37 C
Phnom Penh

លោក អ៊ុំ សំអាន ស្នើ​លោក ហ៊ុន ម៉ាណែត ពិនិត្យ​កំណត់​ព្រំប្រទល់​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ ឡើង​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ពិនិត្យ​លើ​ពិធីសារ​ស្ដីពី​ការ​កំណត់​ព្រំប្រទល់ និង​ឧបសម្ពន្ធ​នានា រួម​ទាំង​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៧ ឡើងវិញ មុន​នឹង​សម្រេច​រកស៊ី​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​ត្រួត​ស៊ី​គ្នា​ជាមួយ​ថៃ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ មីនា នេះ​ថា ប្រសិនបើ​លោក ហ៊ុន ម៉ាណែត បាន​អាន​ឯកសារ​នានា​ទាក់ទង​នឹង​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ ដែល​លោក​បាន​បង្ហោះ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​នៅ​ពេលនេះ គាត់​ប្រហែល​ជា​អាច​នឹង​ផ្លាស់ប្ដូរ​ចិត្ត​លើ​គម្រោង​រកស៊ី​រួម​គ្នា​អំពី​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​រវាង​ខ្មែរ-ថៃ ដែល​រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​សហការ​រកស៊ី​ជាមួយ​ថៃ នៅ​ពេល​ខាងមុខ​នេះ។

លោក​បន្ថែម​ថា ឯកសារ​ទាំងនេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ព្រំដែន​សមុទ្រ​រវាង​កម្ពុជា-ថៃ ដូចជា​ព្រំប្រទល់​រវាង​ប្រទេស​ឥណ្ឌូចិន-បារាំង និង​ប្រទេស​សៀម ជាដើម ដែល​បាន​កំណត់​ពី​មាត់សមុទ្រ​តាម​ចំណុច​គោល​មួយ​ដែល​នៅ​ចំ​ពី​មុខ​កោះ​គុត ត្រង់​កំពូល​ខ្ពស់​បំផុត បើ​ទោះបីជា​កោះ​គុត ដែល​ស្ថិត​ក្នុង​ខេត្ត​កោះកុង បាន​បាត់បង់​ទៅ​ប្រទេស​ថៃ ហើយ​ក៏ដោយ ក៏​ការ​កំណត់​ព្រំដែន​សមុទ្រ​នេះ​ត្រូវតែ​យក​ចំណុច​ខ្ពស់​បំផុត​នៃ​កោះ​គុត នោះ​ជា​គោល​ដែរ។

លោក អ៊ុំ សំអាន លើកឡើង​ថា តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជាង ២​ម៉ឺន ៦​ពាន់​គីឡូម៉ែត្រ​ការ៉េ គឺ​ស្ថិត​ក្នុង​តំបន់​សមុទ្រ ៣​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ ដែល​ថៃ បាន​ដណ្តើម​យក​ពី​កម្ពុជា តាមរយៈ​កិច្ចព្រមព្រៀង​ទ្វេភាគី​រវាង​ថៃ និង​វៀតណាម ឆ្នាំ​១៩៩៧ ដោយ​ផ្អែក​លើ​សន្ធិសញ្ញា​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨២ ខណៈ​កិច្ចព្រមព្រៀង​ទ្វេភាគី​រវាង​ថៃ និង​វៀតណាម ឆ្នាំ​១៩៩៧ កន្លង​ទៅ​នោះ ត្រូវ​បាន​ទុក​ជា​មោឃៈ​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ អស់​ហើយ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា កម្ពុជា​ត្រូវតែ​ចរចា​កំណត់​ព្រំដែន​សមុទ្រ​ជាមួយ​នឹង​ថៃ ជា​មុន​សិន មុន​នឹង​សហការ​រកស៊ី​រួម​គ្នា​លើ​តំបន់​ត្រួត​ស៊ី​គ្នា​នេះ ព្រោះ​ថា​បើ​យោង​តាម​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៧ តំបន់​ត្រួត​ស៊ី​គ្នា ២​ម៉ឺន ៦​ពាន់​គីឡូម៉ែត្រ​ការ៉េ ដែល​កម្ពុជា​គ្រោង​ដាក់​រកស៊ី​រួម​គ្នា​អំពី​ប្រេង និង​ឧស្ម័ន​ជាមួយ​ថៃ គឺជា​ដែនសមុទ្រ​ខ្លួនឯង​ប៉ុណ្ណោះ ដែល​មាន​ន័យ​ថា កម្ពុជា​យក​ដី​ខ្លួនឯង​ទៅ​ដាក់​រកស៊ី​ជាមួយ​ដី​ខ្លួនឯង​ដែល​ថៃ ដណ្តើម​យក មិនមែន​កម្ពុជា​យក​ដី​ខ្លួនឯង​ទៅ​ដាក់​រកស៊ី​ជាមួយ​នឹង​ដី​ថៃ នោះ​ទេ។

កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ជា​សាធារណៈ​ថា រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ បាន​ឯកភាព​គ្នា​ទាញ​យក​ផល​ប្រយោជន៍​ប្រេងកាត​លើ​តំបន់​ត្រួត​ស៊ី​គ្នា​រវាង​ប្រទេស​ទាំង​ពីរ។

លោក ហ៊ុន ម៉ាណែត អះអាង​ថា មូលហេតុ​ដែល​កម្ពុជា និង​ថៃ ជជែក​គ្នា​ដើម្បី​យក​ផល​ប្រយោជន៍​នេះ ព្រោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​យល់​ឃើញ​ថា សន្តិសុខ​ថាមពល​ជា​យុទ្ធសាស្ត្រ​យូរ​អង្វែង​រវាង​កម្ពុជា និង​ថៃ។ លោក​បន្ថែម​ថា បើ​គ្មាន​ថាមពល​ទេ នោះ​អ្វីៗ​ក៏​មិន​អាច​ដំណើរការ​បាន​ដែរ ខណៈ​ប្រេងកាត​នឹង​ចម្រាញ់​ទៅ​ជា​ប្រេងសាំង ឬ​ប្រេងម៉ាស៊ូត ដើម្បី​ផ្គត់ផ្គង់​ក្នុង​ស្រុក ព្រមទាំង​បង្កើត​ការងារ​នៅ​តំបន់​រុករក​ប្រេង​ថែម​ទៀត។

តំបន់​ទាមទារ​ត្រួត​ស៊ី​គ្នា​ថៃ និង​កម្ពុជា មាន​ផ្ទៃក្រឡា​ទំហំ​ជាង ២​ម៉ឺន ៦​ពាន់​គីឡូម៉ែត្រ​ការ៉េ ដែល​មាន​ការ​ប៉ាន់ប្រមាណ​ថា អាច​មាន​ប្រេង និង​ឧស្ម័ន​ច្រើន​លាន​បារ៉ែល​នៅ​បាតសមុទ្រ ប៉ុន្តែ​ចាប់​តាំងពី​ដើម​ទសវត្សរ៍​ទី​៧០ មក កម្ពុជា និង​ថៃ បាន​ទាមទារ​រៀងៗ​ខ្លួន​លើ​សិទ្ធិ​អភិវឌ្ឍន៍​លើ​តំបន់​ត្រួត​ស៊ី​គ្នា​នេះ ខណៈ​ការ​ចរចា​ដោះស្រាយ​វិវាទ​លើ​តំបន់​ទាមទារ​ត្រួត​ស៊ី​គ្នា​នេះ ត្រូវ​បាន​ពន្យារពេល​អស់ ២០​ឆ្នាំ​មក​ហើយ បន្ទាប់ពី​ប្រទេស​ទាំង​ពីរ​បាន​បរាជ័យ​ក្នុង​ការ​ចរចា​កាលពី​អំឡុង​ឆ្នាំ​២០០១ កន្លង​ទៅ។

សិទ្ធិ​អភិវឌ្ឍន៍​លើ​តំបន់​ត្រួត​ស៊ី​គ្នា​ក្នុង​ឈូងសមុទ្រ​ថៃ គឺជា​ចំណុច​នៃ​ជម្លោះ​ទាមទារ​រវាង​កម្ពុជា-ថៃ​តាំងពី​ដើម​ទសវត្សរ៍​១៩៧០ មក​ម្ល៉េះ ប៉ុន្តែ​នៅ​អំឡុង​ខែ​មិថុនា ឆ្នាំ​២០០១ កម្ពុជា និង​ថៃ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​កិច្ចចរចា​អភិវឌ្ឍន៍​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​នោះ ប៉ុន្តែ​អ្វីៗ​ត្រូវ​បាន​ផ្អាក​ទៅវិញ នៅ​ពេល​ដែល​ថៃ ប្តូរ​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ​២០០៩។

យ៉ាងណាក៏ដោយ កិច្ចពិភាក្សា​ស្ដីពី​អភិវឌ្ឍ​ប្រេង​នៅ​លើ​តំបន់​ត្រួត​ស៊ី​គ្នា​ក្នុង​ឈូង​សមុទ្រ​ថៃ នេះ ក៏​ធ្លាប់​ត្រូវ​បាន​ប្រទេស​ទាំង​ពីរ​គូសវាស​ឡើងវិញ​ដែរ តែ​ត្រូវ​អាក់ខាន​ដោយសារតែ​វិបត្តិ​ជំងឺ​កូវីដ-១៩ កាលពី​ចុង​ឆ្នាំ​២០១៩។

ក្នុង​ដំណាក់កាល​គ្រប់គ្រង​នៃ​រដ្ឋាភិបាល​របស់​លោក ស្រេតថា ថាវីស៊ីន សម្រាប់​អាណត្តិ​ថ្មី​នេះ ភាគី​ថៃ បាន​កែប្រែ​យុទ្ធសាស្ត្រ​ចរចា​តាមរយៈ​នៃ​ការ​ប្តូរ​ជំហរ​បោះបង្គោល​ព្រំដែន​សមុទ្រ​ជាមួយ​កម្ពុជា​វិញ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ក៏​បាន​ឯកភាព​លើ​ការ​ចរចា​របស់​រដ្ឋាភិបាល​ថៃ ដែរ​នៅ​ពេល​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស