37 C
Phnom Penh

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ឈប់​បោះពុម្ព​ផ្សាយ​ទាំង​ភាសា​អង់គ្លេស​និង​ភាសា​ខ្មែរ​ចាប់ពី​ថ្ងៃទី​២៩​មីនា​នេះ​តទៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​បាន​បោះពុម្ព​ផ្សាយ​ជាង ៣​ទសវត្សរ៍​មក​ហើយ បាន​ប្រកាស​ថា​ខ្លួន​នឹង​ឈប់​បោះពុម្ព​ផ្សាយ​កាសែត​ទាំង​ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ ចាប់ពី​ថ្ងៃទី​២៩ ខែ​មីនា នេះ​តទៅ ដោយសារ​ចំណូល​ធ្លាក់​ចុះ ដែល​ធ្វើ​ឲ្យ​ម្ចាស់​ភាគហ៊ុន​គ្មាន​លទ្ធភាព​ទ្រាំទ្រ​ត​ទៅ​ទៀត​បាន។

ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​រៀបរាប់​ថា តាំងពី​មាន​វិបត្តិ​កូវីដ-១៩ និង​ស្ថានភាព​សេដ្ឋកិច្ច​ជាតិ​ថមថយ​ក្រោយ​កូវីដ-១៩ ការ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​ជា​ចំណូល​ចម្បង​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​បន្ត​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ម្យ៉ាង​ទៀត ការ​វិវត្ត​យ៉ាង​ឆាប់​រហ័ស​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​យ៉ាង​ធ្ងន់ធ្ងរ។

សេចក្តី​ជូនដំណឹង​ដដែល​បន្ត​ថា ម្ចាស់​ភាគហ៊ុន​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ព្យាយាម​បណ្ដាក់ទុន​បន្ថែម​ដើម្បី​ស្ដារ​ស្ថានភាព និង​បង្កើន​ប្រាក់ចំណូល​សម្រាប់​ទ្រទ្រង់​ដំណើរការ​ក្រុមហ៊ុន និង​បន្ត​ការ​បោះពុម្ព​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ប៉ុន្តែ​នៅតែ​មិន​អាច​ទ្រទ្រង់​ការ​ខាតបង់​បន្ត​ទៀត​បាន។ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ សម្រេច​បញ្ឈប់​ការ​បោះពុម្ព​ផ្សាយ​កាសែត​ទាំង​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ត្រឹម​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២៤។

នៅ​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២៤ នេះ បុគ្គលិក​របស់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​គ្រប់ៗ​គ្នា​ដោយ​បង្ហាញ​លិខិត​សរសើរ និង​វេច​បង្វេច​យក​ទៅ​ផ្ទះ​រៀងៗ​ខ្លួន។

ការីនិពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច លោក ម៉ៃ គុណមករា បាន​សរសេរ​ថា អស់​រយៈពេល​ជិត ២​ទសវត្សរ៍​មក​ហើយ​ដែល​លោក​ធ្វើការ​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ទទួល​បន្ទុក​ជា​ការីនិពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច ដែល​សរសេរ​រាយការណ៍​អំពី​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា រឿងរ៉ាវ និង​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​ទាំងឡាយ​ក្នុង​តំបន់ និង​ពិភពលោក​ដែល​ពាក់ព័ន្ធ​នឹង​កម្ពុជា។

ប្រភព​ដដែល​អះអាង​ថា ពេល​ដែល​លោក​បាន​ចូល​បម្រើ​ការងារ​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ឆ្នាំ​២០០៨ កាសែត​ដែល​មាន​អាយុកាល​ជាង ៣​ទសវត្សរ៍​មួយ​នេះ បាន​ប្រែ​ក្លាយ​ពី​កាសែត​ចេញ​ផ្សាយ​ប្រចាំ ២​សប្តាហ៍​ម្ដង ទៅ​ជា​កាសែត​ចេញ​ផ្សាយ​ប្រចាំ​ថ្ងៃ។ លោក​ពិត​ជា​មាន​មោទនភាព​ដែល​បាន​ចូលរួម​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក ៤​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ក្រុម​ព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច​នេះ។

ចំណែក​លោក ខៀវ កាញារីទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​តំណាងរាស្ត្រ​ខេត្ត​កំពង់ចាម មាន​ប្រសាសន៍​ថា ជា​ការ​សោកស្តាយ ព្រោះ​លោក​មើល​កាសែត​នេះ​រាល់​ថ្ងៃ​ដែរ។ លោក​អាន​ស្ទើរ​គ្រប់​កាសែត ព្រោះ​កាសែត​នីមួយៗ​ជួយ​បំពេញ​គ្នា​ទៅវិញ​ទៅមក​លើ​ព័ត៌មាន។ បាត់​កាសែត​មួយ​មិន​ប៉ះពាល់​ដល់​ការ​លើក​កម្ពស់​អំណាន​ទេ តែ​ធ្វើ​ឱ្យ​ជើងមេឃ​ព័ត៌មាន​រួញ​ចូល។

ភ្នំពេញ​ប៉ុស្តិ៍​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​ជា​ភាសា​អង់គ្លេស​ដំបូង​គេ​នៅ​កម្ពុជា គឺ​បោះពុម្ព​លេខ​ទី​១ នៅ​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​១៩៩២ ពោល​គឺ​នៅ​ក្រោយ​ពេល​ដែល​ភាគី​ជម្លោះ​ខ្មែរ​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព (ឈប់​ច្បាំង​គ្នា) នា​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ហើយ​បាន​រៀបចំ​ឱ្យ​មាន​ដំណើរការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ក្រោម​ការ​មើល​ការ​ខុសត្រូវ​ពី​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា អ៊ុនតាក់ (UNTAC)។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ត្រូវ​បាន​បង្កើត​ដោយ​ជនជាតិ​អាមេរិកាំង​លោក Michael Hayes និង​អ្នកស្រី Kathleen O’Keefe នៅ​ឆ្នាំ​១៩៩២ ដោយ​ប្រើ​ប្រាក់​ដែល​ពួកគេ​បាន​សន្សំ​ពេញ​មួយ​ជីវិត​ចំនួន ៥​ម៉ឺន​ដុល្លារ ពេល​ដែល​កង​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ បាន​មក​ដល់​ប្រទេស​កម្ពុជា ហើយ​ប្រទេស​នេះ​កំពុង​នៅ​មាន​សង្គ្រាម​នៅឡើយ។

លោក Hayes បាន​លក់​កាសែត​នេះ​ទៅ​ឲ្យ​សេដ្ឋី​ក្រុមហ៊ុន​រ៉ែ​អូស្ត្រាលី លោក Bill Clough នៅ​ឆ្នាំ​២០០៨។ ឯករាជភាព​កាសែត​នៅ​រក្សា​ដដែល​ពេល​កាសែត​នេះ​ត្រូវ​បាន​ប្រែ​ពី​ការ​ចេញ​ផ្សាយ​ពីរ​សប្តាហ៍​ម្តង​ទៅ​ជា​កាសែត​ប្រចាំ​ថ្ងៃ​វិញ ប៉ុន្តែ​ពេល​ការ​បោះឆ្នោត​សកល​ឆ្នាំ​២០១៨ ខិត​ចូល​មក​ដល់ កាសែត​នេះ​ត្រូវ​បាន​តម្រូវ​ឲ្យ​បង់​ពន្ធ​ច្រើន​លើសលប់​ហួស​ពី​លទ្ធភាព​ដែល​ខ្លួន​អាច​បង់​បាន ហើយ​ក៏​ត្រូវ​បាន​លក់​ទៅ​ឱ្យ​អ្នកជំនួញ​ម៉ាឡេស៊ី លោក Sivakumar S. Ganapathy (ដែល​គេ​ហៅថា​លោក Siva) នាយក​គ្រប់គ្រង​ក្រុមហ៊ុន AsiaPR ដែល​ជា​ក្រុមហ៊ុន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​ម៉ាឡេស៊ី ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល ហើយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចាប់ផ្តើម​ផ្លាស់ប្ដូរ​ការ​សរសេរ​របស់​ខ្លួន​ចាប់តាំងពី​ពេល​នោះ​មក។

រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា សព្វថ្ងៃ​នេះ អង្គភាព​សារព័ត៌មាន​ជាតិ និង​បរទេស​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន មាន​ចំនួន​ជាង ២​ពាន់​អង្គភាព (២១៥៤​អង្គភាព) ដែល​កំពុង​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​តាម​បែប​បុរាណ និង​បែប​ទំនើប ទៅ​តាម​លទ្ធភាព​របស់​ពួកគេ​រៀងៗ​ខ្លួន។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣ ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤៧ ក្នុង​ចំណោម​ប្រទេស​១៨០ ដែល​ចំណាត់ថ្នាក់​នេះ​បង្ហាញ​អំពី​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅតែ​មិន​អាច​ងើប​ចេញពី​ចំណាត់ថ្នាក់​ដ៏​អាក្រក់ ដោយសារតែ​គេ​រក​ឃើញ​ថា មាន​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន លាតត្រដាង​ថា វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​ត្រូវ​បាន​បំផ្លិចបំផ្លាញ និង​បោស​សម្អាត​ដោយ​រដ្ឋាភិបាល​កម្ពុជា ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ មក។ ជា​លទ្ធផល​នៃ​យុទ្ធនាការ​នេះ ពលរដ្ឋ​កម្ពុជា​សព្វថ្ងៃ​នេះ​ទទួល​បាន​ព័ត៌មាន​តែ​ពី​ស្ថាប័ន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស