29 C
Phnom Penh

អ្នកវិភាគ​ថា​ដំណឹង​ឧកញ៉ា ឡេង ចាន់ណា បែក​កម្មដ្ឋាន​គឺជា​កលល្បិច​លែង​ស្រាវជ្រាវ​រក​អ្នក​នៅ​ពី​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នកវិភាគ​នយោបាយ ចោទ​ថា ការ​ផ្សព្វផ្សាយ​ថា​ឧកញ៉ា ឡេង ចាន់ណា បែក​កម្មដ្ឋាន ឬ​មាន​សតិ​មិន​គ្រប់​ក្រោយ​ការ​ចាប់​ខ្លួន គ្រាន់តែ​ជា​ល្បិចកល​ដើម្បី​បំបិទ​ការ​ស្រាវជ្រាវ​ទៅ​រក​អ្នក​ពាក់ព័ន្ធ​កំពូល​ជាមួយ​ឧកញ៉ា​រូប​នេះ​តែប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២០ មីនា នេះ​ថា ទំហំ​ទឹកប្រាក់​ដែល​គេ​ទម្លាយ​ថា​ឧកញ៉ា ឡេង ចាន់ណា បោកប្រាស់​បាន​ចំនួន ៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក មក​ទល់​ពេលនេះ រដ្ឋាភិបាល​មិន​ទាន់​បង្ហាញ​សាធារណជន​នៅឡើយ​ទេ ខណៈ​រឿង​នេះ​ហាក់ដូចជា​ស្ងប់ស្ងាត់​ក្រោយ​ការ​ទម្លាយ​ព័ត៌មាន​ថា ឧកញ៉ា ឡេង ចាន់ណា មាន​បញ្ហា​សរសៃ​ប្រសាទ។

អ្នកវិភាគ​រូប​នេះ​លើកឡើង​ថា អ្វី​ដែល​រាជរដ្ឋាភិបាល និង​ស្ថាប័ន​អនុវត្ត​ច្បាប់​ត្រូវ​ធ្វើ​លើ​អំពើ​ឆបោក​នេះ គឺ​ត្រូវតែ​រក​ឱ្យ​ឃើញ​ថា តើ​លុយ​ប្រមាណ​ជា ៣០០​លាន​ដុល្លារ​នោះ​នៅ​ឯណា​នៅ​ពេលនេះ បើ​ទោះបីជា​លុយ​ទាំងនោះ​កំពុង​កប់​ក្នុង​ការ​វិនិយោគ​ក៏ដោយ ក៏​ត្រូវ​ឱ្យ​ដឹង​ដែរ​ថា ជាប់​គាំង​លើ​ការ​វិនិយោគ​អ្វី​ខ្លះ ហើយ​អ្នក​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​មាន​បុគ្គល​ណា​ខ្លះ មិនមែន​គ្រាន់តែ​ចាប់​ខ្លួន​ហើយ​បិទ​សំណុំរឿង​នេះ​ចោល​ដោយ​គ្មាន​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​ឫសគល់​នោះ​ទេ។

លោក គឹម សុខ បញ្ជាក់​ថា ចំណុច​ដែល​គួរ​ឱ្យ​សង្ស័យ គឺ​នៅ​ត្រង់​ថា មុន​ដំបូង អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​ដូចជា​អាជ្ញាធរ​ខេត្ត​ជាដើម ការពារ​ឧកញ៉ា ឡេង ចាន់ណា រហូត​មក ទោះបីជា​ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់​ពី​បទ​ឆបោក និង​ទាមទារ​ឱ្យ​សង​លុយ​ពួកគេ​វិញ​ក៏ដោយ ប៉ុន្តែ​ចុងក្រោយ ក៏​បាន​បែកធ្លាយ​សំឡេង​ឧកញ៉ា ឡេង ចាន់ណា ថា​លោក ហ៊ុន ម៉ាណែត នៅ​ពី​ក្រោយ​ខ្នង​ខ្លួន ទើប​អាជ្ញាធរ​ចាប់​ខ្លួន​តែម្តង។

អ្នកវិភាគ​រូប​នេះ​គូស​បញ្ជាក់​ថា ឧកញ៉ា ឡេង ចាន់ណា ជា​ជនរងគ្រោះ​ផង និង​ជា​ជន​បោកប្រាស់​ផង ដែល​ថា​ជា​ជន​បោកប្រាស់ គឺ​គាត់​ចេញ​មុខ​បោកប្រាស់​លុយ​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ ប៉ុន្តែ​ជា​ជនរងគ្រោះ គឺ​គាត់​ជា​អ្នក​ទទួល​ខុសត្រូវ​តែ​ម្នាក់​ឯង​ក្នុង​អំពើ​ឆបោក​នេះ ខណៈ​ប្រាក់​រាប់​រយ​លាន​ដុល្លារ​នោះ ត្រូវ​បែងចែក​ជាមួយ​អ្នក​នៅ​ពី​ក្រោយ​ខ្នង។

លោក គឹម សុខ សង្កត់​ធ្ងន់​ថា ការ​ផ្សព្វផ្សាយ​ថា​ឧកញ៉ា ឡេង ចាន់ណា មាន​អាការៈ​បែក​កម្មដ្ឋាន គឺ​ដើម្បី​ដោះ​បន្ទុក​អ្នក​ពាក់ព័ន្ធ​កំពូល​ដែល​នៅ​ពីក្រោយ​ខ្នង ជាជាង​ការ​ដោះលែង​ឧកញ៉ា ឡេង ចាន់ណា ឱ្យ​រួច​ទោស​នៅ​ថ្ងៃ​ណា​មួយ។ ក្រៅពី​នេះ​ទៀត បើ​ឧកញ៉ា ឡេង ចាន់ណា ឡប់សតិ​មែន ក៏​គ្រាន់តែ​ជា​វិធី​ការពារ​ជីវិត​របស់​គាត់​ប៉ុណ្ណោះ ព្រោះ​ថា​បើ​ផ្អែក​តាម​របៀប​ធ្វើការ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា អ្នក​ដែល​ធ្វើ​ឱ្យ​បែកធ្លាយ​រឿង​ផ្ទៃក្នុង គឺ​ត្រូវតែ​ស្លាប់។

កាលពី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៤ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​សៀមរាប ក្រោយ​ទទួល​បាន​បណ្តឹង​របស់​អ្នកស្រី រ៉េត សុធីតា ដែល​ជា​តំណាង​ពលរដ្ឋ​រងគ្រោះ ក្រោយ​អ្នកស្រី​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ កន្លង​ទៅ​នោះ។

ក្រោយ​ការ​ចាប់​ខ្លួន និង​សាកសួរ​ចម្លើយ​នៅ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប លោក មាស រិទ្ធី អ្នក​អត្ថាធិប្បាយ​ប្រចាំ​ទូរទស្សន៍​ហង្ស​មាស បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៤ ថា ប៉ូលិស​ខេត្ត​សៀមរាប បាន​ប្រាប់​លោក​ថា ក្រោយ​ចាប់​ខ្លួន ឥឡូវ​នេះ​ឧកញ៉ា ឡេង ចាន់ណា និយាយ​បែក​កម្មដ្ឋាន​ហើយ សួរ​ឯ​លិច ឆ្លើយ​ឯ​កើត ដូច​មនុស្ស​អត់​មាន​វិញ្ញាណ​នៅ​ក្នុង​ខ្លួន​អ៊ីចឹង។

ក្រោយ​ការ​ផ្សព្វផ្សាយ​ពី​លោក មាស រិទ្ធី សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​នាំគ្នា​ចុះផ្សាយ​ពី​ការ​លើកឡើង​នេះ​ព្រោងព្រាត ប៉ុន្តែ​មិនទាន់​មាន​ស្ថាប័ន​មាន​សមត្ថកិច្ច ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ណា​មួយ​ចេញ​មក​បំភ្លឺ​ករណី​នេះ​នៅឡើយ​ទេ។ ក្រោយ​ផ្សព្វផ្សាយ​នូវ​ពាក្យ​ចចាមអារ៉ាម​នេះ គេ​សង្កេត​ឃើញ​ថា ការ​តវ៉ា​ទាមទារ​លើ​ករណី​ឆបោក​របស់​ឧកញ៉ា ឡេង ចាន់ណា បាន​ស្ងប់ស្ងាត់​ទាំងស្រុង​នៅ​ពេលនេះ។

ទោះយ៉ាងណា​ក៏ដោយ អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​ប្រចាំ​ខេត្ត​កោះកុង និង​ជា​អ្នក​ដែល​ធ្លាប់​បម្រើ​ការ​ជា​ជន​បង្កប់​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត គឺ​លោក មុំ អស្សនី បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា កាលពី​អំឡុង​ឆ្នាំ​២០១៧ លោក​ក៏​ធ្លាប់​ត្រូវ​លោក ហ៊ុន ម៉ាណែត ស្នើ​ឱ្យ​ទៅ​សហការ​ជាមួយ​ឧកញ៉ា ឡេង ចាន់ណា បង្កើត​សមាគម និង​ក្រុមហ៊ុន​ឯកជន ដើម្បី​ទាក់ទាញ​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែរ តែ​លោក​បាន​បដិសេធ​សំណើ​នោះ ដូច្នេះ​ករណី​ឆបោក​នេះ លោក​ប្រាកដ​ថា​លោក ហ៊ុន ម៉ាណែត ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឆបោក​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស