លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ

ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សា​សន្តិសុខ UN សម្រេច​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​ដែនដី​ហ្កាហ្សា-ប៉ាឡេស្ទីន ស្រប​ពេល​អាមេរិក​បោះឆ្នោត​អនុប្បវាទ

By ឌឹ ខេមបូឌា ដេលី

March 27, 2024

ទីបំផុត សហរដ្ឋ​អាមេរិក​បញ្ឈប់​ការ​បោះឆ្នោត​ជំទាស់ ឬ​វេតូ​នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ ដែល​បាន​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ជាបន្ទាន់​រវាង​អ៊ីស្រាអែល និង​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន-ហាម៉ាស់ និង​ការ​ដោះលែង​ចំណាប់ខ្មាំង​ទាំងអស់​ដោយ​គ្មាន​លក្ខខណ្ឌ។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters ចុះផ្សាយ​កាលពី​នៅ​ថ្ងៃទី​២៥ ខែ​មីនា ឱ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​បាន​ប្ដូរ​ជំហរ​ដោយ​បោះឆ្នោត​អនុប្បវាទ​ដែល​នាំ​ឱ្យ​មាន​សេចក្ដី​សម្រេច​មួយ​អំពី​សង្គ្រាម​នៅ​ដែនដី​ហ្កាហ្សា-ប៉ាឡេស្ទីន។

សមាជិក​ក្រុមប្រឹក្សា​ចំនួន ១៤​រូប​រួម​មាន​ប្រទេស​ចិន រុស្ស៊ី និង​បារាំង ជា​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​ដែល​មាន​សិទ្ធិ​វេតូ បាន​បោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​នេះ គឺ​ដូច​ពេល​កន្លង​មក​ដែរ។

ការ​ស្នើ​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល និង​ពួក​ហាម៉ាស ជា​ថ្មី​ទៀត​នេះ ត្រូវ​បាន​ស្នើ​ឡើង​ដោយ​សមាជិក​មិន​អចិន្ត្រៃយ៍​ទាំង ១០​ប្រទេស ខណៈ​ស្ថានភាព​នៃ​ទុក្ខវេទនា​របស់​ប្រជាជន​ប៉ាឡេស្ទីន កាន់​ធ្ងន់ធ្ងរ​ឡើងៗ។

ឥឡូវ​នេះ សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា មាន​រយៈពេល​ជិត ៦​ខែ​ហើយ​ចាប់តាំងពី​អ៊ីស្រាអែល បើក​ការ​វាយ​សងសឹក​ចំពោះ​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​៧ ខែ​តុលា ដោយ​ក្រុម​ហាម៉ាស ដែល​រដ្ឋាភិបាល​អ៊ីស្រាអែល បាន​និយាយ​ថា បាន​សម្លាប់​ពលរដ្ឋ​អ៊ីស្រាអែល ប្រមាណ ១២០០​នាក់។ ប៉ុន្តែ​ចំ​ពេល​មាន​ការ​កើន​ឡើង​នៃ​សម្ពាធ​ជា​សកល បង្ខំ​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​ក្នុង​សង្គ្រាម​ដែល​បាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន ជាង ៣​ម៉ឺន ២​ពាន់​នាក់ សហរដ្ឋ​អាមេរិក​លើក​នេះ​បាន​សម្រេច​បោះឆ្នោត​អនុប្បវាទ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​សប្តាហ៍​នេះ ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ទាមទារ​ឱ្យ​មាន​បទ​ឈប់​បាញ់​ជាបន្ទាន់ ក្នុង​អំឡុង​ពេល​ខែ​ដ៏​ពិសិដ្ឋ​របស់​មូស្លីម នៃ​បុណ្យ​រ៉ាម៉ាដន ដែល​នឹង​បិទ​បញ្ចប់​នៅ​ពីរ​សប្តាហ៍​ទៀត​នេះ។

សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ក៏​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​ទាំងអស់​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ​ផង​ដែរ។ អ៊ីស្រាអែល និយាយ​ថា ក្រុម​ហាម៉ាស បាន​ចាប់​ចំណាប់ខ្មាំង ២៥៣​នាក់​ក្នុង​ការ​វាយប្រហារ​ថ្ងៃទី​៧ តុលា។

សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ ក៏​បាន​បញ្ជាក់​អំពី​តម្រូវការ​ជាបន្ទាន់​ក្នុង​ការ​ពង្រីក​ជំនួយ​មនុស្សធម៌​នៅ​ទូទាំង​តំបន់​ហ្កាហ្សា និង​ពង្រឹង​ការ​ការពារ​ជនស៊ីវិល ហើយ​បញ្ជាក់​ឡើងវិញ​នូវ​ការ​អំពាវនាវ​ឱ្យ​ដក​ចេញ​នូវ​រាល់​ឧបសគ្គ​ចំពោះ​ការ​ផ្តល់​ជំនួយ​មនុស្សធម៌។

