​ហិរញ្ញវត្ថុ​ទៅ​ឱ្យ​អ៊ុយក្រែន រហូត​ទាល់តែ​រុស្ស៊ី​យល់ព្រម​បញ្ចប់​សង្គ្រាម៕