ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា បណ្ឌិត ប៉ា ចន្ទរឿន (រូប​ស្ដាំ)

ព័ត៌មានជាតិ

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​អំពាវនាវ​ឱ្យ​ក្រសួង​មហាផ្ទៃ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អង្គការ​សង្គម​ស៊ីវិល

By ឌឹ ខេមបូឌា ដេលី

March 17, 2024

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា អំពាវនាវ​ឱ្យ​ក្រសួង​មហាផ្ទៃ បង្ក​លក្ខណៈ និង​បរិយាកាស​កាន់តែ​ងាយស្រួល និង​ទូលំទូលាយ​ដល់​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ឱ្យ​ពួកគេ​អាច​បំពេញ​ការងារ​ឱ្យ​បាន​ពេញលេញ​ក្នុង​ការ​ចូលរួម​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​ផែនការ និង​គោល​នយោបាយ​អភិវឌ្ឍន៍​ជាតិ​ទៅ​ថ្ងៃ​មុខ។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា បណ្ឌិត ប៉ា ចន្ទរឿន សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា សព្វថ្ងៃ​នេះ ពិត​មែន​តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​ច្រើន ប៉ុន្តែ​អង្គការ​ដែល​ធ្វើ​សកម្មភាព​ជួយ​សហគមន៍ ជួយ​ប្រជាពលរដ្ឋ​មូលដ្ឋាន ក្នុង​ការពារ​សិទ្ធិ​នានា​ដល់​ប្រជាពលរដ្ឋ និង​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​ពិតប្រាកដ ប្រហែល​ជា​មាន​មិន​ដល់​ពាក់កណ្តាល​នោះ​ទេ។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​រូប​នេះ​លើកឡើង​ថា អង្គការ​សង្គម​ស៊ីវិល​នៅតែ​មាន​មុខនាទី​សំខាន់​ក្នុង​ការ​បំពេញ​ចំណុច​ខ្វះ​ចន្លោះ​របស់​រដ្ឋាភិបាល​ស្ទើរ​គ្រប់​វិស័យ ជាពិសេស​ការងារ​អភិវឌ្ឍន៍ ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ការ​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ ការ​ផ្សព្វផ្សាយ​ពី​អភិបាលកិច្ច​ល្អ និង​ការ​លើក​កម្ពស់​នីតិរដ្ឋ ជាដើម។

បណ្ឌិត ប៉ា ចន្ទរឿន បញ្ជាក់​ថា បើ​និយាយ​តាម​បែប​សេដ្ឋកិច្ច​វិញ អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​ពាំនាំ​ចំណូល​សម្រាប់​កម្ពុជា​មិន​តិច​ជាង ៥០០​លាន​ដុល្លារ​អាមេរិក​ដែរ​ក្នុង​មួយ​ឆ្នាំៗ បើ​យោង​តាម​ទិន្នន័យ​របស់​គណៈកម្មាធិការ​កិច្ច​សហប្រតិបត្តិការ​កម្ពុជា (Cooperation Committee for Cambodia (CCC)) ដែល​បាន​ចេញ​ផ្សាយ​នា​ពេល​កន្លង​មក។

កាលពី​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្ដីពី​ការ​ធ្វើ​ជំរឿន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​តម្កល់​សំណុំ​លិខិត និង​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ចាប់ពី​ថ្ងៃទី​២៥ ខែ​មីនា រហូត​ដល់​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៤ នៅ​តាម​ទីស្នាក់ការ​កណ្តាល​នៃ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងនោះ។

ក្រសួង​មហាផ្ទៃ ធ្លាប់​បាន​បង្ហាញ​ទិន្នន័យ​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា នៅ​ប្រទេស​កម្ពុជា​មាន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​តម្កល់​សំណុំ​ឯកសារ និង​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ជិត ៦៣០០​ស្ថាប័ន (៦២៧៩​ស្ថាប័ន) ក្នុង​នោះ​សមាគម​មាន​ចំនួន​ជាង ២​ពាន់​ស្ថាប័ន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ជាង ៣​ពាន់​ស្ថាប័ន​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា អង្គការ​សង្គម​ស៊ីវិល​ពិត​ជា​បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ជាតិ និង​កម្មវិធី​កំណែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​យ៉ាង​សំខាន់​រហូត​មក ជាពិសេស​ក្នុង​ការ​លើក​កម្ពស់​អភិបាលកិច្ច​ល្អ សិទ្ធិមនុស្ស ប្រព័ន្ធ​យុត្តិធម៌ ការ​អប់រំ សុខភាព ធនធាន​ធម្មជាតិ និង​បរិស្ថាន ជាដើម។

មាត្រា​៤២ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​បង្កើត​សមាគម និង​អាច​ចូលរួម​ក្នុង​អង្គការ​មហាជន​ជួយ​គ្នា​ទៅវិញ​ទៅមក ដើម្បី​ការពារ​សមិទ្ធផល​ជាតិ និង​សណ្ដាប់ធ្នាប់​សង្គម ខណៈ​ក្រសួង​មហាផ្ទៃ ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ពី​ការ​បង្កើត​អង្គការ​សមាគម ដែល​តម្រូវ​ឱ្យ​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៤ ផង​ដែរ។

ចាប់តាំងពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១៥ មក បន្ទាប់ពី​សមាជិក​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​ធ្វើ​ឱ្យ​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឯករាជ្យ​នានា​ដែល​ធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ជួបប្រទះ​នូវ​ឧបសគ្គ​ដែល​បង្ក​ឡើង​ដោយ​រដ្ឋាភិបាល​ជា​បន្តបន្ទាប់។

ក្រោម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ មាន​មាត្រា​ចំនួន​១៤ ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋសភា​ជាតិ​ពិនិត្យ​ឡើងវិញ ឬ​លុប​ចោល​តែម្ដង ព្រោះ​មាត្រា​ទាំងនេះ​បាន​ធ្វើ​ឱ្យ​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងនោះ​បាត់បង់​ភាព​ជា​ដៃគូ​សហការ​ជាមួយ​រដ្ឋាភិបាល និង​ត្រូវ​ក្លាយ​ជា​ស្ថាប័ន​ដែល​ចំណុះ​ឱ្យ​រដ្ឋាភិបាល​ថែម​ទៀត ដែល​នេះ​គឺ​ខុសពី​គោលការណ៍​របស់​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងនោះ​យ៉ាង​ធ្ងន់ធ្ងរ។

មាត្រា​ចំនួន​១៤ ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា បង្ក​ជា​ឧបសគ្គ​ដល់​ដំណើរការ​របស់​ខ្លួន​នោះ ដូចជា មាត្រា​១ មាត្រា​៧ មាត្រា​៨ មាត្រា​៩ និង​មាត្រា​៣៥ ជាដើម ដែល​មាត្រា​ទាំងនេះ​បាន​តម្រូវ​ឱ្យ​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងអស់ ត្រូវតែ​បំពេញ​នីតិវិធី​នៃ​ការ​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ការ​ផ្តល់​របាយការណ៍​ពី​ការ​ផ្លាស់ប្ដូរ​ថ្នាក់​ដឹកនាំ និង​អាសយដ្ឋាន ការ​ផ្តល់​របាយការណ៍​ស្ដីពី​បើក​គណនី​ធនាគារ ការ​តម្រូវ​ឱ្យ​បំពេញ​កាតព្វកិច្ច​ពន្ធដារ និង​ការ​ដាក់​របាយការណ៍​នានា​ជូន​ក្រសួង​មហាផ្ទៃ ជាដើម ដែល​ជា​កត្តា​ធ្វើ​ឱ្យ​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងនោះ​បាត់បង់​នូវ​ឯករាជភាព​របស់​ខ្លួន​ទាំងស្រុង។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២៣ ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ព្រមាន​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​ដកថយ​ដាច់ខាត​ចំពោះ​ការ​តម្រូវ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល ត្រូវតែ​រាយការណ៍​ពី​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ខ្លួន​ទៅ​ក្រសួង​មហាផ្ទៃ។ លោក ហ៊ុន សែន គំរាម​ថា ប្រសិនបើ​អង្គការ​សង្គម​ស៊ីវិល ឬ​សមាគម​ណា​មួយ​មិន​រាយការណ៍​តាម​ការ​កំណត់​របស់​រដ្ឋាភិបាល​ទេ នោះ​ពួកគេ​នឹង​ត្រូវ​រង​នូវ​ការ​រំលាយ​ចោល​ជាមិនខាន។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ធ្លាប់​បាន​ត្អូញត្អែរ​ថា ចាប់តាំងពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល រហូត​បង្កើត​ឱ្យ​មាន​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មក សកម្មជន​សង្គម​តែងតែ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន និង​ផ្ដន្ទាទោស​ជា​បន្តបន្ទាប់​ពី​សំណាក់​អាជ្ញាធរ ក្រោម​លេស​ថា ពួកគេ​មិន​បាន​ចុះឈ្មោះ​ស្រប​ច្បាប់​នៅ​ក្រសួង​មហាផ្ទៃ ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​អង្គការ​សមាគម​ពិបាក​ក្នុង​ការ​អនុវត្ត​សកម្មភាព​របស់​ខ្លួន​យ៉ាង​ខ្លាំង ដូចជា ការ​រាយការណ៍​ពី​ស្ថានភាព​ជាក់ស្តែង​ស្ដីពី​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស ឬ​ការ​រំលោភ​សិទ្ធិ​លំនៅឋាន​នៅ​កម្ពុជា ជាដើម៕