លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ក្នុង​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​២០២៣។

នយោបាយ

មន្ត្រី​ទម្លាយ​ថា​លោក ហ៊ុន សែន កំពុង​រៀប​ផែនការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា

By ឌឹ ខេមបូឌា ដេលី

March 31, 2024

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថ្មី​កម្ពុជា​ទម្លាយ​ថា លោក ហ៊ុន សែន កំពុង​រៀបចំ​ផ្លាស់ប្ដូរ​មនុស្ស​ក្នុង​គណបក្ស​ដែល​មិនមែន​ជា​បក្ខពួក និង​វង្ស​ត្រកូល​របស់​គាត់​ជា​បន្តបន្ទាប់​នៅ​ពេលនេះ ដើម្បី​សម្រេច​ផែនការ​គ្រប់គ្រង​អំណាច​មួយ​ជំហាន​ទៀត គឺ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ានី និង​លោក នេត សាវឿន នឹង​ត្រូវ​តែងតាំង​ជា​អនុប្រធាន​គណបក្ស​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី​២៨ មីនា នេះ​ថា ព័ត៌មាន​ដ៏​រសើប​ពី​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ខ្សឹបខ្សៀវ​តៗ​គ្នា​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ក្លាយ​ជា​គណបក្ស​របស់​គ្រួសារ​ត្រូល​ហ៊ុន​ផ្ដាច់មុខ​ក្នុង​ការ​ទទួល​ផែនការ​ពី​រដ្ឋាភិបាល​វៀតណាម ព្រោះ​លោក ហ៊ុន សែន កំពុង​ប្រើ​វិធី​គ្រប់​បែប​យ៉ាង ទាំង​ឪពុក​ទាំង​កូន កម្ចាត់​មន្ត្រី​ជាន់ខ្ពស់​ចាស់ៗ និង​កូនៗ​មន្ត្រី​ទាំងនោះ​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​អស់ មុន​នឹង​គាត់​អស់​លទ្ធភាព​គ្រប់គ្រង​បក្ស​នេះ​នៅ​ថ្ងៃ​មុខ។

ប្រភព​ដដែល​អះអាង​ថា ដោយសារតែ​លោក ហ៊ុន សែន មាន​ផែនការ​បែប​នេះ​ហើយ ទើប​គាត់​ព្យាយាម​ឱ្យ​លោក ហ៊ុន ម៉ាណែត តែងតាំង​កូនៗ​ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​របស់​គាត់​ឱ្យ​កាន់​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ឱ្យ​កាន់តែ​ច្រើន ដើម្បី​បញ្ចូល​អ្នក​ទាំងនោះ​ទៅ​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នឹង​កាន់តែ​ងាយស្រួល​ក្នុង​ការ​ស្នើ​តែងតាំង​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានី និង​លោក នេត សាវឿន ជា​មន្ត្រី​កំពូល​របស់​គណបក្ស​នា​ពេល​ខាង​មុខ។

មន្ត្រី​រដ្ឋាភិបាល​ខាងលើ​បញ្ជាក់​ថា ការ​តែងតាំង​លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី​មិន​មែន​មាន​គោលដៅ​សំខាន់​ក្នុង​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​ព្រោះតែ​គាត់​ដឹកនាំ​ក្រសួង​មុខងារ​សាធារណៈ​នោះ​ទេ ប៉ុន្តែ​គោលដៅ​ធំ​បំផុត គឺ​ដើម្បី​ជំរុញ​ឱ្យ​កូនប្រុស​ពៅ​ក្នុង​គ្រួសារ​ត្រកូល​ហ៊ុន​មួយ​នេះ ទៅ​កាន់​តំណែង​ជា​មនុស្ស​កំពូល​បន្ទាប់​ក្នុង​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​កូនប្រុស​ច្បង​ឧក្រិដ្ឋជន​ព្រៃឈើ​ឧកញ៉ា ទ្រី ភាព គឺ​លោក ទ្រី ដាលុច ត្រូវ​បាន​តែងតាំង​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ។

ព្រះមហាក្សត្រ​ខ្មែរ​បាន​ចេញ​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៨ មីនា នេះ សម្រេច​ត្រាស់​បង្គាប់​តែងតាំង​មុខតំណែង និង​ផ្ដល់​ឋានៈ​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដល់​កូនប្រុស​បង្កើត​របស់​ឧកញ៉ា ទ្រី ភាព គឺ​ឧកញ៉ា ទ្រី ដាលុច តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ដែល​បាន​ទូល​ថ្វាយ​កាលពី​ពេល​កន្លង​ទៅ​នោះ។

ជាង​នេះ​ទៀត លោក ទ្រី ដាលុច ក៏​ទទួល​បាន​ការ​ត្រាស់​បង្គាប់​តែងតាំង និង​ផ្ដល់​ឋានៈ​ជា​ទីប្រឹក្សា​ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​លោក ស៊ុន ចាន់ថុល តាម​សំណើ​ទូល​ថ្វាយ​របស់​លោក ហ៊ុន ម៉ាណែត ផង​ដែរ​កាលពី​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ។

លោក ទ្រី ដាលុច ជា​កូនប្រុស​ច្បង​របស់​លោក ទ្រី ភាព ដែល​ជា​ឈ្មួញ​ឈើ​ខុស​ច្បាប់​ដ៏​ល្បី​ឈ្មោះ​នៅ​កម្ពុជា ទទួល​បាន​ការ​តែងតាំង​គោរមងារ​ជា​ឧកញ៉ា​កាលពី​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៣ ផង​ដែរ ប៉ុន្តែ​គោរមងារ​ជា​ឧកញ៉ា​នេះ ត្រូវ​បាន​បញ្ចប់​ទៅ​វិញ​ដើម្បី​រក្សា​ក្របខ័ណ្ឌ​ជា​នាយរង​ខុទ្ទកាល័យ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កាលពី​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៩ កន្លង​ទៅ។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ធ្លាប់​បាន​ព្រមាន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​គ្រប់គ្រង​ផ្ដាច់មុខ​នៃ​គ្រួសារ​និយម​របស់​ត្រកូល​ហ៊ុន​ថែម​មួយ​កម្រិត​ទៀត​ហើយ ក្រោយ​ការ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត និង​ការ​រៀបចំ​តែងតាំង​សាច់ញាតិ និង​បក្ខពួក​ខ្លួនឯង​ឱ្យ​ចូល​ទៅ​កាន់​តួនាទី​កាន់តែ​ខ្ពស់ៗ ដោយ​កម្ចាត់​អ្នក​ដទៃ​ឱ្យ​ចេញ​ផុត​ពី​តួនាទី​សំខាន់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​នេះ។

ជាក់ស្តែង ក្រោយ​រដ្ឋសភា​ជាតិ​បោះឆ្នោត​ផ្ដល់​សេចក្តី​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​ថ្មី លោក ហ៊ុន ម៉ាណែត បាន​តែងតាំង​មន្ត្រី​រដ្ឋាភិបាល​តាម​សែស្រឡាយ​បក្ខពួក​ជា​បន្តបន្ទាប់ ក្នុង​នោះ​សមាជិក​រដ្ឋាភិបាល​ទាំង​ជាង ១​ពាន់​នាក់ (១៥៤៧​នាក់) ត្រូវ​គេ​មើល​ឃើញ​ថា សុទ្ធតែ​ជា​បក្ខពួក និង​សែស្រឡាយ​សាច់ញាតិ​របស់​ត្រកូល​ហ៊ុន​ទាំងអស់ ខណៈ​ស្ថាប័ន​កំពូល​របស់​ប្រទេស ដូចជា​ស្ថាប័ន​រដ្ឋសភា ស្ថាប័ន​រដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ ក៏​ត្រូវ​បាន​ក្តោប​ក្តាប់​ដោយ​វង្ស​ត្រកូល​របស់​លោក ហ៊ុន សែន ដែរ​នៅ​ពេលនេះ។

មាត្រា​១ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ប្រទេស​កម្ពុជា ជា​ព្រះរាជាណាចក្រ​ដែល​ប្រតិបត្តិ​តាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ប៉ុន្តែ​កម្ពុជា​ក្រោម​ការ​ត្រួតត្រា​អស់​រយៈពេល​ជាង ៤០​ឆ្នាំ​របស់​លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា ដែនដី​សុវណ្ណ​ភូមិ​មួយ​នេះ​កំពុង​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​តាម​បែប​គ្រួសារ​និយម​ដូច​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​ទៅ​ហើយ​សព្វថ្ងៃ​នេះ ខណៈ​ការ​ដឹកនាំ​ដែល​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន​ដែល​ធ្លាប់​តែ​កើតមាន​ក្នុង​របប​ដឹកនាំ​កុម្មុយនីស្ត ក៏​បាន​កើតឡើង​នៅ​ប្រទេស​កម្ពុជា​នា​ពេលនេះ​ផង​ដែរ៕