ស្លាក​សញ្ញា​ប្រុងប្រយ័ត្ន​គ្រាប់មីន

ព័ត៌មានជាតិ

ខេត្ត​ចំនួន​បី​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រកាស​ជា​ខេត្ត​អស់​មីន

By ឌឹ ខេមបូឌា ដេលី

March 27, 2024

ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​អាជ្ញាធរ​មីន លោក លី ធុជ ប្រកាស​ថា​មាន​ខេត្ត​ចំនួន​៣ នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ប្រកាស​ជា​ខេត្ត​អស់​មីន ដែល​ក្នុង​នោះ​រួម​មាន​ខេត្ត​កំពង់ស្ពឺ ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ក្រចេះ។

ថ្លែង​ក្នុង​កម្មវិធី​អបអរសាទរ​ប្រកាស​ខេត្ត​៣ ជា​ខេត្ត​អស់​មីន​ទី​១៥ នា​ព្រឹក​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២៤ នៅ​ក្នុង​ខេត្ត​ក្រចេះ លោក លី ធុជ បញ្ជាក់​ថា ទឹកដី​ខេត្ត​ក្រចេះ គឺជា​អតីត​សមរភូមិ​ដ៏​ក្ដៅ​គគុក​នា​សម័យ​សង្គ្រាម និង​ជា​កន្លែង​ប្រវត្តិសាស្ត្រ​នៃ​ការ​ចាប់ផ្ដើម និង​បង្កើត «រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា» ដើម្បី​ផ្ដួល​រំលំ​របប​ខ្មែរក្រហម។

លោក​បាន​បន្ត​ថា អស់​រយៈពេល ២០​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០២៣ មាន​ប្រតិបត្តិករ​ចំនួន​៣ បាន​បោស​សម្អាត​ទាំង​ចម្ការ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម រួម​មាន​មជ្ឈមណ្ឌល​រក្សា​សន្តិភាព អង្គភាព​ស៊ីម៉ាក់ និង​អង្គការ​ហេឡូត្រាស់ ក្នុង​ទំហំ​ផ្ទៃដី​ជាង ១៣៣​គីឡូម៉ែត្រ​ការ៉េ ស្មើ​នឹង ៧៩៥​ចម្ការ​មីន និង​គ្រាប់ ក្នុង​នោះ​ប្រតិបត្តិករ​បាន​រក​ឃើញ និង​កម្ទេច​ចោល​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ផ្សេង​ទៀត​ប្រមាណ ៦​ម៉ឺន​គ្រាប់ ព្រមទាំង​ផ្ដល់​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ទទួល​ផល​ជិត ៤០​ម៉ឺន​នាក់។

ប្រភព​ដដែល​លើកឡើង​ថា គិត​មក​ទល់​ពេលនេះ កម្ពុជា​បាន​ប្រកាស​អំពី​រាជធានី-ខេត្ត​អស់​មីន​សរុប​បាន​ចំនួន ១៥​ខេត្ត រួម​មាន​ខេត្ត​ស្ទឹងត្រែង ខេត្ត​កែប ខេត្ត​ព្រៃវែង ខេត្ត​ព្រះសីហនុ រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង តាកែវ កំពត មណ្ឌលគិរី កំពង់ស្ពឺ និង​ខេត្ត​ក្រចេះ។ ក្រៅពី​នេះ នៅ​មាន​ខេត្ត​ចំនួន ១០ ទៀត ដែល​ប្រតិបត្តិករ​កំពុង​បោស​សម្អាត ក្នុង​នោះ​មាន​ខេត្ត​សៀមរាប រតនគិរី បាត់ដំបង កោះកុង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ឧត្ដរមានជ័យ កំពង់ធំ និង​ខេត្ត​ព្រះវិហារ។

រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​គោលដៅ​ឆ្ពោះ​ទៅ​រក​ការ​សម្រេច «កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥»។ ក្នុង​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ នេះ រដ្ឋាភិបាល​ប្រកាស​ថា រាជធានី-ខេត្ត​ចំនួន​១៨ «អស់​មីន» និង​បាន​ដាក់​ផែនការ​សម្អាត​មីន​នៅ​ក្នុង​ខេត្ត​ចំនួន ៧ ទៀត ដែល​រួម​មាន​ខេត្ត​កោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្ដរមានជ័យ និង​ខេត្ត​ព្រះវិហារ។

យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​មីន បាន​ឱ្យ​ដឹង​ថា រយៈពេល​ជាង ៣០​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​១៩៩២ រហូត​ទល់​ឆ្នាំ​២០២៣ កន្លង​មក កម្ពុជា​បាន​រំដោះ​ផ្ទៃដី​ដែល​គំរាមកំហែង​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បាន​ចំនួន ៣០២៤​គីឡូម៉ែត្រ​ការ៉េ ក្នុង​នោះ​បាន​រក​ឃើញ​គ្រាប់​ប្រមាណ​ជាង ៤​លាន​គ្រាប់ និង​មាន​ពលរដ្ឋ​ប្រមាណ ១១​លាន​នាក់​បាន​ទទួល​ផល​ពី​ការងារ​បោស​សម្អាត​មីន៕