មន្ត្រីនគរបាលថ្នាក់ឧត្ដមសេនីយ៍ផ្កាយ៣ ម្នាក់ ស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ធ្វើតេស្ដរកសារធាតុញៀនលើខ្លួនរបស់លោកម្តងទៀត ដើម្បីបញ្ជាក់ពីភាពស្អាតស្អំក្រោយពេលព្រះមហាក្សត្រត្រាស់បង្គាប់បន្ថយឋានន្តរស័ក្ដិឲ្យមកនៅត្រឹមថ្នាក់ពលបាលត្រី តាមសំណើរបស់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ។
អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោក យិន គារ បានដាក់លិខិតជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី១៧ មីនា នេះ ដោយរៀបរាប់ថា លទ្ធផលធ្វើតេស្ដរកសារធាតុញៀនកាលពីចុងខែមករា ឆ្នាំ២០២៤ ដែលបង្ហាញថារូបលោកមានសារធាតុញៀន គឺជាលទ្ធផលមិនត្រឹមត្រូវនោះទេ ព្រោះថាការពិនិត្យលើទឹកមូត្រ ឬទឹកនោមនៅពេលនោះ លោកមិនបិទលេខកូដសម្គាល់ និងពិនិត្យដោយខ្លួនឯងទេ ដោយសារតែលោករវល់ជាប់បំពេញភារកិច្ចបន្ទាន់នៅក្នុងការិយាល័យ។
លោក យិន គារ រៀបរាប់ថា ២ថ្ងៃក្រោយនៃការធ្វើតេស្ដ ពេលនោះប្រធាននាយកដ្ឋានរដ្ឋបាលសរុបនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់លោកថា ការពិនិត្យទឹកមូត្ររបស់លោក គឺរកឃើញវិជ្ជមាន ប៉ុន្តែភ្លាមៗនោះ លោកក៏បានពិនិត្យ ២ដងទៀតនៅពេលនោះតែម្តង តែអវិជ្ជមានទាំងពីរលើក ប៉ុន្តែនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ស្រាប់តែលោកទទួលព័ត៌មានថា អង្គភាពជំនាញបានធ្វើរបាយការណ៍ទៅថ្នាក់លើដោយបញ្ជាក់ថា រូបលោកបានរកឃើញសារធាតុញៀនទៅវិញ។
លោក យិន គារ បញ្ជាក់ថា ចាប់តាំងពីបំពេញការងារជាមន្ត្រីនគរបាលថ្នាក់ជាតិនៃក្រសួងមហាផ្ទៃ រហូតដល់សព្វថ្ងៃនេះ លោកមិនដែលពាក់ព័ន្ធនឹងគ្រឿងញៀនម្តងណាឡើយ ដូច្នេះលោកស្នើឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ពិនិត្យករណីនេះឡើងវិញ ហើយបើពិនិត្យរកឃើញថាលោកមានសារធាតុញៀនមែននោះ លោកនឹងប្រគល់ខ្លួនជូនក្រសួងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោក យិន គារ ត្រូវបានមហាក្សត្រត្រាស់បង្គាប់បន្ថយឋានន្តរស័ក្ដិពីឧត្ដមសេនីយ៍ឯកផ្កាយ៣ ឲ្យមកនៅត្រឹមថ្នាក់ពលបាលត្រីនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជារបស់ក្រសួងមហាផ្ទៃ តាមសំណើរបស់លោក ហ៊ុន ម៉ាណែត បន្ទាប់ពីមន្ត្រីជំនាញរាយការណ៍ថា មន្ត្រីនគរបាលជាតិរូបនេះត្រូវបានរកឃើញថាមានសារធាតុញៀនកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ កន្លងទៅនោះ។
ទាក់ទិននឹងបញ្ហានេះ កាលពីដើមខែកញ្ញា ឆ្នាំ២០២៣ មន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បានណែនាំឲ្យនាយកដ្ឋានអន្តោប្រវេសន៍រឹតបន្តឹងលើមន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។ លោកបន្ថែមថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏នឹងត្រូវអនុវត្តការធ្វើតេស្ដរកសារធាតុជាតិញៀនលើមន្ត្រីក្រោមឱវាទរបស់ខ្លួនទាំងអស់ជាកំហិតដែរ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ មីនា នេះថា ការអនុវត្តច្បាប់ត្រូវតែធ្វើឡើងដោយយុត្តិធម៌សម្រាប់បុគ្គលគ្រប់រូប ក្នុងនោះ បើរកឃើញថាមន្ត្រីណាម្នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវតែទទួលពិន័យជាកំហិតទៅតាមវិធានការច្បាប់ ប៉ុន្តែបើរកឃើញថាមន្ត្រីរូបណាមិនបានពាក់ព័ន្ធនឹងគ្រឿងញៀនទេ មន្ត្រីរូបនោះមិនគួរត្រូវបានដាក់ទោស ឬទណ្ឌកម្មណាមួយដោយហេតុផលផ្សេងឡើយ ដូចជាការរើសអើងបក្ខពួក ជាដើម។
លោក សេក សុជាតិ លើកឡើងថា ការអនុវត្តវិធានការច្បាប់ដោយការបណ្តេញចេញពីក្របខ័ណ្ឌ ការកាត់បន្ថយឋានន្តរស័ក្តិ និងការដាក់ពិន័យផ្សេងៗ ត្រូវតែធ្វើទៅលើមន្ត្រីដែលពាក់ព័ន្ធនឹងគ្រឿងញៀន ប៉ុន្តែបើយកវិធានការនេះជាលេសដើម្បីបោសសម្អាតមន្ត្រីស្អាតស្អំ ក្រោមរបៀបវារៈនយោបាយ នោះការបោសសម្អាតមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននេះ នៅតែគ្មានប្រសិទ្ធភាពដដែល ផ្ទុយទៅវិញ វិធានការបែបនេះនឹងជំរុញឱ្យកម្ពុជាធ្លាក់ទៅក្នុងការប្រើប្រាស់គ្រឿងញៀនកាន់តែខ្លាំងទៅវិញប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ទូច សុខៈ បានអះអាងកាលពីពេលថ្មីៗនេះថា គិតមកដល់ពេលនេះ ក្រសួងមហាផ្ទៃបានអនុវត្តយុទ្ធនាការបោសសម្អាតមន្ត្រីកងកម្លាំងដែលពាក់ព័ន្ធនឹងគ្រឿងញៀនដោយការបណ្ដេញចេញពីក្របខ័ណ្ឌ មានចំនួនប្រមាណ ១០០នាក់ហើយ ក្នុងនោះ មន្ត្រីជាង ៥០នាក់ ត្រូវបានរកឃើញថាជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ហើយមន្ត្រីប្រមាណ ៥០នាក់ផ្សេងទៀត ត្រូវបានរកឃើញថាល្មើសទៅនឹងវិន័យកងកម្លាំងនគរបាលជាតិ ខណៈក្រសួងការពារជាតិ ក៏បានលុបឈ្មោះនាយទាហានដែលពាក់ព័ន្ធនឹងគ្រឿងញៀនជាបន្តបន្ទាប់ដែរ នៅដើមឆ្នាំ២០២៤ នេះ។
កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា លើកឡើងថា មន្ត្រីដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន គឺជាសាច់ស្អុយដែលត្រូវតែកាត់ចោលដោយខានមិនបាន ព្រោះថាការធ្វើបែបនេះ គឺជាការសម្អាតផ្ទះខ្លួនឯង មុននឹងរៀបចំផែនការអភិវឌ្ឍន៍ជាតិបន្តទៀត ដើម្បីឈានទៅដល់អភិវឌ្ឍធនធានមនុស្សសម្រាប់សង្គមជាតិទាំងមូល។
លោក ស សុខា បញ្ជាក់ថា ខ្លួនលោកផ្ទាល់ និងអគ្គស្នងការនគរបាលជាតិ រួមទាំងមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកបោសសម្អាតក្នុងយុទ្ធនាការនេះ ក៏មិនចង់បណ្តេញមន្ត្រីដែលពាក់ព័ន្ធទាំងអស់នោះដែរ ប៉ុន្តែនេះគឺជាកាតព្វកិច្ចដែលត្រូវតែអនុវត្តដោយចៀសមិនផុត ដើម្បីធានាគុណភាពនៃធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ៕
© 2024, . All rights reserved.