35 C
Phnom Penh

អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​ការពារ​ព្រៃឈើ​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហគមន៍​មូលដ្ឋាន និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៧​ស្ថាប័ន ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​ការពារ​ព្រៃឈើ​ឡើងវិញ បន្ទាប់ពី​មន្ត្រី​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន ហាមឃាត់​ទាំងស្រុង​មិន​ឱ្យ​ចូល​ល្បាត​ព្រៃ​ក្នុង​តំបន់​ការពារ​ចាប់តាំងពី​ដើម​ឆ្នាំ​២០២០ មក។

យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម​ចេញ​ផ្សាយ​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២៤ ថ្លែង​ថា រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន មេត្តា​បើក​លំហ​សេរីភាព​ឱ្យ​សហគមន៍​មូលដ្ឋាន ក៏ដូចជា​ក្រុម​សង្គម​ស៊ីវិល អាច​ចូលរួម​ការពារ​ព្រៃឈើ ដោយ​អាច​ចូល​ល្បាត​ព្រៃ​ឡើងវិញ​ដោយ​សេរី និង​គ្មាន​ការ​គំរាមកំហែង និង​បំភិតបំភ័យ​ក្នុង​គ្រប់​រូបភាព។

សេចក្តី​ថ្លែងការណ៍​ដដែល​បន្ត​ថា ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​បារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​មិន​ទាន់​អនុវត្ត​ឱ្យ​បាន​ពេញលេញ​គ្រប់​ជ្រុងជ្រោយ​ទៅ​លើ​គោលនយោបាយ​ស្ដីពី​កិច្ចការពារ​ព្រៃឈើ ការ​ព្រងើយ​កន្តើយ និង​ពុំ​បាន​យកចិត្ត​ទុកដាក់​ដោះស្រាយ​នូវ​រាល់​សំណូមពរ ក៏ដូចជា​ក្តី​កង្វល់​នានា​ដែល​បាន​លើក​ឡើង​ដោយ​សាធារណជន ជុំវិញ​បញ្ហា​វិនាសកម្ម​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

បើ​តាម​សេចក្តី​ថ្លែងការណ៍​ដដែល​នោះ ការ​កែប្រែ​ដី​តំបន់​ការពារ​ទៅ​ជា​ទម្រង់​ដី​សម្បទាន​សេដ្ឋកិច្ច និង​អនុប្បយោគ​ក្នុង​រូបភាព​ជួល អំណោយ និង​ផ្ទេរ​កម្មសិទ្ធិ នៅតែ​បន្ត​កើត​មាន​ឡើង ដោយ​សកម្មភាព​នេះ​បាន​ធ្វើ​ឱ្យ​គម្រប​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា​រយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ បាន​បន្ត​ធ្លាក់​ចុះ​រហូត​ដល់ ១៤,២៩% ត្រឹម​ឆ្នាំ​២០១៨។ និន្នាការ​នៃ​ការ​ទន្ទ្រាន​ដី​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ដោយ​ខុស​ច្បាប់ បាន​បន្ត​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​ដល់​តំបន់​ព្រៃឈើ តំបន់​ការពារ​ធម្មជាតិ តំបន់​ព្រៃ​លិច​ទឹក​នៃ​បឹង​ទន្លេសាប និង​ព្រៃ​សហគមន៍។

ក្រុម​អង្គការ​ស៊ីវិល​ដែល​ធ្វើការ​លើ​ការងារ​បរិស្ថាន ក៏​អំពាវនាវ​ទៅ​កាន់​ក្រសួង​ពាក់ព័ន្ធ ឱ្យ​ពង្រឹង​ការ​អនុវត្ត​ការងារ​របស់​មន្ត្រី​ឧទ្យានុរក្ស និង​ត្រូវ​ផ្ដន្ទាទោស​លើ​មន្ត្រី ឬ​ក៏​អាជ្ញាធរ​មូលដ្ឋាន​រូប​ណា​ដែល​ហ៊ាន​ទទួល​លុយ​ពី​បទល្មើស​ព្រៃឈើ ហើយ​បើ​មាន​ការ​ធ្វេសប្រហែស​ផ្នែក​វិជ្ជាជីវៈ មន្ត្រី​ទាំងនោះ​ត្រូវ​ទទួល​ខុសត្រូវ​ផ្នែក​រដ្ឋបាល​ដោយ​ខាន​ពុំ​បាន ដើម្បី​កាត់ផ្ដាច់​បណ្ដាញ​ឧក្រិដ្ឋកម្ម​ព្រៃឈើ។

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ប្រជាពលរដ្ឋ​ទាំងអស់​មាន​សិទ្ធិ​ក្នុង​ការ​ចូលរួម​ការពារ​អភិរក្ស​ធនធាន​ធម្មជាតិ ជីវចម្រុះ និង​សត្វព្រៃ ពីព្រោះ​បញ្ហា​បរិស្ថាន គឺជា​បញ្ហា​រួម។

កន្លង​ទៅ អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ប្រកាស​សន្យា​ក្ដែងៗ​ចំពោះ​មុខ​សាធារណជន​ជុំវិញ​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឱ្យ​បាន​គង់វង្ស។ លោក ហ៊ុន សែន អះអាង​ដាក់​ជីវិត ឬ​កាត់​ក​ចោល ប្រសិនបើ​ការពារ​ព្រៃឈើ​មិន​បាន​ទេ​នោះ ហើយ​លោក ហ៊ុន សែន ប្រកាស​បញ្ជា​ឲ្យ​បាញ់​រ៉ុក្កែត​ទៀត​ផង ដើម្បី​គ្រប់គ្រង​ព្រៃឈើ។

ចាប់តាំងពី​ដើម​ឆ្នាំ​២០២០ មក មន្ត្រី​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន ហាមឃាត់​ទាំងស្រុង​មិន​ឱ្យ​បណ្ដាញ​សហគមន៍​ព្រៃឡង់ យុវជន និង​អង្គការ​សង្គម​ស៊ីវិល ចូល​ល្បាត​ព្រៃ​ក្នុង​តំបន់​ការពារ​ទេ ក្រោម​ហេតុផល​សហគមន៍​មិន​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ។

បើ​តាម​របាយការណ៍​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់ ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០២២ គឺ ២០​ឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា​បាត់បង់​គម្រប​ព្រៃឈើ​សរុប​ប្រមាណ ២​លាន ៧​សែន​ហិកតា ឬ​ស្មើ​នឹង ៣១% នៃ​គម្រប​ព្រៃឈើ​សរុប​ក្នុង​ប្រទេស។

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​កាលពី​ចុង​ខែ​មករា ឆ្នាំ​២០២២ ថា ប្រទេស​កម្ពុជា​ទទួល​រង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខ្ពស់​ជាងគេ​នៅ​លើ​ពិភពលោក​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយ​បាន​បាត់បង់​ព្រៃឈើ​ប្រមាណ ៦៤% នៃ​គម្រប​ដើមឈើ​ចាប់តាំងពី​ឆ្នាំ​២០១១ រហូត​បច្ចុប្បន្ន។

អង្គការ​ដដែល​អះអាង​ថា អំឡុង​ឆ្នាំ​២០២១ រក​ឃើញ​ថា​គម្រប​ព្រៃឈើ​ទំហំ​ជាង ៦​ពាន់​ហិកតា (៦២៧១​ហិកតារ) ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់ និង​ព្រៃ​ព្រះរការ ត្រូវ​បាន​កាប់​បំផ្លាញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស