អតីត​ឧកញ៉ា ឡេង ចាន់ណា ថត​រូប​ជាមួយ​លោក ហ៊ុន ម៉ាណែត នា​ពេល​កន្លង​ទៅ។

ច្បាប់

ក្រុម​ឃ្លាំមើល​ថា​តុលាការ​គួរ​តែ​ស្រាវជ្រាវ​រក​ខ្សែរយៈ​នៅ​ពីក្រោយ​ឧកញ៉ា ឡេង ចាន់ណា ក្រៅពី​ដក​គោរមងារ

By ឌឹ ខេមបូឌា ដេលី

March 16, 2024

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើក​ជា​សំណួរ​ថា តើ​ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក ២​នាក់ ដែល​ត្រូវ​តុលាការ​ចាប់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ អាច​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ឆបោក​លុយ​រាប់​សិប​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដោយ​គ្មាន​អ្នក​មាន​អំណាច​ណា​ម្នាក់​នៅ​ពីក្រោយ​ខ្នង​កើត​ដែរ​ឬ​ទេ បន្ទាប់ពី​ប្រមុខ​រដ្ឋ​ស្តីទី​លុប​គោរមងារ​ឧកញ៉ា នៅ​ថ្ងៃទី​១៤ ខែ​មីនា នេះ។

យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោក សាយ ឈុំ ប្រមុខ​រដ្ឋ​ស្តីទី នៅ​ថ្ងៃទី​១៤ ខែ​មីនា នេះ បាន​ឲ្យ​ដឹង​ថា អ្នកស្រី ឡេង ចាន់ណា ដែល​កំពុង​ជាប់​ឃុំ និង​រង​បទ​ចោទ​ចំនួន ៣ ពី​អយ្យការ​សាលាដំបូង​ខេត្ត​សៀមរាប ត្រូវ​បាន​បញ្ចប់​គោរមងារ​ឧកញ៉ា។

ទាក់ទង​នឹង​ករណី​អ្នកស្រី ឡេង ចាន់ណា នេះ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ មីនា នេះ ដោយ​ភ្ជាប់​រូបថត​លោក ហ៊ុន ម៉ាណែត និង​ឧកញ៉ា ឡេង ចាន់ណា ឈរ​ទន្ទឹម​គ្នា​ក្នុង​កម្មវិធី​មួយ​កាលពី​ពេល​កន្លង​ទៅ​ថា ការ​ចាប់​ខ្លួន​ឧកញ៉ា ឡេង ចាន់ណា គឺ​ធ្វើ​ឡើង​ដោយសារតែ​មហាជន​ធ្វើការ​តវ៉ា​ទាមទារ​កាន់តែ​ខ្លាំង មិនមែន​ដោយសារតែ​អាជ្ញាធរ​បើក​ការ​ស៊ើបអង្កេត​រក​ឃើញ​បទល្មើស​ឆបោក​នោះ​ទេ ដូច្នេះ​ចម្ងល់ គឺ​នៅ​ត្រង់​ថា តើ​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ចាប់​ខ្លួន​នេះ ព្រោះតែ​មកពី​ខ្លាច​សំឡេង​មហាជន​ប៉ះពាល់​ដល់​នាយករដ្ឋមន្ត្រី​ស្នង​ត្រកូល​លោក ហ៊ុន ម៉ាណែត ដែល​ជា​មេ​ដំបូល​របស់​ខ្លួន ឬ​ក៏​យ៉ាងណា។

លោក​បន្ថែម​ថា តុលាការ​បាន​ចោទប្រកាន់​ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក​អំពី​បទ​ឆបោក អំពី​បទ​ចេញ​សែក​ស្អុយ និង​អំពី​បទល្មើស​លាង​សម្អាត​ប្រាក់ ដូច្នេះ ចំណុច​ដែល​គួរ​ឱ្យ​សង្ស័យ​បន្ថែម​ទៀត​នោះ គឺ​ថា​តើ​បក្ខពួក​តូចតាច​របស់​ឧកញ៉ា ឡេង ចាន់ណា អាច​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ដូច​ដែល​តុលាការ​ចោទប្រកាន់​ទាំង ៣ ករណី​ខាងលើ​បាន​ដែរ​ឬ​ទេ។ ផ្ទុយទៅវិញ បើ​ពិត​ជា​រក​ឃើញ​នូវ​បទល្មើស​ឧក្រិដ្ឋ​បែប​នេះ​មែន តើ​តុលាការ​គួរ​បើក​ការ​ស៊ើបអង្កេត​រក​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឆបោក​នេះ​ដែរ​ឬ​ក៏​អត់ ឬ​ក៏​ត្រូវ​បញ្ឈប់​ត្រឹម​ការ​ចាប់​ខ្លួន​ជនសង្ស័យ​ហ្នឹង។

លោក គឹម សុខ លើកឡើង​ថា មុន​នឹង​ឈាន​ដល់​ការ​ចាប់​ខ្លួន ក៏​មាន​ការ​ទម្លាយ​វីដេអូ​ច្រើន​ដែរ ដែល​ឧកញ៉ា ឡេង ចាន់ណា និយាយ​ពី​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង​របស់​ខ្លួន ដែល​ក្នុង​នោះ​ក៏​ពាក់ព័ន្ធ​នឹង​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដែរ ដូច្នេះ​តើ​ការ​ចាប់​ខ្លួន​នេះ​ជា​ការ​ធ្វើ​ឡើង​ដើម្បី​បំបិទ​មាត់​ឧកញ៉ា​រូប​នេះ ដែល​ចេះ​តែ​និយាយ​ឱ្យ​បែក​សាច់រឿង​ផ្ទៃក្នុង​ដែរ​ទេ។

អ្នកវិភាគ​នយោបាយ​រូប​នេះ​បញ្ជាក់​ថា តាមរយៈ​បទល្មើស​ដែល​ឧកញ៉ា ឡេង ចាន់ណា បាន​ប្រព្រឹត្ត គាត់​មិន​អាច​គេច​ផុត​ពី​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ទេ ប៉ុន្តែ​មិនមែន​ចាប់​ខ្លួន​ដោយ​គ្មាន​ការ​ស៊ើបអង្កេត​តាម​រក​បណ្ដាញ​បក្ខពួក​ជួយ​ជ្រោមជ្រែង​ឧកញ៉ា​រូប​នេះ​ឡើយ ព្រោះ​ថា​បើ​មិន​ធ្វើការ​ស៊ើបអង្កេត​រក​ខ្សែ​បណ្ដាញ​បក្ខពួក​នោះ​ទេ គឺ​នៅតែ​បន្ត​ឱ្យ​មាន​ការ​សង្ស័យ​ជុំវិញ​អំពើ​ឆបោក​នេះ ទោះបីជា​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចេញ​សេចក្តី​បំភ្លឺ​រឿង​នេះ​ហើយ​ក៏ដោយ ក៏​មិន​យក​ជា​មូលដ្ឋាន​ត្រឹមត្រូវ​តាម​ច្បាប់​ដែរ។

កាលពី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៤ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​សៀមរាប ដើម្បី​បន្ត​នីតិវិធី​ច្បាប់​ភ្លាមៗ ក្រោយ​ទទួល​បាន​បណ្តឹង​អ្នកស្រី រ៉េត សុធីតា ដែល​ជា​តំណាង​ពលរដ្ឋ​រងគ្រោះ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ កន្លង​ទៅ។