ស្រប​ពេល​គ្នា​នេះ​ដែរ វិទ្យុ​កងទ័ព​អ៊ីស្រាអែល បាន​រាយការណ៍​ភ្លាមៗ​មុន​ពេល​ចាប់ផ្តើម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ។ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នេះ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu ប្រកាស​ពី​ការ​លុបចោល​ការ​ដឹកនាំ​គណៈប្រតិភូ​ដែល​បាន​គ្រោងទុក​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន ប្រសិនបើ​សហរដ្ឋ​អាមេរិក​មិន​បោះឆ្នោត​វេតូ​ចំពោះ​ដំណោះស្រាយ​នេះ។

សហរដ្ឋ​អាមេរិក បាន​ប្រើ​អំណាច​វេតូ​លើ​ដំណោះស្រាយ​ចំនួន ៣​លើក​មក​ហើយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ស្ដីពី​សង្គ្រាម​នៅ​ហ្កាហ្សា ហើយ​ក៏​បាន​អនុប្បវាទ​ពីរ​ដង​ផង​ដែរ ដោយ​អនុញ្ញាត​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អនុម័ត​ដំណោះស្រាយ​ដែល​មាន​គោលបំណង​បង្កើន​ជំនួយ​ដល់​ដែនដី​ហ្កាហ្សា និង​អំពាវនាវ​ឱ្យ​មាន​ការ​ពន្យារ​ពេល​បទ​ឈប់​បាញ់។

រុស្សី និង​ចិន ក៏​បាន​បោះឆ្នោត​វេតូ​ពីរ​ដង​មក​ហើយ​លើ​ដំណោះស្រាយ​ដែល​ស្នើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក កាលពី​ខែ​តុលា ឆ្នាំ​២០២៣ ដែល​ពេល​នោះ ក្រុង​វ៉ាស៊ីនតោន បាន​ទាមទារ​ឱ្យ​ដាក់​ក្រុម​ហាម៉ាស ជា​ក្រុម​ភេរវកម្ម។

ការ​បោះឆ្នោត​អនុប្បវាទ​របស់​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ មិន​មាន​ទម្ងន់​នោះ​ទេ លើកលែងតែ​ការ​បោះឆ្នោត​ជំទាស់ ឬ​វេតូ។

សហរដ្ឋ​អាមេរិក​តែ​មួយ​គត់​បាន​សម្រេច​បោះឆ្នោត​ជំទាស់ ៣​ដង​មក​ហើយ​នៅ​ក្នុង​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​ពាក់ព័ន្ធ​នឹង​ការ​ដាក់​សម្ពាធ​លើ​អ៊ីស្រាអែល ដែល​ជា​សម្ព័ន្ធមិត្ត​ស្លាប់​រស់​របស់​ប្រទេស​មហាអំណាច​នេះ។

កន្លង​មក ប្រទេស​សមាជិក​អចិន្ត្រៃយ៍​ដែល​តែងតែ​បោះឆ្នោត​អនុប្បវាទ គឺ​ចក្រភព​អង់គ្លេស ដែល​ជា​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ តែ​ពេលនេះ អង់គ្លេស បាន​បោះឆ្នោត​គាំទ្រ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​នៅ​តំបន់​ហ្កាហ្សា​រវាង​អ៊ីស្រាអែល និង​ពួក​ហាម៉ាស-ប៉ាឡេស្ទីន ដែល​នាំ​ឱ្យ​សំឡេង​គាំទ្រ​មាន​ដល់ ១៤​ប្រទេស ហើយ​អនុប្បវាទ​មាន​មួយ​ប្រទេស គឺ​សហរដ្ឋ​អាមេរិក។

ក្រុម​អ្នក​សង្កេតការណ៍​យល់​ថា ការ​ដូរ​ជំហរ​របស់​សហរដ្ឋ​អាមេរិក​ដែល​ជ្រើសរើស​ការ​បោះឆ្នោត​អនុប្បវាទ​នៅ​ក្នុង​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បើ​ទោះជា​ដឹង​ថា​ពុំ​មាន​ទម្ងន់​ធ្វើ​ឱ្យ​រាំងស្ទះ​សំណើ​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​លើ​ដែនដី​ហ្កាហ្សា​ក៏ដោយ គឺ​អាច​មាន​កត្តា​ជាច្រើន​នៅ​ពីក្រោយ​ការ​ប្រែប្រួល​ជំហរ​របស់​សហរដ្ឋ​អាមេរិក ពាក់ព័ន្ធ​នឹង​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល៕