ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានចេញបញ្ជាឱ្យរដ្ឋាភិបាលរបស់លោក ពង្រឹងកិច្ចសហការបន្ថែមទៀតទៅលើសន្តិសុខដែនសមុទ្រ ដើម្បីប្រឈមបញ្ហាធំៗជាច្រើនចំពោះបូរណភាពទឹកដី និងសុខសន្តិភាពចំពេលភាពតានតឹងជាមួយប្រទេសចិន កំពុងបន្តកើនឡើងនៅតំបន់សមុទ្រចិនខាងត្បូង។
ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ ទី៣១ ខែមីនា បានឱ្យដឹងថា បទបញ្ជារបស់លោក Marcos Jr ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃចន្ទដើមសប្តាហ៍មុន និងទើបត្រូវបានប្រកាសជាសាធារណៈនៅថ្ងៃអាទិត្យ ទី៣១ ខែមីនា មិនបានលើកឡើងឈ្មោះប្រទេសចិន ចំៗនោះទេ ប៉ុន្តែត្រូវបានធ្វើឡើងបន្ទាប់ពីហេតុការណ៍ប្រឈមមុខ និងការចោទប្រកាន់គ្នាទៅវិញទៅមកជាបន្តបន្ទាប់ ជុំវិញបញ្ហាតំបន់ជម្លោះនៅសមុទ្រចិនខាងត្បូងរវាងចិន និងហ្វីលីពីន។
ប្រទេសពីរនេះបានបន្តប៉ះទង្គិចគ្នាចុងក្រោយជាថ្មីទៀតកាលពីសប្តាហ៍កន្លងទៅ នៅពេលចិនប្រើប្រាស់កាណុងបាញ់ទឹកទៅលើទូកផ្គត់ផ្គង់របស់ហ្វីលីពីន នៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដែលទីក្រុងប៉េកាំង ហៅថា Ren’ai។
លោកប្រធានាធិបតីហ្វីលីពីន បានប្ដេជ្ញាអនុវត្តវិធានការឆ្លើយតបប្រឆាំងនឹងអ្វីដែលលោកហៅថាជាសកម្មភាពខុសច្បាប់ គំរាមកំហែង បំពាន និងគ្រោះថ្នាក់ដោយនាវាឆ្មាំសមុទ្រចិននៅបង្ករឿង។
បទបញ្ជារបស់លោក Marcos Jr សំដៅពង្រីក និងកែសម្រួលរចនាសម្ព័ន្ធឡើងវិញចំពោះក្រុមប្រឹក្សាដែនសមុទ្ររបស់រដ្ឋាភិបាល ដោយបន្ថែមនូវទីប្រឹក្សាសន្តិសុខ អគ្គរដ្ឋអាជ្ញា ប្រធានទីភ្នាក់ងារជាតិសម្របសម្រួលការណ៍សម្ងាត់ ហើយនិងក្រុមការងារពិសេសសមុទ្រចិនខាងត្បូង។
បទបញ្ជានេះត្រូវគេមើលឃើញថាជាការពង្រីកតួនាទីរបស់កងទ័ពហ្វីលីពីន ក្រោមការចាត់តាំងកងកម្លាំងប្រដាប់អាវុធហ្វីលីពីន ឱ្យស្ថិតក្នុងចំណោមស្ថាប័ន និងទីភ្នាក់ងារដែលគាំទ្រក្រុមប្រឹក្សាដែនសមុទ្រនោះ។
លោក Marcos Jr បានបង្កើនចំនួនស្ថាប័ន និងទីភ្នាក់ងារគាំទ្រក្រុមប្រឹក្សាជាតិដែនសមុទ្ររបស់ហ្វីលីពីន ពី ៩ ឡើងដល់ ១៣ស្ថាប័ន ដែលរួមមានទាំងទីភ្នាក់ងារផ្នែកអវកាស និងវិទ្យាស្ថានឯកទេសកិច្ចការដែនសមុទ្រ និងច្បាប់សមុទ្រ។
ក្រៅពីនេះ ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា វិធានការតបតរបស់ហ្វីលីពីន ចំពោះសកម្មភាពរបស់ចិន នៅតំបន់សមុទ្រចិនខាងត្បូង នឹងរួមបញ្ចូលនូវការពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនជាមួយសម្ព័ន្ធមិត្ត ហើយប្រើប្រាស់ឱ្យអស់ពីលទ្ធភាពនូវមធ្យោបាយការទូត ដើម្បីដោះស្រាយជម្លោះដែលស្របពេលលោក Marcos Jr ចេញបទបញ្ជាការពារសន្តិសុខដែនទឹកហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក Jonathan Malaya ថ្លែងថា ការឆ្លើយតបដែលលោកប្រធានាធិបតីលើកឡើងនោះ គឺមិនត្រឹមតែគ្របដណ្ដប់ទៅលើផ្នែកនៃការពង្រឹងសមត្ថភាពយោធាជាមួយសម្ព័ន្ធមិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏សំដៅដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតឱ្យអស់ពីលទ្ធភាពផងដែរ។
ក្នុងអំឡុងជាងមួយឆ្នាំចុងក្រោយនេះ នៅតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង ប្រទេសចិន និងហ្វីលីពីន បានបញ្ចេញនាវាចម្បាំងទៅប្រឈមមុខដាក់គ្នាជាញឹកញាប់ ដែលនាំឱ្យមានការព្រមានថា សង្គ្រាមនៅសមុទ្រចិនខាងត្បូងរវាងប្រទេសពីរនេះ ទំនងនឹងអាចផ្ទុះឡើង បើពួកគេមិនរកឃើញដំណោះស្រាយនៃការចែកផលប្រយោជន៍រួមគ្នាដែលអាចទទួលយកបានរៀងៗខ្លួន។
ហ្វីលីពីន ដែលអាងខ្លួនជាអ្នកឈ្នះក្ដីព្រោះតែតុលាការមជ្ឈត្តការអន្តរជាតិ បានសម្រេចកាលពីឆ្នាំ២០១៦ ឃើញថាប្រទេសធំនៅអាស៊ីអាគ្នេយ៍មួយនេះមិនដែលទម្លាក់ការចុះញ៉មនឹងការគំរាមនៃសកម្មភាពកងនាវាចម្បាំងចិន ម្ដងណាឡើយ ជាពិសេសក្នុងអន្តរកាលរបស់លោក Marcos Jr។
អ្វីដែលសំខាន់ទៀតនោះ ក្រុងម៉ានីល ហ៊ានជល់ជាមួយមហាយក្សចិន ក៏ព្រោះតែមានសហរដ្ឋអាមេរិកកាងនៅពីក្រោយ។
សមុទ្រចិនខាងត្បូងមានទំហំ ៣លាន ៥សែនគីឡូម៉ែត្រក្រឡា។ ចិនអះអាងថាចិន មានកម្មសិទ្ធិកាន់កាប់ដល់ ៩០ភាគរយ។ ចំណែកអាមេរិកថ្កោលទោសចិន ដែលបានប្រកាសកាន់កាប់ផ្ដាច់មុខលើសមុទ្រចិនខាងត្បូង ហើយប្រកាសថាទីក្រុងវ៉ាស៊ីនតោន និងប្រទេសទាំងអស់ត្រូវតែមានសិទ្ធិធ្វើនាវាចរនៅសមុទ្រចិនខាងត្បូង ព្រោះជាលំហសមុទ្រអន្តរជាតិ។
បច្ចុប្បន្ន សហរដ្ឋអាមេរិកមានកងទ័ពនៅលើទឹកដី និងដែនកោះរបស់ហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។ សហរដ្ឋអាមេរិកសច្ចាលើកទ័ពជួយក្រុងម៉ានីល បើចិនវាយប្រហារលើនាវាចម្បាំងប្រទេសហ្វីលីពីន ដែលនៅសមុទ្រចិនខាងត្បូង៕