អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ថ្លែង​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​លើក​ទី​២ នៅ​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៤។

នយោបាយ

អ្នកវិភាគ៖ លោក ហ៊ុន សែន ឡើង​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​ប្រៀប​ដូចជា​ស្ដេច​កន​ឡើង​ជ្រែក​រាជ្យ

By ឌឹ ខេមបូឌា ដេលី

April 02, 2024

មេដឹកនាំ​ក្រាញ​អំណាច​បន្ត​ពូជ​ផ្ដាច់មុខ​នៅ​កម្ពុជា​លោក ហ៊ុន សែន ប្រកាស​ឡើង​កាន់​ត​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​នៅ​ថ្ងៃ​អង្គារ នេះ។

ឪពុក​នាយករដ្ឋមន្ត្រី​ខ្មែរ គឺ​លោក ហ៊ុន សែន លើកឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​លើក​ទី​២ នៅ​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ចាប់ពី​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០២៤ តទៅ លោក​នឹង​ឡើង​ទៅ​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​ជំនួស​លោក សាយ ឈុំ ម្តង បន្ទាប់ពី​លោក​បាន​ប្រើ​ជីវិត​ជា​សមាជិក​រដ្ឋសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជាង ៤០​ឆ្នាំ​កន្លង​មក​នោះ។

លោក ហ៊ុន សែន លើកឡើង​ថា បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៩៣ គឺជា​ដំណាក់កាល​ទី​១ មាន​រយៈពេល ១២​ឆ្នាំ ដែល​លោក​បាន​ក្លាយ​ជា​សមាជិក​រដ្ឋសភា និង​ដំណាក់កាល​ទី​២ គឺ​ចាប់ពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​១៩៩៣ រហូត​ដល់​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០២៤ ដែល​លោក​ធ្វើ​ជា​សមាជិក​រដ្ឋសភា គឺ​មាន​រយៈពេល ៣១​ឆ្នាំ ហើយ​សរុប​ទាំង​ពីរ​លើក​នេះ គឺ​មាន​រយៈពេល ៤៣​ឆ្នាំ ខណៈ​ការ​គ្រប់គ្រង​អំណាច​របស់​លោក គឺ​មាន​រយៈពេល ៤៥​ឆ្នាំ​ហើយ។

លោក ហ៊ុន សែន បន្ថែម​ថា ក្នុង​តំណែង​ជា​សមាជិក​រដ្ឋសភា​ជាង ៤០​ឆ្នាំ​មក​នេះ លោក​បាន​កាន់​តួនាទី​ជា​នាយករដ្ឋមន្ត្រី​រយៈពេល ៣៨​ឆ្នាំ ខណៈ​សន្តិភាព​ក្រោម​ការ​ដឹកនាំ​របស់​លោក ក៏​មាន​រយៈពេល ២៥​ឆ្នាំ​ដែរ បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៨ មក។

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា លោក​បាន​ក្លាយ​ជា​សមាជិក​រដ្ឋសភា​ជា​លើកដំបូង​ក្នុង​វ័យ​ត្រឹមតែ ២៩​ឆ្នាំ​ប៉ុណ្ណោះ និង​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ក្នុង​វ័យ ៣២​ឆ្នាំ ដែល​មាន​វ័យក្មេង​ជាង​លោក ហ៊ុន ម៉ាណែត កូនប្រុស​របស់​លោក​ដែល​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេលនេះ ដែល​ស្ថិត​ក្នុង​វ័យ​ដល់​ទៅ ៤៦​ឆ្នាំ​នោះ ប៉ុន្តែ​ក្នុង​វ័យ​របស់​លោក ហ៊ុន ម៉ាណែត បែប​នេះ ក៏​ចាត់ទុក​ជា​យុវជន​ដ៏​មាន​សក្ដានុពល​ក្នុង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​មុខ​ដែរ។

លោក ហ៊ុន សែន បញ្ជាក់​ថា ដោយសារ​កម្ពុជា​បោះឆ្នោត​តាម​ប្រព័ន្ធ​សមាមាត្រ លោក​នៅតែ​មាន​សិទ្ធិ​ចុះហត្ថលេខា​រៀបចំ​ក្បាលម៉ាស៊ីន​រដ្ឋសភា សមាជិក​រដ្ឋសភា និង​គណៈកម្មាធិការ​នានា​តាម​សំណើ​របស់​ប្រធាន​គណបក្ស ខណៈ​លោក ហ៊ុន សែន នៅ​ពេលនេះ​ក៏​មាន​តួនាទី​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​ហើយ​នោះ។