ក្រោយ​ការ​ចាប់​ខ្លួន និង​សួរ​ចម្លើយ នៅ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៤ អ្នកស្រី ឡេង ចាន់ណា និង​បក្ខពួក ២​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​ចោទប្រកាន់​អំពី​បទ «ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស (ជា​ក្រុម​មាន​ការ​ចាត់តាំង)» តាម​បញ្ញត្តិ​មាត្រា​៣៧៧ និង​មាត្រា​៣៨០ ចំណុច​៥ នៃ​ក្រមព្រហ្មទណ្ឌ អំពី​បទ​លាង «សម្អាត​ប្រាក់» តាម​បញ្ញត្តិ​មាត្រា​៣៨ នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ពី​បទ «មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន» ឬ​ចេញ​សែក​ស្អុយ​តាម​បញ្ញត្តិ​មាត្រា​២៣១ នៃ​ច្បាប់​ស្ដីពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់។

មុន​នឹង​ឈាន​ដល់​ការ​ចាប់​ឃុំ​ខ្លួន និង​ការ​ចោទប្រកាន់​នេះ មាន​វីដេអូ​បែកធ្លាយ​ជាច្រើន​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​បង្ហាញ​អំពី​ឧកញ៉ា ឡេង ចាន់ណា លើកឡើង​ក្នុង​វីដេអូ​ខ្លីៗ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​មាន​ន័យ​ថា រាល់​សកម្មភាព​របស់​ខ្លួន​កន្លង​មក គឺ​មាន​ការ​គាំទ្រ​ពី​នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ ដូចជា​ថា លោក ហ៊ុន ម៉ាណែត គឺជា​អ្នក​បង្កើត​សមាគម​ពលករ និង​អតីត​ពលករ​ដើម្បី​សប្បុរសធម៌​ដែល​ខ្លួន​កំពុង​ដឹកនាំ​ធ្វើ​សកម្មភាព​កន្លង​មក ជាដើម។

ទោះជា​មាន​ការ​អះអាង​បែប​នេះ​ក្តី បន្ទាប់​វីដេអូ​ខាងលើ​ត្រូវ​បាន​ផ្សព្វផ្សាយ​កាន់តែ​ខ្លាំង ខណៈ​ការ​តវ៉ា​ក៏​កាន់តែ​ផ្ទុះ​ឡើង ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចេញ​សេចក្ដី​បំភ្លឺ​មួយ​កាលពី​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដោយ​អះអាង​ថា លោក ហ៊ុន ម៉ាណែត មិន​បាន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វល ដូច​ការ​លើកឡើង​ពី​អ្នកស្រី ឡេង ចាន់ណា នោះ​ទេ ខណៈ​ឧកញ៉ា ឡេង ចាន់ណា ក៏​បាន​ចេញ​បំភ្លឺ​កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ថា ការ​លើកឡើង​របស់​ខ្លួន​កន្លង​មក មិន​បាន​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន ម៉ាណែត ដែរ។ ក្នុង​ករណី​នេះ គេ​អាច​និយាយ​បាន​ថា អ្នកស្រី ឡេង ចាន់ណា កុហក​សាធារណជន និង​អាជ្ញាធរ។

