កម្មករ​រោងចក្រ Y&W ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​រោងចក្រ​ដើម្បី​ជំរុញ​ទៅ​ភាគី​ពាក់ព័ន្ធ ពន្លឿន​នីតិវិធី​ដោះស្រាយ​ទូទាត់​ប្រាក់ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ កាលពី​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៤។ (រូបថត៖ សង់ត្រាល់)

ព័ត៌មានជាតិ

មន្ត្រី​សង្គម​ស៊ីវិល​ថា​ការ​ឡាយឡុង​ទ្រព្យសម្បត្តិ​រោងចក្រ​កាត់ដេរ Y&W គឺជា​វិធី​ត្រឹមត្រូវ

By ឌឹ ខេមបូឌា ដេលី

March 25, 2024

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​វិស័យ​ការងារ លើកឡើង​ថា វិធានការ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ការ​លក់​ឡាយឡុង​ទ្រព្យសម្បត្តិ​រោងចក្រ​កាត់ដេរ Y&W GARMENT ដើម្បី​ដោះស្រាយ​ការ​ទាមទារ​របស់​កម្មករ​និយោជិត គឺជា​វិធានការ​ឆ្លើយ​ដ៏​មាន​ប្រសិទ្ធភាព​ចំពោះ​សេចក្តី​ត្រូវការ​របស់​កម្មករ។

អ្នក​គ្រប់គ្រង​ផ្នែក​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ មីនា ថា នៅ​ពេលនេះ​មជ្ឈមណ្ឌល​សង់ត្រាល់ កំពុង​ស្រាវជ្រាវ​ព័ត៌មាន​ជាក់លាក់​បន្ថែម​ទៀត ដើម្បី​ឱ្យ​ដឹង​ថា​តើ​សំណង​ដែល​ក្រុមហ៊ុន Y&W GARMENT ត្រូវ​សង​ទៅ​ដល់​កម្មករ​និយោជិត​ទាំងនោះ​មាន​ចំនួន​ប៉ុន្មាន ហើយ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន ក្រសួង​ការងារ​ប្រកាស​លក់​ឡាយឡុង​ទាំងនោះ​អាច​ទូទាត់​សំណង​ដល់​កម្មករ​និយោជិត​ដែរ​ឬ​ក៏​អត់។

លោក ឃុន ថារ៉ូ លើកឡើង​ថា អង្គការ​សង់ត្រាល់​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ផ្លូវការ​ណា​មួយ​នៅ​ឡើយ​ទេ​ជុំវិញ​ទំហំ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ដែល​នឹង​ត្រូវ​លក់​ឡាយឡុង​យក​លុយ​ទៅ​សង​កម្មករ​និយោជិត​នោះ ដូច្នេះ​អង្គការ​សង់ត្រាល់​កំពុង​តាមដាន​ករណី​នេះ​យកចិត្ត​ទុកដាក់ ដើម្បី​ជួយ​ដោះស្រាយ​សេចក្តី​ត្រូវការ​បន្ទាន់​របស់​កម្មករ​និយោជិត ដូចជា ការ​ដោះស្រាយ​បំណុល​ធនាគារ អាហារ​ទ្រទ្រង់​ជីវិត​ប្រចាំ​ថ្ងៃ និង​ការ​ចំណាយ​លើ​ថ្លៃឈ្នួល​ផ្សេងៗ ដូចជា ថ្លៃ​ទឹក ថ្លៃ​ភ្លើង និង​ថ្លៃ​ឈ្នួល​ផ្ទះ ជាដើម។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា អង្គការ​សង់ត្រាល់​នឹង​សិក្សា​ស្រាវជ្រាវ​ឱ្យ​ដឹង​កាន់តែ​ច្បាស់​ថែម​ទៀត​ថា តើ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​ដែល​ត្រូវ​លក់​ឡាយឡុង​នោះ នឹង​អាច​ទូទាត់​សំណង​ដល់​កម្មករ​និយោជិត​បាន​ទំហំ​ប៉ុនណា។ ជាង​នេះ​ទៀត សង់ត្រាល់ ក៏​នឹង​សិក្សា​លម្អិត​បន្ថែម​ដែរ​ជុំវិញ​នីតិវិធី​គណនា​របស់​ក្រសួង​ការងារ ដើម្បី​ឱ្យ​ដឹង​ថា តើ​កម្មករ​និយោជិត​ទទួល​បាន​ចំណុច​អ្វី​ខ្លះ​ជុំវិញ​ការ​ទូទាត់​សំណង​ទាំងនោះ ដោយ​ផ្អែក​តាម​គោលការណ៍​ច្បាប់​ស្ដីពី​ការងារ និង​យោង​ទៅ​តាម​ប្រភេទ​កិច្ចសន្យា​ការងារ​របស់​កម្មករ​និយោជិត​ទាំងនោះ ជាមួយ​នឹង​ក្រុមហ៊ុន Y&W GARMENT នេះ។

កាលពី​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៤ កម្មករ​និយោជិត​ប្រមាណ​ជា ៦០០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​បិទ​ផ្លូវ​ត្រង់​ចំណុច​ភ្លើងស្តុប​បាគូ ភូមិ​បាគូ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ Y&W GARMENT បើក​ប្រាក់ខែ​ឱ្យ​ពួកគេ។

កម្មករ​ម្នាក់​ដែល​ចូលរួម​តវ៉ា​នៅ​ពេល​នោះ បាន​អះអាង​ថា កាលពី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៤ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ និង​មន្ត្រី​ក្រសួង​ការងារ បាន​សន្យា​ថា​នឹង​ដោះស្រាយ​បើក​ប្រាក់ខែ​ឱ្យ​ពួកគេ​នៅ​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៤ នេះ ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​ជួបជុំ​គ្នា​នៅ​ថ្ងៃ​នេះ​តែម្តង។

ជុំវិញ​បញ្ហា​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ស្ដីពី​ការ​បើក​ប្រាក់ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​ជូន​កម្មករ​និយោជិត​របស់​រោងចក្រ Y&W GARMENT កាលពី​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៤ ថា​នៅ​ពេលនេះ ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​កំពុង​ដាក់​ដេញ​ថ្លៃ ខណៈ​ក្រសួង​ការងារ ក៏​ទទួល​បាន​ប្រាក់​កក់​ពី​ក្រុមហ៊ុន​ដេញ​ថ្លៃ​មួយ​ចំនួន​ហើយ។

ក្រសួង​ការងារ បញ្ជាក់​ថា កម្មករ​និយោជិត​ទាំងអស់​ត្រូវ​ទៅ​សាលា​ខណ្ឌ​ដង្កោ នៅ​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២៤ ដើម្បី​ពិនិត្យ​ឈ្មោះ​អ្នក​ដែល​ត្រូវ​ទទួល​សំណង​នេះ​តាម​លេខ​រៀង ដោយ​ភ្ជាប់​ប័ណ្ណ​សម្គាល់​ខ្លួន​ជា​កម្មករ​ច្បាប់ដើម ឬ​កិច្ចសន្យា​ការងារ សៀវភៅ​ការងារ​កម្មករ ឬ​ប័ណ្ណ​សមាជិក ប.ស.ស ឬ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លងដែន និង​ប័ណ្ណ​បើក​ប្រាក់​ឈ្នួល​ប្រចាំ​ខែ​របស់​កម្មករ​និយោជិត​ផង​ដែរ បើ​មាន។

កាលពី​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០២៤ កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ Y&W Garment ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ប្រមាណ ២០០០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា និង​ដង្ហែ​ក្បួន​ទៅ​ក្រសួង​ការងារ ដើម្បី​ស្នើសុំ​ដំណោះស្រាយ ក្រោយ​ថៅកែ​រោងចក្រ​ប្រកាស​ក្ស័យធន ក្រោម​ហេតុផល​គ្មាន​អ្នក​បញ្ជា​ទិញ និង​គេច​ខ្លួន​មិន​ដោះស្រាយ​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេង​ទៀត​ឱ្យ​កម្មករ​នៅ​ពេលនេះ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់​ថា មាន​កម្មករ​ជាង ៤​ពាន់​នាក់ (៤៨៤៩​នាក់) ដែល​ម្ចាស់​រោងចក្រ​ឈ្មោះ YUEN PO FAI រត់​ចោល​រោងចក្រ​មិន​ទទួល​ខុសត្រូវ​បើក​ប្រាក់ខែ និង​អត្ថប្រយោជន៍​ផ្សេងៗ ដូចជា ប្រាក់​ឈ្នួល​លើក​ទី​២ ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២៤ ប្រាក់​បំណាច់​ជួស​ការ​ឈប់​សម្រាប់​ប្រចាំ​ឆ្នាំ​ចំនួន ១៨​ថ្ងៃ ប្រាក់​ជួស​ការ​ជូនដំណឹង​ជា​មុន និង​ប្រាក់​អតីតភាព​ការងារ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៤ ផង​ដែរ ដែល​គិត​ជា​សរុប​មាន​ចំនួន​ទឹកប្រាក់​ចំនួន​ជាង ៣​លាន​ដុល្លារ​អាមេរិក (៣២៩៥២៩៥​ដុល្លារ)៕