ការ​អះអាង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា អំណាច​របស់​លោក ហ៊ុន សែន នឹង​គ្របដណ្ដប់​កាន់តែ​ខ្លាំង​ជាង​មុន ខណៈ​កូន​របស់​គាត់​ក៏​ត្រូវ​បាន​រៀបចំ​ឱ្យ​កាន់​តំណែង​ប្រទាក់ក្រឡា​គ្នា​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​នេះ​ដែរ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០១ ខែ​មេសា នេះ​ថា ការ​ប្រឹង​រុះរើ​រចនាសម្ព័ន្ធ​ដឹកនាំ​ក្នុង​ស្ថាប័ន​ជាតិ​របស់​លោក ហ៊ុន សែន នេះ គឺជា​រចនាសម្ព័ន្ធ​ផ្សងព្រេង​ចុងក្រោយ​របស់​ពួក​កុម្មុយនីស្ត​ក្នុង​ការ​រក្សា​អំណាច និង​ប្រយោជន៍​គ្រួសារ​ហ៊ុន​តែប៉ុណ្ណោះ។

លោក គឹម សុខ លើកឡើង​ថា លោក ហ៊ុន សែន គាត់​ចាស់​ណាស់​ទៅ​ហើយ ខណៈ​សុខភាព​របស់​គាត់​មួយ​ថ្ងៃ​កាត់​មួយ​ថ្ងៃ​កោរ​ថែម​ទៀត ដូច្នេះ​គាត់​ប្រឹង​ពង្រឹង​គ្រប់​ស្ថាប័ន​ជាតិ​នានា​ឱ្យ​រឹងមាំ​ក្នុង​ការ​ថែរក្សា​អំណាច​គ្រួសារ​របស់​គាត់​ឱ្យ​ទាន់​ភ្នែក​របស់​គាត់​នៅ​មើល​ឃើញ និង​នៅ​ធ្វើការ​បាន ព្រោះ​គាត់​ដឹង​ច្បាស់​ហើយ​ថា បើ​មិន​រៀបចំ​ឱ្យ​រឹងមាំ​ទេ នោះ​អត់​ពី​គាត់​ទៅ អំណាច​គ្រួសារ​ហ៊ុន នឹង​រលាយ​ខ្សុល​ដូច​អំបិល​ត្រូវ​ទឹក ឬ​ក្រមួន​ត្រូវ​ថ្ងៃ​ដូច្នោះ​ដែរ។

អ្នកវិភាគ​នយោបាយ​រូប​នេះ​បញ្ជាក់​ថា ការ​ដើរ​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី និង​ពី​សមាជិក​សភា​ទៅ​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា មិនមែន​ជា​ការ​ដើរ​ចេញ​ពី​អំណាច​ទេ ប៉ុន្តែ​គឺជា​ល្បែង​ពង្រឹង​គ្រឹះ​អំណាច​គ្រួសារ ដោយ​ប្រើ​ស្ថាប័ន​ព្រឹទ្ធសភា​ជា​ឧបករណ៍​សម្រាប់​ប្រថាប់ត្រា និង​គាបសង្កត់​ជា​ចំហ ដោយ​ការ​ប្រើ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ឈ្នាន់ ទាំង​ភ្លឺ ទាំង​ងងឹត កាន់តែ​ងាយស្រួល​ជាង​មុន​ប៉ុណ្ណោះ។

លោក គឹម សុខ គូស​បញ្ជាក់​ថា លោក ហ៊ុន សែន ឡើង​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​នេះ គឺ​ប្រៀប​ដូចជា​ស្ដេច​កន​ជ្រែក​រាជ្យ​ដូច្នោះ​ដែរ ព្រោះ​ថា​គាត់​នឹង​ឈាន​ទៅ​កាន់​ទី​ខ្ពស់​លើ​គេ​បង្អស់​ក្នុង​ការ​បញ្ជា​នយោបាយ​ពី​ក្រោយ​ខ្នង ដែល​អាច​ឱ្យ​គាត់​មាន​សិទ្ធិ​បង្ខំ​ព្រះមហាក្សត្រ​ចាកចេញ​ពី​ប្រទេស​គ្រប់​ពេល ដើម្បី​ឱ្យ​គាត់ និង​កូន​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត អាច​ប្រើ​អំណាច​តាម​អំពើ​ចិត្ត​ក្នុង​នាម​ជា​ស្តេច​ឪពុក ហើយ​នាយករដ្ឋមន្ត្រី​ជា​កូន​ក្នុង​ការ​ដឹកនាំ​ប្រទេស​ដ៏​កម្សត់​មួយ​នេះ ប៉ុន្តែ​អំណាច​ពីរ​នាក់​ឪពុក​កូន​នេះ គឺ​គ្រាន់តែ​ជា​អំណាច​ខុស​រដ្ឋធម្មនុញ្ញ និង​ក្បត់​ឆន្ទៈ​ប្រជាជាតិ​ខ្មែរ​ប៉ុណ្ណោះ។

ជុំវិញ​ផែនការ​ក្តោប​ក្តាប់​អំណាច​ក្រុម​គ្រួសារ​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ពួកគេ​កំពុង​បែងចែក​អំណាច​គ្នា​ទាំង​ក្នុង​ជួរ​រដ្ឋាភិបាល និង​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​រៀងៗ​ខ្លួន ក្នុង​នោះ លោក ហ៊ុន សែន កាន់​តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង ជា​ប្រធាន​ឧត្ដមក្រុមប្រឹក្សា​ព្រះមហាក្សត្រ​ផង និង​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​ផង ហើយ​តំណែង និង​អំណាច​របស់​គាត់​នៅ​ពេលនេះ កាន់តែ​គ្របដណ្ដប់​ទៅ​លើ​នាយករដ្ឋមន្ត្រី​ដែល​ជា​កូន​របស់​គាត់​ផង គ្របដណ្ដប់​លើ​ប្រធាន​តុលាការ​ផង និង​គ្របដណ្ដប់​កាន់តែ​ទូលំទូលាយ​ទៅ​លើ​ស្ថាប័ន​ព្រះមហាក្សត្រ​ផង​ដែរ។

ចំណែក​អ្នកស្រី ប៊ុន រ៉ានី កាន់​តំណែង​ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ប៉ុន្តែ​មាន​អំណាច​គ្រប់គ្រង​លើ​ប្រធាន​រដ្ឋសភា​អ្នកស្រី ឃួន សុដារី ដែល​ជា​មនុស្ស​ជំនិត​របស់​គាត់​ដែរ ដូច្នេះ​មាន​ន័យ​ថា អំណាច​កំពូល​ទាំង​៣ របស់​ប្រទេស ដូចជា​ស្ថាប័ន​នីតិប្រតិបត្តិ គឺ​រដ្ឋាភិបាល ស្ថាប័ន​នីតិប្បញ្ញត្តិ គឺ​រដ្ឋសភា និង​ស្ថាប័ន​តុលាការ ត្រូវ​បាន​លោក ហ៊ុន សែន និង​ភរិយា​របស់​គាត់​គ្រប់គ្រង​ផ្ដាច់មុខ​ទៅ​ហើយ។

ដោយឡែក​កូនៗ​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី នឹង​គ្រប់គ្រង​មន្ត្រី​ក្នុង​ក្រសួង​ស្ថាប័ន​ជាតិ​ទាំងអស់ ក្នុង​នោះ លោក ហ៊ុន ម៉ានី ដែល​ជា​ឧបនាយករដ្ឋមន្ត្រី បាន​ក្លាយ​ជា​សេនាធិការ​ក្នុង​ការ​ដឹកនាំ​ក្រសួង​មុខងារ​សាធារណៈ ក្នុង​ការ​ជួយ​គ្រប់គ្រង​អំណាច​ផ្នែក​ខាង​រដ្ឋបាល​ស៊ីវិល ខណៈ​លោក ហ៊ុន ម៉ានិត ក៏​ក្លាយ​ជា​សេនាធិការ​ជួយ​គ្រប់គ្រង​អំណាច​ផ្នែក​កងទ័ព​ឱ្យ​លោក ហ៊ុន ម៉ាណែត ដែរ ស្រប​ពេល​ដែល​អ្នកស្រី ហ៊ុន ម៉ាណា គឺជា​អ្នក​គ្រប់គ្រង​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កម្ពុជា​ទាំងមូល​ដែរ​នោះ។

ក្រៅពី​រៀបចំ​ឱ្យ​ខ្លួនឯង និង​កូនៗ​បង្កើត​របស់​គាត់​កាន់​តំណែង​គ្រាក់ៗ​ក្នុង​គណបក្ស និង​ក្នុង​ជួរ​រដ្ឋាភិបាល លោក ហ៊ុន សែន ក៏​តែងតាំង​សែស្រឡាយ សាច់ញាតិ និង​បក្ខពួក​ខ្លួនឯង​ឱ្យ​កាន់​តំណែង​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ថែម​ទៀត ដែល​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​ការ​ដឹកនាំ​បន្ត​ពូជ​ពី​ឪពុក​ទៅ​កូន​ដូចជា​ប្រទេស​កុម្មុយនីស្ត​កូរ៉េខាងជើង​អ៊ីចឹង​ដែរ៕