លោក ជា យូហ៊ន គឺជាអតីតជនភៀសខ្លួនខ្មែរមួយរូបពីប្រទេសកម្ពុជា ដោយធ្លាប់បានឆ្លងកាត់នូវរបបវាលពិឃាត ប៉ុល ពត ទៅរស់នៅក្នុងប្រទេសអូស្ត្រាលី នៅដើមទសវត្សរ៍១៩៨០។
មុនមកកាន់ប្រទេសអូស្ត្រាលី លោកបានឆ្លងកាត់ការស្នាក់នៅបណ្ដោះអាសន្នក្នុងជំរំជនភៀសខ្លួនខៅអ៊ីដាង ក្នុងប្រទេសថៃ។ ក្រោយស្នាក់នៅជំរំនេះបានមួយរយៈ នៅឆ្នាំ១៩៨២ លោកក៏បានឈានជើងមកដល់ប្រទេសអូស្ត្រាលី ហើយបន្តរស់នៅលើទឹកដីសេរីភាព ឬទឹកដីប្រជាធិបតេយ្យមួយនេះរហូតមកទល់ពេលបច្ចុប្បន្ន។
ក្រោយកសាងជីវិតថ្មីនៅលើទឹកដីនៃសេរីភាពដ៏អស្ចារ្យមួយនេះ លោក ជា យូហ៊ន បានចូលបម្រើការងារជាបុគ្គលិកសង្គមកិច្ចនៅឆ្នាំ១៩៨៤ ប៉ុន្តែក្រោយពីបម្រើការងារជាបុគ្គលិកសង្គមកិច្ចបាន ១ឆ្នាំ លោកក៏បានបង្កើតសមាគមខ្មែរវិចថូរៀ (Victoria) នៅឆ្នាំ១៩៨៥។ លោក ជា យូហ៊ន បានដឹកនាំសមាគមរហូតដល់ឆ្នាំ១៩៩៧ ដែលពេលនោះលោកបានជាប់ឆ្នោតធ្វើជាចៅសង្កាត់នៅតំបន់ Springvale តែម្តង។
ក្រោយបម្រើការងារជាចៅសង្កាត់ លោក ជា យូហ៊ន ត្រូវបានសហគមន៍ខ្មែរ និងពលរដ្ឋជាតិសាសន៍អាស៊ីដទៃទៀតដែលរស់នៅក្នុងប្រទេសអូស្ត្រាលី បោះឆ្នោតគាំទ្រឱ្យលោកធ្វើជាចៅហ្វាយក្រុង Greater Dandenong ចំនួន ៦អាណត្តិជាប់ៗគ្នា ដែលមានរយៈពេលជាង ២០ឆ្នាំ ប៉ុន្តែលោកបានចូលនិវត្តន៍នៅអំឡុងឆ្នាំ២០២០ កន្លងទៅនេះ។
អំឡុងពេលដែលលោក ជា យូហ៊ន ធ្វើជាចៅហ្វាយក្រុង Greater Dandenong លោកបានខិតខំជួយសម្រួលដល់ការរស់នៅពលរដ្ឋភៀសខ្លួនផ្សេងទៀតដែលទទួលបាននូវសិទ្ធិជ្រកកោនស្របច្បាប់ទៅរស់នៅក្នុងទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ជាពិសេសពលរដ្ឋខ្មែរដែលភៀសខ្លួនដោយសាររបប ប៉ុល ពត និងការសុំសិទ្ធិជ្រកកោនផ្នែកនយោបាយដោយសារការតាមចាប់ខ្លួនពីសំណាក់រដ្ឋាភិបាលខ្មែរដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ក្រៅពីការងារជាចៅហ្វាយក្រុង លោក ជា យូហ៊ន ក៏តែងតែដឹកនាំសហគមន៍ខ្មែរក្នុងប្រទេសអូស្ត្រាលី តស៊ូមតិដោយការជំរុញឱ្យរដ្ឋាភិបាលអូស្ត្រាលី ជួយលើកស្ទួយនូវការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាយ៉ាងសកម្ម និងស្វិតស្វាញជាទីបំផុតរហូតមកទល់ពេលនេះ ទោះបីជាលោកមានវ័យចំណាស់បន្តិចបន្ទាប់ពីចូលនិវត្តន៍ពីការងារជាចៅហ្វាយក្រុង Greater Dandenong ទៅហើយក្តី។
ថ្វីត្បិតតែលោកបានចូលនិវត្តន៍ពីការងារជាចៅហ្វាយក្រុងក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ន លោក ជា យូហ៊ន នៅតែបន្តធ្វើជាប្រធានសមាគមខ្មែរនៅក្នុងរដ្ឋវិចថូរៀ និងធ្វើការតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាដដែល៕
© 2024, . All rights reserved.