26 C
Phnom Penh

បក្ស​ភ្លើង​ទៀន​ប្រារព្ធ​ពិធីបុណ្យ​បង្សុកូល​ឧទ្ទិស​កុសល​ដល់​បាតុករ​ដែល​ស្លាប់​ក្នុង​អំពើ​ភេរវកម្ម​កាលពី​ជិត​៣០​ឆ្នាំ​មុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ភ្លើង​ទៀន ប្រកាស​ធ្វើ​ពិធីបុណ្យ​បង្សុកូល​នៅ​ថ្ងៃ​សៅរ៍ ទី​៣០ មីនា ចាប់ពី​ម៉ោង ៧​ព្រឹក​ដល់​ម៉ោង ១១​ថ្ងៃ​ត្រង់ នៅ​បរិវេណ​ស្តូប​វីរ​បាតុករ​មុខ​មន្ទីរ​រដ្ឋសភា​ចាស់ ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ដល់​វិញ្ញាណក្ខន្ធ​វីរ​បាតុករ​ដែល​បាន​បាត់បង់​ជីវិត​ដោយ​អំពើ​ភេរវកម្ម​កាលពី ២៧​ឆ្នាំ​មុន។

គណបក្ស​ភ្លើង​ទៀន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា គណបក្ស​នឹង​ធ្វើ​ពិធីបុណ្យ​បង្សុកូល​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វីរ​បាតុករ​ដែល​បាន​បាត់បង់​ជីវិត​ដោយ​អំពើ​ភេរវកម្ម​នៃ​ការ​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​ចំនួន ៤​គ្រាប់ ដែល​បាន​ឈរ​ទាមទារ​ដោយ​សន្តិវិធី​ឱ្យ​មាន​ការ​កែទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​មុខ​មន្ទីរ​រដ្ឋសភា​ជាតិ កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ កន្លង​ទៅ​នោះ។

កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ កន្លង​ទៅ គ្រាប់បែកដៃ​ចំនួន ៤​គ្រាប់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​គប់​ចូល​ក្នុង​ហ្វូង​បាតុករ​នៅ​ខាងមុខ​រដ្ឋសភា​ចាស់ ដែល​បច្ចុប្បន្ន​គឺជា​តុលាការ​កំពូល ក្បែរ​វត្ត​បទុមវតី ក្នុង​ទីក្រុង​ភ្នំពេញ ដែល​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ១៦​នាក់​ស្លាប់ និង​ជាង ១៥០​នាក់​ផ្សេង​ទៀត​រង​របួស ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ ជន​ដៃ​ដល់​មិន​ត្រូវ​បាន​គេ​ចាប់​ខ្លួន​មក​ផ្ដន្ទាទោស​នៅឡើយ​ទេ ខណៈ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៤ នេះ គឺជា​ខួប ២៧​ឆ្នាំ​ហើយ​នៃ​ការ​ស្លាប់​ដោយ​អយុត្តិធម៌​របស់​ហ្វូង​បាតុករ​ទាំងនោះ។

ជុំវិញ​បញ្ហា​នេះ កាលពី​អំឡុង​ឆ្នាំ​២០២២ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch បាន​អះអាង​ថា កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១ កន្លង​ទៅ តុលាការ​ប្រទេស​បារាំង បាន​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​ឧត្តមសេនីយ៍​ថ្នាក់ខ្ពស់​ពីរ​រូប​របស់​កម្ពុជា គឺ​លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង​ដែល​រង​នូវ​ការ​ចោទប្រកាន់​ថា​បាន​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​លើ​ហ្វូង​បាតុករ​បក្ស​ប្រឆាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ កន្លង​ទៅ។

អង្គការ​អន្តរជាតិ​ខាងលើ​អះអាង​ថា សាលដីកា​ដដែល​នេះ​បញ្ជាក់​ថា មាន​សាលដីកា​មួយ​ផ្សេង​ទៀត​បាន​បង្គាប់​ឱ្យ​លោក ហ៊ុន សែន ចូល​ខ្លួន​បំភ្លឺ​ករណី​នេះ​ដែរ ដោយសារតែ​គេ​រក​ឃើញ​ថា គាត់​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​គប់​គ្រាប់បែក​នេះ ប៉ុន្តែ​រដ្ឋាភិបាល​បារាំង បាន​រារាំង​មិន​ឱ្យ​បញ្ជូន​ដីកា​កោះហៅ​នេះ​ទេ ក្រោម​ហេតុផល​ថា​លោក ហ៊ុន សែន មាន​អភ័យឯកសិទ្ធិ​លំដាប់​អ្នក​ដឹកនាំ​ប្រទេស។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បញ្ជាក់​ថា ក្នុង​សាលដីកា​នោះ​បង្ហាញ​ថា លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង ដែល​មាន​តួនាទី​ជា​ប្រធាន និង​អនុប្រធាន​កង​អង្គរក្ស​ពិសេស​របស់​លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេល​នោះ បាន​រៀបចំ និង​អនុវត្ត​ការ​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​នៅ​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​១៩៩៧ នៅ​រាជធានី​ភ្នំពេញ​ដោយ​កំណត់​យក​លោក សម រង្ស៊ី ជា​គោលដៅ។

