35 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​ថា​កម្ពុជា​ខ្ចី​លុយ​បរទេស​កាន់តែ​ច្រើន ប៉ុន្តែ​បាត់បង់​ក្នុង​អំពើពុករលួយ​ក៏​កាន់តែ​ខ្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្អូញត្អែរ​ថា កម្ពុជា​ជំពាក់​បំណុល​បរទេស​កាន់តែ​ច្រើន ជាពិសេស​បំណុល​ចិន ប៉ុន្តែ​បំណុល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ ភាគច្រើន​ធ្លាក់​ទៅ​ក្នុង​អំពើពុករលួយ​របស់​អ្នក​មាន​អំណាច​កាន់តែ​ខ្លាំង​តាម​គ្រប់​រូបភាព​នៃ​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​និយម ខណៈ​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ត្រូវ​មាន​កាតព្វកិច្ច​សង​បំណុល​ទាំងនេះ​ត​ជំនាន់។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២០ ខែ​មីនា នេះ​ថា គិត​ត្រឹម​ចុង​ឆ្នាំ​២០២៣ កម្ពុជា​នៅតែ​ជា​កូនបំណុល​ធំ​បំផុត​របស់​មហាអំណាច​កុម្មុយនីស្ត​ចិន ក្នុង​ចំណោម​ប្រទេស​ដែល​ជា​ម្ចាស់​បំណុល​របស់​ខ្លួន​ផ្សេង​ទៀត ដែល​មាន​ទំហំ​បំណុល​សរុប​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ស្មើ​នឹង ៣៧% នៃ​បំណុល​បរទេស​សរុប ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង ១១​ពាន់​លាន​ដុល្លារ​អាមេរិក​នោះ (១១,២៤​ពាន់​លាន​ដុល្លារ​អាមេរិក)។

លោក អ៊ុំ សំអាន លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ខ្ចី​លុយ​បរទេស​មក​អភិវឌ្ឍ គឺជា​រឿង​ធម្មតា ប៉ុន្តែ​ត្រូវ​ធ្វើឡើង​ក្រោម​តម្លាភាព​ទាំងអស់ តែ​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​ក្រុម​គ្រួសារ​និយម​របស់​ត្រកូល​ហ៊ុន ដែល​បន្ត​មក​លោក ហ៊ុន ម៉ាណែត មិន​មាន​តម្លាភាព​ក្នុង​ការ​ប្រើប្រាស់​លុយ​កម្ចី​របស់​បរទេស​ទាំងនេះ​ទេ ស្រប​ពេល​ដែល​អំពើពុករលួយ​ក្នុង​ប្រព័ន្ធ​រដ្ឋាភិបាល​បាន​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នៅ​ពីក្រោយ​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​រហូត​មក។

លោក​បន្ថែម​ថា លុយ​កម្ចី​បរទេស​ទាំងនេះ​មួយ​ភាគ​ធំ​បាន​ធ្លាក់​ទៅ​ក្នុង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ផង និង​បក្ខពួក​ដែល​ជា​សែស្រឡាយ​របស់​វង្ស​ត្រកូល​មួយ​នេះ​ផង​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​កើន​បំណុល ប៉ុន្តែ​ការ​អភិវឌ្ឍ​មិន​រីកចម្រើន ហើយ​ពលរដ្ឋ​នៅតែ​ក្រីក្រ​ដូច​សព្វថ្ងៃ​នេះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ព្រមាន​ថា សព្វថ្ងៃ​នេះ ទោះបីជា​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​ត្រកូល​របស់​លោក ហ៊ុន សែន បំផ្លាញ​លុយ​ជាតិ​កម្រិត​ណា​ក៏ដោយ ក៏​គ្មាន​ស្ថាប័ន​ណា​ហ៊ាន​សើរើ ឬ​ត្រួតពិនិត្យ​ការ​ប្រើប្រាស់​លុយ​ទាំងនេះ​ដែរ ខណៈ​បក្ស​ប្រឆាំង​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ទាមទារ​ឱ្យ​បង្ហាញ​ពី​តម្លាភាព​ជុំវិញ​ការ​ប្រើប្រាស់​លុយ​កម្ចី​ទាំងនេះ ធ្លាប់​ត្រូវ​បាន​រដ្ឋអំណាច​នៃ​គ្រួសារ​និយម​មួយ​នេះ ប្រើ​លេស​ចោទប្រកាន់​ពី​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ឬ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ឬ​ចោទ​ថា​មាន​បរទេស​ជា​អ្នក​បញ្ជា​នៅ​ពីក្រោយ​ជាមិនខាន។

កាលពី​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៤ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ពី​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​ថា បំណុល​របស់​កម្ពុជា​បាន​កើន​ឡើង​ដល់​ជាង ១​ម៉ឺន​លាន​ដុល្លារ​អាមេរិក (១១,២៤​ពាន់​លាន​ដុល្លារ) គិត​ត្រឹម​ចុង​ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ ប៉ុន្តែ​ក្រសួង​សេដ្ឋកិច្ច អះអាង​ថា កម្រិត​បំណុល​នេះ​នឹង​នាំ​ឱ្យ​មាន​ហានិភ័យ​ដល់​ប្រទេស​កម្ពុជា​ខ្លះ​ដែរ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​នៅឡើយ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បង្ហាញ​ថា ៩៩,៥% ឬ ១១,១៩​ពាន់​លាន​ដុល្លារ​អាមេរិក គឺជា​បំណុល​បរទេស ហើយ​ក្នុង​ចំណោម​បំណុល​បរទេស​នេះ ប្រទេស​ចិន គឺជា​ម្ចាស់​បំណុល​របស់​កម្ពុជា​ធំ​ជាងគេ​ដែល​មាន​ទំហំ​ទឹកប្រាក់​រហូត​ទៅ​ដល់ ៤​ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ស្មើ​នឹង ៣៧% ចំណែក ០,៥% ផ្សេង​ទៀត គឺជា​បំណុល​សាធារណៈ​ក្នុង​ស្រុក ដែល​កម្ពុជា​ខ្ចី​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB និង​ធនាគារ​ពិភពលោក World Bank។

យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក វង្ស៊ី វិស្សុត ធ្លាប់​អះអាង​កាលពី​ពេល​កន្លង​ទៅ​ថា កម្ពុជា​ជា​ប្រទេស​ដែល​ជំពាក់​បំណុល​បរទេស​តិច​ជាងគេ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន។

ទាក់ទិន​នឹង​បញ្ហា​នេះ វិទ្យាស្ថាន Kiel Institute ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អាល្លឺម៉ង់ ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អត្រា​ជំពាក់​បំណុល​ប្រទេស​ចិន​ច្រើន​បំផុត​លំដាប់​ទី​៦ ក្នុង​ចំណោម​ប្រទេស​ចំនួន ៥០ នៅ​លើ​ពិភពលោក ដែល​ជា​បំណុល​មាន​ហានិភ័យ​ការប្រាក់​ខ្ពស់ និង​កង្វះ​តម្លាភាព។

នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​កន្លង​ទៅ​ថា ការ​ខ្ចី​បុល​បរទេស​របស់​ប្រទេស​ដែល​មាន​ការ​ទទួល​ខុសត្រូវ​ច្បាស់លាស់ គឺ​ត្រូវ​ឆ្លងកាត់​នូវ​ការ​សួរ​ដេញដោល និង​ត្រួតពិនិត្យ​អំពី​គណនេយ្យភាព និង​វត្ថុបំណង​នៃ​ការ​ខ្ចី​លុយ​បរទេស​ទាំងនោះ​យ៉ាង​ហ្មត់ចត់ ទើប​រដ្ឋាភិបាល​នៃ​ប្រទេស​នោះ​អាច​ខ្ចី​បុល​បរទេស​យក​មក​ប្រើប្រាស់​បាន។

លោក​បន្ថែម​ថា ដោយឡែក​ការ​ខ្ចី​បុល​បរទេស​របស់​កម្ពុជា ត្រូវ​បាន​ធ្វើឡើង​ក្នុង​លក្ខខណ្ឌ​មួយ​ដែល​ពិបាក​នឹង​រក​តម្លាភាព ដោយសារតែ​ដំណើរការ​គ្រប់​បែប​យ៉ាង​របស់​រដ្ឋបាល​ជាតិ​សព្វថ្ងៃ​នេះ ត្រូវ​សម្រេច​ចេញពី​រដ្ឋាភិបាល និង​រដ្ឋសភា​ដែល​កំពុង​ដឹកនាំ​ដោយ​បក្ស​ដ៏​មាន​អំណាច។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ការ​ខ្ចី​បុល​បរទេស​តិច ឬ​ច្រើន ជា​រឿង​សំខាន់​មួយ​ទៅ​ហើយ ប៉ុន្តែ​ការ​ប្រើប្រាស់​ថវិកា​ទាំងនោះ​ប្រកប​ដោយ​តម្លាភាព គឺជា​រឿង​សំខាន់ ត្បិត​បំណុល​ទាំងនោះ​គឺ​ពលរដ្ឋ​ម្នាក់ៗ​មាន​កាតព្វកិច្ច​ត្រូវ​សង​តាមរយៈ​នៃ​ការ​បង់​ពន្ធ​គ្រប់​បែប​យ៉ាង ដូច្នេះ​ការ​ប្រើប្រាស់​ថវិកា​កម្ចី​បរទេស​ទាំងនោះ​គ្មាន​តម្លាភាព គឺជា​ហានិភ័យ​ធំ​ណាស់​សម្រាប់​ប្រទេស​ជាតិ និង​ពលរដ្ឋ​គ្រប់​រូប៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស