28.4 C
Phnom Penh

អាជ្ញាធរ​ពាក់ព័ន្ធ​ប្រកាស​សម្រួល​ការ​ចេញ​ចូល​របស់​ពលករ​ខ្មែរ​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ អំឡុង​បុណ្យ​ចូលឆ្នាំ​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការងារ កំពុង​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ អាជ្ញាធរ​ដែនដី និង​អង្គភាព​ពាក់ព័ន្ធ ដើម្បី​សម្របសម្រួល​ការ​ចេញ​ចូល​របស់​ពលករ​ខ្មែរ​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ និង​តាម​ច្រក​ទ្វារ​នានា​ក្នុង​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ ខណៈ​អាជ្ញាធរ​ថៃ បាន​បើក​ឲ្យ​ពលករ​ខ្មែរ​ដែល​គ្រោង​ត្រឡប់​ទៅ​ចូលរួម​បុណ្យ​ចូលឆ្នាំ​ថ្មី អាច​ត្រឡប់​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ វិញ​ក្នុង​រយៈពេល ១​ខែ​កន្លះ​ចាប់ពី​ថ្ងៃទី​០១ ខែ​មេសា ដល់​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៤ ដោយ​មិន​ចាំបាច់​មាន​លិខិត​អនុញ្ញាត។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​ក្រសួង​ការងារ​កម្ពុជា នឹង​ចុះ​ទៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ និង​តាម​ច្រក​ទ្វារ​នានា ដើម្បី​ពិនិត្យ​មើល​ស្ថានភាព និង​ត្រៀម​រៀបចំ​ស្វាគមន៍​ឲ្យ​បាន​ល្អ​បំផុត​ដល់​ពលករ​ខ្មែរ​ដែល​ចេញ​ចូល​ប្រទេស​ទាំង​ពីរ។

ប្រភព​ដដែល​អះអាង​ថា ក្រសួង​ការងារ​កំពុង​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ អាជ្ញាធរ​ដែនដី និង​អង្គភាព​ពាក់ព័ន្ធ ដើម្បី​សម្របសម្រួល​ការ​ចេញ​ចូល​របស់​ពលករ​ខ្មែរ​នៅ​តាម​ព្រំដែន​ក្នុង​អំឡុង​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ។

កាសែត​ថៃ​នានា កាលពី​ចុង​សប្តាហ៍​មុន​បាន​ឲ្យ​ដឹង​ថា ក្រសួង​ការងារ​ថៃ នៅ​ថ្ងៃទី​១៦ ខែ​មីនា បាន​អះអាង​ថា ពលករ​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា អាច​ត្រឡប់​ទៅ​ថៃ ធ្វើការ​វិញ ក្រោយ​ចប់​ពិធី​ចូលឆ្នាំ​ប្រពៃណី ដោយ​មិន​តម្រូវ​ឱ្យ​មាន​ការ​បង់​ប្រាក់​សម្រាប់​ការ​អនុញ្ញាត​ចូល​វិញ (Re-entry permit) ដោយ​ផ្តើម​ពី​ថ្ងៃទី​១ ខែ​មេសា ដល់​ថ្ងៃទី​១៥ ខែ​ឧសភា ប៉ុន្តែ​ការ​លើក​ចោល​ការ​បង់​ប្រាក់​សម្រាប់​ការ​អនុញ្ញាត​ចូល​វិញ ត្រូវ​រង់ចាំ​ការ​ផ្តល់​ភ្លើង​បៃតង​ពី​គណៈរដ្ឋមន្ត្រី​ថៃ ជា​មុន​សិន។

អ្នក​នាំពាក្យ​រង​របស់​ក្រសួង​ការងារ​ថៃ លោក Karom Phonphonklang បាន​អះអាង​ថា ថៃ​អាច​លុប​ចោល​ការ​បង់​ប្រាក់​សម្រាប់​ការ​អនុញ្ញាត​ចូល​ថៃ​វិញ​ចាប់ពី​ថ្ងៃទី​១ ខែ​មេសា ដល់​ថ្ងៃទី​១៥ ខែ​ឧសភា ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​ការ​ចំណាយ​របស់​ពលករ​នៃ​ប្រទេស​ជិតខាង ដូចជា​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា ដែល​ជា​កម្លាំង​សំខាន់​ក្នុង​សេដ្ឋកិច្ច​ថៃ។

អ្នក​នាំពាក្យ​ខាងលើ​បាន​អះអាង​ថា ការ​លើក​ចោល​ការ​អនុញ្ញាត​ចូល​វិញ​ខាងលើ ធ្វើឡើង​សម្រាប់​ពលករ​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា ដែល​កាន់​លិខិត​ឆ្លងដែន​ជាមួយ​ទិដ្ឋាការ​ប្រភេទ non-L-A ប៉ុណ្ណោះ ដោយសារ​វា​មាន​សុពលភាព​លើស​ពី​ថ្ងៃទី​១៥ ខែ​ឧសភា។ ចំណែក​កូនៗ​ក្រោម​អាយុ ១៨​ឆ្នាំ​របស់​ពលករ ដែល​កាន់​លិខិត​ឆ្លងដែន​ប្រភេទ​នេះ ក៏​ត្រូវ​បាន​អនុវត្ត​ផង​ដែរ។

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​បើក​ពិធីបុណ្យ​ទន្លេ​លើក​ទី​៨ នៅ​ក្នុង​ខេត្ត​សៀមរាប នៅ​ព្រលប់​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត បាន​ណែនាំ​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន ត្រូវ​ត្រៀម​រៀបចំ​ស្វាគមន៍​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ថៃ ដើម្បី​មក​លេង​ស្រុកកំណើត​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​នេះ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា លោក​បាន​ចរចា​ជាមួយ​នាយករដ្ឋមន្ត្រី​របស់​ថៃ កាលពី​អំឡុង​ពេល​លោក​អញ្ជើញ​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ថៃ ដោយ​ភាគី​ថៃ បាន​ឯកភាព​ឱ្យ​ពលករ​ខ្មែរ​ដែល​មក​លេង​ស្រុកកំណើត​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ គឺ​មិន​តម្រូវ​ឱ្យ​បង់​ប្រាក់​នោះ​ទេ។

យ៉ាងណាក៏ដោយ គេ​នៅ​មិនទាន់​ដឹង​ថា នៅ​ក្នុង​ចំណោម​ពលករ​ទេសន្តរប្រវេសន៍​ខ្មែរ​ជាង ១​លាន​នាក់​ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ តើ​នឹង​មាន​ប៉ុន្មាន​នាក់​ដែល​ចង់​ទៅ​ចូលរួម​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​នោះ​ទេ។

ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចំនួន​៤ គឺ​កម្ពុជា ថៃ ឡាវ និង​ភូមា ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ក្នុង​ពេល​តែ​មួយ​ដូច​គ្នា​រយៈពេល ៣ ឬ ៤​ថ្ងៃ នៅ​ក្នុង​ខែ​មេសា រៀង​រាល់​ឆ្នាំ។ យោង​តាម​ប្រតិទិន​ឈប់​សម្រាក​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​រោង ឆស័ក នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី​១៣ រហូត​ដល់​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០២៤ ដែល​មាន ៤​ថ្ងៃ ចាប់ពី​ថ្ងៃ​អាទិត្យ ដល់​ថ្ងៃ​អង្គារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស