រដ្ឋាភិបាលប្រទេសហ្វីលីពីន នៅថ្ងៃចន្ទ ទី២៥ មីនា នេះ បានកោះហៅអ្នកការទូតប្រទេសចិន ដើម្បីសម្ដែងការតវ៉ាចំពោះអ្វីដែលក្រុងម៉ានីល ចាត់ទុកថាជាសកម្មភាពរំលោភបំពានពីសំណាក់ឆ្មាំល្បាតដែនសមុទ្រចិន នៅឯតំបន់សមុទ្រចិនខាងត្បូង កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែមីនា នេះ។
ក្រសួងការបរទេសហ្វីលីពីន បានចោទប្រកាន់ថា ឆ្មាំសមុទ្រចិន បានបាញ់ទឹកទៅលើកប៉ាល់ដឹកស្បៀងរបស់ហ្វីលីពីន ដែលដឹកទៅផ្គត់ផ្គង់កងទ័ពនៅឯចំណុចថ្មប៉ប្រះទឹក Second Thomas Shoal កាលពីថ្ងៃសៅរ៍ ហើយថាបានធ្វើឱ្យទូករងការខូចខាត និងរបួសនាវិកទៀតផង។
ក្រសួងការបរទេសហ្វីលីពីន បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ការបន្តជ្រៀតជ្រែកពីប្រទេសចិន ចំពោះទម្លាប់ និងសកម្មភាពស្របច្បាប់ខាងប្រទេសហ្វីលីពីន នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ គឺមិនអាចទទួលយកបានឡើយ។ ក្រុងម៉ានីល ចាត់ទុកជាការរំលោភលើសិទ្ធិអធិបតេយ្យនៃប្រទេសហ្វីលីពីន។
ក្រសួងការបរទេសហ្វីលីពីន បញ្ជាក់ទៀតថា ក្រុងប៉េកាំង ពុំមានសិទ្ធិក្នុងការប្រើតំបន់នៃដែនទឹកហ្វីលីពីន នោះទេ។
ប្រធានភ្នាក់ងារសន្តិសុខហ្វីលីពីន ក៏បានកោះប្រជុំកម្រិតខ្ពស់មួយផងដែរនៅថ្ងៃចន្ទ នេះ ដើម្បីរៀបចំអនុសាសន៍ដាក់ជូនលោកប្រធានាធិបតី Ferdinand Marcos Jr អំពីវិធីឆ្ពោះទៅមុខក្នុងជម្លោះ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន Gilberto Teodoro បានប្រាប់អ្នកសារព័ត៌មានថា បើចិន មិនគោរពច្បាប់អន្តរជាតិ ថាតើចាំបាច់អ្វីត្រូវបង្កើតច្បាប់ និងតុលាការអន្តរជាតិ។
រដ្ឋមន្ត្រីការពារជាតិ Gilberto Teodoro ទំនងចង់ប្រាប់ចិន ថា តុលាការមជ្ឈត្តការអន្តរជាតិកាលពីឆ្នាំ២០១៦ បានសម្រេចសេចក្ដីឱ្យប្រទេសហ្វីលីពីន ប្រើសិទ្ធិរបស់ខ្លួននាំទូកនេសាទ ឬរុករកឧស្ម័នដើម្បីទៅកាន់ដែនជុំកោះនៃថ្មប៉ប្រះទឹក Second Thomas Shoal នៃប្រជុំកោះស្ព្រាតលី តែសាលដីការបស់តុលាការអង្គការសហប្រជាជាតិ មិនបានធ្វើឡើងនៅចំពោះមុខតំណាងភាគីចិន នោះទេ ខណៈក្រុងប៉េកាំង ក៏មិនបានបញ្ជូនភស្តុតាង និងអ្នកច្បាប់ទៅតតាំងក្ដីនោះដែរ។
យ៉ាងណា ចិនដែលមិនចូលខ្លួនតាមដីកាកោះរបស់មជ្ឈត្តការអន្តរជាតិ បានទាត់ចោលសាលដីកានេះ ដោយវាយប្រហារថា តុលាការនេះពុំមានសិទ្ធិ និងសមត្ថកិច្ចសម្រេចការកាត់ក្ដីសំណុំរឿងជម្លោះដែនទឹករបស់ចិន និងហ្វីលីពីន នោះទេ។ ក្រុងប៉េកាំង ថាវាជាជម្លោះប្រវត្តិសាស្ត្រដែលត្រូវដោះស្រាយតាមយន្តការទ្វេភាគី។
ហ្វីលីពីន បានប្រកាសថា សេចក្ដីសម្រេចរបស់សាលាក្ដីអន្តរជាតិដែលគេហៅថាអាជ្ញាកណ្ដាលនៃមជ្ឈត្តការអន្តរជាតិឆ្នាំ២០១៦ ដែលសម្រេចឱ្យហ្វីលីពីន មានសិទ្ធិចូលទៅគ្រប់គ្រងប្រជុំកោះមួយចំនួននៅក្នុងតំបន់ប្រជុំកោះស្ព្រាលី គឺត្រូវតែអនុវត្តទោះក្រុងប៉េកាំង ជំទាស់ក៏ដោយនោះ។
រយៈពេលចុងក្រោយនេះ ដោយសារជម្លោះដែនសមុទ្រជាមួយចិន កាន់តែតានតឹង ហើយក្រុងប៉េកាំង នៅបន្តបំពានដែនទឹករបស់ហ្វីលីពីន បាននាំឱ្យក្រុងម៉ានីល សម្រេចប្រឈមមុខនឹងមហាយក្សចិន ទាំងកងទ័ព ទាំងការទូត រហូតដល់កាត់បន្ថយទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន ទៀតផង។
មិនតែប៉ុណ្ណោះ ហ្វីលីពីនដែលស្ថិតក្រោមការដឹកនាំរបស់លោក Ferdinand Marcos Jr បានសម្រេចអនុម័តឱ្យសហរដ្ឋអាមេរិក ដាក់ពង្រាយទ័ពនៅលើប្រទេសហ្វីលីពីន ទៀតផង។ បច្ចុប្បន្ន កងទ័ព និងនាវាចម្បាំងសហរដ្ឋអាមេរិក កំពុងធ្វើសកម្មភាពនៅសមុទ្រចិនខាងត្បូង ហើយកងទ័ពម៉ារីនរបស់ប្រទេសមហាអំណាចនេះ ក៏បានដាក់ពង្រាយរួចស្រេចហើយនៅបណ្ដាដែនកោះរបស់ហ្វីលីពីន នៅសមុទ្រចិនខាងត្បូង និងកោះមួយចំនួននៅក្បែរកោះតៃវ៉ាន់។
ការថ្លែងរបស់ប្រធានាធិបតីហ្វីលីពីន ក្រោយពីលោកទទួលបានព័ត៌មានពីកងកម្លាំងឆ្មាំល្បាតដែនសមុទ្រហ្វីលីពីន មកថា នាវាចម្បាំងចិន នៅក្នុងដែនទឹកនៃសមុទ្ររបស់ហ្វីលីពីន អាចមានដល់ទៅ ៥០គ្រឿង។
លោកបានប្ដេជ្ញាថា នឹងប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យជាតិហ្វីលីពីន ហើយថាលោកនឹងមិនអនុញ្ញាតឱ្យមហាអំណាចមួយនេះដណ្ដើមយកអធិបតេយ្យទឹកដីរបស់ហ្វីលីពីន បានឡើយ សូម្បីតែមួយចំអាមក៏ដោយ៕
© 2024, . All rights reserved.