នៅ​ប្រទេស​កម្ពុជា គេ​ឃើញ​មាន​ក្រុម​ឆបោក​លុយ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ដូច​ឧកញ៉ា ឡេង ចាន់ណា ច្រើន​ណាស់ ទាំង​នៅ​ជនបទ ទាំង​នៅ​ទីក្រុង ដោយ​ពួកគេ​ឃោសនា​ថា ក្រុមហ៊ុន​របស់​ពួកគេ​នឹង​ផ្តល់​ការប្រាក់​ជា​រៀង​រាល់​ខែ ប្រសិនបើ​ប្រជាពលរដ្ឋ​ណា​ម្នាក់​យក​លុយ​ទៅ​ដាក់​ទុន​នៅ​ក្នុង​ក្រុមហ៊ុន​របស់​ពួកគេ​នោះ។ ក្រោយ​ពេល​ដាក់​លុយ​ចូល​ក្នុង​ក្រុមហ៊ុន​ទាំងនោះ​បាន​រយៈពេល ២ ទៅ ៣​ខែ​ដំបូង ម្ចាស់​លុយ​ទាំងនោះ​តែងតែ​ទទួល​បាន​ការប្រាក់​យ៉ាង​ទៀងទាត់ ក្នុង​នោះ​មាន​ម្ចាស់​លុយ​ខ្លះ​បាន​ដាក់​លុយ​ថែម​រហូត​ដល់​រាប់​សិប​ម៉ឺន​ដុល្លារ​អាមេរិក និង​ណែនាំ​ឱ្យ​សាច់ញាតិ មិត្តភក្ដិ ព្រមទាំង​ខ្ចី​លុយ​ធនាគារ​យក​លុយ​ទៅ​ដាក់​ក្នុង​ក្រុមហ៊ុន​នោះ​ថែម​ទៀត ប៉ុន្តែ​នៅ​ខែ​ទី​៥ ឬ​ខែ​ទី​៦ ខាង​ក្រុមហ៊ុន​មិន​បាន​ផ្តល់​ការប្រាក់​ឱ្យ​ម្ចាស់​លុយ​ទៀត​ទេ ខណៈ​ម្ចាស់​លុយ​ទៅ​តវ៉ា​យក​លុយ​របស់​ខ្លួន​ត្រឡប់​មក​វិញ ភាគី​ខាង​ក្រុមហ៊ុន​ចេះ​តែ​ដោះសា​រហូត​លុយ​ទាំងនោះ​បាត់បង់​ទាំងស្រុង​តែម្តង។

ក្រុមហ៊ុន​ប្រភេទ​នេះ​បាន​ធ្វើ​ប្រតិបត្តិការ​ឆបោក​លុយ​ពី​ប្រជាពលរដ្ឋ​ស្ទើរ​ទូទាំង​ប្រទេស​កម្ពុជា​ទៅ​ហើយ​សព្វថ្ងៃ​នេះ ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​រាជរដ្ឋាភិបាល​មាន​វិធានការ​ច្បាប់​ណា​មួយ​លើ​ក្រុមហ៊ុន​ទាំងនោះ​ទេ ខណៈ​ក្រុមហ៊ុន​ទាំងនោះ​អះអាង​ថា ខ្លួន​ជា​ក្រុមហ៊ុន​ស្រប​ច្បាប់​ដែល​មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ត្រឹមត្រូវ​ពី​រដ្ឋាភិបាល​ថែម​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ជន​ខិលខូច​ឆ្លៀត​ឱកាស​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​ល្បិចកល​គ្រប់​យ៉ាង​បែប​នេះ​ជា​បន្តបន្ទាប់​រហូត​ដល់​ពេលនេះ។

ក្រៅពី​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី របស់​ឧកញ៉ា ឡេង ចាន់ណា ដែល​ធ្វើការ​វិនិយោគ​ដោយ​ផ្តល់​ការប្រាក់​ដល់​ម្ចាស់​លុយ​ដែល​បាន​បណ្ដាក់ទុន​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ខ្លួន គេ​ក៏​ឃើញ​មាន​ក្រុមហ៊ុន Cambodian Investor Capital Partner ដែល​ហៅ​កាត់​ថា CIC Partner ដែល​ធ្វើ​ប្រតិបត្តិការ​ក្នុង​ទម្រង់​ដូច​គ្នា​ដែរ ហើយ​នៅ​ពេលនេះ ក្រុមហ៊ុន CIC Partner ក៏​កំពុង​រង​នូវ​ការ​តវ៉ា​ទាមទារ​ពី​ម្ចាស់​លុយ​រាប់​រយ​នាក់​ដូច​គ្នា​ថែម​ទៀត ប៉ុន្តែ​គេ​មិន​ទាន់​ឃើញ​រដ្ឋាភិបាល ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច​ណា​មួយ​ចាត់​វិធានការ​ច្បាប់​លើ​ករណី​នេះ​នៅឡើយ​ទេ៕