សាលដីកា​ខាងលើ​បញ្ជាក់​ថា លោក ហ៊ុយ ពិសិដ្ឋ បាន​ដាក់​ពង្រាយ​ទាហាន​របស់​គាត់​ដែល​បាន​បំពាក់​អាវុធ​គ្រប់​ដៃ និង​បញ្ជា​ឱ្យ​រៀបចំ​ខ្សែត្រៀម​នៅ​ទីតាំង​មួយ​មិន​ឆ្ងាយ​ពី​កន្លែង​ដែល​បាតុករ​ប្រមូលផ្ដុំ​តវ៉ា ដើម្បី​អាច​សម្របសម្រួល​ឱ្យ​ជន​ដៃ​ដល់​ដក​ថយ និង​រត់​គេច​ខ្លួន​ទៅ​កាន់​ទីតាំង​ទាហាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រារាំង​នរណា​ក៏ដោយ​ពី​ការ​ដេញ​តាម​ចាប់​ខ្លួន​ពួកគេ។

ចំណែក​លោក ហ៊ីង ប៊ុនហៀង គឺជា​អ្នក​រក​ជន​ដៃ​ដល់​ដើម្បី​អនុវត្ត​ការ​វាយប្រហារ​នេះ ក្នុង​នោះ លោក ហ៊ុយ ពិសិដ្ឋ បាន​រាយការណ៍​ប្រាប់​ភ្នាក់ងារ FBI ថា គាត់​បាន​ទទួល​បញ្ជា​ឱ្យ​ដាក់​ពង្រាយ​កម្លាំង​យោធា​ពី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​មែន។ ជាង​នេះ​ទៀត ក៏​មាន​ភស្តុតាង​ជាច្រើន​ទៀត​ដែរ​ដែល​បញ្ជាក់​ថា​លោក ហ៊ុន សែន បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គប់​គ្រាប់បែក​នេះ​ដែរ។

បែប​នេះ​ក្តី មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ធ្លាប់​បាន​បដិសេធ​ថា ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​នៅ​ទល់​មុខ​អតីត​មន្ទីរ​រដ្ឋសភា​ចាស់​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​រូបលោក​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រភព​ពី​តុលាការ​បារាំង ទើប​ឲ្យ​ដឹង​ថា តុលាការ​ទីក្រុង​ប៉ារីស នឹង​បើក​សវនាការ​កាត់ទោស​ឧក្រិដ្ឋជន​ឈ្មោះ ហ៊ុយ ពិសិដ្ឋ និង​ឈ្មោះ ហ៊ីង ប៊ុនហៀង ទាក់ទង​អំពើ​ភេរវកម្ម​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ជិត ៣០​ឆ្នាំ​មុន​នៅ​ចុង​ឆ្នាំ​២០២៤ នេះ។

លោក សម រង្ស៊ី អះអាង​ថា អំពើ​ភេរវកម្ម​នៅ​ឆ្នាំ​នោះ គឺជា​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​រូបលោក ដោយសារតែ​លោក​បាន​ដឹកនាំ​ធ្វើ​បាតុកម្ម​ទាមទារ​យុត្តិធម៌​នឹង​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន នៅ​ពេល​នោះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មនុស្ស​ស្លូតត្រង់​យ៉ាងតិច ១៦​នាក់​បាន​ស្លាប់ និង​ជាង ១០០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ​ក្នុង​អំពើ​ភេរវកម្ម​ដ៏​ព្រៃផ្សៃ​នេះ ដែល​ឧក្រិដ្ឋកម្ម​នេះ​គឺ​មាន​លោក ហ៊ុន សែន ជា​អ្នក​បញ្ជា​ពីក្រោយ​ខ្នង​យ៉ាង​ពិតប្រាកដ។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក សម រង្ស៊ី ក៏​ធ្លាប់​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ទីក្រុង​ញូវយ៉ក ដែរ ក៏ប៉ុន្តែ​ដោយសារ​មាន​ការ​ចរចា​នយោបាយ​ជាមួយ​លោក ហ៊ុន សែន លោក សម រង្ស៊ី ក៏​សម្រេច​ដក​ពាក្យបណ្ដឹង​របស់​ខ្លួន​វិញ​កាលពី​ចុង​ឆ្នាំ​២០០៥ ដែល​អាច​ឱ្យ​គាត់​មាន​ឱកាស​វិល​ចូល​ឆាក​នយោបាយ​របស់​កម្ពុជា​វិញ​នៅ​ឆ្នាំ​នោះ។

ការ​ដក​ពាក្យបណ្ដឹង​របស់​លោក សម រង្ស៊ី នៅ​ពេល​នោះ ក៏​ត្រូវ​រង​នូវ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​យ៉ាង​ចាស់ដៃ​ដែរ ក្រោម​ហេតុផល​ថា ការ​ធ្វើ​បែប​នេះ​នឹង​ផ្តល់​ឱកាស​ឱ្យ​លោក ហ៊ុន សែន ធ្វើបាប​ក្រុម​ប្រឆាំង​ទៅ​ថ្ងៃ​ក្រោយ​បន្ត​ទៀត ហើយ​លោក សម រង្ស៊ី ខ្លួនឯង​ក៏​នឹង​រងគ្រោះ​ពី​ការ​ដក​ពាក្យបណ្ដឹង​នេះ​ដែរ ខណៈ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នឹង​ត្រូវ​ជីក​កប់​បាត់​ជា​រៀង​រហូត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស