លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង

ព័ត៌មានជាតិ

សង្គម​ស៊ីវិល​រិះគន់​ការ​តែងតាំង​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​ជា​មន្ត្រី​ជាន់ខ្ពស់​ថា​ជា​គំរូ​មិន​ល្អ​នៅ​ក្នុង​សង្គម

By ឌឹ ខេមបូឌា ដេលី

March 19, 2024

សហជីព និង​សង្គម​ស៊ីវិល​ខ្លះ​បាន​រិះគន់​រដ្ឋាភិបាល​ថា ការ​តែងតាំង​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ដែល​បាន​បាញ់​កម្មការិនី​រោងចក្រ កៅវ៉េ ចំនួន ៣​នាក់​ឲ្យ​រង​របួស​ធ្ងន់ ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ គឺជា​គំរូ​មិន​ល្អ​នៅ​ក្នុង​សង្គម ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​អយុត្តិធម៌​សង្គម​បន្ត​កើត​មាន​កាន់តែ​ធ្ងន់ធ្ងរ។

អនុក្រឹត្យ​ចុះ​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៤ ដែល​ចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន បាន​ឲ្យ​ដឹង​ថា អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​ធ្លាប់​បង្ក​អំពើ​ហិង្សា​លើ​កម្មករ​ក្នុង​ការ​តវ៉ា​កាលពី ១២​ឆ្នាំ​មុន ត្រូវ​បាន​តែងតាំង​ជា​អគ្គនាយករង​រដ្ឋបាល​នៅ​ក្រសួង​មហាផ្ទៃ។

ទាក់ទង​ទៅ​នឹង​ការ​តែងតាំង​នេះ​ដែរ មន្ត្រី​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ លោក ឃុន ថារ៉ូ បាន​ឲ្យ​ដឹង​ថា អតីត​អភិបាល​ក្រុង​បាវិត ដែល​បាន​ចំណាយ​ពេល​ភាគច្រើន​នៅ​ក្នុង​មន្ទីរពេទ្យ​នៅ​ពេល​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ បន្ទាប់ពី​តុលាការ​ខេត្ត​ស្វាយរៀង រក​ឃើញ​ថា មាន​ទោស​ពី​បទ​បាញ់​ប្រហារ​ទៅ​លើ​កម្មការិនី​ឱ្យ​រង​របួស។

លោក​ថា នេះ​ជា​ទង្វើ​និទណ្ឌភាព​ដ៏​រសើប​មួយ​ដែល​កំពុងតែ​ញាំញី​នៅ​ក្នុង​សង្គម​កម្ពុជា។ លោក​ថា បញ្ហា​និទណ្ឌភាព​នេះ ធ្វើ​ឱ្យ​មាន​ការ​កើនឡើង​នូវ​ការ​រំលោភ​អំណាច និង​អំពើពុករលួយ ហើយ​ជា​លទ្ធផល ភាព​អយុត្តិធម៌​សង្គម​បន្ត​កើត​មាន​កាន់តែ​ធ្ងន់ធ្ងរ ចំណែក​ពលរដ្ឋ​កាន់តែ​បន្ត​រងគ្រោះ​ជាបន្តបន្ទាប់ និង​បាត់បង់​ទំនុកចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

ចំណែក​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​ថ្លែង​ថា លោក​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​តែងតាំង​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ដែល​ជា​ជន​ដៃ​ដល់​ប្រើ​កាំភ្លើង​បាញ់​ទៅ​លើ​កម្មករ​ចំនួន ៣​នាក់​កាលពី​ឆ្នាំ​២០១២។

លោក​ថា ការ​តែងតាំង​នេះ ធ្វើ​ឲ្យ​កម្មករ​ដែល​រង​នូវ​ភាព​អយុត្តិធម៌​មិន​សប្បាយ​ចិត្ត។ លោក​ថា អ្វី​ដែល​សង្គម​ស៊ីវិល​ចង់​បាន និង​ចង់​ឃើញ គឺ​ការ​តែងតាំង​បុគ្គល​ម្នាក់​ដែល​មាន​ស្នាដៃ និង​ចេះ​យកចិត្ត​ទុកដាក់​គិតគូរ​ដល់​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ។

អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ធ្លាប់​បាន​ដក​កាំភ្លើង​ខ្លី​បាញ់​ប្រហារ​លើ​កម្មការិនី​រោងចក្រ​ស្បែកជើង កៅវ៉េ (Kaoway) ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង បណ្តាល​ឱ្យ​កម្មការិនី ៣​នាក់​រង​របួស​ធ្ងន់ អំឡុង​ក្នុង​ពេល​ពួកគេ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ឱ្យ​ល្អ​ប្រសើរ កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២។ លោក ឈូក បណ្ឌិត ត្រូវ​បាន​សាលាដំបូង​ខេត្ត​ស្វាយរៀង កាត់ទោស​ដាក់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៣៨​លាន​រៀល ឬ​ជិត ១​ម៉ឺន​ដុល្លារ ជា​សំណង​ដល់​ជនរងគ្រោះ​ទាំង ៣​នាក់ ពី​បទ «បង្ក​របួស​ស្នាម​ដោយ​អចេតនា»។

បណ្ដឹង​នេះ ត្រូវ​បាន​ប្តឹងផ្តល់​គ្នា​ដល់​សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល ប៉ុន្តែ​តុលាការ​ទាំង​ពីរ​បាន​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​ខេត្ត​ទុក​ជា​បានការ។

បន្ទាប់ពី​គេច​ខ្លួន​ជាង​បី​ឆ្នាំ លោក​ក៏​បាន​ចេញ​សារភាព​នៅ​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១៥ ក្រោយ​ពេល​ដែល​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​ប្រកាស​គាំទ្រ​ចំណាត់ការ​របស់​ប៉ូលិស​អន្តរជាតិ (Interpol) ក្នុង​ការ​តាម​ចាប់​ខ្លួន ប៉ុន្តែ​លោក ឈូក បណ្ឌិត ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​ឱ្យ​រួច​ខ្លួន​ពី​ពន្ធនាគារ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ក្រោយ​អនុវត្ត​ទោស​គ្រប់​ចំនួន។

កាលពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២២ កន្លង​មក លោក ឈូក បណ្ឌិត ក្រោយ​ពេល​ចេញពី​ពន្ធនាគារ ក៏​ត្រូវ​បាន​ប្រមុខ​រដ្ឋ​ស្ដីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា​លោក សាយ ឈុំ បាន​ដំឡើង​ឋានន្តរស័ក្ដិ​ពី​វរមន្ត្រី​ថ្នាក់​លេខ​៣ ទៅ​ជា​ឧត្ដមមន្ត្រី​ថ្នាក់​លេខ​៤ នៃ​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ។ ការ​ដំឡើង​ឋានន្តរស័ក្ដិ​នេះ ធ្វើ​ឡើង​តាម​សំណើ​របស់​លោក ហ៊ុន សែន ក្នុង​ពេល​លោក​ជា​នាយករដ្ឋមន្ត្រី៕