កាសែតភ្នំពេញប៉ុស្តិ៍ ដែលបានបោះពុម្ពផ្សាយជាង ៣ទសវត្សរ៍មកហើយ បានប្រកាសថាខ្លួននឹងឈប់បោះពុម្ពផ្សាយកាសែតទាំងជាភាសាអង់គ្លេស និងភាសាខ្មែរ ចាប់ពីថ្ងៃទី២៩ ខែមីនា នេះតទៅ ដោយសារចំណូលធ្លាក់ចុះ ដែលធ្វើឲ្យម្ចាស់ភាគហ៊ុនគ្មានលទ្ធភាពទ្រាំទ្រតទៅទៀតបាន។
ក្នុងសេចក្តីថ្លែងការណ៍របស់គណៈគ្រប់គ្រងក្រុមហ៊ុនកាសែតភ្នំពេញប៉ុស្តិ៍ បានរៀបរាប់ថា តាំងពីមានវិបត្តិកូវីដ-១៩ និងស្ថានភាពសេដ្ឋកិច្ចជាតិថមថយក្រោយកូវីដ-១៩ ការផ្សាយពាណិជ្ជកម្មដែលជាចំណូលចម្បងរបស់កាសែតភ្នំពេញប៉ុស្តិ៍ បានបន្តធ្លាក់ចុះយ៉ាងខ្លាំង។ ម្យ៉ាងទៀត ការវិវត្តយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម បានធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។
សេចក្តីជូនដំណឹងដដែលបន្តថា ម្ចាស់ភាគហ៊ុនរបស់កាសែតភ្នំពេញប៉ុស្តិ៍ បានព្យាយាមបណ្ដាក់ទុនបន្ថែមដើម្បីស្ដារស្ថានភាព និងបង្កើនប្រាក់ចំណូលសម្រាប់ទ្រទ្រង់ដំណើរការក្រុមហ៊ុន និងបន្តការបោះពុម្ពកាសែតភ្នំពេញប៉ុស្តិ៍ ប៉ុន្តែនៅតែមិនអាចទ្រទ្រង់ការខាតបង់បន្តទៀតបាន។ កាសែតភ្នំពេញប៉ុស្តិ៍ សម្រេចបញ្ឈប់ការបោះពុម្ពផ្សាយកាសែតទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះ បុគ្គលិករបស់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ បានបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនគ្រប់ៗគ្នាដោយបង្ហាញលិខិតសរសើរ និងវេចបង្វេចយកទៅផ្ទះរៀងៗខ្លួន។
ការីនិពន្ធព័ត៌មានសេដ្ឋកិច្ច លោក ម៉ៃ គុណមករា បានសរសេរថា អស់រយៈពេលជិត ២ទសវត្សរ៍មកហើយដែលលោកធ្វើការនៅកាសែតភ្នំពេញប៉ុស្តិ៍ ទទួលបន្ទុកជាការីនិពន្ធព័ត៌មានសេដ្ឋកិច្ច ដែលសរសេររាយការណ៍អំពីសេដ្ឋកិច្ចប្រទេសកម្ពុជា រឿងរ៉ាវ និងព្រឹត្តិការណ៍សេដ្ឋកិច្ចទាំងឡាយក្នុងតំបន់ និងពិភពលោកដែលពាក់ព័ន្ធនឹងកម្ពុជា។
ប្រភពដដែលអះអាងថា ពេលដែលលោកបានចូលបម្រើការងារនៅកាសែតភ្នំពេញប៉ុស្តិ៍ កាលពីឆ្នាំ២០០៨ កាសែតដែលមានអាយុកាលជាង ៣ទសវត្សរ៍មួយនេះ បានប្រែក្លាយពីកាសែតចេញផ្សាយប្រចាំ ២សប្តាហ៍ម្ដង ទៅជាកាសែតចេញផ្សាយប្រចាំថ្ងៃ។ លោកពិតជាមានមោទនភាពដែលបានចូលរួមជាសមាជិកម្នាក់ក្នុងចំណោមសមាជិក ៤នាក់ផ្សេងទៀតនៅក្នុងក្រុមព័ត៌មានផ្នែកសេដ្ឋកិច្ចនេះ។
ចំណែកលោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងរាស្ត្រខេត្តកំពង់ចាម មានប្រសាសន៍ថា ជាការសោកស្តាយ ព្រោះលោកមើលកាសែតនេះរាល់ថ្ងៃដែរ។ លោកអានស្ទើរគ្រប់កាសែត ព្រោះកាសែតនីមួយៗជួយបំពេញគ្នាទៅវិញទៅមកលើព័ត៌មាន។ បាត់កាសែតមួយមិនប៉ះពាល់ដល់ការលើកកម្ពស់អំណានទេ តែធ្វើឱ្យជើងមេឃព័ត៌មានរួញចូល។
ភ្នំពេញប៉ុស្តិ៍ត្រូវបានបោះពុម្ពផ្សាយជាភាសាអង់គ្លេសដំបូងគេនៅកម្ពុជា គឺបោះពុម្ពលេខទី១ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៩២ ពោលគឺនៅក្រោយពេលដែលភាគីជម្លោះខ្មែរបានចុះកិច្ចព្រមព្រៀងសន្តិភាព (ឈប់ច្បាំងគ្នា) នាទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ហើយបានរៀបចំឱ្យមានដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ក្រោមការមើលការខុសត្រូវពីអង្គការសហប្រជាជាតិ ហៅកាត់ថា អ៊ុនតាក់ (UNTAC)។
កាសែតភ្នំពេញប៉ុស្តិ៍ ត្រូវបានបង្កើតដោយជនជាតិអាមេរិកាំងលោក Michael Hayes និងអ្នកស្រី Kathleen O’Keefe នៅឆ្នាំ១៩៩២ ដោយប្រើប្រាក់ដែលពួកគេបានសន្សំពេញមួយជីវិតចំនួន ៥ម៉ឺនដុល្លារ ពេលដែលកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ បានមកដល់ប្រទេសកម្ពុជា ហើយប្រទេសនេះកំពុងនៅមានសង្គ្រាមនៅឡើយ។
លោក Hayes បានលក់កាសែតនេះទៅឲ្យសេដ្ឋីក្រុមហ៊ុនរ៉ែអូស្ត្រាលី លោក Bill Clough នៅឆ្នាំ២០០៨។ ឯករាជភាពកាសែតនៅរក្សាដដែលពេលកាសែតនេះត្រូវបានប្រែពីការចេញផ្សាយពីរសប្តាហ៍ម្តងទៅជាកាសែតប្រចាំថ្ងៃវិញ ប៉ុន្តែពេលការបោះឆ្នោតសកលឆ្នាំ២០១៨ ខិតចូលមកដល់ កាសែតនេះត្រូវបានតម្រូវឲ្យបង់ពន្ធច្រើនលើសលប់ហួសពីលទ្ធភាពដែលខ្លួនអាចបង់បាន ហើយក៏ត្រូវបានលក់ទៅឱ្យអ្នកជំនួញម៉ាឡេស៊ី លោក Sivakumar S. Ganapathy (ដែលគេហៅថាលោក Siva) នាយកគ្រប់គ្រងក្រុមហ៊ុន AsiaPR ដែលជាក្រុមហ៊ុនផ្នែកទំនាក់ទំនងសាធារណៈម៉ាឡេស៊ី ដែលស្និទ្ធនឹងរដ្ឋាភិបាល ហើយកាសែតភ្នំពេញប៉ុស្តិ៍ចាប់ផ្តើមផ្លាស់ប្ដូរការសរសេររបស់ខ្លួនចាប់តាំងពីពេលនោះមក។
រដ្ឋាភិបាលកម្ពុជា បានបង្ហាញរបាយការណ៍របស់ខ្លួនថា សព្វថ្ងៃនេះ អង្គភាពសារព័ត៌មានជាតិ និងបរទេសដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួនជាង ២ពាន់អង្គភាព (២១៥៤អង្គភាព) ដែលកំពុងធ្វើសកម្មភាពផ្សព្វផ្សាយតាមបែបបុរាណ និងបែបទំនើប ទៅតាមលទ្ធភាពរបស់ពួកគេរៀងៗខ្លួន។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានដាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាសម្រាប់ឆ្នាំ២០២៣ ស្ថិតក្នុងលំដាប់លេខរៀងទី១៤៧ ក្នុងចំណោមប្រទេស១៨០ ដែលចំណាត់ថ្នាក់នេះបង្ហាញអំពីសេរីភាពសារព័ត៌មាននៅកម្ពុជានៅតែមិនអាចងើបចេញពីចំណាត់ថ្នាក់ដ៏អាក្រក់ ដោយសារតែគេរកឃើញថា មានការកើនឡើងនៃការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន លាតត្រដាងថា វិស័យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាត្រូវបានបំផ្លិចបំផ្លាញ និងបោសសម្អាតដោយរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ មក។ ជាលទ្ធផលនៃយុទ្ធនាការនេះ ពលរដ្ឋកម្ពុជាសព្វថ្ងៃនេះទទួលបានព័ត៌មានតែពីស្ថាប័នដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ៕
© 2024, . All rights reserved.