37 C
Phnom Penh

រុស្ស៊ី​បាញ់​មីស៊ីល ៩០​គ្រាប់​លើ​អ៊ុយក្រែន ជា​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​លើកដំបូង​នៅ​រដូវ​ត្រជាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅ​ថ្ងៃ​សុក្រ ទី​២២ មីនា បាន​អះអាង​ថា រុស្ស៊ី បាន​បើក​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ក្នុង​ទ្រង់ទ្រាយ​ធំ​ជា​លើកដំបូង​នៅ​រយៈពេល ៣​ខែ​នៃ​សង្គ្រាម​ក្នុង​រដូវ​ត្រជាក់។

តាម​លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី រុស្ស៊ី​វាយប្រហារ​កាលពី​វេលា​យប់ និង​វាយប្រហារ​រហូត​ទៀប​ភ្លឺ​នៅ​ថ្ងៃ​សុក្រ ទី​២២ មីនា នេះ ដោយ​បាញ់​មីស៊ីល​ប្រមាណ ៩០​គ្រាប់ និង​យន្តហោះ​ដ្រូន ៦០​គ្រឿង​នៅ​ពាសពេញ​ប្រទេស​អ៊ុយក្រែន ដោយ​រាប់​ទាំង​រដ្ឋធានី​គៀវ ផង​ដែរ។

ប្រធានាធិបតី​អ៊ុយក្រែន បាន​បញ្ជាក់​ថា យន្តហោះ​ដ្រូន​ជាង ៦០​គ្រឿង​ជា​ប្រភេទ​ដ្រូន Shahed ផលិត​ដោយ​ប្រទេស​អ៊ីរ៉ង់ ហើយ​មីស៊ីល ៩០​គ្រាប់ មាន​ប្រភេទ​ចម្រុះ​មាន​ទាំង​មីស៊ីល​បាលីស្ទិច​ទៀត​ផង។

ជាមួយ​គ្នា​នេះ ក្រសួង​មហាផ្ទៃ​អ៊ុយក្រែន បាន​ឱ្យ​ដឹង​ថា ការ​វាយប្រហារ​ថ្មី​ចុងក្រោយ​នេះ​របស់​រុស្ស៊ី បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាងហោចណាស់ ២​នាក់​ស្លាប់ និង ១៤​នាក់​រង​របួស ហើយ ៣​នាក់​ផ្សេង​ទៀត​បាត់​ខ្លួន។

ទីភ្នាក់ងារ​ព័ត៌មាន Reuters ឲ្យ​ដឹង​ថា ការ​បាញ់​មីស៊ីល​រាប់​សិប​គ្រាប់​លើ​រដ្ឋធានី​គៀវ នៃ​ប្រទេស​អ៊ុយក្រែន គឺជា​លើកដំបូង​គិត​ចាប់តាំងពី​ខែ​មករា ដោយ​បាន​បង្ក​ឱ្យ​មនុស្ស​យ៉ាងតិច ១៧​នាក់​រង​របួស​ដោយសារ​អំបែង​គ្រាប់​មីស៊ីល​ដែល​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​អ៊ុយក្រែន បាញ់​ទម្លាក់។ ប៉ុន្តែ​កងទ័ព​អាកាស​អ៊ុយក្រែន បាន​អះអាង​ថា គេ​បាន​បាញ់​ទម្លាក់​មីស៊ីល​រុស្ស៊ី ចំនួន ៣១​គ្រាប់ ដែល​ហោះ​សំដៅ​មក​ទីក្រុង​គៀវ។

ក្នុង​ស្ថានភាព​នេះ ប្រធានាធិបតី​អ៊ុយក្រែន បាន​អំពាវនាវ​ឱ្យ​ក្រុម​លោក​ខាងលិច​ផ្តល់​ប្រព័ន្ធ​ការពារ​ដែនអាកាស​បន្ថែម​ទៀត​ដល់​ទីក្រុង​គៀវ ជាបន្ទាន់។

លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាន​បង្ហោះ​សារ​ថា ស្ថានការណ៍​ដ៏​អាក្រក់​បែប​នេះ​បាន​បន្ត និង​កំពុងតែ​បន្ត​រាល់​ថ្ងៃ​រាល់​យប់។ វា​អាច​ទៅ​រួច​ក្នុង​ការ​បញ្ចប់​រឿង​បែប​នេះ​បាន គឺ​តាមរយៈ​សាមគ្គី​ភាព​ជា​សកល ព្រោះ​រុស្ស៊ី មិន​មាន​មីស៊ីល​ដែល​អាច​ឆ្លង​ផុត​ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot និង​ប្រព័ន្ធ​ការពារ​អាកាស​ទំនើបៗ​ផ្សេង​ទៀត​របស់​ពិភពលោក​ឡើយ។ ពេល​ឥឡូវ​នេះ ប្រព័ន្ធ​ការពារ​ទាំងនេះ​គឺ​ចាំបាច់​ណាស់​មាន​នៅ​អ៊ុយក្រែន រាប់​ចាប់ពី​ទីក្រុង Kyiv ដល់​តំបន់ Kharkiv និង​តំបន់ Sumy ដល់ Kherson និង​ពី​កំពង់ផែ Odesa ដល់​ខេត្ត Donetsk ភាគ​ខាងកើត​ប្រទេស។

ក្នុង​ស្ថានភាព​នេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ មីនា លោក Rob Bauer ប្រធាន​គណៈកម្មាធិការ​យោធា​នៃ​អង្គការ​ណាតូ ដែល​បាន​ទៅ​កាន់​ទីក្រុង​គៀវ បាន​និយាយ​ថា សម្ព័ន្ធមិត្ត​អ៊ុយក្រែន មិន​គួរ​កាត់បន្ថយ​អំពី​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ទប់ស្កាត់​កងកម្លាំង​រុស្ស៊ី នោះ​ទេ ដែល​លោក​ថា​ត្រូវ​បន្ថែម​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ុយក្រែន។

ថ្លែង​ទៅ​កាន់​សន្និសីទ​ស្ដីពី​សន្តិសុខ​នៅ​ទីក្រុង​គៀវ លោក Bauer បាន​បញ្ជាក់​ថា អ៊ុយក្រែន​ត្រូវការ​ការ​គាំទ្រ​ថែម​ទៀត ហើយ​ត្រូវការ​វា​ឥឡូវ​នេះ។

លោក Bauer ក៏​បាន​កោតសរសើរ​ចំពោះ​ភាព​អត់ធន់ និង​សមត្ថភាព​របស់​អ៊ុយក្រែន ដែល​អាច​កែប្រែ​ស្ថានការណ៍​បាន​យ៉ាង​ឆាប់​រហ័ស​ក្នុង​សង្គ្រាម​សម័យ​ទំនើប។

ដោយឡែក​លោក​ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាន​លើកឡើង​ពី​តម្រូវការ​គ្រាប់រំសេវ និង​យន្តហោះ​ដ្រូន​ប្រាប់​លោក Bauer ហើយ​បាន​ពិភាក្សា​គ្នា​អំពី​តួនាទី​របស់​អង្គការ​ណាតូ ក្នុង​កិច្ច​សម្របសម្រួល​ការ​គាំទ្រ​សម្រាប់​អ៊ុយក្រែន ក៏ដូចជា​ការ​អភិវឌ្ឍ​សមត្ថភាព​ការពារ​ជាតិ​របស់​ខ្លួន។

នេះ​ជា​លើកដំបូង​ដែល​ប្រធាន​គណៈកម្មាធិការ​យោធា​របស់​អង្គការ​ណាតូ បាន​ដឹកនាំ​គណៈប្រតិភូ​យោធា​របស់​ណាតូ ទៅ​កាន់​ទីក្រុង​គៀវ គិត​ចាប់តាំងពី​សង្គ្រាម​ផ្ទុះឡើង​កាលពី​ឆ្នាំ​២០២២។

ទោះជា​បែប​នេះ​ក្ដី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ប្ដេជ្ញា​មិន​បោះបង់​ចោល​អ៊ុយក្រែន​ដាច់ខាត។ លោក​រដ្ឋមន្ត្រី Lloyd Austin បាន​សន្យា​ដល់​អ៊ុយក្រែន ថា សហរដ្ឋ​អាមេរិក​នឹង​មិន​បោះបង់​ចោល​អ៊ុយក្រែន ឡើយ បើ​ទោះជា​ជំនួយ​អាមេរិក​កំពុងតែ​ជាប់​គាំង​នៅ​ក្នុង​សភា​តំណាងរាស្ត្រ​ក៏ដោយ។

ការ​សន្យា​របស់​លោក Lloyd Austin ក៏​បាន​ធ្វើឡើង​នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន លោក Rustem Umerov នៅ​ឯ​កិច្ចប្រជុំ​លើក​ទី​៧ នៃ​ក្រុម​ធ្វើ​កិច្ចសន្យា​ការពារ​អ៊ុយក្រែន នា​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៤ នៅ​ក្នុង​មូលដ្ឋាន​ទ័ព​អាកាស Ramstein ក្នុង​ប្រទេស​អាល្លឺម៉ង់។

លោក Lloyd Austin បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន បរាជ័យ​ឡើយ។ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​ទុក​ឱ្យ​អ៊ុយក្រែន បរាជ័យ ហើយ​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត ក៏​មិន​ទុក​ឱ្យ​អ៊ុយក្រែន បរាជ័យ រួម​ទាំង​ពិភពលោក​សេរី ក៏​នឹង​មិន​ទុក​ឱ្យ​អ៊ុយក្រែន បរាជ័យ​ដែរ។

ការ​សន្យា​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ដែល​ថា​មិន​បោះបង់​ចោល​អ៊ុយក្រែន មើល​ទៅ​ជា​ការ​ឆ្លើយតប​ចំពោះ​ភាព​ទាល់ច្រក​នៃ​ការ​មិន​អាច​អនុម័ត​ជំនួយ​កញ្ចប់​ថវិកា ៦០​ពាន់​លាន​ដុល្លារ​ពី​ស្ថាប័ន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក ដែល​គ្រប់គ្រង​សំឡេង​ភាគច្រើន​ដោយ​គណបក្ស​សាធារណរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស