អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា ត្អូញត្អែរថាការរក្សាភាពស្ងៀមស្ងាត់ និងការមិនអើពើរបស់រដ្ឋាភិបាលខ្មែរជុំវិញការចាប់ខ្លួនព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមពីសំណាក់អាជ្ញាធរវៀតណាម នៅពេលនេះ គឺជាការបង្ហាញពីការបាត់បង់ឯករាជភាពរបស់កម្ពុជាទៅក្នុងការគ្រប់គ្រងរបស់រដ្ឋការក្រុងហាណូយ កាន់តែខ្លាំងទៅថ្ងៃអនាគត។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី០១ ខែមេសា នេះថា ជារឿងគួរឱ្យអាម៉ាស់ជាទីបំផុតដែលពលរដ្ឋខ្មែរ ១៧លាននាក់មានរដ្ឋាភិបាលមួយដែលគ្មានសមត្ថភាពការពារពលរដ្ឋខ្មែរក្រោមដែលកំពុងរងនូវការរំលោភបំពានសិទ្ធិជាមូលដ្ឋានធ្ងន់ធ្ងរដោយរដ្ឋាភិបាលវៀតណាម ខណៈពលរដ្ឋវៀតណាម ដែលកំពុងរស់នៅដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា បែរជាត្រូវរដ្ឋាភិបាលវៀតណាម ស្នើឱ្យរដ្ឋាភិបាលខ្មែរយកចិត្តទុកដាក់មើលថែ ផ្តល់ការស្នាក់នៅឱ្យកាន់តែល្អប្រសើរទៅវិញ។
លោក ម៉ែន ណាត លើកឡើងថា ពលរដ្ឋខ្មែរ ១៧លាននាក់គ្មានពលរដ្ឋណាម្នាក់បំភ្លេចទឹកដីកម្ពុជាក្រោមដែលបារាំង បានកាត់ទៅឱ្យវៀតណាម គ្រប់គ្រងដោយអយុត្តិធម៌នោះទេ គឺមានតែរដ្ឋាភិបាលស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា និងអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ដែលត្រូវបានកងទ័ពវៀតណាមលើកបន្តុបតែប៉ុណ្ណោះ ដែលហ៊ានបំភ្លេចទឹកដីកម្ពុជាក្រោមក្នុងបំណងប្រគល់ទៅឱ្យវៀតណាមគ្រប់គ្រង ដែលមានន័យថា មេដឹកនាំខ្មែររូបនេះកំពុងព្យាយាមប្រគល់ទ្រព្យសម្បត្តិរបស់ខ្មែរទៅឱ្យបរទេសឈ្លានពាន ជាជាងការទាមទារទ្រព្យសម្បត្តិជាតិរបស់ខ្លួនដែលបានបាត់បង់ដោយអយុត្តិធម៌នោះ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា រដ្ឋាភិបាលខ្មែរអាចស្នើសុំឱ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិពលរដ្ឋខ្មែរក្រោមក្នុងនាមជាជនជាតិដើម ដោយផ្អែកលើច្បាប់អន្តរជាតិ និងច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា ព្រោះថាពិតមែនតែទឹកដីកម្ពុជាក្រោមត្រូវបានគ្រប់គ្រងដោយប្រទេសវៀតណាម ប៉ុន្តែបើគិតពីកត្តាផ្លូវច្បាប់ ការកាត់ទឹកដីកម្ពុជាក្រោមគឺធ្វើឡើងដោយប្រទេសអាណានិគមប៉ុណ្ណោះ ដែលមិនមែនជាឆន្ទៈរបស់ពលរដ្ឋខ្មែរនោះទេ ដូច្នេះរដ្ឋាភិបាលកម្ពុជានៅតែមានសិទ្ធិទាមទារយកទឹកដីកម្ពុជាក្រោមត្រឡប់មកវិញ និងមានសិទ្ធិឈឺឆ្អាលលើពលរដ្ឋខ្មែរក្រោម ប្រសិនបើរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា គឺជារដ្ឋាភិបាលរបស់ពលរដ្ឋខ្មែរមែននោះ។
កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ អាជ្ញាធរវៀតណាម ក្នុងខេត្តលង់ហោ ដែលវៀតណាម ហៅថាខេត្តវិញ ឡុង (Vinh Long) បានចាប់ផ្សឹកព្រះសង្ឃគង់នៅវត្តប្រជុំពលមង្គលបូរី ឬហៅថា វត្តទ្រនំសេក ចំនួន ៥អង្គ ដូចជាព្រះចៅអធិការវត្តទ្រនំសេក ព្រះភិក្ខុ ថាច់ ចន្ទតារា និងព្រះភិក្ខុ យឿង ខាយ ជាដើម និងចាប់ឃុំខ្លួនពលរដ្ឋខ្មែរក្រោមចំនួនបីនាក់ផ្សេងទៀត ក្រោមបទចោទប្រកាន់ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» តាមមាត្រា៣៣១ និងពីបទ «ការចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនមនុស្សដោយខុសច្បាប់» តាមមាត្រា១៥៧ នៃក្រមព្រហ្មទណ្ឌវៀតណាម ផងដែរ។
ជុំវិញបញ្ហានេះ ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ក៏បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះថា ការចាប់ខ្លួនព្រះតេជព្រះគុណ ថាច់ ចន្ទតារា និងពលរដ្ឋខ្មែរក្រោមផ្សេងទៀត គឺជាការរំលោភទៅលើសិទ្ធិជនជាតិដើម និងច្បាប់អន្តរជាតិផ្សេងទៀតដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិយ៉ាងធ្ងន់ធ្ងរ ខណៈពលរដ្ឋខ្មែរក្រោមដែលជាក្រុមជនជាតិដើម មានសិទ្ធិពេញលេញក្នុងការគោរពប្រតិបត្តិសាសនា និងប្រពៃណីទំនៀមទម្លាប់របស់ខ្លួនដោយមិនមានការជ្រៀតជ្រែក។
ប្រភពដដែលលើកឡើងថា ការបង្ក្រាបដោយការឃុំខ្លួនព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម មិនត្រឹមតែរំលោភលើសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរក្រោមប៉ុណ្ណោះទេ ថែមទាំងផ្ទុយនឹងគោលការណ៍នៃសេរីភាពសាសនា រួមទាំងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលធានាសិទ្ធិសេរីភាពខាងសាសនា និងការបញ្ចេញមតិផងដែរ។
ទាក់ទិននឹងបញ្ហានេះ កាលពីចុងឆ្នាំ២០២៣ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមលោក ប្រាក់ សេរីវុឌ្ឍន៍ បានលើកឡើងក្នុងកិច្ចពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់សេតវិមានសហរដ្ឋអាមេរិក ថា សិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរក្រោមកំពុងរងនូវការគាបសង្កត់ពីសំណាក់រដ្ឋាភិបាលវៀតណាម យ៉ាងធ្ងន់ធ្ងរសព្វថ្ងៃនេះ ជាពិសេសសិទ្ធិសេរីភាពផ្នែកសាសនា ក្នុងនោះបើពលរដ្ឋខ្មែរក្រោមណាដែលចង់បួសក្នុងព្រះពុទ្ធសាសនា ត្រូវតែមានការឯកភាពពីរដ្ឋាភិបាលវៀតណាម ជាមុនសិនដែរ។ ជាងនេះទៀត ត្រាប្រចាំវត្តអារាមនីមួយៗ ត្រូវរដ្ឋាភិបាលវៀតណាម ប្តូរទៅជាអក្សរវៀតណាម ថែមទៀត។
លោក ប្រាក់ សេរីវុឌ្ឍន៍ បញ្ជាក់ថា សព្វថ្ងៃនេះ រដ្ឋាភិបាលវៀតណាម បានកំណត់ស្ថិតិចំនួនពលរដ្ឋខ្មែរក្រោមដែលជាជនជាតិដើមត្រឹមតែជាង ៨សែននាក់ប៉ុណ្ណោះ ខណៈចំនួនពិតប្រាកដរបស់ពលរដ្ឋខ្មែរក្រោមមានប្រហែលជាង ៧លាននាក់ ហើយការកំណត់របស់រដ្ឋាភិបាលវៀតណាម បែបនេះ គឺក្នុងបំណងបំបាត់ពលរដ្ឋខ្មែរក្រោមពីទឹកដីកម្ពុជាក្រោមទៅថ្ងៃមុខយ៉ាងពិតប្រាកដ។
ទាក់ទិននឹងបញ្ហានេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ធ្លាប់មានបន្ទូលកាលពីពេលកន្លងទៅថា ចាប់តាំងពីឆ្នាំ១៩៤៩ មក រដ្ឋាភិបាលដឹកនាំដោយព្រះបរមរតនកោដ្ឋ រហូតដល់រដ្ឋាភិបាលលោកសេនាប្រមុខ លន់ នល់ ក្នុងទសវត្សរ៍១៩៧០ និងរដ្ឋាភិបាល ប៉ុល ពត ក្នុងទសវត្សរ៍១៩៧០ ដដែល គឺមិនទទួលស្គាល់ការកាត់ទឹកដីកម្ពុជាក្រោមទៅឱ្យរដ្ឋាភិបាលវៀតណាម ឡើយ។
យ៉ាងណាក៏ដោយ អតីតនាយករដ្ឋមន្ត្រីដែលវៀតណាមលើកបន្តុបលោក ហ៊ុន សែន ធ្លាប់ព្រមានកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ថា អ្នកដែលចង់ទាមទារទឹកដីកម្ពុជាក្រោមមកវិញ សូមទៅតវ៉ាយកដោយខ្លួនឯងចុះ ហើយលោកនឹងធ្វើក្តារមឈូស និងកប់ខ្មោចឱ្យថែមទៀត៕