លោក ប៉ែន បូណា ប្រធាន​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​សរសើរ​ស្ញប់ស្ញែង​អតីត​ប្រមុខ​រដ្ឋាភិបាល​ថា​ជា​វីរបុរស​សិទ្ធិមនុស្ស

By ឌឹ ខេមបូឌា ដេលី

March 13, 2024

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ចាត់ទុក​ការ​លើកឡើង​ពី​ប្រធាន​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា ដែល​អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ជា​វីរជន​សិទ្ធិមនុស្ស​ពិតប្រាកដ​នៅ​ប្រទេស​កម្ពុជា គឺជា​ការ​បំភ្លៃ​ការពិត និង​និយាយ​ក្នុង​បំណង​ដើម្បី​ចង់​បាន​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ពី​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ មីនា នេះ​ថា សម្ដី​លោក ប៉ែន បូណា បែប​នេះ គឺជា​សម្ដី​សម្លាប់​ទឹកចិត្ត​ពលរដ្ឋ​រងគ្រោះ​រាប់​លាន​នាក់​ដែល​រង់ចាំ​យុត្តិធម៌​ពី​ការ​ធ្វើបាប និង​ការ​ស្លាប់​ទាំង​អយុត្តិធម៌​ដោយសារ​ទង្វើ​របស់​លោក ហ៊ុន សែន នា​ពេល​កន្លង​មក ជាពិសេស​អំពើ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​លើ​សកម្មជន​សង្គម​ល្បីៗ ការ​ទទួល​យក​ផែនការ «ក​៥» ពី​អ្នកដឹកនាំ​វៀតណាម​ទៅ​អនុវត្ត​ដែល​បាន​សម្លាប់​បុរស​ខ្មែរ​ជាង ២​សែន​នាក់ និង​ការ​ធ្វើ​រដ្ឋប្រហារ​នា​ឆ្នាំ​១៩៩៧ ដែល​សម្លាប់​កងកម្លាំង​រាជា​និយម​ដើម្បី​ដណ្តើម​អំណាច។

លោក គឹម សុខ លើកឡើង​ថា ការ​អះអាង​ពី​លោក ប៉ែន បូណា បែប​បំភ្លៃ​ការពិត​បែប​នេះ គ្រាន់តែ​បង្ហាញ​ថា គាត់​ជា​មនុស្ស​ដែល​បន្លំ​បន្លប់​ប្រវត្តិសាស្ត្រ​ពិត​របស់​ខ្មែរ និង​ជា​មនុស្ស​ដែល​កំពុង​ប្រឹង​កេង​ប្រវ័ញ្ច​រក​ប្រយោជន៍​មុខមាត់ និង​លាភ​សក្ការៈ​ពី​លោក ហ៊ុន សែន ប៉ុណ្ណោះ ព្រោះ​ថា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​សុទ្ធតែ​ដឹង​ថា ផែនការ​រំដោះ​ប្រទេស​កម្ពុជា​ពី​របប ប៉ុល ពត គឺជា​ការ​រៀបចំ​នៃ​កងទ័ព​វៀតណាម ផ្តើម​គំនិត​ដោយ​បក្ស​កុម្មុយនីស្ត​យៀកណាម ដើម្បី​គ្រប់គ្រង​ប្រទេស​ខ្មែរ ខណៈ​លោក ហ៊ុន សែន ក៏​សុខចិត្ត​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​តាម​បង្គាប់​មេដឹកនាំ​វៀតណាម ដែរ ដើម្បី​ឱ្យ​គាត់​អាច​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ជាង ៤០​ឆ្នាំ​មក​នេះ។

អ្នកវិភាគ​នយោបាយ​រូប​នេះ​បញ្ជាក់​ថា បើ​លោក ប៉ែន បូណា ចង់​ធ្វើ​ជា​ទុយ៌សជន​សម្រាប់​ជាតិ​ខ្មែរ គាត់​អាច​បន្ត​ទង្វើ​អគុណធម៌​បែប​នេះ​បាន ប៉ុន្តែ​បើ​គាត់​ជា​មនុស្ស​មាន​ឧត្តមគតិ​តែ​បន្តិច គាត់​មិន​អាច​និយាយ​ភាសា​បែប​មនុស្ស​រមិលគុណ​ជាតិ​សាសន៍​ខ្លួនឯង​បែប​នេះ​ទេ ព្រោះ​ថា​នរណា​ក៏​ដឹង​ដែរ​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​រំលោភ​ច្បាប់ រំលោភ​មុខនាទី​ព្រះមហាក្សត្រ រំលោភ​សិទ្ធិ​​ពលរដ្ឋ និង​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ឧក្រិដ្ឋកម្ម​ធំៗ​ជាច្រើន​ថែម​ទៀត ដូច្នេះ​ទង្វើ​ដ៏​ព្រៃផ្សៃ​របស់​លោក ហ៊ុន សែន ដែល​លោក​រៀបរាប់​ខ្លះៗ​ទាំងអស់​នេះ មិន​គួរ​ថា​លោក ប៉ែន បូណា មិន​ដឹង​នោះ​ទេ​ក្នុង​នាម​ជា​បញ្ញវន្ត​ខ្មែរ​អ្នក​សិក្សា​ស្រាវជ្រាវ​មួយ​រូប​ដែរ​នោះ។

កាលពី​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៤ ប្រធាន​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​លោក ប៉ែន បូណា បាន​លើកឡើង​ក្នុង​កម្មវិធី​មួយ​ដែល​រៀបចំ​ដោយ​អង្គភាព​សារព័ត៌មាន​បម្រើ​នយោបាយ​ឱ្យ​បក្ស​កាន់​អំណាច ដោយ​លើកឡើង​ថា លោក ហ៊ុន សែន ទើប​ជា​វីរជន​សិទ្ធិមនុស្ស​ពិតប្រាកដ​នៅ​ប្រទេស​កម្ពុជា ដោយសារតែ​គាត់​បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់​តស៊ូ​តតាំង​ជាមួយ​កម្លាំង​ខ្មែរក្រហម រំដោះ​ប្រជាពលរដ្ឋ​ឱ្យ​បាន​រស់​រាន​មាន​ជីវិត​ឡើងវិញ ខណៈ​អង្គការ​សង្គម​ស៊ីវិល​មិន​បាន​លេច​មុខ​មក​ទេ​នា​សម័យ​នោះ។

យ៉ាងណាមិញ ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩ កងទ័ព​វៀតណាម បាន​លើក​បន្តុប​លោក ហ៊ុន សែន ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​នៅ​ឆ្នាំ​១៩៨៥ បន្ទាប់ពី​មេដឹកនាំ​ខ្មែរ​រូប​នេះ​យល់ព្រម​បម្រើ​ផែនការ​វៀតណាម បញ្ជូន​បុរស​ខ្មែរ​ពេញ​វ័យ​ជាង ២​សែន​នាក់​ឱ្យ​ទៅ​ស្លាប់​ក្នុង​ផែនការ «ក​៥» តាក់តែង​ដោយ​មេ​មនោគមន៍វិជ្ជា​វៀតណាម ឡេ ឌឹកថ ជា​ថ្នូរ​នឹង​ការ​ជួយ​ជ្រោមជ្រែង​អំណាច​ពី​កងទ័ព​វៀតណាម នា​សម័យ​នោះ។

ក្រៅពី​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​ផែនការ «ក​៥» ជាង ២​សែន​នាក់ លោក ហ៊ុន សែន ក៏​ជាប់​ឈ្មោះ​ក្នុង​ឧក្រិដ្ឋកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​ផ្សេង​ទៀត​ដែរ ដូចជា៖

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចងក្រង​សេចក្តី​រាយការណ៍​កាលពី​ពេល​កន្លង​ទៅ​ថា ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​បង្កើត​ឲ្យ​មាន​ការ​សម្លាប់ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​រាប់​មិន​អស់ ដែល​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ពុំ​មាន​ទោសទណ្ឌ ក្នុង​នោះ លោក ហ៊ុន សែន បាន​ដំឡើង​បុណ្យ​ស័ក្តិ និង​ផ្តល់​រង្វាន់​ដល់​ពួក​ឃាតករ​ទាំងនោះ​ជាច្រើន​នាក់ ឱ្យ​ដឹកនាំ​ក្នុង​រដ្ឋាភិបាល​របស់​លោក​រហូត​ដល់​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា មេដឹកនាំ​ខ្មែរ​បាតដៃ​ប្រឡាក់​ឈាម​លោក ហ៊ុន សែន បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​ធំៗ​ទាំងអស់​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូចជា ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ឈ្លានពាន និង​ឧក្រិដ្ឋកម្ម​បែប​ភេរវកម្ម​រដ្ឋ ឬ​ឧក្រិដ្ឋកម្ម​បែប​បណ្ដាញ ដែល​ភស្តុតាង​នៃ​ឧក្រិដ្ឋកម្ម​ទាំងនោះ​គឺ​សុទ្ធតែ​មាន​ក្នុង​ដៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ទាំងអស់។

ប្រភព​ដដែល​បញ្ជាក់​ថា លោក ហ៊ុន សែន គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម​អំឡុង​ពេល​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧ ដោយសារតែ​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​ស្ថិត​ក្រោម​ការ​បញ្ជា​របស់​គាត់ បាន​សម្លាប់​ឈ្លើយសឹក​ដែល​បាន​សារភាព​ចុះចាញ់​រាប់​រយ​នាក់ ដែល​ជា​ការ​រំលោភ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ស្តីអំពី​ច្បាប់​សង្គ្រាម​យ៉ាង​ធ្ងន់ធ្ងរ។

រដ្ឋប្រហារ​បង្ហូរ​ឈាម​ថ្ងៃទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ត្រូវ​គេ​ចាត់ទុក​ថា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​មាន​លោក ហ៊ុន សែន ជា​មេខ្លោង ព្រោះ​ថា​កម្លាំង​កងទ័ព​ដែល​លោក ហ៊ុន សែន ជា​អ្នក​បញ្ជា បាន​ធ្វើ​ទារុណកម្ម និង​សម្លាប់​ឈ្លើយសឹក​ដែល​បាន​សារភាព​ចុះចាញ់​គ្មាន​អាវុធ​ក្នុង​ដៃ​យ៉ាង​ព្រៃផ្សៃ ដែល​ជា​ការ​រំលោភ​បំពាន​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ស្តីអំពី​ច្បាប់​សង្គ្រាម​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​នោះ គេ​បាន​រក​ឃើញ​សាកសព​កងទ័ព​រាជា​និយម​ដែល​ត្រូវ​គេ​សម្លាប់ ហើយ​កប់​ក្នុង​ដី​រាក់ៗ ដៃ​ទាំង​សងខាង​ត្រូវ​ជាប់​ចំណង ភ្នែក​ទាំង​គូ​ត្រូវ​គេ​ខ្វេះ និង​ដងខ្លួន​ពោរពេញ​ដោយ​ស្នាម​ជាំ​គ្រប់​កន្លែង ដែល​បង្ហាញ​ពី​ការ​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ មុន​នឹង​ត្រូវ​គេ​សម្លាប់។

ចំពោះ​រឿង​ទាក់ទង​នឹង​កងទ័ព​ប្រជាជន​យៀកណាម ឈ្លានពាន​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ជាង ១០០​ប្រទេស បាន​បោះឆ្នោត​ថ្កោលទោស​រដ្ឋាភិបាល​យៀកណាម នា​ឆ្នាំ​១៩៧៩ ថា​បាន​បំពាន​ធម្មនុញ្ញ​សហប្រជាជាតិ។

វិធី​តាក់តែង រៀបចំ​ឆាក​ដើម្បី​កុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ចោទ​ថា រំលោភ​បំពាន​អធិបតេយ្យ​ជាតិ​ខ្មែរ គេ​ប្រមូលផ្ដុំ​មនុស្ស​ជា​ពលរដ្ឋ​ខ្មែរ​សម័យ​ខ្មែរក្រហម​ឲ្យ​ស្លៀកពាក់​ខ្មៅៗ ឬ​បៃតង​ក្រម៉ៅ​នៅ​ជួរ​មុខ ទាហាន​យៀកណាម ស្លៀកពាក់​ដូច​ខ្មែរ​នៅ​ជួរ​ក្រោយ ហើយ​ថត​បង្ហាញ​បរទេស​ថា ខ្មែរ​ងើប​បះបោរ​ប្រឆាំង​នឹង​របប ប៉ុល ពត។ គេ​ប្រកាស​ថា គេ​មក​ជួយ​រំដោះ​ខ្មែរ​កុំ​ឲ្យ​ស្លាប់​ដាច់​ពូជ​។ តាម​ពិត ពួក​ខ្មែរក្រហម និង​ខ្មែរ​យៀកមិញ​ក្រហម បាន​រួម​រស់​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​គ្នា​ក្នុង​សង្គ្រាម ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​ជ្រោមជ្រែង​ពី​ទ័ពព្រៃ​យៀកណាម​ខាងជើង-យៀកកុង ដើម្បី​សម្លាប់​បញ្ញវន្ត​ខ្មែរ​រត់​តាម​សម្តេច នរោត្តម សីហនុ និង​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និង​វត្ត​អារាម​ក្នុង​ស្រុក​ខ្មែរ​ឲ្យ​ខ្ទេចខ្ទាំ។

សាក្សី​ខ្មែរ​ជាច្រើន​នាក់​បាន​និយាយ​ថា សមមិត្ត ហ៊ុន សែន កម្មាភិបាល​យោធា​ខ្មែរក្រហម បាន​រត់​ទៅ​ប្រទេស​យៀកណាម ហើយ​ត្រូវ​បាន​យោធា​ខេត្ត​ជាប់​ព្រំដែន​ចាប់​ដាក់​ក្នុង​កន្លែង​ឃុំគ្រង ឬ​ហៅ​ថា​គុក។ មនុស្ស​ត្រូវ​ឡើង​កាន់​អំណាច​ស្រុក​ខ្មែរ​ដែល​ក្រុង​ហាណូយ គាប់​ចិត្ត គឺ​សមមិត្ត ស ភឹម ប៉ុន្តែ​ស្លាប់​បាត់​ទៅ​ក្នុង​របប​ខ្មែរក្រហម។ ហេតុ​ហ្នឹង​ហើយ ទើប​លេច​ចេញ​សមមិត្ត ប៉ែន សុវណ្ណ ហេង សំរិន ជា ស៊ីម និង ហ៊ុន សែន មក​ជំនួស​វិញ។

ក្រុង​ហាណូយ ទុកចិត្ត​សមមិត្ត ហ៊ុន សែន ជាង​មនុស្ស​ចំណាស់ៗ ពីព្រោះ​គាត់​គ្រា​នោះ​នៅ​ក្មេង ចិត្ត​ដាច់ អ្វី​ក៏​ហ៊ាន​ធ្វើ​តាម​បង្គាប់​បញ្ជា​ជំនាញការ​យៀកណាម ដូចជា​ទៅ​ចាប់​សមមិត្ត ប៉ែន សុវណ្ណ និង​កម្ចាត់​បក្ខពួក​របស់​គាត់ ព្រមទាំង​អនុវត្ត​ផែនការ «ក​៥» ហើយ​និង​អនុញ្ញាត​ឲ្យ​អាណិកជន​យៀកណាម ចូល​មក​តាំង​ទី​លំនៅ​ពាសពេញ​ស្រុក​ខ្មែរ ជាដើម។

អ្នក​នាំពាក្យ​រដ្ឋាភិបាល គួរតែ​ដឹង​រឿងរ៉ាវ​ជាតិ​ឲ្យ​ច្រើន​បំផុត ដើម្បី​ចៀសវាង​ការ​និយាយ​បំភ័ន្ត​មតិ​សាធារណៈ ដែល​ស្មើ​នឹង​ការ​និយាយ​បំពុល​សង្គម​មិន​ឲ្យ​ដឹង​រឿង​ពិត​អំពី​ប្រវត្តិសាស្ត្រ​នោះ​ដែរ៕